UNPO ដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិ ករណីខ្មែរក្រោម
ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
អង្គការប្រជាជាតិគ្មានតំណាង ហៅកាត់ថា UNPO (Unrepresented Nations and People Organization) បានដាក់របាយការណ៍ទៅឧត្តមស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ទទួល បន្ទុកសិទ្ធិមនុស្ស ដោយបានភ្ជាប់នឹងអនុសាសន៍មួយចំនួនដើម្បីជួយដល់ខ្មែរក្រោម ម្ចាស់ស្រុកនៃដែន ដីកម្ពុជាក្រោម ។
របាយការណ៍របស់អង្គការ បានដាក់បញ្ចូលនូវអនុសាសន៍មួយចំនួន ដែលមានដូចជា ទាមទារឲ្យវៀតណាម និងកម្ពុជា ទទួលស្គាល់ជាផ្លូវការស្ថានភាពជនជាតិដើមខ្មែរក្រោម , វៀតណាម និងកម្ពុជា បង្កើតជាយន្តការសម្រាប់ដោះស្រាយបញ្ហាដី ដែលទាមទារដោយជនដើមទាំងនោះ , កម្ពុជា និងវៀត ណាម ស៊ើបអង្កេតការបំពារបំពានអំពើហិង្សា ការធ្វើទារុណកម្ម និងការកាត់ទោសផ្សេងៗ ។
អនុសាសន៍នោះ ក៏បានស្នើឲ្យចុះកិច្ចព្រមព្រៀង និងផ្តល់ការទទួលស្គាល់លើកតិកាសញ្ញា ១៦៩ របស់អង្គការពលកម្មអន្តរជាតិ ស្តីពីជនជាតិដើម ក្នុងប្រទេសឯករាជ្យ ក្នុងគោលបំណងឲ្យមានការគោរពប្រពៃណី ជនជាតិដើមភាគតិច ។
កាលពីថ្ងៃទី ២៥ ខែមិថុនា ព្រះសង្ឃខ្មែរក្រោម ប្រមាណ ១៥០ អង្គ បានដង្ហែក្បួនបាតុកម្ម ដាក់ញត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា សុំឲ្យអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃពីរអង្គ និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើខ្មែរក្រោម ។
ប្រធានស្តីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា មានថេរដីកាថា បាតុកម្មនេះ ធ្វើឡើងក្នុងគោលបំណងជម្រុញឲ្យអាជ្ញាធរវៀតណាម ដោះលែងជាបន្ទាន់ នូវព្រះសង្ឃចំនួនពីរអង្គ គឺព្រះតេជព្រះគុណ លីវ នី និងព្រះតេជព្រះគុណ ថាច់ ធឿន ដែលបានបាត់ខ្លួន បន្ទាប់ពីព្រះសង្ឃមួយអង្គ ព្រះនាម លី ចិន្តា ត្រូវបានអាជ្ញាធរវៀតណាម ចាប់ផ្សឹក និងធ្វើទារុណកម្មវាយដំ ចាក់ថ្នាំ រហូតដល់បាត់បង់ស្មារតី និងបែកពពុះមាត់ជាប្រចាំ ។