សហរដ្ឋអាមេរិក​ថ្កោលទោស​ការបោះឆ្នោត​នៅ​កម្ពុជា «​មិន​សេរី​ឬ​យុត្តិធម៌​» ហើយ​ព្រមាន​រឹតបន្តឹង​ទិដ្ឋាការ​បន្ថែម​

0 276

ដោយ ថាច់ ប្រីជា គឿន

សេត​វិមាន​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា​នេះ ទើប បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ថ្កោលទោស​ការបោះឆ្នោត​កម្ពុជា​ក្នុង​ថ្ងៃ​ដដែល​នេះ ដែល​មិនមាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ (CNPR) ជា​គណបក្ស​សំខាន់​ជាងគេ និង​ព្រមាន​ចាត់វិធានការ​ទណ្ឌកម្ម​បន្ថែមទៀត ។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ នៃ​អ្នកនាំពាក្យ​សេត​វិមាន​សហរដ្ឋអាមេរិក បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ២៩ ខែកក្កដា នេះ ។​

សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ នៃ អ្នកនាំពាក្យ​សេត​វិមាន សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា​៖ «​សហរដ្ឋអាមេរិក​សោក​ស្តាយ​ចំពោះ​ការណ៍​ដែល​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កម្ពុជា​កាលពី​ថ្ងៃទី ២៩ ខែកក្កដា មិនមាន​ភាពសេរី ឬ យុត្តិធម៌ ហើយ​ខកខាន​មិនបាន​តំណាង​ឲ្យ​ឆន្ទៈ​របស់​ពលរដ្ឋ​កម្ពុជា ។ ការបោះឆ្នោត​ប្រកបដោយ​បញ្ហា​នេះ និង​ដែល​បាន​រារាំង​ការចូលរួម​របស់​គណ​បក្សប្រឆាំង​ចម្បង​របស់​កម្ពុជា តំណាង​ឲ្យ​ការ​ថយក្រោយ​ជា ទម្ងន់​បំផុត​ចំពោះ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែលមាន​ចារ​នៅក្នុង​រដ្ឋ ធម្មនុញ្ញ​កម្ពុជា ហើយ​បំផ្លាញ​យ៉ាង​ទម្ងន់​ដល់​សមិទ្ធផល​របស់​ក​ម្ពុ​ជា​ក្នុងការ​លើកតម្កើង​ការសម្រុះសម្រួល​ខាង​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដែលមាន​ចាប់តាំងពី​សន្ធិសញ្ញា​ទីក្រុង​បា​រិ​ស ឆ្នាំ ១៩៩១ មក​» ។

អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្ត្រី Sarah Huckabee Sanders ។
អ្នក​នាំ​ពាក្យ​សេតវិមាន​ លោកស្ត្រី Sarah Huckabee Sanders ។

​សេចក្តីថ្លែងការណ៍​នោះបាន​ព្រមាន​បន្តថា សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់​តប​នឹង​ការបោះឆ្នោតជាតិ​នេះ​ការដើរថយក្រោយ​ខាង​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​កម្ពុជា ដោយ​បញ្ជាក់ថា​វិធានការ​ថ្មីៗ​ទៀត​នឹង​រួមមាន​ការពង្រីក​កម្មវិធី​រឹតត្បិត​ទិដ្ឋាការ​ចូល​សហរដ្ឋអាមេរិក​ដែល​ត្រូវ​ប្រកាស​កាលពី​ខែធ្នូ ឆ្នាំ ២០១៧ ។​

សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ នៃ អ្នកនាំពាក្យ​សេត​វិមាន សហរដ្ឋអាមេរិក
សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​ការិយាល័យ នៃ អ្នកនាំពាក្យ​សេត​វិមាន សហរដ្ឋអាមេរិក

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិ​ក ប៊ុន​ហុក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រសៀល​ថ្ងៃទី ២៩ ខែកក្កដា ថា នេះ​ជា​ជោគជ័យ​នៃ​ការបោះឆ្នោត​ដែលមាន​ពលរដ្ឋ​ជាង ៨២ ភាគរយ (៨២,១៧%) នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាង ៨ លាន ៣ សែន​នាក់ បាន​ចេញទៅ​បោះឆ្នោត​ទៅតាម​ឆន្ទៈ​របស់ខ្លួន ។ លោក​អះអាងថា តួលេខ​នេះ​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​ដែលមាន​បំណង​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​នោះ ឃើញច្បាស់​ថា ពលរដ្ឋ​ខ្មែរ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​លើកស្ទួយ​ប្រជា ធិបតេយ្យ ។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​បណ្តាញ​សារ ព័ត៌មាន AFP កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ទី ២៩ ខែកក្កដា ថា គណបក្ស​របស់លោក​រំ​ពឹង​ថា​នឹង​ឈ្នះ​បាន​ជាង ១០០ អាសនៈ​ក្នុង​រដ្ឋសភា ដែលមាន​អាសនៈ​សរុប​ចំនួន ១២៥ ដោយយោង​ទៅតាម​តួលេខ​បឋម​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ។ លោក សុខ ឥសាន បាន​មានប្រសាសន៍ថា​៖ «​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ជាង ៨០ ភាគរយ ។ នេះ​គឺជា​ជ័យជម្នះ​ដ៏​ធំធេង​របស់​យើង​» ។​

​តួលេខ​ដែល គ​.​ជ​.​ប​. បានប្រកាស​នេះ ជា​តួលេខ​ដែល​គ្មាន​ការពិត​ឡើយ តែ​ជា​តួលេខ​ដែល​របប​ក្រុងភ្នំពេញ​បំប៉ោង​ឡើង​ប៉ុណ្ណោះ ។ ហេតុផល​ដែល​ហៅថា ជា​តួលេខ​ក្លែងក្លាយ នោះ ដោយសារ​ក្នុង​ការិយាល័យ​បោះឆ្នោត​នីមួយៗ​មិនមាន​អ្នកសង្កេតការណ៍​ឯករាជ្យ និង​មិនមាន​ភ្នាក់ងារ​គណបក្សនយោបាយ​គ្រប់គ្រាន់ ។ នេះ​បើ​យោងតាម​ប្រសាសន៍​របស់ ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី (RFA) ជា​ភាសា​ខ្មែរ នៅ​ថ្ងៃទី ២៩ ខែកក្កដា នេះ ។ លោក​សង្កត់ធ្ងន់ថា ការបោះឆ្នោត​នេះ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពិត​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​អ្នកគាំទ្រ​រាប់លាន​នាក់​នៅ​ទូទាំងប្រទេស ។​

​មុនពេល​បោះឆ្នោត​ថ្ងៃទី ២៩ ខែកក្កដា ពលរដ្ឋ​ខ្មែរ នៅក្រៅ​ប្រទេស​នៅ​ជុំវិញ​ពិភពលោក បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម​យុទ្ធនាការ​ម្រាមដៃ​ស្អាត ដើម្បី​ជំទាស់ នឹង​ការបោះឆ្នោត​នៅក្នុង ប្រទេស​កម្ពុជា និង​អំពាវនាវ​ឲ្យ​ដោះលែង លោក កឹម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ ជាតិ (CNRP) ដែល​កំពុងតែ​នៅក្នុង​ពន្ធនាគារ នៃ របប លោក ហ៊ុន សែន សព្វថ្ងៃ ។​

​កាលពី​ឆ្នាំទៅ​មិញ តុលាការ​កំពូល នៃ​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​របប លោក ហ៊ុន សែន បានសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ និង ព្យួរ​សិទ្ធិ​នយោបាយ​របស់​ថ្នាក់​ដឹក នាំ គណបក្ស​នេះ ចំនួន ១១៨ នាក់ ក្នុង​ម្នាក់ៗ​ចំនួន ៥ ឆ្នាំ ទៅតាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ដោយ​ចោទថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) បាន​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ហើយ លោក កឹម សុខា ជា​ប្រធាន​បក្ស​ជំទាស់​ត្រូវ​ចាប់ខ្លួន ។ ការសម្រេច​រំលា​យគណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​មជ្ឈដ្ឋាន​នានា​មើលឃើញថា គណបក្ស ប្រជាជន​កម្ពុជា (CPP) ព្រួយបារម្ភ​អំពី​ការគាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ កើនឡើង​យ៉ាងខ្លាំង ដែល​អាចឈាន​ទៅដល់​ការ​ផ្ដួល​គណបក្ស​របស់ លោក ហ៊ុន សែន ក្នុងការ​បោះឆ្នោតជាតិ នៅក្នុង​អាណត្តិ​នេះ ក្រោយពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ឆ្នាំ ២០១៧ កន្លងទៅនេះ ចំនួន​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​មាន​ប្រហែល ៩០ ភាគរយ ដោយ​ក្នុងនោះ​ប្រហែល ៥០% គាំទ្រ គណបក្ស​ប្រជាជន​កម្ពុជា និង ជិត ៤៤% គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងចំណោម​អ្នកមាន​ឈ្មោះ​បោះឆ្នោត​សរុប​ជាង ៧ លាន ៨ សែន​នាក់ ដែល​ធ្វើ​ឲ្យ​អាសនៈ​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ កើនឡើង​ជាង ៥ ពាន់​អាសនៈ បូករួម​ទាំង​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើន​ទៀត ។​

​កាលពីពេល​ថ្មីៗ រដ្ឋសភា​សហរដ្ឋអាមេរិក ទើបបាន​សម្រេច​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ និង​មិន​ឲ្យ​ធ្វើដំណើរ​មក​សហរដ្ឋអាមេរិក ទៅលើ​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​លោក ហ៊ុន សែន ដែល​បាន បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ក្នុងនោះ​មាន​មន្ត្រី ជាន់ខ្ពស់​នៃ​របប​នេះ​ចំនួន ១៧ រូប រួមមាន លោក ហ៊ុន សែន លោក ស ខេង លោក ទៀ បាញ់ លោក អូន ព័ន្ធ​មុនី​រ័​ត លោក កើត រិ​ទ្ធិ លោក ស៊ុន ចាន់ថុល លោក ប្រាក់ សុខុន លោក ឱម យិនទៀង លោក ប៉ុល សារឿន លោក នេ​ត សាវឿន លោក គន់ គីម លោក សៅ សុខា លោក ហ៊ីង ប៊ុន​ហៀ​ង លោក ជួន សុវណ្ណ លោក ហ៊ុន ម៉ា​ណែ​ត លោក សុខ ពុទ្ធិ​វុ​ធ និង​អ្នកស្រី ហ៊ុន ម៉ា​ណា ដោយសារ​ក្រុមមន្ត្រី​ជាន់ខ្ពស់ ទាំងអស់នេះ បាននាំគ្នា​ចូល​ដៃ​ចូល​ជើង​បំផ្លាញ​ប្រជាធិបតេយ្យ តាមរយៈ​ការរៀបចំ​ដំណើរការ​បោះឆ្នោត​ក្លែងក្លាយ​នៅ ថ្ងៃទី ២៩ កក្កដា នេះ ៕​

Leave A Reply

Your email address will not be published.