អនុប្រធានគណបក្សសង្គ្រោះជាតិ បំពេញបេសកម្ម ៩ ថ្ងៃ នៅអាមេរិក

0 73

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

(California-សហរដ្ឋអាមេរិក) អនុប្រធានគបក្សសង្គ្រោះជាតិ លោក កឹម សុខា កំពុងបំពេញបេសកកម្ម នៅសហរដ្ឋ អាមេរិក រយៈពេល ៩ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ នេះទៅ ដើម្បីជួបសំណេះសំណាលជាមួយនឹងពលរដ្ឋខ្មែរ អាមេរិកអ្នកគាំទ្រ ទាំងឡាយឲ្យ បន្តការគាំទ្រដល់គណបក្សសង្គ្រោះជាតិតទៅទៀត ។

លោក កឹម សុខា នៅ ព្រលានយន្តហោះ San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្អអាមេរិក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។
លោក កឹម សុខា នៅ ព្រលានយន្តហោះ San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្អអាមេរិក ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម នៅព្រលានយន្តហោះ San Francisco រដ្ឋកាលីហ្វញ៉ា នៅរសៀល ថ្ងៃទី ២៨ ខែវិច្ឆិកា ត្រូវនឹង ព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា នេះ ម៉ោងនៅប្រទេសកម្ពុជា លោក កឹម សុខា បានបញ្ជាក់ថា គោល បំណងនៃដំណើរ ទស្សនកិច្ច នៅ ទឹកដីសហរដ្ឋអាមេរិក លើកនេះ គឺដើម្បីជួបពលរដ្ឋខ្មែរអាមេរិក អ្នកនិយមគាំទ្រគណបក្សសង្គ្រោះជាតិ និងដើម្បីរាយ ការណ៍អំពី ស្ថានការណ៍នយោបាយថ្មីៗដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបញ្ជាក់អំពីគោល ជំហររបស់ គណបក្សសង្គ្រោះជាតិ ដែលនឹងបន្តធ្វើនៅពេលអនាគត ។

លោក កឹម សុខា បានបន្តទៀត លើកនេះ លោកនឹងធ្វើដំណើរទៅជួបពលរដ្ឋខ្មែររយៈពេល ៩ ថ្ងៃចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា នេះទៅ នៅតាមរដ្ឋនានា ដូចជា រដ្ឋ California, រដ្ឋ Washington,Massachusetts និង North Carolina ។

លោក កឹម សុខា បានមានប្រសាសន៍ថា៖

“ដោយសារ បងប្អូនខ្មែរយើងនៅសហរដ្ឋអាមេរិកនេះ លោកបានគាំទ្រអ្នកប្រជាធិបតេយ្យ ជាពិសេស គណបក្ស សង្គ្រោះ ជាតិ ហ្នឹង ច្រើនណាស់ ។ ហើយដើម្បីឲ្យអ្នកគាំទ្រហ្នឹងអស់ចិត្ត សទ្ធាជ្រះថ្លា ខ្ញុំត្រូវតែ មក ដើម្បីរាយ ការណ៍ជូនបងប្អូនអំពី ស្ថានភាពនយោបាយ អំពីបញ្ហាជាប់គាំង អំពីដំណោះស្រាយ ថាតើ គោលជំហរគណបក្ស សង្គ្រោះជាតិយ៉ាងណា ។ ហើយបើកឱកាសឲ្យបងប្អូនលោកសួរ សួរសំនួរ ដើម្បី ឲ្យលោកពេញចិត្ត នឹងការបន្ត គាំទ្រតទៅទៀត” ។

លោក អ៊ិន សួន តំណាងគណបក្សសង្គ្រោះជាតិ នៅទីក្រុង Oakland រដ្ឋកាលីហ្វញ៉ា បានបញ្ជាក់ថា នៅ ថ្ងៃទី ២៩ ខែវិច្ឆិកា ត្រូវនឹងថ្ងៃទី ៣០ ខែវិច្ឆិកា នៅប្រទេសកម្ពុជា ពេលព្រឹក លោក កឹម សុខា នឹងជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែរ អាមេរិក ទីក្រុង Oakland និងពេលរសៀលនៅវត្តខេមររង្សី នាទីក្រុង San Jose នៃ រដ្ឋកាលី ហ្វញ៉ា ។ បន្ទាប់មក លោក កឹម សុខា នឹងចេញដំណើរ ទៅជួបពលរដ្ឋខ្មែរនៅតាមរដ្ឋនានាជាបន្ត បន្ទាប់តាមកម្ម វិធីដែលបានកំណត់ ។

សូមរំឭកថា មេដឹកនាំគណបក្សសង្គ្រោះជាតិមាននឹងគម្រោងនឹងធ្វើបាតុកម្មនៅខេត្តសៀមរាប ចំថ្ងៃទិវាសិទ្ធិមនុស្ស អន្តរជាតិ ១០ ធ្នូ ខាងមុខ ដើម្បីប្រមូលផ្ដុំសមាជិកគាំទ្រទូទាំងប្រទេស ទាមទារឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និង ស្វែងរកយុត្តិធម៌លើលទ្ធផលបោះឆ្នោត ។ ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិលើក នេះ ពួកគេនឹងធ្វើរៀងរាល់ ថ្ងៃអាទិត្យ ៕

Leave A Reply

Your email address will not be published.