ពលរដ្ឋខ្មែរពីររូបទៅកម្ពុជាក្រោម ត្រូវអាជ្ញាធរវៀតណាមរំខាន
ពលរដ្ឋខ្មែរមកពីប្រទេស ណកវ៉េ លោក អៀ ចាន់ ណា និង ពលរដ្ឋខ្មែរក្រោមម្នាក់រស់នៅប្រទេសកម្ពុជា បានធ្វើដំណើរ ទៅ មើលទឹកដីកម្ពុជាក្រោម ត្រូវរដ្ឋាភិបាលវៀតណាមរំខាន ដោយមានចារកម្ម ដើរតាមពីក្រោយ ដើម្បីសាកសួរ និង ឃ្លាំមើលរាល់សកម្មភាពផ្សេងៗរបស់ពួកគេគ្រប់ពេល និងគ្រប់ កន្លែង ។

ពលរដ្ឋខ្មែរពីររូបទៅកម្ពុជាក្រោម ត្រូវអាជ្ញាធរវៀតណាមរំខាន
លោក អៀ ចាន់ ណា បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា លោកបានចូលទៅមើលភូមិស្រុកនៅ ដែនដីកម្ពុជាក្រោម កាលពីថ្ងៃទី ១៧ ខែធ្នូ ដើម្បីបានស្គាល់អំពីស្ថានភាពការរស់នៅរបស់ពលរដ្ឋខ្មែរ កម្ពុជាក្រោម ។ លោកបានបន្តទៀតថា ការដែលអាជ្ញាធរវៀតណាមបានដាក់ចារកម្មតាមដានរូប លោកនោះ បានធ្វើឲ្យពលរដ្ឋខ្មែរក្រោម មានការភ័យខ្លាច ។
លោក អៀវ ចាន់ ណា បានប្រាប់ថា លោកបានចូលស្នាក់នៅវត្ត និងបានចូលថ្វាយបង្គំព្រះសង្ឃ និងបានប្រាស្រ័យ ទាក់ទងជាមួយនឹងពលរដ្ឋខ្មែរក្រោមមួយចំនួន ដោយពលរដ្ឋខ្មែរក្រោមទាំងនោះ សម្ដែងក្ដីរីករាយយ៉ាងខ្លាំង ពេលបាន ជួប លោក ជាពលរដ្ឋខ្មែរមកពីប្រទេសកម្ពុជា ។
លោក អៀ ចាន់ណា បានបញ្ជាក់ថា ពលរដ្ឋខ្មែរក្រោមមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអាជ្ញាធរ វៀតណាម ដែល បាន ហៅពលរដ្ឋខ្មែរក្រោមរូបណាដែលបានជួបជាមួយនឹងលោក ទៅសួរចម្លើយ នៅសាលាភូមិឃុំ ពេលដែលលោក បាន ចេញ ផុតពីកន្លែងនីមួយៗ ។
លោក អៀ ចាន់ណា បានទទួលវីសាចូលប្រទេសវៀតណាម រយៈពេល ១ ខែ ហើយក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះ លោក បានទៅមើលវត្តមួយចំនួននៅខេត្តព្រះត្រពាំង មណីយដ្ឋានស្រះគូ និង ដើម ឈើទាលបញ្ច្រាស់ចុងរបស់ លោក ឧកញ៉ា សឺង គុយ ជាដើម ។ ហើយលោកនឹងបន្តដំណើរទៅ មើលកន្លែងផ្សេងៗទៀតនៅទូទាំងដែនដីកម្ពុជាក្រោម ។
លោក ថាច់ បញ្ញា ពលរដ្ឋខ្មែរក្រោម នៅភ្នំពេញ ជាអ្នកធ្វើដំណើរជាមួយ លោក អៀ ចាន់ ណា បានបញ្ជាក់ប្រាប់វិទ្យុ សំឡេង កម្ពុជាក្រោម ថា ទង្វើរបស់អាជ្ញាធរវៀតណាមដែលគំរាមកំហែងតាម រូបភាពដើររំខាននេះ ជាការរំលោភសិទ្ធិ មនុស្សមួយ ៕