អគ្គលេខាធិការ UN អំពាវនាវឲ្យកសាងសន្តិភាពពិភពលោក ក្នុងថ្ងៃបុណ្យវិសាខបូជា

0 208

ដោយ ថាច់ ប្រីជា គឿន

អគ្គលេខាធិការ​ នៃ​ អង្គការសហប្រជាជាតិ​ លោក​ Antonio​ Guterres​ បាន​អំពាវនាវ​ ” នៅក្នុង​ឱកាស​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ ទ្រង់​ប្រសូត​, បាន​ត្រាស់​ និង​ បរិនិព្វាន​ សូមឲ្យ​មនុស្ស​គ្រប់រូប​ មិនថា​ អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ឬ អ្នក​ដែល​មិន​កាន់​ព្រះពុទ្ធ​សាសនា​ នោះ​ទេ​ ក៏អាច​ឈ្វេងយល់​ និង​ទទួល​បាន​នូវ​ការ​បំផុសគំនិត​ពី​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះអង្គ​បាន​ដែរ​” ។

លោក Antonio Guterres ជាអគ្គលេខាធិការ នៃ អង្គការសហប្រជាជាតិ ។
លោក Antonio Guterres ជាអគ្គលេខាធិការ នៃ អង្គការសហប្រជាជាតិ ។

អគ្គលេខាធិការ​ នៃ​ អង្គការសហប្រជាជាតិ​ ក៏បាន​ផ្ញើ​សារ​ប្រគេន​ និង​ ជូនពរ​ដល់​អ្នក​ដែល​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​ជុំវិញ​ពិភពលោក​ថា​៖ “ក្នុង​ពេល​ដែល​ពិភពលោក​កាន់តែ​ពោរពេញ​ដោយ​ការ​មិន​ចេះ​អត់ធ្មត់​ និង​ វិសមភាព​ សារ​របស់​ព្រះពុទ្ធ​ទាក់ទង​នឹង​អំពើ​អហិង្សា​ និង​ការ​ធ្វើ​បដិសណ្ឋារ​កិច្ច​ចំពោះ​អ្នកដទៃ​ គឺ​មាន​សារៈសំខាន់​ជាង​អ្វី​ទាំងអស់​” ។

លោក​បាន​បន្ថែម​ទៀត​ថា​៖ “នៅក្នុង​ឱកាស​បុណ្យ​វិសាខបូជា​នេះ​ សូម​ឱ្យ​យើង​ទាំងអស់គ្នា​រំឭក​ឡើងវិញ​ ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​កសាង​ពិភពលោក​ នៃ​ សន្តិភាព​ និង​ សេចក្តី​ថ្លៃថ្នូរ​សម្រាប់​មនុស្ស​ទាំងអស់គ្នា​” ។

ការ​ផ្ញើ​សារ​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នេះ​ ធ្វើឡើង​ស្រប​ពេល​ដែល​ អង្គការសហប្រជាជាតិ​ បាន​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​ (UN​ Day​ of​ Vesak​) លើក​ទី​ ១៦​ នៅក្នុង​ការិយាល័យ​កណ្ដាល​ របស់​អង្គការសហប្រជាជាតិ​ នាទី​ ក្រុង​ញ៉ូ​វយ៉​ក (New​ York​) សហរដ្ឋអាមេរិក​ នៅ​ រសៀល​ថ្ងៃទី​ ១៧​ ខែឧសភា​ ឆ្នាំ​ ២០១៩​ សប្ដាហ៍​ នេះ​ ។

ពិធីបុណ្យ​វិសាខបូជា​នៅក្នុង​អង្គការសហប្រជាជាតិ​នេះ​ លើក​នេះ​ មាន​ព្រះសង្ឃ​ និង​ ពុទ្ធបរិស័ទ​នៅ​ជុំវិញ​ពិភពលោក​ ចូលរួម​យ៉ាង​កុះករ​ ដើម្បី​គោរព​ និង​ រំឭក​ដល់​ថ្ងៃ​ ដែល​ ព្រះពុទ្ធ​សមណគោតម​ ទ្រង់​បាន​ប្រសូត​, បាន​ត្រាស់​ និង​ បរិនិព្វាន​ ចំ​ថ្ងៃ​ ១៥​ កើត​ពេញបូណ៌មី​ ខែ​ពិសាខ​ ។

កាលពី​ថ្ងៃទី​ ១៥​ ខែធ្នូ​ ឆ្នាំ​ ១៩៩៩​ អង្គការសហប្រជាជាតិ​បាន​ទទួលស្គាល់​បុណ្យ​វិសាខបូជា​ (Vesak Day) ថា​ជា​បុណ្យ​អន្តរជាតិ​ និង​អនុញ្ញាត​ឱ្យ​មានការ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ នៅ​គ្រប់​ការិយាល័យ​របស់​អង្គការសហប្រជាជាតិ​ នៅ​ទូទាំង​ពិភពលោក​ ។ ការ​បញ្ចូល​បុណ្យ​វិសាខបូជា​ជា ​បុណ្យ​អន្តរជាតិ​នេះ​ គឺ​ដើម្បី​ជា​ការ​ទទួលស្គាល់​ការ​ការចូលរួម​ចំណែក​របស់​ព្រះពុទ្ធ​សាសនា​ ក្នុង​ការអប់រំ​ស្មារតី​ពលរដ្ឋនៅក្នុង​ពិភពលោក​ ៕

Leave A Reply

Your email address will not be published.