កម្មករខ្មែរក្រោម ២ រូប ត្រូវជនជាតិវៀតណាមមួយក្រុមព្រួតគ្នាវាយសម្លាប់ ដោយសារតែការរើសអើងជាតិសាសន៍

0 329

ដោយ លី ឈូន

កម្មករ​ខ្មែរក្រោម​ ​ពីរ​នាក់​ត្រូវជា​មា​ ​និង​ក្មួយ​ ​ធ្វើការ​ជា​កម្មករ​ ​នៅ​ខេត្ត​ទទួល​តា​មោក​ ​ដែល​វៀតណាម​ ​ប្តូរ​ឈ្មោះ​ទៅជា​ខេត្ត​បិ​ញ​យឿ​ង​ (​Bin​h​ ​D​uon​g​) ​មាន​ស្រុកកំណើត​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​ជនជាតិ​វៀតណាម​មួយ​ក្រុម​ព្រួតគ្នា​វាយ​រហូត​ដល់ស្លាប់​ ​ព្រោះតែ​ពួកគេ​ជជែក​គ្នា​ជា​ភាសាខ្មែរ​ ​នៅ​ក្នុង​ពិធីជប់លៀង​មួយ​ ជាមួយ​ជនជាតិ​វៀតណាម​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​លើកឡើង​ថា​ ​អំពើ​វាយ​តប់​កាប់​សម្លាប់​ខ្មែរក្រោម​បែប​នេះ​ ធ្លាប់​កើតឡើងជា​រឿយៗ​ ​ចំពោះ​ពលករ​ចំណាកស្រុក​ខ្មែរក្រោម​ ​ព្រោះ​ជនជាតិ​វៀតណាម​ទាំងនោះ​ ​មាន​ចរិត​ស្អប់​ខ្មែរក្រោម​ ​ទាំង​ពីដើម​មក​ ​។​ ​ចំណែក​ ​ជន​ដៃដល់​ជា​ឃាត​រ​សម្លាប់​កម្មករ​ក្រោម​នោះ​ ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានហើយ​ ​តែ​មិនទាន់​ត្រូវ​បាន​តុលាការ​កាត់ទោស​ទៅ​តាមច្បាប់​នៅឡើយ​ ​។

កម្មករខ្មែរក្រោម ២ រូប ត្រូវជនជាតិវៀតណាម មួយក្រុមព្រួតគ្នាវាយសម្លាប់ និងជនដៃដល់ត្រូវសមត្ថកិច្ចយួនចាប់ខ្លួន
កម្មករខ្មែរក្រោម ២ រូប ត្រូវជនជាតិវៀតណាម មួយក្រុមព្រួតគ្នាវាយសម្លាប់ និងជនដៃដល់ត្រូវសមត្ថកិច្ចយួនចាប់ខ្លួន

កម្មករ​ខ្មែរ​ក្រោម​មួយ​រូប​ឈ្មោះ​គឹម​ តឹង​ដែល​ធ្វើ​ការ​នៅ​ខេត្ត​ទួល​តា​មោក​ ជា​អ្នក​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​កម្មករ​ខ្មែរ​ក្រោម​ពីរ​រូប​ដែល​ត្រូវ​កម្មករ​ជន​ជាតិ​វៀតណាម​មួយ​ក្រុម​ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​ទាំង​ពីរ​នាក់​នាក់​នោះ​ ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​និង​សារព័ត៌មាន​ព្រៃ​នគរ​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​កម្មករ​ខ្មែរ​ក្រោម​នាំ​គ្នា​ជប់​លៀង​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ដើម្បី​លា​គ្នា​ទៅ​ស្រុក​នោះ គ្រាន់​តែ​កម្មករ​ខ្មែរ​ក្រោម​ជជែក​គ្នា​ជា​ភាសា​ខ្មែរ​សោះ​ តែ​ពួក​កម្មករ​វៀតណាម​ មួយ​ចំនួន​ក្នុង​នោះ​សម្លឹង​​ទៅ​កម្មករ​ខ្មែរ​ក្រោម​ហាក់​ដូច​ជា​ចង់​ស៊ី​សាច់​ហុត​ឈាម​កម្មករ​ខ្មែរ​អីចឹង​​។ «កម្មករ​ខ្មែរ​យើង​ហ្នឹង​ក្នុង​កម្មវិធី​ជប់​លៀង​គ្នា​ ដើម្បី​លា​គ្នា​មក​ស្រុក​នឹង​ ហើយ​ក៏​និយាយ​ខ្មែរ​បួន​នាក់​ហ្នឹង​និយាយ​ខ្មែរ​ហើយ​ក៏​ពួក​យួន​គ្នា​វា​ហ្នឹង​ ស្ដាប់​មិន​បាន​ក៏​គិត​ថា​ខ្មែរ​យើង​និយាយ​ដៀម​ដាម​ដាក់​ពួក​វា​ជេរវា​អី​ចឹង​ពូក​វា​ក៏​ព្រួត​ដៃ​គ្នា​សម្លាប់​ខ្មែរ​យើង​»។

ស្រដៀង​គ្នា​នេះ​ដែរ​កម្មករ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ​សឺន ហៀង​ធ្វើ​ការ​នៅ​ទួល​តា​មោក​ដែរ ​លើក​ឡើង​ថា​ជម្លោះ​វាយ​តប់​ដោយ​រំលោភ​បំពាន​ពី​សំណាក់​ជន​ជាតិ​វៀតណាម​ ឬ​កម្មករ​វៀតណាម​តែង​តែ​កើត​ឡើង​ជា​រឿយ ៗ ចំពោះ​កម្មករ​ខ្មែរ​ចំណាកស្រុក​ ។ជួន​កាល​មិន​មាន​រឿង​អីសោះ​ក៏​ពួក​គេ​បង្ក​រឿង​ហេតុ​ឲ្យ​ទៅ​ដល់​វាយ​តប​កម្មករ​ខ្មែរ​ដែរ​ លុះ​ប្ដឹង​ផ្ដល់​ទៅ​ដល់​សមត្ថកិច្ច​ ឬ​ម្ចាស់​ក្រុម​ហ៊ុន ពួក​សមត្ថកិច្ច​វៀតណាម​ទាំង​នោះ​តែង​ដាក់​បន្ទុក​ថា​កំហុស​ទាំង​អស់​កើត​ឡើង​ដោយ​សារ​កម្មករ​ខ្មែរ ។ ​ដូច​ជា​ករណី​ពេល​នេះ​អីចឹង​កម្មករ​ខ្មែរ​ពីរ​នាក់​ឈ្មោះ​ថាច់ តឹង​និង​ថាច់ ហ៊ីប មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​ត្រពាំង​ ជា​ជន​រង​គ្រោះ​សោះ​ តែ​ត្រូវ​សមត្ថកិច្ច​វៀតណាម​ចោទ​ប្រកាន់​ថា​អុក​ឡុក​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សាធារណៈ​និង​ត្រូវ​​​​​​​​​​​​​​​​​​​​​​​​ផ្ដន្ទា​ទោស​ព្រហ្មទណ្ឌ​ទៀត​ផង​។ «ហើយ​ករណី​ជប់​លៀង​នេះ​មិន​មែន​ស៊ី​ផឹក​ចូល​គ្នា​ទេ​ ។ នៅ​ម្ដុំ​ហ្នឹង​ទាំង​អស់​គ្នា​គឺ​ថា​នៅ​កន្លែង​ស៊ី​ផឹក​រួម​គ្នា​អី​ចឹង​ណា​មាន​យួន​មាន​ខ្មែរ​អីចឹង​ដល់​ខ្មែរ​យើង​និយាយ​ខ្មែរ​វា​ទៅ​ជា​មាន​ការ​រើស​អើង​ដោយ​កម្មករ​វៀតណាម​ចោទ​ថា​យើង​និយាយ​ដៀម​ដាម​ដាក់​វា​ ជេរ​វា​ហ្នឹង​ទីមួយ​ 1 ទី​ពីរ​ទៀត​នេះ​គឺ​ជា​ករណី​រើស​អើង​ពូជ​សាសន៍​ដែរ​រឿង​ហ្នឹង​»

ប៉ុន្មាន​ថ្ងៃ​មក​នេះ​នៅ​តាម​បណ្ដាញ​ព័ត៌មាន​សង្គម អ្នក​ដែល​ដឹង​អំពី​ព្រឹត្តិការណ៍​ជន​ជាតិ​វៀតណាម​សម្លាប់​កម្មករ​ខ្មែរ​នេះ ភាគ​ច្រើន​​លើក​ឡើង​ថា កំហុស​ទាំង​អស់​បង្ក​ឡើង​ ​ដោយ​សារ​កម្មករ​ជន​ជាតិ​វៀតណាម​ទាំង​នោះ​ ​រើស​អើង​និង​ប្រកាន់​ពូជសាសន៍​ ស្អប់​ខ្មែរ​ក្រោម​។

ការ​លើក​ឡើង​មក​នេះ​ ក្រោយ​ពី​យប់​ថ្ងៃ​ទី ១០ មេសា​កម្មករ​ខ្មែរ​ក្រោម​ប្រមាណ​ ៤​នាក់​ធ្វើ​ការ​នៅ​ខេត្ត​ទួល​តា​មោក ត្រូវ​កម្មករ​ជា​ជន​ជាតិ​វៀតណាម​ព្រួត​គ្នា​វាយ​រហូត​ដល់​កម្មករ​ខ្មែរ​ក្រោម​ពីរ​នាក់​រង​របួស​ធ្ងន់​និង​ពីរ​នាក់​ទៀត​ត្រូវ​ស្លាប់​។ កម្មករ​ខ្មែរ​ក្រោម​ដែល​ស្លាប់​ពីរ​នាក់​នោះ​ ត្រូវ​ជា​មា​ក្មួយ​នឹង​គ្នា​ ម្នាក់​ឈ្មោះ​ថាច់ ចំរើន​អាយុ ២៥ ឆ្នាំ​និង​ម្នាក់​ទៀត​ឈ្មោះ​ថាច់ ចៀង អាយុ ២៣ អ្នក​ទាំង​ពីរ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឃុំ​តា​ឱក​ ស្រុក​កំពង់​ស្ពាន​ខេត្ត​ព្រះ​ត្រពាំង​ ។

ព្រឹត្តិការណ៍​កម្មករ​ជន​ជាតិ​វៀតណាម​ព្រួត​វាយ​កម្មករ​ខ្មែរ​ក្រោម​នេះ​ កើត​ឡើង​ក្រោយ​ពី​ពិធី​ជប់​លៀង​របស់​កម្មករ​ខ្មែរ​នៅ​ក្នុង​ហាង​ខារ៉ា​អូខេ​មួយ​ ដើម្បី​លា​គ្នា​ទៅ​ស្រុក​កំណើត​ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​។ តែ​ក្នុង​ពេល​ជប់​លៀង​នោះ កម្មករ​ខ្មែរ​ជជែក​គ្នា​ជា​ភាសា​ខ្មែរ​បណ្ដាល​ឱ្យ​កម្មករវៀតណាម​មិន​ពេញ​ចិត្ត​ហើយ​បង្ក​ជម្លោះ​ឈាន​ទៅ​ដល់​ចាក់​សម្លាប់​កម្មករ​ខ្មែរ​ក្រោម​ ២ នាក់​នៅ​នឹង​កន្លែង​កើត​ហេតុ​។

យោង​តាម​កាសែត​នគរ​បាល​ខេត្ត​ទួល​តា​មោក​ចុះ​ថ្ងៃទី​ ១៣ មេសា ថា​ជន​ដៃ​ដល់​ជា​ឃាត​ករ​ជា​ជន​ជាតិ​វៀតណាម​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ក្រមួនស​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​ថា​​ខេត្ត​គៀង ​យ៉ាង​(Kien Gian) នោះ​ ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​ហើយ​កាល​ពី​ថ្ងៃទី​ ១៣ មេសា​កន្លង​ហើយ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ឲ្យ​តុលាការ​កាត់​ទោស​ទៅ​តាម​ច្បាប់​។

ព្រះ​តេជ​ព្រះ​គុណ​អ៊ួង សុខ​ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ប្រចាំ​ទ្វីប​អឺ​រ៉ុប ​បញ្ជាក់​ថា​ ករណី​ជន​ជាតិ​វៀតណាម​ជម្លោះ​វាយ​តប់​កាប់​សម្លាប់​កម្មករ​ខ្មែរ​ ពលរដ្ឋ​ខ្មែរ​ នេះ​មិន​មែន​ត្រឹម​តែ​កើត​ឡើង​នៅ​ពេល​នេះ​ទេ​ដូច​ជា​ករណី​បង្ក​ជម្លោះ​កាប់​សម្លាប់​កម្មករ​ខ្មែរ​ក្រោម​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ខេត្ត​មាត់​ជ្រូក​ធ្វើ​ការ​នៅ​ទី​ក្រុង​ព្រៃ​នគរ​កាល​ពី​ ៥ ឆ្នាំ​មុន​ រហូត​មក​ដល់​ពេល​នេះ​មិន​ឃើញ​សមត្ថកិច្ច​ចាប់​ជន​ដៃ​ដល់​យក​ទៅ​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់​នៅ​ឡើយ​ ៕

Leave A Reply

Your email address will not be published.