រដ្ឋាភិបាលវៀតណាមឃុំខ្លួនអតីតអ្នកកាសែតដែលបាននិយាយរិះគន់
ដោយ ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
មន្ដ្រីវៀតណាមបានឃុំខ្លួនអតីតអ្នកកាសែតម្នាក់ និងជាអ្នកសរសេរកំណត់ត្រាព័ត៌មានតាមអ៊ីនធើរណិត (Blogger) ផងពីបទផ្សាយអត្ថបទមួយចំនួនដែលរិះគន់ដល់រដ្ឋាភិបាលកុម្មុយនិស្ដវៀតណាម ។

លោក ត្រឿង យី ញឹក (Truong Duy Nhat) ត្រូវអាជ្ញាធរចាប់ឃុំខ្លួនកាលពី ថ្ងៃអាទិត្យ នៅផ្ទះរបស់លោកនៅខេត្ដដាណាំង ហើយត្រូវអាជ្ញាធរចាប់បញ្ជូនទៅក្រុងហាណូយដើម្បីសួរចម្លើយ ។
លោកត្រូវរដ្ឋាភិបាលចោទថា បំពានលើសិទ្ធិសេរីភាពប្រជាធិបតេយ្យដោយរំលោភប្រយោជន៍របស់រដ្ឋ ដែលអាចជាប់ឃុំយូរបំផុត ៧ ឆ្នាំ ។
ស្ថានភាពនៃការរិះគន់ប្រឆាំងរដ្ឋាភិបាលវៀតណាមតាមអ៊ីនធើណិតបានមានការកើនឡើងកាលពីឆ្នាំមុន នៅក្នុងខណៈពេល ដែលវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរជាច្រើន ដោយបានធ្វើឲ្យប៉ះពាល់ដល់រូបភាព វៀតណាមដែលជាទីផ្សារមួយកំពុងលេចមុខបោះសំឡេង ។
អ្នកសរសេរព័ត៌មានតាម Blog ជាច្រើនបានរិះគន់ខ្លាំងៗចំពោះនាយករដ្ឋមន្ដ្រីវៀតណាម ង្វៀង តឹង យ៉ុង (Nguyen Tan Dung) ដោយចោទលោកពីបញ្ហាបក្សពួកនិយម និងការរៀបចំចាត់ចែងសេដ្ឋកិច្ចខុសទិសដៅ ៕