អគ្គលេខាធិការសហប្រជាជាតិផ្ញើសារ ជូនពុទ្ធបរិស័ទថ្ងៃបុណ្យវិសាខបូជា
ដោយ ថាច់ ប្រីជា គឿន
នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ត្រូវនឹងថ្ងៃ ១៥ កើត ខែវិសាខ អង្គការសហប្រជាជាតិ បានប្រារព្ធ បុណ្យវិសាខបូជាអន្តរជាតិ នៅការិយាល័យកណ្ដាលរបស់ខ្លួន នាទីក្រុង New York សហរដ្ឋអាមេរិក និងការិយាល័យអង្គការសហប្រជាជាតិ នៅតាមតំបន់ផ្សេងទៀតដើម្បីរំឭកដល់ថ្ងៃព្រះពុទ្ធ ទ្រង់ប្រសូត បានត្រាស់ និងបរិនិព្វាន ។

នៅក្នុងថ្ងៃបុណ្យវិសាខបូជានេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងសារទៅកាន់ពុទ្ធបរិស័ទ និងមនុស្សជាតិទូទាំងពិភពលោកថា នៅក្នុងថ្ងៃវិសាខបូជានេះ សូមឲ្យមនុស្សគ្រប់រូបរំឭកនឹកដល់បញ្ញាគុណរបស់ព្រះពុទ្ធជាម្ចាស់ តាមរយៈការធ្វើសកម្មភាពសម្រាប់អ្នកដទៃប្រកបដោយស្មារតីសាមគ្គីដ៏ខ្លាំងក្លាបំផុត ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ António Guterres បានថ្លែងយ៉ាងនេះថា៖
“ខ្ញុំសូមប្រគេន និងជូនពរប្រកបដោយភាពកក់ក្ដៅជាទីបំផុត ដល់សាធុជនគ្រប់រូបដែលកំពុងតែប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំឭកដល់ថ្ងៃដែលព្រះពុទ្ធជាម្ចាស់ទ្រង់ប្រសូត ។ មនុស្សគ្រប់រូបអាចបណ្ដុះគំនិតតាមព្រះរាជដំណើររបស់ព្រះអង្គបាន ។ ប្រសូតក្នុងឋានៈជាព្រះរាជបុត្រ ព្រះពុទ្ធសក្យមុនី បានយាងចេញទៅកាន់ពិភពលោក ដើម្បីស្វែងរកព្រះធម៌ និងរំដោះសត្វលោកឲ្យរួចចាកពីទុក្ខទាំងពួង ។ ដូចជានៅក្នុងព្រះសូត្របានចែងថា “សព្វសត្វទាំងអស់តែងតែមានជំង៉ តថាគតក៏មានជំងឺដែរ” ។
សារប្រកបដោយមេត្តនេះ នឹងឋិតនៅជារៀងរហូត ។ នៅក្នុងពិភពលោកទំនាក់ទំនងរបស់យើង វាមិនអាចមានសន្តិភាពទេ ប់ើអ្នកផ្សេងទៀតកំពុងតែមានគ្រោះថ្នាក់ មិនអាចមានសន្តិសុខទេ បើមនុស្សផ្សេងទៀតកំពុងតែជួបគ្រោះអត់ឃ្លាន និងមិនមានអនាគតរឹងមាំទេ ដរាបណាសមាជិកទាំងអស់នៃគ្រួសារមនុស្សជាតិរបស់យើងរីករាយនៅលើបញ្ហាសិទិ្ធមនុស្សរបស់ពួកគេ ។ សូមឲ្យយើងទាំងអស់គ្នារំឭកនឹកដល់បញ្ញាគុណរបស់ព្រះពុទ្ធជាម្ចាស់ តាមរយៈការធ្វើសកម្មភាពសម្រេាប់អ្នកដទៃប្រកបដោយស្មារតីសាមគ្គីដ៏ខ្លាំងក្លាបំផុត” ។
សូមបញ្ជាក់ថា មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានអនុមតិលើញត្តិលេខ ៥៤/១១៥ ឆ្នាំ ១៩៩៩ ទទួលស្គាល់បុណ្យវិសាខបូជា ថាជាទិវាអន្តរជាតិ ដើម្បីទទួលស្គាល់ការចូលរួមចំណែករបស់ព្រះពុទ្ធសាសនាជាសាសនាមួយដែលមានវ័យចំណាស់ក្នុងពិភពលោកមានអាយុកាលជាង ២៥០០ ឆ្នាំ មកហើយ នៅតែបន្តធ្វើឲ្យមានសទ្ធា (ជំនឿ) នៅក្នុងចិត្តវិញ្ញាណរបស់មនុស្សជាតិ ៕
Comments are closed.