សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បោះឆ្នោតជ្រើរើសប្រធានថ្មី អាណត្តិទី ៦
ដោយ ស៊ឺន ចែងចើន
នៅថ្ងៃទី ១ ខែធ្នូ សប្តាហ៍នេះ តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម និងគណៈកម្មការ សមាជិក សមាជិកា សិស្ស និស្សិត នៃសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបោះឆ្នោតជ្រើសរើសប្រធានសម្ព័ន្ធថ្មី សម្រាប់អាណត្តិទី ៦ (២០១៩-២០២៣) នៅសាលាគណរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណវត្តបទុមវតី ក្រោមព្រះអធិបតីភាព ព្រះចរណវិជ្ជា ចេម ធីរៈ ព្រះសាកលវិទ្យាល័យរង នៃពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះគ្រូសូត្រឆ្វេងវត្តបទុមវតី និងព្រះតេជព្រះគុណ យ៉ាន់ ថាត់ ជាព្រះចៅអធិការវត្តអង្គតាម៉ិញ ។

នេះជាលើកទី ៦ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រៀបចំការបោះឆ្នោតជ្រើសប្រធានថ្មី ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ៤ ឆ្នាំម្តង គិតចាប់តាំងពីការបង្កើតអង្គការមួយនេះ ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ មក ។
ព្រះតេជព្រះគុណ ចៅ រេន អតីតសមណនិស្សិតថ្នាក់បរិញ្ញាប័ត្រផ្នែកទស្សនវិជ្ជាមកពីមហាវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នៃប្រទេសថៃ បានជាប់ឆ្នោតជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម (UKKBS) សម្រាប់អាណត្តិទី ៦ ដោយសំឡេងឆ្នោតគាំទ្រ ៣៦ លើ ៨៥ ក្នុងចំណោមបេក្ខភាពជាសមណនិស្សិតចំនួន ៥ អង្គ ដែលបានឈរឈ្មោះឲ្យបោះឆ្នោត ។

បន្ទាប់ ពីទទួលតំណែងជាប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ភ្លាមៗ នោះដែរ ព្រះតេជព្រះគុណ ចៅ រេន បានប្រកាសដាក់ចេញនូវគោលការណ៍សំខាន់ៗ ជាចម្បង និងជាអទិភាពចំនួន ៦ ចំណុច ដើម្បីដឹកនាំអង្គការរបស់ខ្លួន ។ ព្រះអង្គបន្ថែមថា តាមរយៈគោលនយោបាយក្នុងអណត្តិថ្មីនេះ ជាជំហានដំបូង គឺបណ្តុះបណ្តាលធនធានមនុស្សឲ្យមានចំណេះដឹង ដោយបង្កើនការលើកកម្ពស់ផ្នែកអប់រំឲ្យមានធនធានមនុស្ស មានសមត្ថភាព ដើម្បីភាពរីកចម្រើនក្នុងការកសាងសង្គមជាតិកម្ពុជាក្រោម ទៅថ្ងៃអនាគត់ ។
សំឡេង៖
គួរជម្រាបជូនថា ព្រះតេជព្រះគុណ ចៅ រេន ព្រះជន្ម ៣១ ព្រះវស្សា មានស្រុកកំណើតនៅភូមិតាអោង ឃុំចូវឡាំង ស្រុកស្វាយទង ខេត្តមាត់ជ្រូក ដែនដីកម្ពុជាក្រោម ។ ព្រះអង្គបានសាងផ្នួសនាឆ្នាំ ២០០៧ នៅក្នុងខណ្ឌសីមា វត្តរំដួលទួលសុរភី ហៅវត្តជីក្អេងក្រោម ជាវត្តខ្មែរមួយ នៅស្រុកកំណើតរបស់ព្រះអង្គ ។ នៅឆ្នាំ ២០១៣ ព្រះអង្គងបានរៀនបញ្ចប់ថ្នាក់ផ្នែកពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ (គរុកោសល្យទី ៣) នៅកម្ពុជាក្រោម និងនៅឆ្នាំ ២០១៤ បាននិមន្តទៅបន្តការសិក្សានៅប្រទេសថៃ ហើយប្រឡងចូលលរៀន នៅមហាវិទ្យាល័យមហាចុឡា ឡុងករណ៍រាជវិទ្យាល័យ ។ ព្រះអង្គទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្រផ្នែកទស្សនវិជ្ជា នៅថ្ងៃទី ២៦ ឧសភា ២០១៩ ។

ក្រោយពីបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាប័ត្រ នៅប្រទេសថៃ ព្រះតេជព្រះគុណ ចៅ រេន បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលធ្វើការស្មគ្រចិត្តឲ្យសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម រហូតដល់ថ្ងៃដែលព្រះអង្គបានជាប់ឆ្នោតជាប្រធាន នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០១៩ ។

សូមបញ្ជាក់ថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃនៃប្រទេសកម្ពុជា ។ អង្គការនេះ ធ្វើការផ្ដោតលើការ អប់រំរបស់សមណនិស្សិត និងនិស្សិតខ្មែរក្រោម ដែលបានមកពីដែនដីកម្ពុជាក្រោម ដើម្បីបន្តការសិក្សានៅប្រទេសកម្ពុជា និងប្រទេសថៃ ។ ក្រៅពីនេះ ក៏មានកម្មវិធីផ្ដល់អាហារូបរណ៍ដល់សមណនិស្សិតខ្មែរក្រោមជារៀងរាល់ឆ្នាំ ដើម្បីទៅបន្តការសិក្សានៅបរទេស មានប្រទេសថៃ និងប្រទេសឥណ្ឌាផងដែរ ។
នៅក្នុងអាណត្តិទី ៥ កន្លងទៅនេះ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានដឹកនាំដោយ ព្រះតេជ ព្រះគុណ សឺន សុផារិន្ទ ដែលជាប្រធាននៃអង្គការនេះ ៕
