អ្នកនិពន្ធ ត្រឹង ងា នៅមន្ទីរ ស ២១

272

ដកស្រង់​ចេញពី​ឯកសារ​ខ្មែរក្រហម J00363

ឯកសារ​សរុប​ចម្លើយ​របស់ ត្រឹង ងា មាន​កម្រាស់ ១២​ ទំព័រ វាយ​ជា​អង្គុលីលេខ ប៉ុន្តែ​មិន​មានការ​ចុះហត្ថលេខា ឬ​ស្នាម​មេដៃ​របស់​សាមីខ្លួន ទីកន្លែង​ចាប់ខ្លួន និង​កាលបរិច្ឆេទ​ទេ ។ ខាងក្រោម​នេះ ជា​ការ​ដកស្រង់​សេចក្តី​ចេញពី​ចម្លើយ​របស់ ត្រឹង ងា ដែល​នៅ​ក្របមុខ​សរសេរ​ថា សេចក្តីរាយការណ៍​លើក​ទី​មួយ និង​មាន​ចំណារ​ថា ចម្លើយ​ត្រួស ត្រឹង ងា សមាជិក ហ្វុលរ៉ូ ដែល​មាន​ន័យ​ពេញ​ថា «រណសិរ្ស​រួបរួម​ដើម្បី​រំដោះ​ជនជាតិ​ភាគតិច​ដែល​ទទួល​រង​ការ​ជិះជាន់»  ។​Tran Nghia

ក. អំពី​ប្រវត្តិ​ផ្ទាល់ខ្លួន

១. ឈ្មោះ ត្រឹង ងា ជនជាតិ​កម្ពុជា​ក្រោម អាយុ ៣៨​ ឆ្នាំ កើត​នៅ​ស្រុក​ជ្រោយញ (យិញចូវ) ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។​

២. កំរិតវប្បធម៌ និង​មុខ​តំណែង

  • ក្នុង​ឆ្នាំ​ ១៩៥៤ ប្រឡង​ជាប់​មធ្យមសិក្សា​បឋម​ភូមិ​
  • ក្នុង​ឆ្នាំ​១៩៥៦ ចូល​មក​ប្រទេស​កម្ពុជា​
  • ក្នុង​ឆ្នាំ​ ១៩៥៦ ប្រឡង​ជាប់​បញ្ញា​ប័ត្រ​មធ្យមសិក្សា​ភាគ​ទី​ ១
  • ក្នុង​ឆ្នាំ​ ១៩៥៧ ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ភាគ​ទី ​២
  • ក្នុង​ឆ្នាំ​ ១៩៥៧ ធ្វើ​សាស្ត្រាចារ្យ​នៅ​ខេត្តបាត់ដំបង​
  • ក្នុង​ឆ្នាំ​ ១៩៦១ ផ្លាស់​ពី​បាត់ដំបង​មក​ភ្នំពេញ​

ខ. សកម្មភាព​នយោបាយ

  • ឆ្នាំ​ ១៩៥៩ សមាជិក​សង្គមនិយម
  • ឆ្នាំ​ ១៩៦២ បាន​ស្គាល់ លន់ នល់ តាម​រយៈ ថាច់ ចាន់
  • ឆ្នាំ​ ១៩៦៣ ចូលរួម​សន្និសីទ​ឥណ្ឌូចិន​មាន សម្តេច សីហនុ ជា​ប្រធាន
  • ឆ្នាំ​ ១៩៦៧-៦៨ ចូលរួម​ចលនា​តស៊ូ​កម្ពុជា​ក្រោម មាន លន់ នល់ ជា​ប្រធាន ។ សមាជិក​ដែល​ចូលរួម​មានៈ ទី​១ គឹម ងួនត្រាច ទេសាភិបាល​ធនាគារជាតិ ទី​ ២ ថាច់ ប៉ូច វរសេនីយ​ឯក ទី ​៣ ថាច់ ជា សាស្ត្រាចារ្យ ទី​៤ ដៀន កៀន វេជ្ជបណ្ឌិត និង ទី ​៥ ម៉ាច សម្បត្តិ ឱសថ​បណ្ឌិត ។ ក្នុង​ការ​ប្រជុំ លន់ នល់ បាន​វាយ​ផ្នែក​នយោបាយ​លើ​ខ្មែរក្រហម​
  • ឆ្នាំ​ ១៩៧១ សមាជិក​គណៈកម្មាធិការ​តាក់តែង​រដ្ឋធម្មនុញ្ញ «ធម្មនុញ្ញ លន់ នល់»
  • ឆ្នាំ​ ១៩៧២ ត្រឹង ងា ទៅ​ប្រទេស​ថៃ ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ដើម្បី​ស្រាវជ្រាវ​ព័ត៌មាន​ពី​ប្រទេស​នោះ ។ សមាជិក​ដែល​ទៅ​ជាមួយ​មានៈ ទី​ ១ ហូ តុងលិម ទី ​២ ថាច់ ត្វានទី​ ៣ ដួង សារិន ទី​ ៤ អ៊ិត សារ៉េត ស័ក្តិ ​៥ ទី​ ៥ អែល ប្រហ៊ីម ទី​ ៦ សន ថាត និង​ទី ​៧ អ៊ឹម យូហៃ ។
  • ឆ្នាំ​ ១៩៧៤ ធ្វើ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​
  • ឆ្នាំ​ ១៩៧៤ ត្រឹង ងា សុំ​លុយ លន់ នល់ ចំនួន ៦.០០០.០០០ ​រៀល បោះពុម្ព​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ
  • ឆ្នាំ​ ១៩៧៥ ក្រោយ​ពី​ទូត​អាមេរិកាំង​ចេញពី​កម្ពុជា ហើយ លន់ នល់ ទៅ​បរទេស ត្រឹង ងា បាន​ចូល​ប្រជុំ​តាម​រយៈ គឹម ងួន ត្រាច នៅ​ទេសាភិបាល​ធនាគារជាតិ ។​

បញ្ជាក់​នៅ​ក្នុង​ប្រវត្តិរូប

  • នៅ​ថ្ងៃ​ទី​ ៨ ខែ​៣ ឆ្នាំ​១៩៧០ ហង់ ធន់ហាក់ ហៅ ត្រឹង ងា ទៅ​សម្ភាសន៍​នៅ​ក្នុង​ទូរទស្សន៍​ពី​រឿង​សម្តេច សីហនុ
  • ឆ្នាំ​១៩៧០ ហង់ ធន់ហាក់ ហៅ ត្រឹង ងា ឈូក មឹងម៉ៅ ប៉ាង ខាត់ (ព្រះសង្ឃ) គង់ អ៊ន ទួន ខឿន ថាច់ ជា ដួង សារិន ដើម្បី​ប្រជុំ
  • នៅ ​ឆ្នាំ​១៩៧៤ ត្រឹង ងា បាន​ចូលរួម​ធ្វើសង្គ្រាម​នយោបាយ​នៅ​ចម្ការមន
  • ក្រោយ​ពី​មាន​លេច​បាតុកម្ម​សិស្ស និស្សិត នល់ នល់ បាន​ជ្រើសរើស​មនុស្ស​មួយ​ចំនួន​ដែល​ជំនិត​ដើម្បី​ឱ្យ​កាន់​ក្រសួង​នានា ។ អ្នក​ដែល​បាន​តែងតាំង​មានៈ ទី ​១ ថាច់ ជា ​ក្រសួង​អប់រំ ទី ​២ គង់ នឿន ទី​ ៣ គាម ទត ទី​៤ គង់ ង៉ែត និង​ទី​ ៥ ស៊ូ វន ។​

គ. អំពី​ប្រពន្ធ

១. ប្រពន្ធ​ឈ្មោះ ឡាយ ហ៊ុនគី អាយុ ​៣៨​ ឆ្នាំ កើត​នៅ​ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បាត់ដំបង (បច្ចុប្បន្ន​ខេត្ត​បន្ទាយមានជ័យ) ។

២. កំរិតវប្បធម៌

  • ឆ្នាំ​ ១៩៤៧ រៀន​នៅ​បឋម​សិក្សា​
  • ឆ្នាំ​ ១៩៥៧ ធ្វើ​គ្រូបង្រៀន​
  • ឆ្នាំ​ ១៩៦២ ចូល​រៀន​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​ផ្នែក​អប់រំ​សាស្ត្រាចារ្យ​
  • ឆ្នាំ​ ១៩៦៨ ជាប់​បរិញ្ញាប័ត្រ​អក្សរសាស្ត្រ​
  • ឆ្នាំ​ ១៩៧៤ ធ្វើ​សាស្ត្រាចារ្យ​នៅ​សាលា​ស៊ី​សុវត្ថិ​
  • ឆ្នាំ​ ១៩៧៥ បាន​ទទួល​តំណែង ជានា​យក​វិទ្យាល័យ​នារី រហូត​ដល់​រំដោះ​

៣. សកម្មភាព​នយោបាយ

  • ឆ្នាំ​ ១៩៥២-៥៣ ចូលរួម​ចលនា​ប្រឆាំង​បារាំង​នៅ​ភ្នំពេញ
  • ឆ្នាំ​ ១៩៥៩ ចូល​ជា​សមាជិក​សង្គមនិយម
  • ឆ្នាំ​ ១៩៧២ ចូល​ក្នុង​គណបក្ស​ស្ត្រី​ខ្មែរ
  • ឆ្នាំ​ ១៩៧៤ សមាជិក​សង្គហនារី

ឃ. អំពី​ឪពុក​ម្តាយ​បង្កើត

  • ឪពុក​ឈ្មោះ ឡាំ សុង ជាតិខ្មែរ អាយុ ​៦១ ​ឆ្នាំ (មុន​រំដោះ​នៅ​ភ្នំពេញ) ។ គាត់​គ្មាន​មុខរបរ កាល​ពីដើម​ធ្វើ​ទាហាន​បារាំង ក្រោយមក​ធ្វើ​ប៉ូលីស​វៀតណាម​ខាងត្បូង ។ គាត់​មក​រស់នៅ​ភ្នំពេញ ឆ្នាំ​ ១៩៦៥ ។ គាត់​កើត​នៅ​ភូមិ​ជ្រៃជាប់ (ឃុំ​មិន​ច្បាស់) ស្រុក​ថាញ់ហ៊ឹង ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។​
  • ម្ដាយ​ឈ្មោះ ទិន សៀម ជាតិខ្មែរ អាយុ ​៦០ ​ឆ្នាំ ធ្វើ​មេផ្ទះ​តាំងពី​ដើម​មក ។ មុន​រំដោះ គាត់​នៅ​ភ្នំពេញ​ជាមួយ ត្រឹង ងា ។ គាត់​មាន​ស្រុក​កំណើត​ដូច​ប្តី ។

ង. អំពី​បងប្អូន​បង្កើត

មាន​បងប្អូន​បី​នាក់​គឺ ត្រឹង ធីហ៊ូន ត្រឹង ងា និង ត្រឹង ថាច់

១. ត្រឹង ធីហ៊ូន អាយុ​៤៣​ឆ្នាំ កើត​នៅ​ភូមិ​ព្រែកជ្រៅ (ឃុំ​មិនចាំ) ស្រុក​ថាច់ហ៊ឹង ខេត្ត​ពលលាវ កម្ពុជា​ក្រោម ។​

  • ក្នុង​ឆ្នាំ ​១៩៥៦ គាត់​បាន​ខឹង​ឪពុក​ម្តាយ រត់​ពី​កម្ពុជា​ក្រោម​មក​នៅ​ភ្នំពេញ
  • ក្នុង​ឆ្នាំ​ ១៩៥៧ គាត់​បាន​ទៅ​នៅ​ជាមួយ ត្រឹង ងា នៅ​បាត់ដំបង
  • ក្នុង​ឆ្នាំ​ ១៩៦០ គាត់​រៀបការ​ជាមួយ​មិត្ត​របស់ ត្រឹង ងា ឈ្មោះ ថាច់ ថន

២. ត្រឹង ងា

៣. ត្រឹង ថាញ់ ស្លាប់​កាលពី​អាយុ​៩​ឆ្នាំ

ច. អំពី​កូនបង្កើត

កូនបង្កើត​របស់ ត្រឹង ងា មាន​ចំនួន ​៤ ​នាក់ៈ

  1. ត្រឹង បញ្ញារិទ្ធិ ភេទ​ប្រុស អាយុ​ ១៦​ ឆ្នាំ រៀន​ថ្នាក់​ទី​២
  2. ត្រឹង សុគន្ធវារី ភេទ​ស្រី អាយុ​ ១៥ ​ឆ្នាំ រៀន​ថ្នាក់​ទី​៤
  3. ត្រឹង បញ្ញារុណ ភេទ​ប្រុស អាយុ​ ៨ ​ឆ្នាំ រៀន​ថ្នាក់​ ទី ​៩
  4. ត្រឹង សុន្ថារា ភេទ​ប្រុស អាយុ​៧​ឆ្នាំ រៀន​ថ្នាក់​ទី​ ១១

កូន​ទាំងអស់​នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ

ចំណុច​ដែល​សាមីខ្លួន​សារភាព​

ក. ការ​អនុវត្ត

១. នៅ​ក្នុង​ឆ្នាំ ​១៩៧៥ ត្រឹង ងា បាន​ទទួល​ផែនការ​ក្បត់​សម្រាប់​ប្រឆាំង​ខ្មែរក្រហម​ពី​វរសេនីយ៍ឯកដាញ់ វឌ្ឍនា ។ កន្លែង​ទទួល​ផែនការ​វិទ្យាស្ថាន​ខ្មែរ​មន ។​

២. បក្សពួក​ដែល​ទទួល​ផែនការ​មាន ទី ​១ ឃឹម កែវ អាយុ​ប្រមាណ​ ៣៥ ​ឆ្នាំ ធ្វើ​គ្រូបង្រៀន ទី​២ម៉ែន រស់ អាយុ​ប្រមាណ ៤៥ ​ឆ្នាំ គ្រូបង្រៀន ទី ​៣ កោ ខែមម៉ារី អាយុ​ ២២ ​ឆ្នាំ នៅ​លីវ ទី ​៤ ត្រឹង ងា​

៣. ខ្លឹមសារ ដាញ់ វឌ្ឍនា ណែនាំ៖

  • ទោះបី​ភ្នំពេញ​យើង​ចាញ់​ខ្មែរក្រហម​ក៏​ដោយ ក៏​សាធារណរដ្ឋ​ខ្មែរ​យើង​ពុំ​ព្រម​ចុះចាញ់​ខ្មែរក្រហម​ដែរ
  • យើង​ត្រូវ​ប្រឆាំង​ខ្មែរក្រហម​វិញ​ដាច់ខាត ព្រោះ​សព្វថ្ងៃ​យើង​មាន​គម្រោង​វាយបក​ខ្មែរក្រហម​វិញ ដោយ​មាន សឺង ង៉ុកថាញ់ និង​កងទ័ព ចាន់ រង្សី
  • ត្រូវ​តែ​ខំ​បំផុសបំផុល​រាស្ត្រ និង​រដ្ឋការ​គ្រប់​ផ្នែក ។​

ខ. អំពី​ផែនការ ដាញ់ វឌ្ឍនា ស័ក្តិ​ ៥

  • ឱ្យ​បំផុស​ប្រជារាស្ត្រ និង​រដ្ឋការ​ទូទៅ​ឱ្យ​ស្រឡាញ់​របប​សាធារណរដ្ឋ កុំឱ្យ​ជឿ​ការ​ឃោសនា​របស់​ខ្មែរក្រហម ហើយ​ត្រៀម​ប្រឆាំង​ខ្មែរក្រហម នៅ​ពេល​ណា​កងទ័ព សឺង ង៉ុកថាញ់ និង​កងទ័ព ចាន់ រង្សី ព័ទ្ធ​ខ្មែរក្រហម​ពី​ក្រៅ
  • ឱ្យ​ចាត់តាំង​ដៃជើង​បន្ត សម្រាប់​ជួយ​អនុវត្ត​ផែនការ​ក្បត់
  • ចាំ​ពិនិត្យ​ចំណុចខ្សោយ​របស់​ខ្មែរក្រហម ដើម្បី​ឆ្កឹះ​ឡើង​ឱ្យ​រាស្ត្រ​ស្អប់ ។

ត្រឹង ងា បាន​អនុវត្ត​ផែនការ​ចំនួន​បី​គឺ

  1. ការ​អនុវត្ត​ដោយ​វិធី​ឃោសនា ។​
  2. បំផុសបំផុល​ពី​ចំណុចខ្សោយ​របស់​ខ្មែរក្រហម ដូចជា ឱ្យ​ស៊ី​អង្ករ​ខាំ ឱ្យ​ស៊ី​មិន​គ្រប់គ្រាន់ ប្រើ​បង្ខំ​ដូច​គោ ក្របី បំបិទ​សិទ្ធិ​សេរីភាព ។
  3. ចលនា​បំផុស ច្រើន​ធ្វើ​នៅ​វាលស្រែ ស្ទូង ដក ។​

អ្នក​ដែល ត្រឹង ងា អប់រំ

  1. ឈ្មោះ រស់ អាយុប្រមាណ​ ៤០ ​ឆ្នាំ ធ្វើ​គ្រូបង្រៀន​
  2. ឈ្មោះ គិន អាយុប្រមាណ​ ៣៥ ​ឆ្នាំ ថៅកែ​លក់ដូរ​ថ្មពិល​ភ្នំពេញ
  3. ឈ្មោះ មុ​យ អាយុប្រមាណ​ ៤៥ ​ឆ្នាំ ថៅកែ​ស៊ី​ក្លូ​ពី​សង្គមចាស់
  4. ឈ្មោះ សែម អាយុប្រមាណ​ ៣៥​ ឆ្នាំ ជាង​ជួសជុល​វិទ្យុ ។

(សោម ប៊ុន ថន ទស្សនាវដ្តី​ស្វែងរកការពិត លេខ ​១៦០ ខែមេសា ឆ្នាំ​ ២០១៣)

Comments are closed.