វៀតណាម​ផ្ដន្ទាទោស​អ្នកសរសេរ​ប្លក់ ម្នាក់​ឲ្យ​ជាប់គុក ១៥ ខែ​

0 109

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អ្នកសរសេរ​ប្លក់​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​នៅ​ប្រទេស​វៀតណាម ត្រូវបាន​តុលាការ​បក្សកុម្មុយនិស្ត​វៀត ណា​ម​ផ្ដន្ទាទោស ឲ្យ​ជាប់គុក ១៥ ខែ ក្រោយពី​បាន​សរសេរ​អត្ថបទ​រិះគន់​ដល់​ក្រុមមន្ត្រី​បក្សកុម្មុយនិស្ត វៀតណាម ។ ក្រោយពី​កាត់ទោស​មួយ រយៈពេល​ខ្លី នៅ​ថ្ងៃ​ពុធ ទី ១៩ ខែមីនា នេះ នៅ​រដ្ឋធានី​ហាណូយ តុលាការ​បាន​រកឃើញ​កំហុស​របស់​អ្នកសរសេរ​ប្លក់ រូបនេះ​អំពី​អ្វីមួយ ដែល​បក្ស​កុ​ម្មុយ​និ​ស្ស​យួន ហៅថា បាន​រំលោភ​លើ​សេរីភាព​ប្រជាធិបតេយ្យ​ដែល​ប៉ះពាល់​ដល់ ផល​ប្ រ​យោជន៍​រដ្ឋ តាម​មាត្រា ២៥៨ នៃ​ច្បាប់ ព្រហ្មទណ្ឌ ។ ចៅក្រម​បាន​និយាយថា អត្ថបទ​របស់ លោក ផាម វៀត ដាវ (Phạm Viết Đào) អាយុ ៦២ ឆ្នាំ រូបនេះ បាន​បង្ខូចឈ្មោះ​បក្ស និង​មេដឹកនាំ​ប្រទេស​នេះ ដែល​បណ្ដាល​ឲ្យ​មាន​កង្វល់​ក្នុងចំណោម សាធារណជន ហើយ​កាត់បន្ថយ​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ​ទៅលើ​បក្សកុម្មុយនិស្ត​វៀតណាម ។​

លោក ផាម វៀត ដាវ (Phạm Viết Đào) ។
លោក ផាម វៀត ដាវ (Phạm Viết Đào) ។

​លោក ផាម វៀត ដាវ បាន​សុំទោស​ចំពោះ​កំហុសឆ្គង​ខ្លះ​នៃ​ការផ្សាយ​នៅលើ​ទំព័រ​ប្លក់​ដែលមាន ព័ត៌មាន​ខ្លះ​មិន​ត្រឹមត្រូវ តែ​លោក​បាន​បដិសេធ​ចំពោះ​អ្វី ដែល​តុលាការ​បាន​ចោទប្រកាន់ថា សកម្មភាព របស់លោក​មាន​គ្រោះថ្នាក់​ដល់​សង្គម​នោះ ។​

​ការផ្ដន្ទាទោស​លើ​អ្នកសរសេរ​ប្លក់​រូបនេះ ត្រូវបាន​គេ​មើលឃើញថា រដ្ឋការ​ទីក្រុង​ហាណូយ​កំពុងតែ​បើក យុទ្ធនាការ​បង្ក្រាប ទៅ លើ​ក្រុម​រិះគន់​រដ្ឋាភិបាល​នៅលើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ។​

​យោងតាម​សាលក្រម គេហទំព័រ​ប្លក់​របស់ លោក ដាវ បាន​ចុះផ្សាយ​ព័ត៌មាន “​បង្ខូច​” ដល់​អ្នកដឹកនាំ​ជាន់ ខ្ពស់​របស់ មេដឹកនាំ​បក្សកុម្មុយនិស្ត​យួន ។ លោក ដាវ ជា​អ​តី​តៈម​ន្ត្រី​នៅក្នុង​ក្រសួង​វប្បធម៌ និង​ជា សមាជិក​បក្ស​កុ​ម្មុនិ​ស្ត​យួន​ដ៏​មាន ចំណាស់​ម្នាក់ ផងដែរ ។ លោក​បានជ្រើសរើស​យក​វិធី​ការពារ​ខ្លួន​ដោយ ខ្លួនឯង នៅក្នុង​សវនាការ​នេះ ។​

​លោក ផាម វៀត ដាវ ជា​អ្នកសរសេរ​ប្លក់​ម្នាក់ ក្នុងចំណោម​អ្នកសរសេរ​ប្លក់​ទាំង ៣ រូប ដែល​ត្រូវ​វៀត ណា​ម​ចាប់ខ្លួន​កាលពី​ឆ្នាំ ២០១៣ ។ អ្នក​ទាំងនេះ​មាន លោក ត្រឿ​ង យី ញឹក (Trương Duy Nhất) ត្រូវ​ផ្ដន្ទាទោស​ឲ្យ​ជាប់គុក ២ ឆ្នាំ នៅ​ដើមខែ​នេះ និង លោក ដិ​ន ញឹក វី (Đinh Nhật Uy) ត្រូវ​ផ្ដន្ទាទោស ព្យួរ ១៥ ខែ ។​

​លោក ភី​ល រ៉ូ​ប៊ើ​ត​សឺ​ន (Phil Robertson) នាយករង​ប្រចាំ​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ដែលមាន​ការិយាល័យ​នៅ​ទីក្រុង New York បាន​ថ្លែងថា នេះ​ជា​វិធី​មួយ របស់​បក្សកុម្មុយនិស្ត​វៀតណាម ដើម្បី​បំបិទមាត់ ក្រុម​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល ។​

​លោក ភី​ល រ៉ូ​ប៊ើ​ត​សឺ​ន ថ្លែងថា​៖

“​រាល់​ទង្វើ [​ចាប់ខ្លួន​អ្នកសរសេរ​ប្លក់​ទាំងនេះ​] ដើម្បី​រក​វិធី​កំទេច​រាល់​សកម្មភាព​ផ្ដល់ ព័ត៌មានរ បស់​ក្រុម អ្នក តស៊ូ​មតិ អ្នក​ដែល​នៅតែ មាន​សកម្មភាព​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​វៀតណាម អំពី បញ្ហា​ទាក់ទង​នឹង​ដីធ្លី សិទ្ធិមនុស្ស និង​អំពើពុករលួយ​” ។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បានចាត់ទុក ការដែល​តុលាការ​វៀតណាម​ផ្ដន្ទាទោស​អ្នកសរសេរ​ប្លក់​ទាំងនេះ តាម​មាត្រា​ទី ២៥៨ ជា​លេះ​មួយ​ដើម្បី​ឃុំឃាំង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល​ដោយ​សន្តិវិធី តែប៉ុណ្ណោះ ។​

​យោងតាម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស សព្វថ្ងៃ វៀតណាម​បាន​ឃុំឃាំង​អ្នកទោស​មនសិការ ៦១ នាក់ ក្នុង​ឆ្នាំ ២០១៣ កន្លង ទៅនេះ ដែល​កាលពី​ឆ្នាំ ២០១២ មានតែ ៤០ នាក់​ប៉ុណ្ណោះ ។​

​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ច្រំ​ដែលថា ការឃុំ​ឃាំង​អ្នក​ទាំងនេះ ព្រោះ​ពួកគេ​បាន​បំពាន​លើ​ច្បាប់ និង​មិន​ដែលមាន អ្នកទោសនយោបាយ​នៅ​វៀតណាម​ទេ ។​

សូមបញ្ជាក់ថា កាលពី​ខែកញ្ញា ឆ្នាំ ២០១៣ រដ្ឋាភិបាល​វៀតណាម ក៏បាន​ផ្ដន្ទាទោស​ព្រះសង្ឃ និង ពលរដ្ឋ​ខ្មែរក្រោម ៩ រូប ក្នុង នោះ មាន​ម្នាក់​កាត់ទោស​កំបាំងមុខ ម្នាក់ៗ​ឲ្យ​ជាប់គុក​ពី ១០ ខែ ទៅ ៦ ឆ្នាំ ពីបទ​ប្រឆាំង​រដ្ឋាភិបាល ផងដែរ ។ រហូតមក ទល់​នេះ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ នៅ​កំពុង​ជាប់គុក​នៅឡើយ ៕​

 

Leave A Reply

Your email address will not be published.