អាជ្ញាធរ​យួន​ហៅ​ស្ត្រី​ខ្មែរក្រោម​ម្នាក់​ទៅ​សួរចម្លើយ ទាក់ទង​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

99

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

​អាជ្ញាធរ​យួន​ទើបតែ​កោះហៅ​ស្ត្រី ខ្មែរក្រោម​ម្នា​ក់នៅ​ខេត្ត​ឃ្លាំង ទៅ​សួរចម្លើយ​ទាក់ទិន​នឹង​រឿង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បន្ទាប់ពី​ស្ត្រី​រូបនេះ​បាន​បិទ​រូប​ទង់ជាតិ​កម្ពុជា​ក្រោម​នៅលើ​ថ្ពាល់ របស់ខ្លួន ហើយ​បង្ហោះ​នៅតាម បណ្ដា​ញាស​ង្គ​ម Facebook ។ អាជ្ញាធរ​យួន​ចោទ​នាង​ថា បាន​ចូលរួម​សកម្មភាព​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ក្នុង​គោលបំណង​ប្រឆាំងនឹង​រដ្ឋាភិបាល​វៀតណាម ។​
​នាង ត្រឹង ស៊ី​ខោ​ន អាយុ ៣០ ឆ្នាំ នៅ​ភូមិ​ដើម​អំពិល ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង (Khóm Sỡ Tại B, phường Vĩnh Phước, thị xã Vĩnh Châu, tỉnh Sóc Trăng) ត្រូវ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន ហៅ​ទៅ​សួរចម្លើយ​នៅ​ការិយាល័យ​នគរបាល​ឃុំ​វិ​ន​ភឿ​ក (Công An Phường Vĩnh Phước) នា​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ម្សិលមិញ​នេះ ។​

រូបថតនាង ត្រឹង ស៊ីខោន បិទទង់ជាតិកម្ពុជាក្រោម នៅលើថ្ពាល់ កាលខែមិថុនា ឆ្នាំ ២០១៦ ។
រូបថតនាង ត្រឹង ស៊ីខោន បិទទង់ជាតិកម្ពុជាក្រោម នៅលើថ្ពាល់ កាលខែមិថុនា ឆ្នាំ ២០១៦ ។

យោងតាម​លិខិត​កោះហៅ​មួយច្បាប់​ចុះហត្ថលេខា ដោយ​ប្រធាន​នគរបាល​ឃុំ​វិ​ន​ភឿ​ក លោក ផាង ហ្វា​ង ឡុង (Phan Hoàng Long) បាន​បញ្ជាក់ថា នគរបាល​ទីរួមស្រុក​ជ្រោ​យញរ (Vĩnh Châu) និង​ឃុំ​វិ​ន​ភឿ​ក (Vĩnh Phước) សូម​អញ្ជើញ នាង ត្រឹង ស៊ី​ខោ​ន (Trần Sikhôl) កើត​ឆ្នាំ ១៩៨៦ ទៅ​ការិយាល័យ​នគរបាល​ឃុំ​វិ​ន​ភឿ​ក (Công An Phường Vĩnh Phước) នៅវេលា​ម៉ោង ២ រសៀល នា​ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៦ ដើម្បី​សួរនាំ​នូវ​រឿងរ៉ាវ​មួយចំនួន​ដែល​ទាក់​ទាង នឹង​សាមីខ្លួន ។​

លិខិតកោះហៅរបស់អាជ្ញាធរយួន ។
លិខិតកោះហៅរបស់អាជ្ញាធរយួន ។

​នៅក្នុង​លិខិត​នេះ​បាន​បញ្ជាក់ទៀតថា ពេល​សាមីខ្លួន​ធ្វើដំណើរ​ទៅ​ការិយាល័យ​នគរបាល​ឃុំ ត្រូវ​ភ្ជាប់​ទៅជា​មួយ នឹង​សៀវភៅ​គ្រួសារ (Sổ Hộ Khẩu) និង​លិខិត​កោះហៅ​នេះ ជួប នឹង​សមា​មិត្ត យ៉េ​ប រិ​ទ្ធ (Diệp Rít) ដែលជា​អ្នក​សួរចម្លើយ តាម​ភាសា​អ្វីមួយ​ដែល​គេ​ហៅថា ជា​អ្នកទទួល ។​

​យោងតាម​សម្ដី​របស់ នាង ត្រឹង ស៊ី​ខោ​ន បានបញ្ជាក់​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ពី​ដែនដី​កម្ពុជា​ក្រោម តាមរយៈ​ទូរស័ព្ទ​មក​ថា នាង​បាន​ទៅ​ការិយាល័យ​នគរបាល​ឃុំ​តាម​ការកោះហៅ​របស់​អាជ្ញា​ធរ​យួន ។ នាង បាន​បញ្ជាក់ថា ភ្នាក់ងារ​អាជ្ញាធរ​យួន​បាន​សួរចម្លើយ​នាង​អំពី​រឿង​ដែល​នាង​បាន​បិទ​ទង់ជាតិ កម្ពុជា​ក្រោម នៅលើ​ថ្ពាល់​របស់ខ្លួន ពេលដែល​នាង​ចូលរួម​ក្នុង​ពិធី​ខួប ៦៧ ឆ្នាំ នៃ​ទិវា​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ដែល​បាន ប្រារព្ធ​ដោយ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស​ថៃ កាលពី​ខែមិថុនា កន្លងទៅនេះ ។ នាង​ថា អាជ្ញាធរ​វៀតណាម បាន​ចោទ​នាង​អំពី​ទង្វើ​បិទ​ទង់ជាតិ​កម្ពុជា​ក្រោម​នៅលើ​ថ្ពាល់​នោះ​ថា ជាការ​ចូលរួម​សកម្មភាព​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម​ជាមួយ នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ។​

ទាក់ទង នឹង​អាជ្ញាធរ​យួន ដែល​ចោទ​ពលរដ្ឋ​ខ្មែរក្រោម ឬ​សកម្មជន​ខ្មែរក្រោម ចូលរួម​សកម្មភាព​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​តែងតែ​​ប្រឆាំង នឹង​រដ្ឋាភិបាល​វៀតណាម នោះ ។ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​កម្ពុជា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ បាន​ប្រតិកម្ម​ដោយ​ច្រាន​ចោលការចោទប្រកាន់​នេះ ។ លោក​ថា ការចោទប្រកាន់​ណាមួយ​មកលើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ។ ប៉ុន្តែ គោលការណ៍​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គឺ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ខ្មែរក្រោម​របស់ខ្លួន នៅពេល​រង​ការរំលោភ​សិទ្ធិ​នានា ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម ជាពិសេស​ប្រឆាំង​ដាច់ខាត ចំពោះ​នយោបាយ​បំបាត់​ពូជសាសន៍​គ្រប់​រូបភាព មកលើ​ពលរដ្ឋ​ខ្មែរក្រោម ដែលជា​ជនជាតិដើម​ម្ចាស់​ស្រុក នៅលើ​ដែនដី​កម្ពុជា​ក្រោម ។​

គេ​នៅ​មិន ទាន់​ដឹងថា រដ្ឋាភិបាល​វៀតណាម នឹងមាន​ចំណាត់ការ​យ៉ាងណា​ចំពោះ​នាង​នៅឡើយ តែ​ភ្នាក់ងារ​យួន​ថា នឹង​កោះហៅ​នាង​ទៅ​សួរចម្លើយ​បន្តទៀត ។​

​សូមបញ្ជាក់ថា នាង ត្រឹង ស៊ី​ខោ​ន ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​នៅក្នុង​បញ្ជី​ជាតិ​យួន​ថា ត្រឹង បិត ង៉ុ​ក (Trần Bích Ngọc) មុនពេល​ត្រូវ​អាជ្ញាធរ​យួន​សួរចម្លើយ នាង​ធ្លាប់បាន​ទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​អស់​មួយរយៈ ហើយ​បាន​ចូលរួម​សកម្មភាព​ផ្សេងៗ ជាមួយនឹង​ពលរដ្ឋ​ខ្មែរក្រោម​នៅក្នុង​ប្រទេស​ថៃ​ផង ។​

​អាជ្ញាធរ​យួន​ជា​ញឹកញយ​តែងតែ​កោះហៅ និង​មកដល់​វត្ត និង​ផ្ទះ ដើម្បី​សួរចម្លើយ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​សកម្មភាព​ទាំងនេះ ត្រូវបាន​ពលរដ្ឋ​ខ្មែរក្រោម​ចាត់ទុកថា ជាការ​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​ក្នុងការ​រស់នៅ​របស់​ពួកគេ​យ៉ាងខ្លាំង ។​

ត្រង់ចំណុច​នេះ លោក តាំង សារៈ បញ្ជាក់ថា នេះ​ជាការ​រំលោភសិទ្ធិ​ជាទម្ងន់​ពី​សំណាក់អាជ្ញាធរ​វៀតណាម មកលើ​ពលរដ្ឋ​ខ្មែរក្រោម និង​រំលោភ​ទៅលើ «​គោលការណ៍​សិទ្ធិមនុស្ស និង​គោលការណ៍​សិទ្ធិ​ជនជាតិដើម​» ដែល​បានអនុម័ត និង​ការប្រកាស​នូវ​សេចក្តីប្រកាស​ជា​សាកល​ស្តីពី​សិទ្ធិ​ទាំងនោះ ។ យ៉ាងណាក៏ដោយ លោក​ពន្យល់ថា វា​ពិបាក​សម្រាប់​ការ អនុវត្តន៍​សិទ្ធិ​ទាំងនេះ​ឲ្យ​ពេញលេញ ទៅលើ​បណ្តា​ប្រទេស​ដែល​ប្រកាន់យក​របប់​កុ​ម្មុយ​និ​ស្ត ដូចជា​ប្រទេស​វៀតណាម ៖

លោក តាំង សារៈ បាន​អំពាវនាវ​ដល់​ដ្ឋា​ភិ​បាល​ប្រទេស​នានា ឲ្យ​ដាក់ទណ្ឌកម្ម ឬ​ប្រើ​នូវ​មធ្យោបាយ​ការទូត ដើម្បី​ដាក់​សម្ពាធ និង​ជម្រុញ​ឲ្យ​ប្រទេស​វៀតណាម ត្រូវតែ​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ឲ្យ​មាន​ប្រសិទ្ធិភាព និង​ពេញលេញ ស្របតាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្ដរជាតិ ដែល​វៀតណាម ជា​សា​មា​ជិ​ក​ហត្ថា​លេ​ខី​មួយ​ផងដែរ​នោះ ។

​បន្ទាប់ពី​បារាំង​បាន​ផ្ទេរ​ដែនដី កម្ពុជា​ក្រោម ឬ​ដែនដី​កូស័ងស៊ីន​ទៅ​ឲ្យ​វៀតណាម​បន្តធ្វើ​អាណានិគម​លើ​ពល រដ្ឋ​ខ្មែរក្រោម កាលពី​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ មក សិទ្ធិសេរីភាព​របស់​ជ​ន​ជាតិ​ខ្មែរក្រោម ត្រូវ​រដ្ឋាភិបាល​យួន​រំលោភបំពាន​ជា​បន្តបន្ទាប់ ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ដាក់ពន្ធនាគារ​ពីបទ​ប្រឆាំង​រដ្ឋាភិបាល​ជាដើម ៕

Comments are closed.