ជីវិតតស៊ូរបស់យុវជន តោ វ៉ាង ចឿង ដើម្បីសិទ្ធិសេរីភាពខ្មែរក្រោម
ដោយ គឹម សាវតា
យុវជនខ្មែរក្រោម ដែលរស់នៅដែនដីកម្ពុជាក្រោម ជាបន្តបន្ទាប់ បានដឹងពីសិទ្ធិរបស់ខ្លួន ក្នុងនាមជាជនជាតិដើម ។ ក្រោយពីយល់ដឹងហើយ ក៏ព្យាយាមចែករំលែក និងជួយការពារសិទ្ធិដល់ពលរដ្ឋខ្មែរក្រោម ដទៃទៀត ដែលរងការរំលោភបំពានផងដែរ ។ យ៉ាងនេះក្តី យុវជនទាំងនោះ ក៏រងការគំរាមកំហែងពីអាជ្ញាធរវៀតណាមជារឿយៗ ផងដែរ ក្នុងនោះ លោក តោ វ៉ាង ចឿង គឺជាយុវជនមួយរូប ដែលធ្វើការតស៊ូមតិយ៉ាងសកម្ម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលវៀតណាមគោរពនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន នៅដែនដីកម្ពុជាក្រោម ។ តើ យុវជណ តោ វ៉ាង ចឿង ជានរណា? និងតើយុវជនរូបនេះ មានការគំរាមកំហែងអ្វីខ្លះ? ។

យុវជន តោ វ៉ាង ចឿង រស់នៅក្នុងឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង ដោយមានឪពុកម្ដាយជាកសិករ និងមានបងប្អូន ៦ នាក់ ក្នុងនោះលោកជាកូនទី ៦ ពោលគឺកូនពៅ ។
ក្នុងវ័យ ៥ ឆ្នាំ យុវជន តោ វ៉ាង ចឿង បានចូលសិក្សាថ្នាក់បឋមសិក្សាភាសាយួនរបស់រដ្ឋាភិបាលវៀតណាម រហូតដល់ថ្នាក់ទី ១០ ក៏បានឈប់សិក្សា និងបានចូលបួសរៀនរហូតដល់បានចប់ថ្នាក់បាលីរង ។
យុវជន តោ វ៉ាង ចឿង «តាំងពីខ្ញុំកើតពីពោះម៉ែមក គាត់ក៏ឲ្យទៅរៀនហ្នឹង ជាដំបូងគាត់ឲ្យរៀនជាភាសាយួន រៀនភាសាយួនរហូតដល់ថ្នាក់ទី ១០ រួចដល់ខ្ញុំវ័យ ២០ ឪពុក ម្ដាយក៏ឲ្យទៅបួស ទៅបួសជាព្រះសង្ឃ នៅឆ្នាំ ២០០៦ ។ រួចបានទៅសិក្សារៀនសូត្រតាមវត្តនានា ហ្នឹងចូលដល់បាលីទី ៣ គឺថ្នាក់បាលីរង ពេលចប់បាលីថ្នាក់ទី ៣ ហ្នឹង ខ្ញុំអស់និស្ស័យ ក៏សឹកមកជាគ្រហស្ថវិញទៅ» ។
ក្រោពីលាចាកសិក្ខាបទ យុវជនដែលជាកូនពៅរូបនេះ បានទៅធ្វើការជាកម្មករ ទៅក្រុងព្រៃនគរ រយៈពេល ២ ឆ្នាំ ។ ស្របពេលគ្នានេះ ក៏បានរៀបអាពាពិពាហ៍ជាមួយនារី ឈ្មោះ គឹម ធី ហើង ជាស្រ្តីដែលកើតនៅខេត្តឃ្លាំង ហើយមកទល់ពេលនេះលោកមានកូនប្រុសចំនួន ២ នាក់ ។
និយាយពីដើមទងនៃការចូលរួមកិច្ចការសង្គមខ្មែរក្រោម លោក តោ វ៉ាង ចឿង ឲ្យដឹងថា គឺចាប់ផ្ដើមនៅពេល ដែលលោកចូលបួសរៀន ហើយស្ដាប់ប្រវត្តិទឹកដីកម្ពុជាក្រោម ពីគ្រូដែលលោកបានទៅរៀនជាមួយ និងបានស្ដាប់ព័ត៌មានផ្សេងៗតាមបណ្ដាញសង្គម និងជួបដោយផ្ទាល់ ឃើញថា ខ្មែរក្រោមបាត់សិទ្ធិសេរីភាព បាត់អ្វីៗ តាំងអស់ ហើយទុកឲ្យពលរដ្ឋខ្មែរក្រោម អាចប្រកបរបរត្រឹមតែមួយរស់ប៉ុណ្ណោះ ទើបលោកចាប់ផ្តើមតស៊ូទាមទារក្នុងនាមជាម្ចាស់ស្រុក ។
យុវជន តោ វ៉ាង ចឿង «ក្នុងនាមយើងជាម្ចាស់ស្រុកហ្នឹង យើងចង់បានអ្វី បើសិនយើងមិនស្តី យើងមិននិយាយ រដ្ឋាភិបាលហ្នឹងបំបាត់រហូត ។ សព្វថ្ងៃហើយដឹងហើយយើងនៅកុមុយនីស្ត គេមានតែភាពបំបាត់ បំបាត់យើង គេមិនឲ្យយើងរីកចម្រើន មិនឲ្យយើងហ្នឹងដឹងអ្វីទាំងអស់» ។
យុវជន ដែលមានសក់រួញរូបនេះ បន្តថា កិច្ចការដែលលោកចូលរួមទាមទារសិទ្ធិ និងចែករំលែកចំណេះដឹងផ្សេងៗ គឺមានការប៉ះទង្គិចជាមួយអាជ្ញាធរវៀតណាម ជាបន្តបន្ទាប់ តាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត និងរងការគំរាមកំហែងជាច្រើនដង ។
យុវជន តោ វ៉ាង ចឿង «បើយើងខ្លាច ក៏វានៅតែសំឡុត បើយើងហ៊ានក៏វានៅតែសំឡុត ប៉ុន្តែយើងតាំងចិត្តថាយើងហ៊ាន ហ៊ានដើម្បីបញ្ចេញមតិ ហ៊ាននិយាយ ហ៊ានថាតាមសិទ្ធិ ដើម្បីទាមទារនូវសិទ្ធិ» ។
ការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារ លោក តោ វ៉ាង ចឿង ព្រោះថា លោក និងប្រពន្ធពិបាកក្នុងធ្វើការ និងប្រកបរបរចិញ្ចឹមជីវិត ។ ទោះជាយ៉ាងណា លោកថា ទោះបីរដ្ឋាភិបាល និងអាជ្ញាធរ បន្តគំរាម និងគាបសង្កត់ដោយផ្ទាល់ និងដោយប្រយោលក្តី ក៏យុវជន តោ វ៉ាង ចឿង នៅតែបន្តសកម្មភាពទាមទារសិទ្ធិជូនពលរដ្ឋខ្មែរក្រោម ក្រោមហេតុផលតែមួយគត់គឺ ដើម្បីជាតិ មាតុភូមិរបស់ខ្លួន ។
លោក តោ វ៉ាង ចឿង «ទោះបីរដ្ឋាភិបាលយួន គេគំរាម គេសំឡុត គេផ្ញើពាក្យពីនេះ ពីនោះមក បំបាក់ស្មារតីខ្ញុំ ក៏ខ្ញុំមិនទន់ខ្សោយទេបាទ នៅតែរឹងប៉ឺង ។ អ្នកឯងកាន់តែគំរាម កាន់តែសំឡុត ទឹកចិត្តខ្ញុំកាន់តែរឹងមាំ ដើម្បីទាមទារសិទ្ធិជូនជនជាតិដើមខ្មែរក្រោម ខ្ញុំនៅតែបន្តរហូត មិនខ្លាចនូវប៉ះឧបសគ្គ» ។
លោក ថើស ចន្រ្ទា តំណាងក្រុមប្រឹក្សាយុវជនខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា មានប្រសាសន៍ថា សកម្មភាពផ្សព្វផ្សាយ និងតស៊ូមតិ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម ចេះប្រើប្រាស់នូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួនក្នុងនាមជាម្ចាស់ស្រុកនោះ គឺមានតិចតួចណាស់ ដូច្នេះ ការសកម្មភាពតស៊ូមតិរបស់យុវជន តោ វ៉ាង ចឿង និងយុវជនដទៃទៀត គឺជាអ្វីដែលគួរកោតសរសើរ និងលើកទឹកចិត្ត ព្រោះថា បើទោះជាមានការគាបសង្កត់សិទ្ធិសេរីភាព មានការគំរាមកំហែងក្តី ប៉ុន្តែ យុវជនទាំងនោះ នៅតែបន្តសកម្មភាព ។
លោក ថើស ចន្រ្ទា «ពួកគាត់ធ្វើហ្នឹង គឺទើបតែធ្វើនៅរយៈពេលប៉ុន្មានឆ្នាំនេះដែរទេ អញ្ចឹងគួរតែលើកទឹកចិត្ត បន្តឲ្យពួកគាត់ធ្វើបន្តទៀត ។ ចំពោះពួកយើងនៅឯណេះ (កម្ពុជា) យើងសហការធ្វើយ៉ាងម៉េចជួយពួកគាត់តាមលទ្ធភាព ដែលអាចជួយទៅបាន ហើយមិនមែនទាក់ទងនឹងលុយកាក់អីទេ តែជាការប្រឹក្សាយោបល់អីផ្សេងៗ» ។
លោក តោ វ៉ាង ចឿង «កើតមួយជាតិហ្នឹង បេះដូចជូនជាតិ ធាតុជូនមាតា គឺថា ខ្ញុំមិនអាចថយក្រោយបាននោះទេ គឺថាអ្វីដើម្បីសិទ្ធសេរីភាពខ្មែរក្រោម គឺថាខ្ញុំហ៊ានលះបង់ទាំងអស់ គឺថាខ្ញុំនៅតែធ្វើដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ» ។
នេះជាការប្តេជ្ញាចិត្តរបស់យុវជន តោ វ៉ាង ចឿង ចំពោះការតស៊ូមតិក្នុងនាមជាជនជាតិដើមរស់នៅលើដីកំណើតដែលកំពុងគ្រប់គ្រង និងត្រួតតា្រដោយវៀតណាម ៕