សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផ្តល់អាហារូបករណ៍ឲ្យព្រះសង្ឃ និងនិស្សិតខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី ២១ ខែសីហា រៀបចំពិធីប្រគល់អាហារូបករណ៍ដល់ព្រះសង្ឃ និងនិស្សិតខ្មែរក្រោម ដើម្បីបន្តការសិក្សា នៅតាមមហាវិទ្យាល័យនានា នៅកម្ពុជា និងនៅប្រទេសថៃ ។
អាហារូបករណ៍លើកទី ១២ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ចែកជូនដល់សមណនិស្សិត និងនិស្សិតខ្មែរក្រោម ក្នុងឆ្នាំ ២០២២ នេះ មានចំនួន ២៣ អង្គ និងរូប ។
ថ្លែងទៅកាន់អ្នកចូលរួម ប្រមាណជាង ១៥០ អង្គ/នាក់ នៅក្នុងពិធីផ្ដល់អាហារូបករណ៍ នៅទីស្នាក់ការកណ្ដាលរបស់សាលាគណរាជធានីភ្នំពេញ ឋិតក្នុង វត្តបទុមវតី នារាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំ វត្តបទុមវតីរាជវរារាម ផងនោះ ព្រះតេជព្រះគុណ ចៅ រេន ប្រធានសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម មានថេរដីកាថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងតែខិតខំប្រឹងប្រែងខ្នះខ្នែងយកចិត្តទុកដាក់បំពេញនូវការងាររបស់ខ្លួន ទៅតាមទស្សនវិស័យអភិវឌ្ឍធនធានមនុស្ស និងគោលបំណងរួមចំណែកក្នុងការកសាងសង្គមជាតិ ។
ព្រះតេជព្រះគុណ ចៅ រេន មានថេរដីកាបន្តថា សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម តែងធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិត ដែលមានដើមកំណើត មកពីដែនដីកម្ពុជាក្រោម ឱ្យមានការសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជួយគ្នាទៅវិញទៅមកក្នុងការសិក្សារៀនសូត្រ ការផ្សព្វផ្សាយទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណី របស់ខ្មែរក្រោម ។ បន្ថែមពីលើនេះ អង្គការក្រៅរដ្ឋាភិបាល ដែលប្រមូលផ្តុំទៅដោយព្រះសង្ឃជាខ្មែរក្រោម មានគោលបំណងផ្ដោតជាសំខាន់ ទៅលើការអប់រំជាអាទិភាព ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សខ្មែរក្រោម និងជាការផ្តល់ឱកាសឲ្យព្រះសង្ឃ និងនិស្សិតខ្មែរក្រោម មានឱកាសទទួលបាននូវការអប់រំខ្ពង់ខ្ពស់ ។ ព្រះតេជព្រះគុណ ចៅ រេន មានថេរដីកាបញ្ជាក់ថា អង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានខិតខំស្វះស្វែងរកនូវជំនួយ ពីសប្បុរសជនទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដើម្បីប្រគេន និងជូនជាអាហារូបករណ៍ដល់សមាជិករបស់ខ្លួន ដែលមានការខ្វះខាត ហើយកំពុងសិក្សា នៅក្នុងប្រទេស និងបញ្ជូនសមណនិស្សិតទៅបន្តការសិក្សានៅបរទេស មានប្រទេសថៃ ជាដើម ។
ព្រះតេជព្រះគុណ ចៅ រេន មានថេរដីកាថា «ជីវិតយើងម្នាក់ៗ នឹងកាន់តែមានតម្លៃ កាលណាបើយើងចេះជួយអ្នកដទៃ ឱ្យមានភាពរីកចម្រើន ឱ្យមានចំណេះដឹង ទីណាមានក្ដីស្រឡាញ់ ទីនោះមានជីវិត ដាំនៅក្នុងសាលា ផ្លែផ្កានៅក្នុងសង្គម មានការអប់រំមានការអភិវឌ្ឍន៍ មានការអប់រំមានការអភិរក្ស អភិវឌ្ឍកុំភ្លេចអភិរក្ស អភិរក្សកំភ្លេចអភិវឌ្ឍ ប្រទេសតូច តែពោរពេញទៅដោយការអប់រំ នឹងក្លាយទៅជាប្រទេសខ្លាំង ប្រទេសធំ តែមិនពោរពេញទៅដោយការអប់រំ នឹងក្លាយទៅជាប្រទេសទន់ខ្សោយ» ។
នៅដែនដីកម្ពុជាក្រោម ការបង្រៀនភាសាខ្មែរ មិនត្រូវបានរដ្ឋាភិបាលវៀតណាម ដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋឡើយ ។ ចំណែក ការសិក្សាអក្សរសាស្ត្រជាតិរបស់ពលរដ្ឋខ្មែរក្រោម មានតែនៅតាមវត្តអារាម ប៉ុន្តែ មិនបានទូលំទូលាយនោះទេ ដោយអាជ្ញាធរប្រទេសកុម្មុយនិស្តមួយនេះ តែងដាក់កម្លាំងសម្ងាត់ឲ្យតាមដានឃ្លាំមើល ពីសកម្មភាពបង្រៀនរបស់ព្រះសង្ឃ ។ ដើម្បីសិក្សាបានខ្ពង់ខ្ពស់ ព្រះសង្ឃខ្មែរក្រោមភាគច្រើន សម្រេចចិត្តនិមន្តឡើងមកប្រទេសកម្ពុជា ដើម្បីបន្តស្វែងរកមធ្យោបាយសិក្សាខ្លួនឯង ។
តំណាងឲ្យសមណនិស្សិត និងនិស្សិត ដែលទទួលអាហារូបករណ៍ កញ្ញា សុទ្ធ ផល្លា មកពីខេត្តឃ្លាំង ជានិស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រឆ្នាំទី ២ នៅសាកលវិទ្យាល័យវេស្ទើន លើមុខជំនាញគ្រប់គ្រង សម្តែងនូវសេចក្ដីត្រេកអរ ដោយសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសិក្សាអប់រំ និងអនុគ្រោះផ្ដល់ជូនជាអាហារូបករណ៍ ដល់សមណនិស្សិត និងនិស្សិតក្រីក្រជាខ្មែរក្រោម ដែលកំពុងខ្វះថវិកាក្នុងការបង់ថ្លៃសិក្សា ។ កញ្ញាបន្ថែមថា អាហារូបករណ៍នេះ ជាអំណោយទានដ៏មានអត្ថន័យ និងជាកម្លាំងចិត្តបន្ថែមទៀត សម្រាប់កញ្ញ និងនិស្សិតខ្មែរក្រោមច្រើនរូបទៀត មានទឹកចិត្តសិក្សា ដោយដើរលើវិថី នៃ វិស័យអប់រំ ដើម្បីឆ្ពោះទៅដល់គោលដៅ នៃ ក្ដីស្រមៃរបស់ខ្លួន និងដើម្បីក្លាយជាធនធានមនុស្សល្អ ចូលរួមចំណែកក្នុងការកសាងសង្គមជាតិ ។
កញ្ញា សុទ្ធ ផល្លា សម្តែងនូវការដឹងគុណ ចំពោះសប្បុរសជនយ៉ាងដូច្នេះថា «ខ្ញុំករុណា នាងខ្ញុំ យើង ខ្ញុំសូមចងចាំនូវគុណូបការៈ ដោយកតញ្ញូតាធម៌ និងសូមអរព្រះគុណ អរគុណ ចំពោះព្រះតេជព្រះគុណ ឯកឧត្តម ឧកញ៉ា លោកជំទាវ យាយតា អ៊ំ ពូ មីង ទាំងក្នុង និងក្រៅប្រទេស ជាម្ចាស់ឧបត្ថម្ភអាហារូបករណ៍ ដែលបានឧបត្ថម្ភតាមរយៈ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ចែកជូនជាអាហារូបករណ៍ដល់យើងខ្ញុំ ក្នុងថ្ងៃប្រកបដោយស្នាមញញឹម និងក្ដីសង្ឃឹម» ។
នេះជាលើកទី ១២ ហើយ ដែលសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានផ្តល់អាហារូបករណ៍ ៥០ ភាគរយសម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ នៅក្នុងឆ្នាំ ២០២២ នេះ អង្គការសម្ព័ន្ធចែកអាហារូបករណ៍ដល់សមណនិស្សិត-និស្សិតខ្មែរក្រោម ចំនួន ២៣ អង្គ/រូប ដោយក្នុងនោះ ថ្នាក់បរិញ្ញាបត្រ មានចំនួន ២១ អង្គ និងនាក់ ទទួលបានថវិកា ក្នុង ១ អង្គៗ និងម្នាក់ៗ ចំនួន ២៥០$ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១ អង្គ និងនិស្សិត ១ រូប ដោយក្នុង ១ អង្គ និងម្នាក់ ទទួលបានថវិកា ៤០០$ ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បង្ហាញថា គិតចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ឆ្នាំ ២០២២ សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម បានបញ្ជូនសមណនិស្សិត-និស្សិតខ្មែរក្រោមទៅបន្តការសិក្សា នៅក្រៅប្រទេស រួមមានប្រទេសថៃ និងប្រទេសឥណ្ឌា បានចំនួន ១៤ លើក ដោយសរុបសមណនិស្សិតមានចំនួន ១២៨ អង្គ ។
នៅឆ្នាំ ២០២២ អង្គការមួយនេះ ក៏បានបញ្ជូនសមណនិស្សិតទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅប្រទេសថៃ មានចំនួន ៧ អង្គដែរ (នៅកម្ពុជា ១ អង្គ និងកម្ពុជាក្រោម ៦ អង្គ) ។ ចំណែកការផ្តល់អាហារូបករណ៍ ៥០ ភាគរយ ដល់សមណនិស្សិត-និស្សិតក្រីក្រ នៅព្រះរាជាណាចក្រកម្ពុជាវិញ សរុបមានចំនួន ២៤៩ អង្គ និងរូប នេះបើគិតចាប់តាំងឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន ។ ក្រៅពីនេះ សិស្សានុសិស្សប្រមាណជាង ១០០ នាក់ ក៏ទទួលបានសិក្ខូបករណ៍ និងថវិកាខ្លះ ពីសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផង ។
សូមបញ្ជាក់ថា អង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ជាអង្គការមួយ ដែលទទួលស្គាល់ជាផ្លូវការ កាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០០២ ដោយក្រសួងមហាផ្ទៃ និងក្រសួងធម្មការ និងសាសនា ។ អង្គការមួយនេះ តែងតែធ្វើសកម្មភាពប្រមូលផ្តុំរវាងសមណនិស្សិត និងនិស្សិតមានដើមកំណើតមកពីដែនដីកម្ពុជាក្រោម ឲ្យមានការសាមគ្គីគ្នាជាធ្លុងមួយ ។ បច្ចុប្បន្ន អង្គការសម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផ្តោតទៅលើការអភិវឌ្ឍន៍នូវធនធានមនុស្សជាចម្បង ដូចជា បើកម្មវិធីអប់រំ ចំណេះដឹងផ្សេងៗ និងការជួយរកមធ្យោបាយសិក្សា ជូនសមាជិក សមាជិការបស់ខ្លួន ដែលស្របទៅតាមទស្សនវិស័យបេសកកម្ម អភិវឌ្ឍន៍ធនធានមនុស្ស និងគោលបំណងរួមចំណែកកសាងសង្គមជាតិខ្មែរក្រោម តាមពាក្យស្លោកជាត្រីវិស័យរបស់អង្គការខ្លួនថា «ធនធានមនុស្ស ជាមូលដ្ឋានគ្រឹះនៃការកសសាងសង្គម» ៕
ខាងក្រោមនេះ ជារូបភាពខ្លះៗ ពីសកម្មភាពរបស់សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ក្នុងថ្ងៃចែកអាហារូបករណ៍ដល់សមណនិស្សិត និងនិស្សិតក្រីក្រ នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ ។ រូបថតៈ ជា សុភារិន