យួនកម្ទេចខ្លោងទ្វារខេត្តព្រះត្រពាំង ដើម្បីបិទបាំងប្រវត្តិសាស្ត្រកម្ពុជាក្រោម
ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់ យុង
នៅពេលថ្មី ៗ នេះ គឺថ្ងៃ សុក្រ ទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ មិត្តហ្វេស្បុកជាច្រើន ជាពិសេសខ្មែរក្រោម នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម បានដាក់ប្រកាសរូបភាពខ្លោងទ្វារចូលទៅកាន់ទីក្រុងព្រះត្រពាំង ដែលកំពុងត្រូវអាជ្ញាធរយួននៅខេត្តព្រះត្រពាំង ចេញបញ្ជាឲ្យរុះរើកម្ទេចចោលដោយអាងលេសថា មានរថយន្តស្ទូចមួយគ្រឿងបានបុកពារដំបូលខាងលើធ្វើឲ្យទ្រុឌទ្រោមលែង ទ្រាំទ្រតទៅទៀតបាន ។ ពាក្យប្រកាសនៅលើ ហ្វេកបុកជាច្រើននោះ មិត្តហ្វេកបុកទាំងឡាយ សុទ្ធតែបានបញ្ចេញគំនិតយោបល់ និងទស្សនៈផ្សេង ៗ ពីគ្នា ដើម្បីសំដែងទឹកចិត្តស្រណោះស្តាយវប្បធម៌របស់ជាតិរបស់ខ្លួនដែលកំពុងត្រូវយួនបំផ្លាញ ខ្លះបានសរសេរជាអក្សរខ្មែរ ខ្លះសរសេរជាអក្សរអង់គ្លេស ខ្លះទៀតសរសេរជាអក្សរយួន សុទ្ធសឹងមានខ្លឹមសារមិនដូចគ្នា គឺខ្លះសំដែងការសោកសៅស្តាយកេរដំណែលវប្បធម៌ដូនតាដែលបានបន្សល់ទុកជាប្រវត្តិសាស្ត្រ, ខ្លះយំទួញទាមទារឲ្យរក្សាទុកគង់រូបដូចដើម, ខ្លះដង្ហោយហៅគេឯង ហៅអន្តរជាតិឲ្យជួយអន្តរាគមន៍កុំឲ្យយួនបន្តបំផ្លិចបំផ្លាញវប្បធម៌ជាវត្ថុតាងប្រវត្តិសាស្ត្រខ្មែរតាមទំនើង, ខ្លះថាយួនបំផ្លាញអត្តសញ្ញាណជាតិខ្មែរ ទុកដូចបំផ្លាញជីវិតខ្មែរ, ខ្លះថាមើលទៅឃើញខ្លោងទ្វារខ្មែរត្រូវយួនប្រហារគួរឲ្យខ្លោចផ្សាអាណោចអាធ័មទ្រាំយំមិនបាន, ខ្លះសំដែងការក្តៅក្រហាយជេរប្រទេចផ្តន្ទាដាក់ផ្តាសាឲ្យយួនវិនាស សាបសូន្យទាន់ហាន់ , ខ្លះសំដែងការអស់សង្ឃឹមអួលដើមកនិយាយអ្វីមិនចេញក៏ដាក់បានត្រឹមតែរូបសញ្ញាសម្រក់ទឹកភ្នែកយ៉ាងសង្វេគ, ខ្លះរៀបរាប់ថាពីថ្ងៃនេះទៅលែងបានយល់ខ្លោងទ្វារជាដួងព្រលឹងខ្មែរក្រោម ដែលទូទាំងកម្ពុជាក្រោមមានខ្លោងទ្វារខ្មែរលើថ្នល់ជាតិនៅសល់តែមួយនេះគត់, ហើយទន្ទឹមនឹងនោះក៏មានអ្នកខ្លះបែរជានិយាយថា នេះក៏អាចជាប្រផ្នូលនៃការដួលរលំរបបកុម្មុយនីស្តយួន និងកេរ្តិ៍ឈ្មោះ ហូជីមិញ ក៏ត្រូវសាបរលាបលែងមានអ្នករំឭកជារៀងរហូត នៅពេលខាងមុខ, ឯខ្មែរក្រោមដែលនៅក្រោមអំណាចកុម្មុយនីស្តយួនក៏អាចមានសេរីភាពបូរិបូណ៌លើទឹកដីដូនតារបស់ខ្លួនឡើងវិញ, ព្រោះអ្វី ? ព្រោះថា ខ្លោងទ្វារជាវប្បធម៌របស់ខ្មែរដែលសាងឡើងដោយស្នាដៃបុព្វបុរសខ្មែរ បែរជាត្រូវយួនប្លន់យកទាំងងងើល ហើយដាក់បំពាក់ផ្លាកអក្សរយួនធំ ៗ ថា បក្សកុម្មុយនិស្តយួនរុងរឿងហ្មឺនឆ្នាំ (Dang Cong San Viet nam Quang Vinh Muon Nam) និងនៅម្ខាងទៀតបំពាក់ដោយផ្លាកថា នឹកគុណហូជីមិញអច្ឆរិយជាអមតៈ (Doi doi nho on Ho Chi Minh Vi Dai) ការដាក់ផ្លាកអក្សរខាងលើនេះ មិនមែនឆ្លុះបញ្ចាំងពីការចងបាច់សាមគ្គីជាភាតរភាពរវាងខ្មែរនិងយួននោះដូចមាត់ក្អែកយួន នោះទេ តែជាការបញ្ជាក់យ៉ាងច្បាស់នូវការដាក់គំនាប ដាក់មនោគមន៍ និងប្រកាសនូវមហាជោគជ័យកើតពីការឈ្លានពានជិះជាន់រំលោភបំពានយ៉ាងពេញទំហឹងរបស់យួនកុម្មុយនិស្តមកលើប្រជាជាតិកម្ពុជាក្រោម ទាំងជាការបង្ខំឲ្យខ្មែរក្រោម ទទួលស្គាល់ដឹងគុណហូជីមិញដែលជាមេកុម្មុយនីស្តប្លន់ទឹកដីកម្ពុជាក្រោម ព្រមទាំងជាការពើតទ្រូងបូញមាត់បត់ដុំដៃបង្អួត អឿបញ្ឈឺចិត្តខ្មែរពីភាពរុងរឿងហ្មឺនឆ្នាំរបស់បក្សកុម្មុយនិស្ត, តែឥឡូវនេះផ្លាកទាំងនោះក៏ត្រូវកូនចៅយួនរបស់គេជំនាន់នេះ ទំលាក់ចុះកម្ទេចចោលហើយ, ចំណែកឯខ្លោងទ្វារខ្មែរដែលឈរទ្រឹងកណ្តាលវាលហាលក្តៅ ត្រជាក់ ភ្លៀង ខ្យល់ ទ្រាំទុក្ខលំបាកធ្វើជាទម្រផ្លាកកុម្មុយនិស្តយួន អស់កាលជាយូរអង្វែងមកនោះ ពិតមែនតែឥឡូវត្រូវយួនកម្ទេចបំផ្លិចបំផ្លាញ តែហាក់បីដូចជាបុព្វនិមិត្តប្រាប់ថាខ្មែរក្រោមនឹងមានសេរីភាពរួចផុតពីនឹមត្រួតត្រាជិះជាន់របស់យួនទៅវិញ ។ នេះក៏រាប់ថាជាទស្សនៈមួយសមរម្យដែរ ល្មមក្នុងការពិចារណាឲ្យន័យបាន ។

សូមជម្រាបប្រិយមិត្តជិតឆ្ងាយឲ្យបានជ្រាបថា ខ្លោងទ្វារខ្មែរមួយនេះជាខ្លោងទ្វារខេត្តព្រះត្រពាំង បុព្វបុរសខ្មែរជាអ្នកកសាងឡើងជាយូរយារណាស់មកហើយ នៅលើផ្លូវថ្នល់ជាតិ ស្ថិតនៅភូមិសំរោង បច្ចុប្បន្នយួនប្តូរទៅជាភូមិ ហ្វៀកហ្វា (Ap Nguyet Hoa) ផ្លូវជាតិលេខ ៥៣ (QL 53) ជាផ្លូវចេញចូលទៅកាន់ទីក្រុងព្រៃនគរ និងខេត្តក្រុងនានា, ក្លោងទ្វារ នៅក្បែរវត្តសំរោងឯកដែរ កាលពីដើមវត្តនេះមានទំហំផ្ទៃដីលាតជិតដល់ខ្លោងទ្វារនោះ តែក្រោយមកពេលដែលយួនឈ្លានពានបានសម្រេចក៏ពុះច្រៀកដីវត្តធ្វើជាផ្លូវថ្នល់ បន្សល់នៅមួយចំណែកធួនល្មមឲ្យគង់ជាវត្តសំរោងឯកដល់សព្វថ្ងៃ ។ អ្នកដំណើរចេញចូលខេត្តព្រះត្រពាំងសុទ្ធសឹងតែត្រូវធ្វើដំណើរតាមខ្លោងទ្វារនេះទាំងអស់ ។ មួយទៀត បើលោកអ្នកធ្លាប់បានទៅទស្សនាកម្សាន្តរមណីយដ្ឋានគូស្រះស្រី លោកអ្នកច្បាស់ជាបានស្គាល់ខ្លោងទ្វារនេះជាមិនខាន ព្រោះនៅមិនឆ្ងាយពីគ្នាទេ មួយទៀតដើមឈើទាលឧកញ៉ាសឺន គុយ ក៏នៅក្នុងតំបន់នេះដែរ ។ ខ្លោងទ្វារនេះរចនាដោយជហ្វា ៦ មានសណ្ឋានទ្រវែង គងលើថ្នល់ជាតិ តាមបែបព្រះវិហារជហ្វា ៦ ដំបូល ៣ ជាន់ ប្រក់ដោយក្បឿងបែបចិនចាក់បេតុង លើកំពូលបំផុតប្រដាប់ដោយបដិមារាហូលេបព្រះចន្ទទ្រត្រៃសូល៍ លើខ្នងដំបូលនីមួយ ៗ បំពាក់ដោយដងក្តារ និងនាគចំនួន ១២ , នាគ ៤ ខាងជាន់លើបំផុត គឺនាគរាជក្បាល ៥, សសរ ៤ ជ្រុងធំ ៗ ចំនួន ៤ ដើមចាក់បេតុងយ៉ាងមាំ នៅក្បាលសសរនីមួយ ៗ ប្រដាប់ដោយគ្រុឌ និងកិន្នរ សរុបទាំងអស់ កិន្នរ ៤ គ្រុឌ ៤ ក្នុងនោះយួនក៏មិនភ្លេចលួចបន្លំដាក់ដៃរណែងបែបវប្បធម៌ចិន ដែលយួនទទួលយកជាវប្បធម៌របស់ខ្លួន ព្រោះតាំងតែពីដើមមកយួនមិនមានវប្បធម៌ក្បូរក្បាច់រចនាផ្នែកខាងសំណង់ទេ ។ បានឮចាស់ទុំដំណាលមកថា ខ្លោងទ្វារខ្មែរដែលនៅគង់ដល់សព្វថ្ងៃនេះ គឺបានដោយកម្លាំងតស៊ូទាមទាររក្សាទុករបស់ខ្មែរស្នេហាជាតិទាំងសង្ឃទាំងគ្រហស្ថច្រើនជំនាន់ ពីការប៉ុនប៉ងបំផ្លាញបំបាត់តឹកតាងប្រវត្តិសាស្ត្ររបស់កុម្មុយនីស្តយួន គឺយួនមានបំណងកម្ទេចខ្លោងទ្វារនេះចោលតាំងពីដើមមកម្ល៉េះតែយកអ្វីជាលេសមិនទាន់សមស្រប ទើបពេលនេះយួននឹកឃើញឧបាយកលមួយគឺចាត់ឲ្យរថយន្ត ធុនធំក្លែងបុកពារ ។ កាលពីជំនាន់មុនយួនបំពារបំពានធ្វើឲ្យខូចខាតខ្លះ តែបានជួសជុលឡើងវិញដោយអំណាចការតវ៉ាទាមទារយ៉ាងអង់អាចរបស់ប្រជាពលរដ្ឋខ្មែរក្រោម តែក្នុងពេលជួសជុលខ្មែរធ្វេសក៏ត្រូវយួនលួចដាក់បញ្ចូលក្បូរក្បាច់វប្បធម៌ ចិនយួនលាយឡំ គឺនៅត្រង់ក្បឿង និងដៃរណែងដើម្បីកាឡៃ តែក្រៅពីនោះគង់នៅជាក្បូរក្បាច់វប្បធម៌ខ្មែរសុទ្ធសាធ ។ ពេលធ្វើដំណើរម្តង ៗ យើងងើយមើលពីចម្ងាយទៅ ឃើញខ្លោងទ្វារខ្ពស់ត្រដឹម រាងសង្ហាហ៊ឹកហ៊ាក់ប្រទាក់ចិត្តឲ្យគិតកួចព្រួចនឹកថា ឱ ! នេះហើយជាព្រលឹងជាតិ បញ្ជាក់ថាទឹកដីនេះជាទឹកដីរបស់ខ្មែរពិតប្រាកដណាស់ ។

បណ្តាបុរាណវត្ថុជាភ័ស្តុតាងប្រវត្តិសាស្ត្រខ្មែរទាំងអស់ មានដើមឈើ ដូចយ៉ាងដើមឈើទាលឧកញ៉ា សឺន គុយជាដើម, ចេតិយដ្ឋានដូចយ៉ាងចេតិយឧកញ៉ាង សឺន គុយ ជាដើម, បុរាណដ្ឋាន ដូចយ៉ាងកំពង់ផែអូរកែវជាដើម, បូជនីយដ្ឋាន ដូចយ៉ាងវត្តអារាមជាដើម និងវត្ថុផ្សេង ៗ ទៀត មាន សាស្ត្រាស្លឹករឹត ពុទ្ធប្បដិមា សិលាចារឹក ជាដើម ព្រមទាំងវប្បធម៌ សិល្បៈ អក្សរសាស្ត្រ ភាសា សាសនា ឯកសារប្រវត្តិសាស្ត្រ ប្រពៃណីដែលជាអត្តសញ្ញាណ ជាដង្ហើមរស់របស់ខ្មែរក្រោម ក្នុងនោះក្លោងទ្វារខេត្តព្រះត្រពាំងនេះក៏ប្រៀបប្រដូចទៅនឹងព្រលឹងរស់របស់ជាតិខ្មែរក្រោម នៅកម្ពុជាក្រោមមួយដែរ ក្នុងការដាស់ស្មារតីជាតិខ្មែរនិងអន្តរជាតិឲ្យបានដឹងថា ទឹកដីកម្ពុជាក្រោម គឺពិតជាទឹកដីខ្មែរពិតដោយឥតប្រកែក ។ ដោយហេតុនោះ បានជាវត្ថុធាតុដែលរៀបរាប់ទាំងប៉ុន្មានខាងលើគ្មានវត្ថុធាតុណាមួយមានសំណាងរួចផុត ពីកណ្តាប់ដៃដែកប្របាច់គាប បំពារបំពានជ្រៀតតជ្រែកក្នុងគោលបំណងកាឡៃបំភ្លៃបំផ្លើសនិងបំផ្លិចបំផ្លាញរបស់យួននោះទេ គឺពេលខ្លះយួនបង្ខំខ្លួនពាក់ របាំងមុខមេត្តាធម៌ ពាក់មុខទេវតា ពាក់ស្បែកធម្មិករាជ…តែចិត្តនៅតែជាទេវទត្តដដែល ដើម្បីចូលទៅជ្រៀតជ្រែកឲ្យបានសព្វគ្រប់កិច្ចការរបស់ខ្មែរក្រោម គឺយួនមានគោលជំហរច្បាស់ណាស់ ថាត្រូវធ្វើយ៉ាងណាដើម្បីបំផ្លាញ បើបំផ្លាញមិនបានក៏ត្រូវតែជ្រៀតជ្រែក ដើម្បីកាឡៃបំភ្លៃបំផ្លើសឲ្យបានខ្លះបើមិនច្រើនក៏តិច ។ ជាក់ស្តែងដូចកាលពីពេលកន្លងមកហើយ ក្រោយពីពិធីបុណ្យខួប ៦៥ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម ដែលបារាំងបានកាត់ឲ្យទៅយួនទាំងបំពាន, កន្លងបាន ២ ថ្ងៃ គឺនៅថ្ងៃទី ៦ មិថុនា ២០១៤ លោកត្រឹង វ៉ាំង ថុង អ្នកនាំស្ថានទូតយួនប្រចាំក្រុងភ្នំពេញ ពាក់មុខដែកស្បែកស្ពាន់មិនចេះអៀនអន់ពិភពលោក ចេញមុខប្រកាសថា ទឹកដីកម្ពុជាក្រោម ពុំមែនជាទឹករបស់ខ្មែរទេ ជាទឹកដីដូនតាយួនទុកមកឲ្យយួនជំនាន់ក្រោយសោយសុខ ដែលធាតុពិតលើលោកនេះអ្នកសិក្សារាល់រូប សឹងតែដឹងគ្រប់គ្នាថាសូម្បីដូនតាយួនក៏គ្មានដីមួយដុំនៅនឹងគេផងនោះ ។
តាមការកត់ដម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកអាយនេះ យួនបានប្រើយុទ្ធសាស្ត្របញ្ចុះបញ្ចូលបញ្ចើចបញ្ជោរឲ្យគណៈកម្មការវត្ត និងព្រះសង្ឃខ្មែរក្រោមមួយចំនួន រុះរើបុរាណដ្ឋាន បុរាណវត្ថុ ជាមរតកវប្បធម៌ជាតិកាត់ថ្លៃមិនបាន ដូចជា សាលា កុដិ ព្រះវិហារមានអាយុកាលរាប់រយឆ្នាំ ហើយសាងសង់ថ្មីឡើងវិញជាដើម ។ ពិតមែនតែសម័យនេះអាចនិយាយបានថា សម្បូណ៌ទ្រព្យសម្បត្តិជាងសម័យមុន គេអាចសាងសង់ សាលា កុដិ វិហារ អស់តម្លៃរាប់សិបហ្មឺនដុល្លារបានក៏ពិតមែន តែវត្ថុទាំងនោះពុំមែនជាវត្ថុបុរាណទេ ពុំមែនជាស្នាព្រះហស្ត ស្នាដៃនៃបុព្វបុរសខ្មែរ ដែលលោកពុះពារគ្រប់ឧបស័គ្គសាងឡើងទុកជាកេរតំណែល និងជាភ័ស្តុតាងប្រវត្តិសាស្ត្ររបស់ជាតិនោះទេ របស់ថ្មី គឺថ្មី របស់ចាស់គឺចាស់មិនអាចដោះដូរគ្នាបានទេ មានតម្លៃពុំស្មើគ្នាទេ ដែលពិភពលោកនេះមានពាក្យថា ប្រវត្តិសាស្ត្រ ប្រវត្តិវិទូ ប្រវត្តិវិទ្យាជាដើម ក៏អាស្រ័យលើលោកមានរបស់ចាស់ដែលមានតម្លៃកាត់ថ្លៃមិនបានហ្នឹងឯង មិនមែនអាស្រ័យរបស់ថ្មីទេ ។
យួនបំផ្លាញចោលនូវខ្លោងទ្វារខ្មែរលើកនេះ ឈ្មោះថាយួនបានចាក់ចំដំបៅបេះដូងខ្មែរក្រោមមួយដាវយ៉ាងដំណំ នាំបណ្តាលឲ្យខ្មែរក្រោមគ្រប់មជ្ឈដ្ឋានចុកពើតផ្សាក្តៅ ចងចាំដំបៅនេះមិនភ្លេចជានិច្ច, សូម្បីកុលបុត្តកុលធីតាខ្មែរក្រោមរូខ្លះមិនធ្លាប់ទាំងដែលគិតគូពីរឿងវប្បធម៌ជាតិ អាយុជីវិតជាតិ ក៏មានស្មារតីភ្ងារនឹកនា បែរជាចង់ការពារសម្បត្តិវប្បធម៌ជាតិខ្លួនឲ្យគង់វង្សនឹងគេដែរ ព្រោះគេទាំងឡាយសុទ្ធតែបានយល់យ៉ាងច្បាស់ថា “វប្បធម៌សជាតិ” ។ ការណ៍នេះក៏អាចសិន្និដ្ឋានបានថា យួនកំពុងជន្លសាកល្បងបំផ្លាញវប្បធម៌ព្រលឹងជាតិខ្មែរមើល៍តើខ្មែរក្រោមម្ចាស់ស្រុកមានប្រតិកម្មអ្វីទេ ឬត្រូវថ្នាំសណ្តំសម្ងំដេកយកសុខ ទាំងអស់ហើយ,មិនដូច្នោះទេ បើយើងស្ទង់មតិតាមបណ្តាញសង្គមហ្វេស្បុកនិងទំនាក់ទំនងនានាបានឲ្យដឹងថា ខ្មែរក្រោមមិនសុខចិត្តដេកឱបដៃសណ្តូកជើងឲ្យយួនធ្វើអ្វីមកលើជាតិខ្លួនតាមតែអំពើចិត្តទេ បើទុកជាថ្ងៃមុខយួនសាងសង់ខ្លោងមួយទៀត ថ្មីស្អាតចំណាយអស់ទ្រព្យច្រើនជាងខ្លោងទ្វារចាស់នេះក៏ដោយ ក៏គ្មានខ្មែរក្រោមរូបណានីមួយសប្បាយចិត្តទេ ព្រោះសំណង់ថ្មីជាស្នាដៃយួន ពុំមែនជាស្នាដៃរបស់បុព្វបុរសខ្មែរយើងទៀតទេ យើងចង់រក្សាស្នាដៃចាស់ទុំយើងឲ្យឋិតថេរ យើងមិនត្រូវការរបស់ថ្មីដែលជាថ្នូរនៃការបំផ្លាញព្រលឹងដូនតាយើងនោះទេ, ល្បិចល្បួងដែលយួនគិតថាកាលបើសាងសង់សំណង់ថ្មី នឹងទិញទឹកចិត្តខ្មែរបាននោះ មិនខុសពីល្បិចចោរសម្លាប់ម្តាយកូនក្មេងហើយទិញនំលួងកុំឲ្យក្មេងយំនោះ ពុំមែនជាវិធី ពុំមែនជាវិជ្ជមានទេ ពុំអាចសម្រេចបំណងទេ ។
សរុបមកខ្មែរក្រោមមិនចង់អ្វីពីយួនទេ ហើយក៏មិនចង់ឃើញយួនដើរកម្ទេចបំផ្លិចបំផ្លាញវត្ថុបុរាណជាដួងព្រ លឹងជាតិខ្មែរក្រោម ហើយពុតធ្វើជាសាងសង់សំណង់ថ្មីជាជំនូន ដើម្បីក្លែងចូលទៅជ្រៀតជ្រែកកិច្ចការសាសនាកិច្ចការសិក្សា កិច្ចការវប្បធម៌ខ្មែរ ហើយឆ្លៀតឱកាសកាស ញុះញង់បំបែកបំបាក់សង្គមខ្មែរ កាឡៃប្រវត្តិសាស្ត្រខ្មែរនោះទេ ។ វត្ថុបំណងរបស់ខ្មែរក្រោមចង់បានជាបន្ទាន់គឺ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ទៅតាមច្បាប់អន្តរជាតិដែលបានចែងយ៉ាងសុក្រឹត ។ ក្នុងនាមជាជនជាតិដើម ជាម្ចាស់ទឹកម្ចាស់ដី ខ្មែរក្រោមត្រូវការសិទ្ធិពេញលេញក្នុងការធ្វើ ការនិយាយ ការគិតដោយសេរីភាព ដើម្បីការពារជាតិ សាសនា ភាសា វប្បធម៌ អក្សរសាស្ត្រ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ខ្លួនឲ្យគង់វង្សដូចគេឯងក្នុងនាមជាមនុស្សជាតិ ។ ខ្មែរក្រោមចង់ប្រាប់យួនថា ត្រូវចេះគោរពច្បាប់ជាតិ និងអន្តរជាតិឲ្យបានសមរម្យផង កុំពេញចិត្តនឹងតួល្ខោន “ចិត្តជាទេវទត្ត មាត់ជាទេវតា” នោះខ្លាំងពេក ព្រោះថានៅទីបំផុត ទេវទត្តទទួលបានលទ្ធផលមិនជាទីគាប់ចិត្តទេ ៕
Comments are closed.