USCIRF ចេញ​របាយការណ៍​ប្រចាំឆ្នាំ ស្ដីអំពី​ស្ថានភាព​សេរីភាព​សាសនា​នៅ​កម្ពុជា​ក្រោម​

114

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) បានស្នើ​ឲ្យ​រដ្ឋា​ភិ បាល​អាមេរិក​ដាក់ ប្រទេស​វៀតណាម​ចូលក្នុង​បញ្ជី “​ប្រទេស​ដែលមាន​ក្ដីបារម្ភ​ពិសេស​” ខាង​ការរំលោភ​សិទ្ធិ​សាសនា (CPC) ឡើង វិញ ខណៈដែល​ប្រទេស​កុ​ម្មុយ​និ​ស្ត​មួយ​នេះ នៅតែ​រំលោភបំពាន​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជាក្រោម ។​

រូបថត ភីក្ខុ ថាច់ ធឿន និង លីវ​ នី ព្រះសង្ឃដែលវៀតណាមដាក់ពន្ធនាគារ  ត្រូវសហព័ន្ធខ្មែរកម្ពុជាក្រោមយកទៅបង្ហាញនៅក្នុងវេទិកា UNPFII ។
រូបថត ភីក្ខុ ថាច់ ធឿន និង លីវ​ នី ព្រះសង្ឃដែលវៀតណាមដាក់ពន្ធនាគារ ត្រូវសហព័ន្ធខ្មែរកម្ពុជាក្រោមយកទៅបង្ហាញនៅក្នុងវេទិកា UNPFII ។

​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៥ គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ បាន ចេញ​របាយ​ប្រចាំឆ្នាំ ស្ដីពី​សេរីភាព​សាសនា​នៅ​ទូទាំង​ពិភពលោក ។ របាយការណ៍​ស្ដីពី​ប្រទេស​វៀតណាម គណៈ កម្ម​ការ​នេះ បាន​ថ្លែងថា វៀតណាម​នៅតែ​រំលោភសិទ្ធិ​សាសនា​លើ​ពលរដ្ឋ​របស់ខ្លួន ក្នុងនោះ មាន​ការចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដាក់ពន្ធនាគារ​យ៉ាង​ព្រៃផ្សៃ នៅ​កម្ពុជា​ក្រោម ។​

នៅក្នុង​របាយការណ៍​ស្ដីពី​ប្រទេស​វៀតណាម គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ បាន​លើ​ឡើង​អំពី​ស្ថានភាព​របស់​ព្រះសង្ឃ​ខ្មែរក្រោម ផងដែរ ក្នុងនោះ មាន​ព្រះសង្ឃ​ពីរ​អង្គ កំពុងតែ​ត្រូវ​រដ្ឋាភិបាល វៀតណាម​ដាក់ពន្ធនាគា​រ​ជាមួយ​អ្នក​គុក​នយោបាយ វៀតណាម ពី ១០០ ទៅ ២០០ នាក់ ។​

នៅក្នុង​របាយការណ៍​នេះ បានបញ្ជាក់​អំពី​ស្ថានភាព​របស់​ព្រះសង្ឃ​នៅ​កម្ពុជា​ក្រោម​ថា​៖

“​ព្រះសង្ឃ​ដ៏​លេចធ្លោ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ជាមួយនឹង​សិស្ស​ពីររូប​ទៀត គឺ លោក ថាច់ ភូមិ​រិ​ទ្ធ (Thach Phum Rich) និង លោក ត្រា វណ្ណ​ថា (Tra Quanh Tha) កំពុងតែ​ជាប់​នៅក្នុង​ពន្ធ នាគារ ដោយ​ត្រូវ​ចោទប្រកាន់​ពីបទ​ប៉ុនប៉ង​រត់គេច​ឆ្លងដែន​ទៅ​ប្រទេសក្រៅ ។ ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ បាន​រិះ គន់​រដ្ឋាភិបាល​វៀតណាម​ចំៗ អំពី​ការត្រួតត្រា​របស់​រដ្ឋាភិបាល​វៀតណាម​លើ​ពលរដ្ឋ​ខ្មែរក្រោម និង​លើ​ព្រះសង្ឃ ជា​សហ​ធម្ម​កៈ គឺ ភិក្ខុ លី ចិន្ដា ។ ពុទ្ធបរិស័ទ​ដែល​គាំទ្រ ភិក្ខុ លី ចិន្ដា ក៏ត្រូវ​ចាប់ខ្លួន ផងដែរ​” ។​

​របាយការណ៍​របស់​គ​ណៈ​កម្ម​ការ​សហរដ្ឋអាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ (USCIRF) បាន​កត់ សម្គាល់​អំពី​ទិដ្ឋភាព​ទូទៅ​ស្ដីពី​សេរីភាព​សាសនា​នៅ​ប្រទេស​វៀតណាម​ថា ៖

“​ប្រវត្តិ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅតែមាន​សភាព​ដុនដាប ក្នុងនោះ​ទាក់ទង​នឹង​សេរីភាព​សាសនា​ផងដែរ ។ តួលេខ​នៃ​បរិស័ទ​អ្នក​គោរព​សាសនា​នៅក្នុង​ប្រទេស​វៀត ណា​ម​មិន​ពិតប្រាកដ តែ​ភាគច្រើន​ក្នុង​ចំនួន​ពលរដ្ឋ ៩០ លាន​នាក់ នៃ​ប្រទេស​វៀត ណា​ម ជា​ពុទ្ធបរិស័ទ​, ជាង ៦ លាន ជា​គ្រឹ​ស្ត​បរិស័ទ ដែលជា​សាសនា​ធំ​លំដាប់​លេខ ២ នៅក្នុង​វៀតណាម និង​ប្រហែល ឬ ជាង​មួយ​លាន​នាក់​ជា​អ្នក​កាន់សាសនា​ប្រូ​តិ​ស្តង់ ។ ក្រុម​សាសនា របស់​ជនជាតិដើម និង​ជនជាតិភាគតិច​មួយចំនួន​ទៀត ដូចជា កាវ​ដាយ​, ហ្វា​ហាវ​, ពុទ្ធបរិស័ទ​ខ្មែរក្រោម​, សាសនា ឥស្លាម​របស់​ជនជាតិ​ចាម្ប៍ និង បា​ហាយ (Baha’i) , ហិណ្ឌូ​សាសនា និង​សាសនា​អ្នកស្រុក​មួយចំនួនទៀត ដែល​កើតចេញពី​ជំនឿ ។ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​បាន​បង្កើន​ការបង្ក្រាប​យ៉ាង ចាស់ដៃ​ទៅលើ​អ្នក​ដែល​រដ្ឋាភិបាល​ចាត់ទុកថា មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល ដោយ​ការ​រឹតបន្តឹង​សេរីភាព​បញ្ចេញមតិ​, ការបង្កើត​សមាគម​, ជំនឿ​សាសនា និង​ការជួប​ជុំគ្នា ។ ច្បាប់ព្រហ្មទណ្ឌ នៃ​ប្រទេស​វៀតណាម ត្រង់​មាត្រា ៨៨ និង ២៥៨ បាន​ចាប់​អ្នកការពារ​សិទ្ធិមនុស្ស​, អ្នកសរសេរ ប្លក់​, អ្នកកាសែត​, អ្នកដឹកនាំ​សាសនា និង​អ្នកធ្វើ​សកម្មភាព ផ្សេងៗ​មួយចំនួនទៀត​ដែល​រដ្ឋាភិបាល​ចោទប្រកាន់​អំពី​បទ “​ប្រឆាំង​រដ្ឋាភិបាល​” ។ យ៉ាងហោច​មាន​អ្នក​ជាប់គុក នយោបាយ​ពី ១០០ ទៅ ២០០ នាក់ កំពុងតែ​ជាប់គុក នៅក្នុង​ប្រទេស​វៀតណាម ក្នុងនោះ មាន​មួយចំនួន​ជា​អ្នក ផ្សាយ​សាសនា និង​អ្នក​ចលនា​ទាមទារ​សិទ្ធិ​សាសនា​” ។​

​របាយការណ៍​បាន​បន្តទៀតថា នៅក្នុង​ឆ្នាំ ២០១៤ ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរី​ជំនឿ សាសនា លោក Heiner Bielefeldt បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម តែ​លោក​ត្រូវ​កាត់បន្ថយ​ពេលវេលា នៃ​ដំណើរ​ទស្សនកិច្ច​ឲ្យ​ខ្លី​មក ព្រោះ​មានការ​ជៀត​ជ្រែក​ពី​រដ្ឋាភិបាល វៀតណាម ដែល​បាន​រំលោភ​លើ​លក្ខខណ្ឌ​ការ ឯកភាព​ជាមុន​ជាមួយនឹង​រដ្ឋាភិបាល វៀតណាម ។ ក្នុង​ដំណើរ​ទស្សនកិច្ច លោក​បាន​រកឃើញ និង​បានចេញ​ផ្សាយ នៅក្នុង ២០១៥ ថា ស្វ័យភាព និង​សកម្មភាព​អ្នក​កាន់សាសនា​ឯករាជ្យ និង​សហគមន៍​អ្នក​ជំនឿ​សាសនា មិនត្រូវ រដ្ឋាភិបាល ភិ​បាល​វៀតណាម​ទទួលស្គាល់​ទេ ។ ពួកគេ​មានការ​រឹតត្បិត និង​រស់នៅ​ដោយ​គ្មាន​សុវត្ថិភាព ។ ក្រុម​អ្នក ទាំងនេះ ត្រូវ​ប្រឈម​នឹង​ការតាមដាន​ជាប្រចាំ ការគំរាមកំហែង ធ្វើទុក្ខបុកម្នេញ និង​ការបង្ក្រាប ។​

​ជា​អនុសាសន៍ គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ ក៏បាន​ស្នើ​ឲ្យ​រដ្ឋា​ភិ បាល​អាមេរិក ដាក់​ប្រទេស​វៀតណាម ចូលក្នុង​បញ្ជី CPC ឡើងវិញ ។ ក្រៅពីនេះ គណៈ កម្ម​ការ មួយ​នេះ​ក៏បាន ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវតែ​ម៉ឺងម៉ាត់​លើកយក​បញ្ហា​សិទ្ធិមនុស្ស​មក​និយាយ​ជា​សា ធារ​ណៈ​ជាមួយនឹង​រដ្ឋាភិបាល​វៀ​ត​ណា​ម​រាល់​ទំនាក់ទំនង និង​រាល់​កិច្ចចរចា​ទ្វេភាគី​ស្ដីពី​យោធា ពាណិជ្ជ កម្ម សន្តិសុខ និង​សេដ្ឋកិច្ច ។​

​ចាប់ពី​ឆ្នាំ ២០០១ មក គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ រៀងរាល់ឆ្នាំ តែងតែ​ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ដាក់​វៀតណាម​ចូលទៅក្នុង​បញ្ជី CPC ។ នៅក្នុង​ឆ្នាំ ២០០៤ និង ២០០៥ ដោយសារ​ការជំរុញ​ពី​គណៈកម្មការ​នេះ សហរដ្ឋអាមេរិក​បាន​ដាក់​វៀតណាម​ចូលក្នុង​បញ្ជី CPC ហើយ បាន​ដក​ចេញពី​បញ្ជី​វិញ នៅ​ឆ្នាំ ២០០៦ ។​

​គណៈកម្មការ​អាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ បាន​បង្កើតឡើង​ដោយ​សភា សហរដ្ឋ អាមេរិក ក្រោយពី​ការអនុម័ត​ច្បាប់​សេរីភាព​សាសនា​នៅ ឆ្នាំ ១៩៩៨ ដើម្បី​ការពារ​សាសនា​ទូទាំង​ពិភព លោក ។ នេះ​ជា​គណៈកម្មការ​ផ្ដល់យោបល់​ឯករាជ្យ​មួយ​ដល់​រដ្ឋាភិបាល​អាមេរិក មាន​ភារៈ​តាមដាន​សេរី ភាព​សាសនា​នៅ​ជុំវិញ​ពិភពលោក និង​ដាក់ចេញ​នូវ​អនុសាសន៍​ផ្អែកលើ​បទដ្ឋាន​នៃ​សេចក្ដីប្រកាស​ជា សកល​ស្ដីពី​សិទ្ធិមនុស្ស ។​

​សហរដ្ឋអាមេរិក ក៏​តែងតែ​ជំរុញ​ឲ្យ​វៀតណាម​កែប្រែ​នូវ​ប្រវត្តិ​សិទ្ធិមនុស្ស​របស់ខ្លួន ហើយ​វៀត ណា​ម​វិញ ក៏​តែងតែ​ច្រានចោល​រាល់​ការចោទប្រកាន់ និង​ការរិះគន់​ស្ដីពី​សេរីភាព​សាសនា បើទោះបី​មានការ​ទទួល ស្គាល់​ថា នៅមាន​បញ្ហា​ជាច្រើន​ត្រូវតែ​កែលម្អ ៕

………………………………………………………………………………

​ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ សព្វថ្ងៃ នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ។​

សរសេរ​មកកាន់ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) តាមរយៈ thachpreicheakoeun@gmail.com

Comments are closed.