វៀតណាមចេញច្បាប់គ្រប់គ្រងសេវ៉ាកម្មឥតគិតថ្លៃលើអិនធើណិត
ដោយ ថាច់ ប្រីជា គឿន- សារព័ត៌មាន ព្រៃនគរ
រដ្ឋាភិបាលវៀតណាម មានគោលនយោបាយគ្រប់គ្រងសេវ៉ាព័ត៌មានទាក់ទងដែលមិនគិតថ្លៃនៅលើប្រព័ន្ធ អិនធើណិត ដូចជា Viber, Line និង Whatsapp ។ ការស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីវៀតណាម ដែលបានចុះផ្សាយនៅលើទំព័រកាសែតរដ្ឋក្នុងស្រុក ទីភ្នាក់ ងារព័ត៌មាន Reuters ដែលបានចេញផ្សាយកាលពីថ្ងៃទី ២១ ខែសីហា ថា ទង្វើនេះ អាចបង្កើនការព្រួយ បារម្ភដល់ការត្រួតពិនិត្យព័ត៌មានរបស់បក្សកុម្មុយនិស្តនៅវៀតណាម ។

កាសែតរដ្ឋនៃរដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមបានផ្សាយថា រដ្ឋាភិបាលអាចចេញ “បំរាម” រាល់សេវ៉ា កម្មផ្ញើសារមិនគិតថ្លៃ នៅលើប្រព័ន្ធអិនធើណិត ព្រោះជាការខាតបង់ដល់ក្រុមអ្នកផ្ដល់សេវ៉ាអិនធើណិត ។
អ្នកប្រើអិនធើណិតម្នាក់នៅវៀតណាម អ្នកសរសេរប្លក់ ម៉ាយ ស្វឹង យ៉ុង (Mai Xuân Dũng) បានប្រតិ កម្មនឹងដំណឹងនេះថា៖ “មិនងាយទេ ។ ការផ្ញើសារ ឬ ទូរស័ព្ទតាមអិនធើណិត មិនងាយត្រួតពិនិត្យ បានទេ ។ កិច្ចការនេះ មិនងាយស្រួលទេ និងមិនងាយអនុវត្តបានឡើយ ” ។
ប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុក បានស្រង់សម្ដីតំណាងក្រុមហ៊ុន Viettel ដែលជាក្រុមហ៊ុនផ្ដល់សេវ៉ាទូរស័ព្ទ ធំបំផុតនៅវៀតណាមថា ក្រុមហ៊ុននេះនឹងបាត់បង់ចំនួនពាក់កណ្ដាលនៃអតិថិជន ប្រសិនបើមនុស្សចំនួន ៤០ លាននាក់របស់ខ្លួន ងាកទៅប្រើសេវ៉ា Viber ដោយឥតគិតថ្លៃ នៅលើប្រពន្ធអិនធើណិតជំនួសឲ្យការហៅទូរស័ព្ទតាមរបៀបដើម ។
វៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ ត្រូវបានគេរិះគន់អំពីបញ្ហារឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងការបង្ក្រាប ទៅលើក្រុមអ្នកសរសេរប្លក់ដែលហ៊ានរិះគន់រដ្ឋាភិបាលបក្សកម្មុយនិស្ត ។
យោងយាមសេចក្ដីសម្រេចលេខ ៧២ ស្ដីពីការគ្រប់គ្រងអិនធើណិត នឹងមានប្រសិទ្ធិភាពចាប់ពីខែកញ្ញា ឆ្នាំ ២០១៣ នេះទៅ ។ សេចក្ដីសម្រេចនេះ ហាមក្រុមអ្នកសរសេរប្លក់ និងអ្នកប្រើបណ្ដាញសង្គមនៅវៀត ណាមចែករំលែក ឬ ផ្សព្វផ្សាយព័ត៌មានពីកាសែត និងគេហទំព័ររបស់រដ្ឋាភិបាល ។ ក្នុងនោះ Facebook និង Twitter មានសិទ្ធិត្រឹមតែចែករំលែក និងជជែកកម្សាន្តអំពីព័ត៌មានផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។
ក្រុមសមត្ថកិច្ចយួនបាននិយាយថា សេចក្ដីសម្រេចលេខ ៧២ ធ្វើឡើងដើម្បីធ្វើឲ្យមាន ការរីកចម្រើនខាង វិស័យអិនធើណិតនៅវៀតណាម ពីព្រោះ វាបានការពារដល់កម្មសិទ្ធិបញ្ញា ។
ផ្ទុយពីនេះ ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកប្រើបណ្ដាញអិនធើណិត បានរិះគន់សេចក្ដីសម្រេចនេះ ថា ជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ដើម្បីតម្រង់ដល់ការរឹតបន្តឹង និងគាបសង្កត់សេរីភាព ព័ត៌មាននៅលើអិនធើណិត របស់ប្រជាពលរដ្ឋ ៕