យុវតីខ្មែរក្រោមពីររូបបានទទួលអាហារូបករណ៍រៀនជំនាញខាងសិល្បៈ ពីអង្គការសិល្បៈខ្មែរអមតៈ នៅប្រទេសកម្ពុជា
យុវតីខ្មែរក្រោម ២ រូប នៅខេត្តព្រះត្រពាំង ទើបតែបានទទួលអាហារូបករណ៍រៀនខាងជំនាញសិល្បៈ ពីអង្គការសិល្បៈខ្មែរអមតៈ ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា ។ យុវតីទាំង ២ រូបនោះ គឺនាង សួង ស្រីរ័ត្ន អាយុ ២០ ឆ្នាំ និងនាង ណា រី អាយុ ១៩ នៅភូមិដំបងពាក់ ស្រុកថ្កូវ ខេត្តព្រះត្រពាំង បានទទួលអាហារូបករណ៍រៀនខាងឧបករណ៍ពិណ ។

យោងតាមគេហទំព័រសារព័ត៌មាន Sabay បានសម្រង់សម្តីអ្នកសម្របសម្រួលជាន់ខ្ពស់នៃកម្មវិធីសិល្បៈក្នុងអង្គការសិល្បៈខ្មែរអមតៈ នាង យ៉ុន សុខន បានបញ្ជាក់ថា ការផ្ដល់អាហារូបករណ៍នេះបើកជារៀងរាល់ឆ្នាំ ក្នុងមួយឆ្នាំជ្រើសរើសបានតែ ១០ នាក់ប៉ុណ្ណោះ ។ អ្នកដាក់ពាក្យអាចស្នើសុំរៀនជំនាញសិល្បៈ និងមិនមែនសិល្បៈ ជាជំនាញផ្សេងៗ ដែលខ្លួនពេញចិត្ត ។ នាងបញ្ជាក់ថា ដើម្បីអាចទទួលបានអាហារូបករណ៍នេះ បេក្ខជនត្រូវបង្ហាញពីឆន្ទៈរបស់ខ្លួនឱ្យបានច្បាស់លាស់ក្នុងការរៀនជំនាញដែលខ្លួនស្នើ ។ ការប្រកាសផ្ដល់អាហារូបករណ៍លើកនេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកញ្ញាកន្លងទៅនេះ ដោយមានសិស្សដាក់ពាក្យ ចន្លោះពី ៥០ ទៅ ១៥០ នាក់ ហើយអង្គការសិល្បៈខ្មែរអមតៈបានវាយតម្លៃ និងជ្រើសរើសតែ ១០ រូបតែប៉ុណ្ណោះ ។

យោងតាម សារព័ត៌មាន Sabay ដដែលបញ្ជាក់ថា ស្រីរ័ត្ន និង ណារី មកពីដែនដីកម្ពុជាក្រោមរៀនសិល្បៈនេះ គឺស្នាក់អាស្រ័យនៅផ្ទះជាមួយបងប្អូននៅភ្នំពេញ ដោយមានព្រះសង្ឃខ្មែរ ក្រោម ត្រូវជាបងប្អូនជីដូនមួយជួយផ្គត់ផ្គង់ថវិកាមួយចំនួន ។ នាងថា នាងស្រលាញ់ឧបករណ៍ពិណ និងដោយមើលឃើញថា នៅក្នុងភូមិនៃខេត្តព្រះត្រពាំងរបស់ខ្លួនមិនសូវមានអ្នកលេងភ្លេង ជាពិសេសឧបករណ៍ពិណ ៕