គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ជំរុញឱ្យវៀតណាម ឈប់ធ្វើទុក្ខបុកម្នេញសិទ្ធិសាសនាខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
សហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរក្រោម ស្វាគមន៍ស្ថាប័នការពារសិទ្ធិសេរីភាពផ្នែកសាសនារបស់សហរដ្ឋអាមេរិក ដែលបានស្នើឲ្យរដ្ឋាភិបាល លោកប្រធានាធិបតី (Joe Biden) អន្តរាគមន៍ទៅរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមឲ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសេរីភាពសាសនារបស់ជនជាតិដើមខ្មែរក្រោម ។ សំណើនេះ ធ្វើឡើងដោយសារតែ អាជ្ញាធរវៀតណាម កំពុងស្វែងរកគ្រប់វិធី ដើម្បីវាយកំទេចសាលាឆទានរបស់ពលរដ្ឋក្រោម ដែលបានកសាង ដើម្បីប្រតិបត្តិព្រះពុទ្ធសាសនា និងបង្រៀនអក្សរខ្មែរ ។
គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) ជំរុញឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ធ្វើការងារនឹងរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ដើម្បីបញ្ឈប់ការប៉ុនប៉ងវាយកម្ទេចទីតាំងសាលាឆទានរបស់ពលរដ្ឋខ្មែរក្រោមមួយកន្លែង នៅឃុំកំពង់ ស្រុកប្រាសាទថ្មី ខេត្តលង់ហោរ ។
កាលពីដើមឆ្នាំ ២០២១ ពលរដ្ឋខ្មែរក្រោម ប្រមាណជិតមួយរយគ្រួសារនៅឃុំកំពង់ ស្រុកប្រាសាទថ្មី បានដាក់ពាក្យស្នើសុំអាជ្ញាធរសាងសង់សាលាឆទាន ប៉ុន្តែ អាជ្ញាធរវៀតណាមមិនឆ្លើយតបរហូតដល់ពលរដ្ឋសាងសង់ជិតរួចរាល់ ទើបអាជ្ញាធរវៀតណាមហាមឃាត់មិនឲ្យពលរដ្ឋបន្តធ្វើទៀត និងឲ្យរុះរើសំណង់ ដែលពលរដ្ឋបានកសាងរួចរាល់ហើយ ។
ប្រធានគណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក (USCIRF) លោក ហ្វ្រែដឺរិក ដេវី (Frederick Davie) បានស្នើដល់រដ្ឋាភិបាលអាមេរិកឱ្យធ្វើអន្តរាគមន៍លើករណីរំលោភសិទ្ធិសេរីភាពសាសនារបស់ខ្មែរក្រោមនេះ ក្រោយពេលអាជ្ញាធរវៀតណាម កាលពីខែតុលាបានប្រមូលកម្លាំង ហើយព្យាយាមទៅវាយបំផ្លាញសាលាឆទានរបស់ខ្មែរក្រោម ។ គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ជាទីភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក បង្កើតឡើងកាលពីឆ្នាំ ១៩៩៨ ដោយច្បាប់សេរីភាពសាសនាអន្តរជាតិ ។ ទីភ្នាក់ងារនេះ ឃ្លាំមើលសិទ្ធិសេរីភាពសាសនា និងជំនឿជាសកល និងផ្តល់ជាអនុសាសន៍ដល់ប្រធានាធិបតី រដ្ឋមន្រ្តីក្រសួងការបរទេស និងសភា ដើម្បីតាមដានការអនុវត្តអនុសាសន៍របស់ទីភ្នាក់ងារនេះ ។
តំណាងពលរដ្ឋខ្មែរក្រោម លោក គឹម ឃីម មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីជាអាជ្ញាធរវៀតណាម ប្រមូលកងកម្លាំងចង់មកបំផ្លាញសាលាឆទានខ្មែរក្រោមក៏ដោយ ក៏ពលរដ្ឋខ្មែរក្រោម បានងើបឡើងតវ៉ាមិនព្រមឲ្យវៀតណាមបំផ្លាញឡើយ ។ លោកថា បច្ចុប្បន្នសាលាឆទាន ដែលពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោកឧបត្ថម្ភប្រាក់កសាងនោះ បានសាងសង់រួចរាល់ហើយ ។ លោកបន្តថា វៀតណាមមានចេតនាមិនចង់ឲ្យខ្មែរក្រោមប្រតិបត្តិសាសនា និងបង្រៀនអក្សរខ្មែរដល់កូនៗ ខ្មែរក្រោមជំនាន់ក្រោយនោះទេ ៖ «កត្តាដែលយួនវាមិនចង់ឲ្យហ្នឹង យើងយល់ទាំងអស់គ្នាហើយ ពីព្រោះវាជាចំណុចរស៊ើបមួយសម្រាប់យួន ពីព្រោះខ្មែរក្រោមយើងមានវត្តអារាម និងសាលាឆទានសម្រាប់ពង្រីកវិស័យអក្សរសាស្រ្ត ការរៀនសូត្ររបស់កូនខ្មែរជាចំណុចរស៊ើប ពីព្រោះយើងខំពង្រីក គេខំបំផ្លាញ» ។
ទោះបីជាយ៉ាងណាក្ដី លោក គឹម ឃីម ថ្លែងថា បច្ចុប្បន្នសាលាឆទាននេះ បានបង្រៀនកូនខ្មែរក្រោមជិត ១០០ នាក់ ឲ្យចេះភាសាខ្មែរ និងក្លាយជាទីកន្លែងដែលពលរដ្ឋខ្មែរក្រោម នៅស្រុកលោក ប្រមូលផ្តុំគ្នាមកប្រតិបត្តិព្រះពុទ្ធសាសនា ។ លោកបន្តថា ទោះបីវៀតណាមហាមឃាត់មិនឲ្យខ្មែរក្រោមរៀនសូត្រពីប្រវត្តិសាស្រ្តបាត់បង់ទឹកដីឲ្យក៏ដោយ ក៏ខ្មែរក្រោមអាចនិយាយប្រាប់កូនខ្មែរជំនាន់ក្រោយដោយផ្ទាល់មាត់ដែរ៖ «រឿងទឹកដីនិងប្រវត្តិសាស្រ្ត គឺយើងពិបាកបង្រៀន គេមិនអនុញ្ញាតឲ្យយើងរៀនប្រវត្តិសាស្រ្តទេ ។ យើងឆ្លៀតពេលក្នុងសាលានិយាយរឿងប្រវត្តិសាស្រ្ត ប៉ុន្តែ ក្នុងមេរៀន យើងមិនបង្រៀនទេ ប៉ុន្តែគ្រូនិមួយៗ ត្រូវតែមានតួនាទីបង្រៀនកូនខ្មែរ ដោយសារតែយើងជាម្ចាស់ដើម ជាទឹកដីរបស់យើង ជាម្ចាស់ស្រុក ហើយក្មេងៗ វាដឹង ហើយខំតស៊ូទាំងអស់គ្នាដែរ» ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ឲ្យដឹងថា វៀតណាមកំពុងប្រើប្រាស់យុទ្ធសាស្រ្តសងសឹកខ្មែរក្រោម ដែលហ៊ានងើបឡើងទាមទារសិទ្ធិជាជនជាតិដើម និងសិទ្ធិស្វ័យសម្រេចគ្រប់គ្រងវាសនាពូកគេ ។ កាលពីពេលថ្មីៗ វៀតណាមបានកោះហៅយុវជនខ្មែរក្រោមជាច្រើននាក់ ដែលហ៊ានតស៊ូមតិរឿងសិទ្ធិជនជាតិដើម ទៅសាកសួរ និងគំរាមចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ។ ការសងសឹករបស់វៀតណាមនេះ ធ្វើផ្ទុយទៅនឹងការសន្យារបស់ខ្លួន ក្នុងការលើកស្ទួយសិទ្ធិមនុស្ស ។ សព្វថ្ងៃនេះ វៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិសម្រាប់អាណតិ្តបីឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ ។
ពាក់ព័ន្ធនឹងសំណើរបស់គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ប្រធាននាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះភិក្ខុ ស៊ឺង យ៉ឹងរតនា មានថេរដីកាប្រាប់អាស៊ីសេរីថា អន្តរាគមន៍របស់គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិក ជាការលើកទឹកចិត្តដល់ខ្មែរក្រោម ដើម្បីបន្តការតស៊ូការពារសិទ្ធិសេរីភាពផ្នែកសាសនា៖ «មន្រ្តីរបស់សហរដ្ឋអាមេរិកផ្នែកអន្តរសាសនាមានការចាប់អារម្មណ៍នេះ ហើយបានធ្វើឲ្យពលរដ្ឋខ្មែរក្រោមមានក្តីសង្ឃឹម និងមានកម្លាំង ដើម្បីតស៊ូ ដើម្បីព្រះពុទ្ធសាសនា ហើយរដ្ឋាភិបាលវៀតណាម ត្រូវតែពិចារណាឡើងវិញ នូវមហិច្ឆតាក្នុងការកម្ទេចសាលាឆទានរបស់ខ្មែរក្រោមនោះ» ។
រដ្ឋាភិបាលវៀតណាម មិនទាន់ឆ្លើយតបនឹងសំណើរបស់គណៈកម្មការទទួលបន្ទុកផ្នែកសេរីភាពសាសនាអន្តរជាតិសហរដ្ឋអាមេរិកនៅឡើយទេ មកទល់នឹងថ្ងៃទី ២១ ខែវិច្ឆិកា ។ របាយការណ៍សេរីភាពសាសនារបស់ក្រសួងការបរទេសអាមេរិកសម្រាប់ឆ្នាំ ២០២១ ចេញផ្សាយកាលពីខែមិថុនា សរសេរថា រដ្ឋធម្មនុញ្ញវៀតណាមអនុញ្ញាតឲ្យពលរដ្ឋមានសិទ្ធិជ្រើសរើសជំនឿ និងសាសនា ប៉ុន្តែ ច្បាប់វៀតណាមក៏អនុញ្ញតឲ្យអាជ្ញាធរដាក់កំហិតលើការប្រតិបត្តិសេរីភាពសាសនា ដោយសំអាងលើបញ្ហាសន្តិសុខជាតិ និងរបៀបរៀបរយសង្គម ។ របាយការណ៍ឲ្យដឹងទៀតថា មេដឹកនាំសាសនាដែលវៀតណាមមិនទទួលស្គាល់ តែងតែរងការធ្វើទុក្ខបុកម្នេញ រួមទាំងការចាប់ដាក់ពន្ធនាគារ និងទទួលរងអំពើហិង្សាជាដើម ។ ស្ថានភាពសេរីភាពសាសនាវៀតណាមសម្រាប់ឆ្នាំ ២០២០ និង ២០១៩ មានលក្ខណៈស្រដៀងគ្នាដែរ គឺរដ្ឋាភិបាលវៀតណាម នៅតែសកម្មក្នុងការធ្វើទុក្ខបុកម្នេញសេរីភាពផ្នែកសាសនាលើក្រុមសហគមន៍ជនជាតិដើម រួមមាន ក្រុមម៉ុងតាញ៉ា ជាដើម ៕