កថាស្វាគមន៍អង្គមហាសន្និបាត ថ្លែងដោយព្រះតេជព្រះគុណ ត្រឹង គុយ ព្រះចៅអធិការវត្តពុទ្ធឃោសាចារ្យ តំណាងគណៈរៀបចំមហាសន្និបាត

66

គណៈកម្មការរៀបចំមហាសន្និបាតសកលលើកទី

១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម

SAN JOSE, CALIFORNIA, U.S.A.

ថ្ងៃទី ២៧ – ២៨ – ២៩ ខែឧសភា ឆ្នាំ ២០១៦

—————————–

សុន្ទរកថាស្វាគមន៍

ថ្ងៃនេះជាទិវាដ៏មហានក្ខត្តឫក្ស ប្រកបដោយសោមនស្សរីករាយយ៉ាង​ក្រៃ​​លែង និង ជាទិវា នៃសេចក្តីសង្ឃឹមសម្រាប់ខ្មែរក្រោមរាប់លាននាក់ដែល​កំពុងរស់នៅលើដែនដីកម្ពុជា ក្រោមដ៏កម្សត់នៃយើង​ នឹងបានផុតពីនឹមត្រួតត្រារាប់សតវត្សរ៍​មក​ហើយ ក្នុងអនាគតដ៏ខ្លី ខាងមុខនេះ  ។

នៅថ្ងៃនេះ ទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក មាន​កិត្តិយស​ដ៏ខ្ពង់ ខ្ពស់ បាន​ទ​ទួលបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅជាទីបំផុតចំពោះវត្តមានរបស់ ព្រះ​តេជ​ព្រះគុណគ្រប់ព្រះអង្គ អស់លោក លោកស្រី អ្នក​នាង​​កញ្ញា ជាថ្នាក់ដឹកនាំ និង​ជា​សមា​ជិក សមាជិកា គ្រប់ជាន់ថ្នាក់ ដែលបាន​និមន្ត​​និងអញ្ជើញ​មកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា, បារាំង, អីតាលី, អូស្រ្តាលី និងកម្ពុជាជាដើម ដើម្បីចូលរួម​មហា​សន្និបាត​សកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញាជាទីគោរព

ទីក្រុងសាន់ហូស្សេ  (San Jose) គឺជាទីក្រុងមួយស្ថិតនៅភាគជើងនៃរដ្ឋ កាលីហ្វ័រញ៉ា (California) ពោរពេញទៅដោយភ្នំ ​ជ្រោះជ្រងជ្រលងដងអូរ ដែលហៅថា  Silicon valley នៅ ជិតទីក្រុងសាន់ហ្វ្រានស៊ីស្កូ (San Francisco) ជា​ទី​​ក្រុងប្រវត្តិសាស្ត្រ សម្បូណ៌ទៅដោយរ៉ែមាស មានតំបន់ទេសចរ​ណ៍ជា ច្រើនដូច​​ជា​ Goden Gate ​ជាដើម ជាទីទាក់ទាញអារម្មណ៍​ភ្ញៀវ ទេសចរណ៍ច្រើនកុះ​ករ​មកទស្សនាទីក្រុងនេះ ។ បើតាមប្រវត្តិសាស្ត្របានបញ្ជាក់ថា អតីត ទឹកដី Mexico ត្រូវបានសហរដ្ឋអាមេរិកទិញយកជាកម្មសិទ្ធិរាប់សតវត្សរ៍មកហើយ ឈ្មោះ​ San Jose ​ជាភាសា Spanish ទើបមានជនជាតិ Mexican ជាច្រើនកំពុង​រស់​​នៅលើទឹកដីនេះ ដូចជាទឹកដីកម្ពុជាក្រោមដូច្នោះដែរ San Jose ​មានអាកាស​ធាតុ​មធ្យមមិនក្តៅពេកមិនត្រជាក់ ពេកជាអំណោយផល​ល្អសម្រាប់​ជន​ជាតិ​អា​ស៊ាន ។ ចាប់ផ្តើមពីទសវត្សរ៍ទី ៨០​ រហូតមក ដល់បច្ចុប្បន្ននេះ មាន​ជន​ជាតិ​ជា​​​ច្រើនមកពីទ្វីបអាស៊ី (Asia) ផ្តុំគ្នារស់នៅយ៉ាងកុះករ និង ប្រកបមុខរបរ​ផ្សេងៗ មានសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងឧស្សាហកម្មជាដើម ។

ព្រះតេជព្រះគុណ ត្រឹង គុយ ព្រះចៅអធិការវត្តពុទ្ធឃោសាចារ្យ តំណាងគណៈរៀបចំមហាសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន​
ព្រះតេជព្រះគុណ ត្រឹង គុយ ព្រះចៅអធិការវត្តពុទ្ធឃោសាចារ្យ តំណាងគណៈរៀបចំមហាសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន​

ក្នុងចំណោមជនជាតិ​ទាំង​​អស់នោះ ឃើញមានជនជាតិខ្មែរប្រហែលជា ៦.០០០.០០   គ្រួសារ ក្នុងនោះក៏មានជន​ជាតិ​ខ្មែរក្រោមជាង ២០០.០០ គ្រួសារ និងមានវត្តចំនួន ៣ គឺ         ១. ពុទ្ធិកសមាគមវត្តខ្មែរសាន់ហូស្សេ  ២. ពុទ្ធិកសមាគមខ្មែរកម្ពុជាក្រោម វត្ត​ពុទ្ធឃោសាចារ្យ ៣. សមាគមខ្មែរក្រោម វត្តខេមររង្សី ។ ខ្មែរកម្ពុជាក្រោមតែងផ្តោតសំ​ខាន់លើវត្ត​អារាម​ ព្រះពុទ្ធសាសនា គឺទីណាមានជនជាតិខ្មែរ ទីនោះមានវត្ត​អារាមរីកដុះ​ដាលគ្រប់ទី ជាទីតាំង បណ្តុះបណ្តាលកុលបុត្តកុលធីតាដែលកើតនៅលើទឹក​ដីគេ អំពីពុទ្ធសាសនា អក្សរសាស្ត្រ ភាសា ប្រវត្តិសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ដើមកំណើតជាដើម និងគាំទ្រចលនាតស៊ូ អហិង្សារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងដំណើរឆ្ពោះទៅកាន់មាតុភូមិកម្ពុជាក្រោម ។ តាំង ពីបុរាណកាលមកវត្តអារាមគឺជាគោលចារឹកនិងជាដួងព្រលឹងជាតិរបស់ខ្មែរ ជាពិសេស ខ្មែរ ក្រោម ដូចពាក្យបុរាណថា សាសនាជាគោលនៃជាតិ វិន័យ​លោក​នាថ​ជាគោលសាសនា សាសនារលត់ ជាតិរលាយ សាសនា​ពណ្ណ​រាយ​​ជាតិថ្កើង​ថ្កាន ។ ទាំងនេះគឺជាមោទនភាពរបស់ យើងជាជនជាតិខ្មែរនៅក្រៅប្រទេស

ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព សហព័ន្ធ​ខ្មែរ កម្ពុជាក្រោម គឺជាអង្គការជាតិ ត្រូវបានបង្កើតឡើងដោយខ្មែរក្រោម​ អ្នកស្នេហាជាតិនៅក្រៅ ប្រទេសបន្តវេនពីបុព្វវីរបុរស បុព្វវីរសមណៈ​របស់យើង មានសញ្ញារាហូចាប់ចន្ទជាសម្គាល់ មានទង់ជាតិបីពណ៌ គឺ ខៀវ លឿង ក្រហម និងមានបាវចនា ៣ គឺ ជាតិ សាសនា មាតុភូមិ យកស្លាប​ប៉ាកកា និង​បញ្ញាជាអាវុធ ប្រយុទ្ធតតាំងលើឆាកអន្តរជាតិ គឺជាអង្គការនៃ​ក្តី​សង្ឃឹម​តែ មួយគត់របស់ខ្មែរក្រោម ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

មហាសន្និបាត​សកល​លើកទី ១០ នេះ យើងខ្ញុំជាសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រ ចាំ រដ្ឋកាលីហ្វ័រញ៉ាភាគខាងជើង និង ភាគខាងត្បូង ជាពិសេស មានព្រះសង្ឃ និងគណៈកម្ម ការវត្តពុទ្ធឃោសាចារ្យ និងវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ បានឯកភាពគ្នាជាថ្លុងមួយ បង្កើតគណៈកម្មការចម្រុះទទួលមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោមប្រកបដោយឆន្ទៈស្មារតីស្នេហាជាតិខ្ពស់ ដើម្បី​រៀប​ចំ​មហាសន្និបាតសកល លើកទី ១០ នេះ ដែល​នឹង​ប្រារព្ធឡើង នៅទីក្រុងសាន់ហូស្សេឲ្យបានប្រព្រឹត្តទៅប្រកប​ដោយជោគ​ជ័យ​យ៉ាងត្រចះត្រចង់ ។ ​

          ព្រះតេជព្រគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរព អតីតកាលបាន កន្លងផុតទៅ ពីជំនាន់មួយទៅជំនាន់មួយ ដូនតាយើង​បាន​ខិត​ខំ​ប្រឹង​ប្រែងតស៊ូរក្សាទុកនូវ មរតកដ៏មានតម្លៃ គឺព្រលឹងជាតិសម្រាប់យើងទាំង​អស់គ្នា កាលពីសម័យមហាវីរបុរស ឧកញ៉ា សឺង គុយ, លោកបណ្ឌិត សឺន ង៉ុក ថាញ់, ព្រះតេជព្រះគុណ គឹម សាង, ព្រះតេជ ព្រះគុណ ថាច់ ពេជ្រ, ព្រះមហា សឺង ឋាន, ព្រះតេជព្រះគុណ គឹម តុក ចើង ជាដើម នឹង មានវីរបុរស ព្រះវីរសមណៈជាច្រើនអង្គនិងរូបទៀតបានតស៊ូបូជាជីវិត ក្នុងបុព្វហតុជាតិ និង សាសនាបានទទួល​រង​ទុក្ខវេទនាទាំងផ្លូវកាយទាំងផ្លូវចិត្តត្រូវបានរបបកុម្មុយនិស្តយួន ចាប់ចង កាប់សម្លាប់ ធ្វើទុក្ខទោស​ទារុណកម្ម​យ៉ាងសាហាវព្រៃផ្សៃ ក្នុងពន្ធនាគាររហូតដល់ ក្ស័យជីវិត ទាំងទ្រូង​បៀម​​គំ​នុំ​ចងចាំក្នុងចិត្តគ្មានថ្ងៃបំភ្លេចឡើយ ។ ដូច្នេះយើងទាំងអស់គ្នា ក្រោកឡើង តស៊ូរួមសាមគ្គីគ្នា ក្រោមការដឹកនាំដ៏ភ្លឺ​ស្វាង នៃសហព័ន្ធខ្មែរ​កម្ពុជាក្រោមក្នុងដំណើរ​ឆ្ពោះទៅ កាន់មាតុ ភូមិកម្ពុជាក្រោម នៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ។

ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន
ទិដ្ឋភាពទូទៅនៃអង្គមហាសន្និបាតសកលលើកទី ១០ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

          ព្រះតេជព្រះគុណ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាទីគោរពគណៈកម្មការ  រៀបចំមហាសន្និបាតសកលលើកទី ១០ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលយើងខ្ញុំបាន បែងចែក អនុគណៈកម្មកា​រទាំង ៧ រួមមាន​ អនុគណៈកម្មការទទួលបន្ទុក ​ផ្នែក​ហេរញ្ញវត្ថុ, ផ្នែក រៀបចំកម្មវិធី, ផ្នែកតុបតែង​វេទិកា​, ផ្នែកដឹកជញ្ជូន, ផ្នែកអាហារភោជន, ផ្នែកទីស្នាក់នៅ និង ផ្នែក​សន្តិសុខជាដើម គឺ ដោយស្មារតីសាមគ្គីជាតិ របស់ព្រះសង្ឃ គណៈកម្មការ និងអាចារ្យ វត្តពុទ្ធឃោសាចារ្យ និងវត្តខេមររង្សី រួមនឹងបងប្អូនជនរួមជាតិ នៅទីក្រុងសាន់ហូស្សេដើម្បី ទទួលស្វាគមន៍ និងបំរើមហាសន្និបាតសកលលើកទី ១០ រយៈពេល ៣ ថ្ងៃ នេះ ប្រសិនបើ មានការភ្លាំងភ្លាត់ខ្វះចន្លោះត្រង់ណាមួយ ដោយចេតនាក្តី អចេតនាក្តី ដែលមិនបានសមរម្យ នោះ សូម​​​ព្រះ​តេជ​ព្រះ​គុណអស់លោក លោកស្រី អ្នកនាងកញ្ញា ក្នុង​មហាស​ន្និ​បាត​​ទាំង​មូល មេត្តាខន្តីអភ័យទោសដល់យើងខ្ញុំផង ។

          យើង​ខ្ញុំសូម​សន្យា​ថា នឹងពង្រឹងពង្រីកគណៈកម្មការមួយនេះឲ្យបានរឹងមាំ នៅ​ទី​ក្រុង សាន់ ហូស្សេ ដើម្បី​បម្រើ​ផលប្រយោជន៍ជាតិតទៅមុខទៀត ។

          ជាទីអវាសាន នៃសុន្ទរកថាស្វាគមន៍នេះ យើងខ្ញុំ សូមគោរពជូនពរដល់​អង្គមហា   សន្និបាត សកលលើកទី ១០ នេះ ប្រព្រឹត្តទៅឲ្យបានប្រកបដោយ ជោគជ័យ និងសូមគោរព​ជូន​ពរ​​ដល់​ថ្នាក់ដឹកនាំព្រមទាំងសមាជិក សមាជិកា គ្រប់ជាន់ថ្នាក់ឲ្យបានសម្រេច​ជោគជ័យ​គ្រប់ភារកិច្ច ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ហើយសូមឲ្យបាន​ជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ  គ្រប់ទិនទិវារាត្រី កុំបីអាក់ខានឡើយ ។

          ជយោ ! កម្លាំងសាមគ្គីជាតិ !

          ជយោ ! ខ្មែរក្រោមដ៏អង់អាចក្លាហាន !

          ជយោ ! អង្គមហាសន្និបាតសកលលើកទី ១០ ដ៏ជោគជ័យ !

          ជយោ ! សហព័ន្ធខ្មែរកម្ពុជាក្រោម ដ៏រុងរឿង !

          ទីក្រុងសាន់ហូស្សេ ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦

 ទាញយកសុន្ទរកថា ជា File PDF

Comments are closed.