បុណ្យ​តែងតាំង​ចៅអធិការ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម​

0 87

ដោ​យ ថាច់ ប្រីជា គឿន

នៅ​អាទិត្យ និង ថ្ងៃ​ចន្ទ​, ៧ និង ៨ រោច ខែស្រាព​ណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២ និង ទី ៣ ខែកញ្ញា គ្រឹ​ស្ត​សករាជ ២០១៨ សប្ដាហ៍​នេះ គណ​:​កម្ម​ការ និង ពុទ្ធបរិស័ទ ចំណុះជើងវត្ត​សុរិយា​រង្សី នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania បានរៀបចំ​ពិធី​តែងតាំង​ព្រះចៅអធិការ និង ព្រះ​ពហុស្សូត ដើម្បី​គ្រប់គ្រង វត្ត​មួយ​នេះ​ឲ្យ​មានការ​រីកចម្រើន​តទៅ​មុខ ។ ពិធី​នេះ ភិក្ខុ យ័​ញ ទោន បានតែងតាំង​ជា ព្រះចៅអធិការ​វត្ត​, ភិក្ខុ សួន បូរ៉ា ជា ព្រះ​ពហុស្សូត​ស្ដាំ និង ភិក្ខុ គឹម មឿ​ន ជា​ព្រះ ពហុស្សូត​ឆ្វេង ។ ព្រះសង្ឃ​ទាំង ៣ អង្គ​នេះ សុទ្ធ តែ​ជា​ព្រះសង្ឃ​ដែល​បាន​ភៀស​ព្រះកាយ ចេញពី​ដែនដី​កម្ពុជា​ក្រោម ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ជា​ព្រឹត្តិការណ៍ មាន​ព្រះសង្ឃ​ខ្មែរក្រោម ប្រមាណ ២០០ អង្គ ចេញ​ធ្វើបាតុកម្ម នៅ​ខេត្ត​ឃ្លាំង ដើម្បី​ទាមទារ​ឲ្យ​របប​អាណានិគម​យួន​គោរព​សិទ្ធិ​ខ្មែរក្រោម នៅ​ដែនដី កម្ពុជា​ក្រោម ។

ពិធីបុណ្យ​តែងតាំង​ព្រះចៅអធិការ​វត្ត​នេះ មាន​ព្រះសង្ឃ​ចំនួន ២០ អង្គ បាន​និមន្ត​មក ពី​រដ្ឋ​នានា ជុំវិញ​សហរដ្ឋអាមេរិក និង ប្រទេស​កាណាដា ព្រមទាំង​មាន​វត្តមាន​ថ្នាក់ ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​អង្គ និង រូប ក្នុងនោះ មាន ព្រះតេជព្រះគុណ ធី​ធី ធ​ម្មោ ជា​ប្រធាន គណៈកម្មការ​សាសនា​អន្តរជាតិ​, លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​, លោក ត្រឹង ម៉ាន់ រិ​ន ជា​នាយក​ផែនការ​, លោក ត្រឹង យ៉ាប ជា​នាយក​រដ្ឋបាល​, អ្នកស្រី សឺ​ង ធី និ​ត ជា​ប្រធាន​ស្ត្រី និង ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូលរួម​ជា​កិត្តិយស ផងដែរ ។​

​កម្មវិធី​បាន​ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ ប្រកបដោយ​ភាព​អ​ធឹ​ក​អ​ធ័​ម តាមបែប​ប្រពៃណីជាតិ និង ពុទ្ធសាសនា រួមមាន​កិច្ច​និមន្ត​ព្រះសង្ឃ​ចំរើន​ព្រះ​បរិត្ត នមស្សការ​ព្រះ​រតនត្រ័យ សមា ទាន​និច្ចសីល និមន្ត​ព្រះសង្ឃ​ទ្រង់​បិណ្ឌបាត វេរភត្ត​ប្រគេន​ព្រះសង្ឃ និង ព្រះសង្ឃ​សម្ដែង ធម៌​ទេសនា ជាដើម ។​

​នៅ​ថ្ងៃទី ៣ ខែ កញ្ញា វេលា​ម៉ោង ១ រសៀល ព្រះសង្ឃ ប្រមាណ ២០ អង្គ និង គណ​:​កម្ម​ការ​វត្ត រួមទាំង​ពុទ្ធបរិស័ទ បានប្រកាស​តែងតាំង​ជា​ឱឡារិក និង ព្រះសង្ឃ​បាន សូត្រ​ជយ​ន្តោ​ជា​កិច្ច​ចម្រើន​ជយមង្គល ប្រគេន ចំពោះ ភិក្ខុ យ័​ញ ទោន ដែល បាន​តែង តាំង​ជា​ព្រះចៅអធិការ​វត្ត​, ភិក្ខុ សួន បូរ៉ា ជា​ព្រះគ្រូ​ពហុស្សូត​ស្តាំ និង ភិក្ខុ គឹម មឿ​ន ជា​ព្រះគ្រូ​ពហុស្សូត​ឆ្វេង នៃ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម ។​

​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម បាន​កសាងឡើង នៅ​ឆ្នាំ ១៩៩៣ ដោយមាន​សង្ឃ និង គណ​:​កម្ម​ការ​វត្ត បន្តវេន​គ្នា​ដឹកនាំ​កសាង​វត្ត​មួយ​នេះ ជា​ហូរហែ​មក ។ រយៈពេល ៧ ឆ្នាំ​ចុង​ក្រោយនេះ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់ ភិក្ខុ យ័​ញ ទោន និង​មាន​ការជួយជ្រោមជ្រែង​ពី ភិក្ខុ សង្ឃ​នៅក្នុង​វត្ត ព្រមទាំង​ពុទ្ធបរិស័ទ បានធ្វើឱ្យ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម មានការ​រីកចំរើន ជានិច្ច ។ ថ្មីៗ​នេះ វត្ត​បាន​ទិញ​អគារ​មួយ​ខ្នង​ធំ​ដ៏​ស្កឹមស្កៃ​ជាប់​របង​វត្ត បន្ថែមទៀត ដែល មាន តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ ទុកជា​សម្បត្តិ​របស់​វ​ត្ត ។​

​បន្ទាប់ពី​បាន ទទួល​ការតែងតាំង​រួច នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះសង្ឃ និង ចំពោះមុខ​ពុទ្ធបរិស័ទ ភិក្ខុ យ័​ញ តូន ជា​ព្រះចៅអធិការ​វត្ត​, ភិក្ខុ សួន បូរ៉ា ជា​ព្រះ​ពហុស្សូត​ស្តាំ និង ភិក្ខុ គឹម មឿ​ន ជា​ព្រះ​ពហុស្សូត​ឆ្វេង បាន​ប្តេជ្ញា​ចិត្តជា​ឱឡារិក​ថា នឹង​រួម​សាមគ្គី​គ្នា​ជា​ថ្លុ​ង​មួយ និង សហការ​ជាមួយនឹង​គណ​:​កម្ម​ការ​វត្ត ខិតខំ​កសាង និង ថែរក្សា​ការពារ​វត្ត និង​សង្គម​ឱ្យមាន ការរីកចំរើន​តរៀង​ទៅមុខ ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា និង សង្គមជាតិ ។​

​សូមបញ្ជាក់ថា ភិក្ខុ យ័​ញ តូន ប្រសូត ឆ្នាំ ១៩៨១ ស្រុកកំណើត នៅ​ខេត្ត​ពល​លាវ ញោម ប្រុស​ឈ្មោះ យ័​ញ ញ៉ា​ល ញោមស្រី​ឈ្មោះ ធី អូន ។ ភិក្ខុ គឹម មឿ​ន ប្រសូត​ឆ្នាំ ១៩៨៥ នៅ​ខេត្ត​ឃ្លាំង ញោមប្រុស​ឈ្មោះ គឹម អឿន ញោមស្រី ឈ្មោះ ត្រឹង ធី វេត ។ ព្រះសង្ឃ​ទាំង ពីរ​អង្គ​នេះ ត្រូវ​រដ្ឋាភិបាល​យួន​ចាប់​ផ្សឹក និង​ដាក់ពន្ធនាគារ​អស់ ៤ ឆ្នាំ ដោយសារ​ធ្វើ​បា​តុ កម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។ បន្ទាប់ពី បាន ចេញពី​ពន្ធនាគារ ព្រះអង្គ​ទាំងពីរ​បាន​ភៀសខ្លួន​ទៅ ប្រទេស​ថៃ ហើយ​ត្រូវបាន អគ្គ ស្នង ការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បញ្ជូនទៅ​តាំង ទី លំនៅ នា​ប្រទេស​ស៊ុយអែត ជា​ប្រទេសមួយ​នៅ​ទ្វីបអឺរ៉ុប ។ ក្រោយមក ព្រះអង្គ​បាន​ប្ដូរ​ទី​លំ នៅ​មក នៅ​សហរដ្ឋអាមេរិក វិញ ។ ចំណែក ភិក្ខុ សួន បូរ៉ា បួស​នៅ​វត្ត​ដើមអម្ពិល ស្រុក ជ្រោ​យញរ ខេត្ត​ឃ្លាំង បាន​ភៀសខ្លួន​ទៅ​ប្រទេស​កម្ពុជា ដោយសារ​ចូលរួម​ធ្វើបាតុកម្ម ក្នុង ព្រឹត្តិការណ៍ ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ដូច​ព្រះសង្ឃ​ទាំងពីរ​អង្គ​ខាងលើ​ដែរ ។ មុនពេល​បានទទួល​តំណែង​ជា​ព្រះ​ពហុស្សូត​ស្ដាំ នៃ​វត្ត​សុរិយា​រង្សី​ខ្មែរក្រោម នៅ​សហរដ្ឋ អាមេរិក ព្រះអង្គ​ធ្លាប់បាន​ទៅ​តាំង​ទីលំនៅ នា​ប្រទេស​អូស្ត្រាលី​អស់​មួយរយៈ នាពេល កន្លងមក ៕​

មើលរូបថតកម្មវិធីបុណ្យនេះ

Leave A Reply

Your email address will not be published.