ប្រវត្តិសង្ខេបព្រះសង្ឃខ្មែរក្រោម ដែលផ្ដួចផ្ដើមបង្កើតសារព័ត៌មាន ស្ដីពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម
ដោយ យន់ សាមៀន | RFA
នាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតស្នាដៃជាច្រើន ផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម នៅលើទឹកដីកំណើត ប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ខ្មែរក្រោម ដល់ពលរដ្ឋខ្មែរលើពិភពលោក ។ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តខេមររង្សី នៅទីក្រុងសាន់ហូស្សេ រដ្ឋកាលីហ្វ័រញ៉ា (California) ជាអ្នកនៅពីក្រោយនៃស្នាដៃទាំងនេះ ។

វត្តខេមររង្សី នៅទីក្រុង សាន់ ហូស្សេ (San Jose) មិនត្រឹមតែជាទីកន្លែងសក្ការៈបូជាប៉ុណ្ណោះទេប៉ុន្តែជាទីកន្លែងបម្រើឱ្យសហគមន៍ខ្មែរ សម្រាប់ផ្តល់ជំនួយផ្នែកសង្គម និងជាមូលដ្ឋាន ផ្តល់ព័ត៌មានសំខាន់ៗ ដល់ខ្មែរក្រោម នៅទូទាំងពិភពលោក ។ អាជ្ញាធរអាម៉េរិក ក៏សុំប្រើប្រាស់វត្ត ជាទីស្នាក់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតី ហើយគណបក្សសង្គ្រោះជាតិ ក៏ប្រើប្រាស់វត្តនេះ ដើម្បីពិភាក្សាបញ្ហាប្រជាធិបតេយ្យ នៅកម្ពុជាដែរ ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានសង្ឃដីកាថា ក្នុងនាមព្រះអង្គ ជាព្រះចៅអធិការវត្ត និងព្រះសង្ឃគង់នៅក្នុងវត្ត បានចំណាយពេលវេលាដោយស្ម័គ្រចិត្តជួយផ្តល់សេវាសាធារណៈជូនពលរដ្ឋទូទៅមិនថា ខ្មែរក្រោម ឬខ្មែរលើនោះទេ ។
“ក្រៅពីការទេស្នា ពន្យល់ញាតិញោមផ្នែកសាសនា ។ យើងក៏មានកិច្ចការសង្គម ជួយដល់សហគមន៍របស់យើង សម្រួលកិច្ចការងារទូទៅ ។”
ព្រះចៅអធិការ វត្តខេមររង្សី ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្រសូត្រនៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម កាលពីខែមេសា ឆ្នាំ ១៩៧៧ ។ ព្រះអង្គមានសង្ឃដីកាថា ដោយសារតែអាជ្ញាធរវៀតណាម ធ្វើទុក្ខបុកម្នេញ ផ្នែកសាសនា និងសិទ្ធិសេរីភាព និងចង់បង្កើនចំណេះដឹងផ្នែកព្រះពុទ្ធសាសនា និងប្រវត្តិសាស្ត្រខ្មែរក្រោម ព្រះអង្គបានសម្រេចចិត្តចាកចេញពីទឹកដីកម្ពុជាក្រោម មកបន្តការសិក្សានៅកម្ពុជា កាលពីឆ្នាំ ១៩៩៦ ។ នៅកម្ពុជា ព្រះអង្គ បានបន្តការសិក្សា ចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០១ ទើបបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកវិទ្យាល័យ ព្រះសុរាម្រឹត នៅទីកុ្រងភ្នំពេញ កាលពីឆ្នាំ ២០០៤ និងបានបញ្ចប់ការសិក្សាថ្នាក់ពុទ្ធិកមហាវិទ្យាល័យ ព្រះសីហនុរាជ នៅទីក្រុងភ្នំពេញ និងផ្នែកនីតិសាស្ដ្រ នៅសកលវិទ្យាល័យឯកជនមួយ ។ ព្រះអង្គ ក៏បានក្លាយជាមេដឹកនាំព្រះសង្ឃខ្មែរក្រោម ជាប្រធានកុដិលេខ ១៣ វត្តមហាមន្ដ្រី ដែលជាកន្លែង ដែលខ្មែរក្រោមនៅកម្ពុជា មកជួបជុំគ្នា និងគោរពបូជាព្រះសង្ឃ និងធ្វើពិធីសាសនាផ្សេងៗ ។ ទោះបីព្រះអង្គបានបង្កើតស្នាដៃជាច្រើន នៅកម្ពុជាក៏ដោយ ព្រះអង្គមិនទាន់បញ្ចប់ក្ដីស្រមៃរបស់ព្រះអង្គ នៅឡើយទេ ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា មានសំណាងបានចាកចេញពីកម្ពុជា មកសហរដ្ឋអាម៉េរិក កាលខែ សីហា ឆ្នាំ ២០០៤ ដើម្បីនិមន្តមកគង់នៅវត្តខេមររង្សី ទីក្រុងសាន់ហូស្សេ រហូតមកទល់បច្ចុប្បន្ននេះ ដើម្បីផ្ស័ព្ធផ្សាយផ្នែកព្រះពុទ្ធសាសនា ។ នៅអាម៉េរិក ព្រះអង្គ បានបន្តការសិក្សា ភាសាអង់គ្លេស នៅសាលា (San Jose Community College) និងបានចូលរួមពិនិត្យ និង កែសម្រួល រឿងល្ខោននិយាយ ឧកញ៉ា សឺង គុយ សម្រាប់ផលិតកម្មខ្មែរក្រោម និងតែងបទចម្រៀងស្នេហាជាតិមួយចំនួន ដូចជាបទ រលកវាសនា ស្តាយកេរ្តិ៍ដូនតា បុប្ផារោងដំរី និងផលិតស៊ីឌី CD ចម្រៀងព្រះធម៌ រួមមាន ជីវិតអ្នកបួស បារមីព្រះពុទ្ធ និងអត្ថន័យភ្ជុំបិណ្ឌ ជាដើម ។ ព្រះអង្គក៏បានដឹកនាំចងក្រងសៀវភៅប្រវត្តិវត្ត និងអត្ថប្រយោជន៍វត្ត នៅកម្ពុជាក្រោមផងដែរ ។
នៅឯសហរដ្ឋអាម៉េរិក ព្រះអង្គក៏បានបង្កើតសារព័ត៌មាន និងវិទ្យុ ដើម្បីបម្រើចំណះដឹងដល់ពលរដ្ឋខ្មែរក្រោម នៅជុំវិញពិភពលោក ។ ព្រះអង្គបានបម្រើការជាអគ្គនាយកវិទ្យុសំឡេងកម្ពុជាក្រោម (VOKK) ចាប់ពីឆ្នាំ ២០០៦ និងជាចាងហ្វាងការផ្សាយ សារព័ត៌មាន ព្រៃនគរ ។ ព្រះអង្គមានសង្ឃដីកាបន្ថែមទៀតថា ដោយសារតែមានតម្រូវការផ្នែកព័ត៌មាន នៅកម្ពុជាក្រោម និងទូទាំងពិភពលោក ព្រះអង្គបានបង្កើតជាបន្ទប់ផ្សាយទូរទស្សន៍ សម្រាប់ផ្តល់ព័ត៌មានតាមរយៈបណ្ដាញសង្គម (Facebook និង Youtube) និងនៅលើគេហទំព័រសារព័ត៌មានសំឡេងខ្មែរកម្ពុជាក្រោម ដែលអាស័យដ្ឋាន www.vokk.net និងសារព័ត៌មាន ព្រៃនគរ ដែលមានអាស័យដ្ឋាន www.preynokornews.info ។ ព្រះអង្គ បានចំណាយថវិកាវត្តបង្កើតបន្ទប់សម្រាប់ថតព័ត៌មានទូរទស្សន៍ ដើម្បីផ្សព្ធផ្សាយ តាមសារព័ត៌មានព្រៃនគរ និងវិទ្យុសំឡេងកម្ពុជាក្រោម ឋិតក្នុងបរិវេណវត្ត វត្តខេមររង្សី ។
“ទិសដៅសំខាន់នៃការផ្សព្ធផ្សាយព័ត៌មាន ពីស្ថានភាពសិទ្ធិមនុស្ស ដែលរដ្ឋអំណាចយួនដែលគេរំលោភបំពាន នៅលើទឹកដីកម្ពុជាក្រោម ប្រពៃណី វប្បធម៌ ប្រវត្ដិសាស្ដ្រ និងសកម្មភាពការតស៊ូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ដើម្បីទាមទារសិទ្ធស្វ័យសម្រេចរបស់ខ្លួន ។”
ទោះបីបន្ទប់ផ្សាយព័ត៌មាន មានទំហំតូចមួយ ដែលមានកៅអីចំនួនពីរ និងតុកំព្យូទ័រមួយក៏ដោយ ប៉ុន្តែព័ត៌មានពិតពីការរំលោភសិទ្ធិមនុស្សខ្មែរក្រោម និងព័ត៌មានផ្សេងទៀត បានផ្តល់ចំណេះដឹងជាច្រើនដល់ខ្មែរក្រោម ដែលកំពុងស្រែកឃ្លានព័ត៌មានពិត ដើម្បីកែប្រែជីវភាពរបស់ពួកគេ ។ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បន្ថែមទៀតថា ព័ត៌មានពិត មិនលម្អៀង គ្មានការគាបសង្កត់នេះ បានធ្វើឱ្យពលរដ្ឋខ្មែរក្រោម អាចរក្សាអត្តសញ្ញាណខ្លួនបាន ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បានក្លាយ ជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់តាំងពីឆ្នាំ ២០១៣ មកទល់បច្ចុប្បន្ននេះ ។ ព្រះអង្គក៏ជាសមាជិកគណៈកម្មនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ព្រះអង្គមានសង្ឃដីកាបន្តថា ដោយសារតែព្រះធ្លាប់បានសិក្សាផ្នែកសារព័ត៌មានផងនោះ ក៏បានជំរុញឱ្យព្រះអង្គចង់ប្រឡូក នឹងវិស័យព័ត៌មាន ។ ក្នុងតួនាទីជាមន្ដ្រីព័ត៌មានសហព័ន្ធខ្មែរក្រោម ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ ក្នុងវេទិកាអន្តរជាតិមួយចំនួន ដូចជា ការចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម និងក្រសួងការបរទេសសហរដ្ឋអាម៉េរិក ផ្នែកសេរីភាពអន្តរសាសនា នៅរដ្ឋធានីវ៉ាស៊ីនតុន Washington និងយន្តការអ្នកជំនាញជនជាតិដើម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។ ព្រះអង្គក៏ជាព្រះសង្ឃមួយអង្គ ដែលចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទាមទារសិទ្ធិស្វ័យសម្រេចឱ្យដល់ខ្មែរក្រោម នៅលើទឹកដីកំណើតជាដើម ។
សម្រាប់អនាគត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ប្តេជ្ញា នឹងខំប្រឹងប្រែងការតស៊ូមតិ និងទំនាក់ទំនង ធ្វើយ៉ាងណា ដើម្បីជួយដល់ពលរដ្ឋខ្មែរក្រោម ដើម្បីអាចឈានទៅរកសិទ្ធិស្វ័យសម្រេចដោយខ្លួនឯង ។
“ខ្ញុំចង់បានពលរដ្ឋរស់ នៅក្នុងស្រុកហ្នឹងរស់នៅដោយមានសេរីភាព ស្មើ នឹងប្រជាជនជុំវិញពិភពលោក ដូច្នោះយើងបានជាអាត្មាភាពខំប្រឹងប្រែង តាមលទ្ធភាព និងចំណង់ចង់បានហ្នឹង គឺសិទ្ធិសម្រេចវាសនាដោយខ្លួនឯង។”