សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ប្រកាសជ្រើសរើសសមណសិស្សទៅបន្តការសិក្សានៅប្រទេសថៃ
ដោយ ស៊ឺន ចែងចើន
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា កាលពីថ្ងៃទី ២៧ ខែមករា បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការជ្រើសរើសសមណនិស្សិតខ្មែរ មានដើមកំណើតនៅកម្ពុជាក្រោម ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសថៃ សម្រាប់ឆ្នាំ ២០១៩ ចំនួន ១០ ព្រះអង្គ ។
យោងតាមសេចក្ដីជូនដំណឹង ដោយព្រះតេជព្រះគុណ សឺន សុផារិន្ទ ជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា សមណនិស្សិត ដែលមានបំណងចង់និមន្តបន្តទៅសិក្សានៅប្រទេសថៃ សូមនិមន្តមកចុះឈ្មោះ នៅទីស្នាក់ការកណ្តាលនៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានអាសយដ្ឋាននៅកុដិលេខ ១៧ នៃវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បើតាមលិខិតជូនដំណឹងដដែលបានបញ្ជាក់ អំពីលក្ខខណ្ឌនៃការជ្រើសរើសថា សមណនិស្សិតខ្មែរក្រោម ដែលនិមន្តមកពីដែនដីកម្ពុជាក្រោម ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយាភូមិខ្មែរ ឬថ្នាក់ទី ១២ វៀតណាម (បាក់ឌុប) ព្រឹត្តិបត្រពន្ទុ និងឆាយា ឬសង្សដីកា ។ ចំណែកសមណនិស្សិតខ្មែរក្រោម នៅប្រទេសកម្ពុជា ត្រូវមានសញ្ញាបត្រ ឬសញ្ញាបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយាភូមិ (បាក់ឌុប) ព្រឹត្តិបត្រពន្ទុ និងឆាយា ឬសង្សដីកា ។
ទាក់ទិន នឹងការបញ្ជូនសមណនិស្សិតខ្មែរក្រោមទៅសិក្សា នៅក្រៅប្រទេសនេះដែរ នៅថ្ងៃទី ២៤ មីនា ខាងមុខនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីបុណ្យផ្កាសាមគ្គី ដើម្បីរៃអង្គាសថវិកា សម្រាប់រៀបចំឯកសារ និងដោះស្រាយមធ្យោបាយផ្សេងៗ ក្នុងការបញ្ជូនសមណនិស្សិតចំនួន ១០ អង្គទៅបន្តការសិក្សា នៅប្រទេសថៃ និងផ្ដល់ជាអាហារូបករណ៍ដល់សមណនិស្សិតក្រីក្រ ដែលកំពុងសិក្សាមហាវិទ្យាល័យនានា នៅក្នុងប្រទេសកម្ពុជា ។
ព្រះតេជព្រះគុណ សឺន សុផារិន្ទ ក៏បានអំពាវនាវដល់សមណសិស្សខ្មែរក្រោម ដែលមានបំណងចង់ទៅបន្តការសិក្សា នៅប្រទេសថៃ ហើយមានលក្ខណសម្បត្តិស្របតាមលក្ខខណ្ឌរបស់អង្គការ សូមនិមន្តមកចុះឈ្មោះនៅការិយាល័យកណ្ដាលរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅវត្តបទុមវតី ឋិតនៅក្នុងទីក្រុងភ្នំពេញ ។
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើង កាលពីឆ្នាំ ២០០២ ដោយព្រះសង្ឃខ្មែរក្រោមជាសមណនិស្សិត ដែលកំពុងតែសិក្សានៅក្នុងប្រទេសកម្ពុជា ។ អង្គការរមួយនេះ ផ្ដោតការយកចិត្តទុកដាក់លើវិស័យសិក្សាអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្សជាចម្បង ៕