អាជ្ញាធរយួនឲ្យព្រះសង្ឃខ្មែរក្រោមរើរុះមណ្ឌបភ្នំពាន់
ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង|ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥
កាលពីថ្ងៃចន្ទ ទី ៣០ ខែមីនា ឆ្នាំ ២០១៥ នេះ អាជ្ញាធរយួនកុម្មុយនីស្ត ខេត្តព្រះត្រពាំង បានចេញបញ្ជាជាកំហិតឲ្យព្រះសង្ឃខ្មែរក្រោម វត្តសាគរគិរីកោះកើយ (ផ្នោរាំង) ស្ថិតនៅភូមិផ្នោរាំង ឃុំទួលសំរោង ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម រុះរើមណ្ឌបភ្នំពាន់ ដែលព្រះសង្ឃវត្តនេះខ្នះខ្នែងតុបតែងឡើងដើម្បីអបអរទទួលទេវតាឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយការចោទប្រកាន់ទៅលើព្រះសង្ឃថា មានចេតនាជ្រោងទង់ជាតិកម្ពុជាក្រោម នៅលើទឹកដីកម្ពុជាក្រោម ដែលកំពុងត្រូវគ្រប់គ្រងដោយរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ។

បុព្វហេតុដែលនាំបណ្តាលឲ្យអាជ្ញាធរយួនចោទប្រកាន់ ហើយហ៊ានដាក់បញ្ជាឲ្យព្រះសង្ឃវត្តសាគរគិរីកោះកើយ (ផ្នោរាំង) រុះរើមណ្ឌប ដែលព្រះសង្ឃវត្តនេះ បានព្រមព្រៀងគ្នាព្យាយាមចំណាយពេលរៀបចំតុបតែងយ៉ាងផ្ចិតផ្ចង់ជាច្រើនថ្ងៃទម្រាំតែបានសម្រេចជាមណ្ឌបដ៏ស្រស់សោភានាកណ្តាលមណ្ឌលភ្នំពាន់ ដោយគ្រាន់តែដំបូលនៃមណ្ឌបនោះត្រូវបានព្រះសង្ឃប្រក់សំពត់ ៣ ពណ៌គឺ ពណ៌ខៀវ លឿង ក្រហម ចួនចំលើពណ៌ទង់ជាតិកម្ពុជាក្រោម ក៏មាន ៣ ពណ៌ គឺ ខៀវ លឿង ក្រហម ដែរនោះ ម្ល៉ោះហើយយួនក៏ចោទប្រកាន់ទាំងទទឹងទិសថា ព្រះសង្ឃលើកទង់ជាតិកម្ពុជាក្រោម ។
កាលបើពិចារណាឲ្យហ្មត់ចត់ទៅលើរឿងនេះ វាជាការគួរឲ្យអស់សំណើចណាស់ ដែលអាជ្ញាធរយួនស្រៀវខ្លួនខុសទំនងបែបនេះ បើគ្រាន់តែពណ៌សំពត់ ៣ ពណ៌ខៀវ លឿង ក្រហមសោះ ក៏យួនសន្សំរឿងយកធ្វើជាលេសចោទប្រកាន់ថា “ទង់ជាតិកម្ពុជាក្រោម” ចំណុចស្រៀវស្រាញព្រឺព្រួចនេះ ឈានចុះក្នុងតម្រាថា “គោដំបៅខ្នង ក្អែកហើររម្លង រំសាយកន្ទុយ” គឺយួនតែងតែដឹងខ្លួនឯងថា កំពុងតែរស់នៅនិងគ្រប់គ្រងទាំងបំពារបំពានលើទឹកដីរបស់ខ្មែរក្រោម ម្ល៉ោះហើយយួនតែរស់នៅជាទុក្ខ ជាភ័យ ពុំដែលសុខពិតប្រាកដទេ ព្រោះខ្លាចម្ចាស់ទឹកដីគេមិនសុខចិត្តទាមទារយកមកវិញ តាមច្បាប់ធរមានរបស់អន្តរជាតិ ដែលខ្លួនមិនអាចប្រកែកបាន សមដូចពុទ្ធភាសិតថា “ជយំ វេរំ បសវតិ បុគ្គលអ្នកឈ្នះ តែងរងនូវពៀរ” គឺពិតមែនតែយួនបានឈ្នះខ្មែរក្រោមដោយអំពើចោរកម្មដណ្តើមយកទឹកដីកម្ពុជាក្រោមបានសម្រេចសមបំណងក៏ពិតមែន ប៉ុន្តែពៀរវេរាដែលយួនបានសាបព្រោះលើថ្នាលជិវិតខ្មែរក្រោមយ៉ាងព្រៃផ្សៃនឹងមិនងាយសាបសូន្យបានឡើយ លើសជាងនោះទៅទៀតយួននៅតែភ្ញាក់ខ្លួន តាមចងពៀរ ធ្វើទុក្ខបុកម្នេញ រំលោភបំពានលើសិទ្ធិសេរីភាពរបស់ខ្មែរក្រោមគ្រប់យ៉ាង ពោលគឺយួនមិនត្រឹមតែជាចោរលួចទឹកដីរបស់ខ្មែរក្រោមប៉ុណ្ណោះទេ ថែមទាំងជាចោរឧក្រិដ្ឋលួចសេរីភាពរបស់ខ្មែរក្រោមទៀតផង ។
ជាការពិតណាស់ខ្មែរក្រោមជាអ្នកចាញ់ ធម្មតាអ្នកចាញ់មិនដែលបានសុខទេ តែងតែទទួលទុក្ខទោសគ្រប់យ៉ាងពីអ្នកឈ្នះ ដូចពុទ្ធភាសិត “ទុក្ខំ សេតិ បរាជិតោ បុគ្គលអ្នកចាញ់តែងដេក (ការរស់នៅ) ជាទុក្ខ” ទុក្ខធំបំផុតរបស់ខ្មែរក្រោមនាពេលបច្ចុប្បន្ននេះគឺរស់គ្មនាសេរីភាព គ្មានសិទ្ធិពេញលេញដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង គឺខ្មែរក្រោមគិតអ្វី ធ្វើអ្វី និយាយអ្វី ក៏ត្រូវគិត ត្រូវធ្វើ ត្រូវនិយាយតាមយួនកុម្មុយនីស្តទាំងអស់ បើហ៊ានគិត ធ្វើ និយាយ ខុសពីការបង្គាប់បញ្ជារបស់គេ គេនឹងចោទថាជាអ្នកប្រតិកិរិយា ឬក្រុមប្រតិកិរិយា មានទោសក្បត់ជាតិ នឹងត្រូវកាត់ទោសទ័ណ្ឌជាទម្ងន់តាមច្បាប់ ។
ក្នុងរឿងអាជ្ញាធរយួនចោទប្រកាន់ព្រះសង្ឃសង់មណ្ឌបប្រក់សំពត់ពណ៌ ខៀវ លឿង ក្រហម ថាជាការលើកជ្រោងទង់ជាតិកម្ពុជាក្រោមនោះ ប្រសិនបើបើដូច្នោះមែន គួរតែអាជ្ញាធរយួនចោទប្រកាន់ទាំងរោងចក្រយួនដែលផលិតសំពត់ពណ៌ខៀវ លឿង ក្រហម នៅក្នុងប្រទេសយួនទាំងអស់ថា ជាអ្នកផលិតទង់កម្ពុជាក្រោមផងដែរទើបត្រឹមត្រូវព្រះសង្ឃជាវសំពត់នេះមកពីផ្សារយួន, ម្ល៉ោះហើយគួរតែចោទប្រកាន់រោងចក្រសំពត់ទាំងនោះថា ពិតជាមានចេតនាផលិតនិងគាំទ្រឲ្យមានការជ្រោងទង់ជាតិកម្ពុជាក្រោម លើទឹកដីកម្ពុជាក្រោមយ៉ាងពេញទំហឹងមែន ។ ទន្ទឹមនឹងនោះអាជ្ញាធរយួនក៏គួរតែចេញបញ្ជាឲ្យបិទរោងចក្រសំពត់ដែលមានផលិតសំពត់ពណ៌ ខៀវ លឿង ក្រហម ជាកំហិត និងផលិតផលសព្វសារពើភ័ណ្ឌទូទាំងប្រទេសដែលមានពណ៌ខៀវ លឿង ក្រហមដូចទង់ជាតិកម្ពុជាក្រោម ក៏ត្រូវឲ្យបំផ្លាញចោលដូចដែលខ្លួនបានចោទប្រកាន់ និងចេញបញ្ជាឲ្យព្រះសង្ឃខ្មែរក្រោមរុះរើមណ្ឌបដែល ប្រក់សំពត់ពណ៌ ខៀវ លឿង ក្រហមជាបន្ទាន់ដូច្នោះដែរ ទើបយុត្តិធម៌ មានតែធ្វើដូច្នោះទើបរារាំងកុំឲ្យមានពណ៌ខៀវ លឿង ក្រហមដ៏ស្រស់ឆើតពេញនិយមរបស់ប្រជាពលរដ្ឋយួន និងខ្មែរក្រោមនៅលើទឹកដីកម្ពុជាក្រោមតទៅទៀត, នេះនៅមិនទាន់និយាយដល់ការពេញនិយមប្រប្រាស់ពណ៌ ខៀវ លឿង ក្រហមរបស់ប្រជាពលលោកនោះផង ។ មួយទៀតទាល់តែចោទប្រកាន់ឲ្យគ្រប់សព្វជ្រុងជ្រោយបែបនេះ ទើបសមនឹងឈ្មោះយួនជាប្រទេសមួយខ្លាំងពូកែខាងការចោទប្រកាន់,ខាងមួលបង្កាច់, បំផ្លើសបំភ្លៃ, រំលោភបំពានក្នុងលោក ។
សេចក្តីពិតមណ្ឌបប្រក់ដំបូលដោយសំពត់ពណ៌ខៀវ លឿង ក្រហម ដែលត្រូវបានធ្វើឡើងដោយព្រះសង្ឃខ្មែរក្រោម វត្តសាគរគិរីកោះកើយ (ផ្នោរាំង) បើទុកណាជាអាជ្ញាធរយួនសង្កៀរចិត្តឆ្អិតទ្រូងមិនសុខចិត្តគិតចង់ចោទប្រកាន់យ៉ាងណាក៏ដោយ ក៏គួរតែធ្វើការបែងចែកឲ្យច្បាស់លាស់ជាមុនសិន ថាតើអ្វីជាមណ្ឌប ? អ្វីជាទង់ ? ឬអាជ្ញាធរយួនខ្លួនឯងមិនស្គាល់ច្បាស់ទង់ជាតិកម្ពុជាក្រោម ដែលអន្តរជាតិទទួលស្គាល់ជាផ្លូវការនោះ មានសណ្ឋានទ្រង់ទ្រាយបែបណា ? និង មិនស្គាល់មណ្ឌបមានសណ្ឋានទ្រង់ទ្រាយបែបណា ? បានជាមានការមមិងមមាំងងេងងោងច្រឡំបល់ថា ទង់ជាមណ្ឌប មណ្ឌបជាទង់ដូច្នេះទៅវិញ ? ។
សូមបញ្ជាក់ជាថ្មីថា នៅទូទាំងកម្ពុជាក្រោមតាំងពីបុរាណកាលរៀងរៀបដរាបមក នៅក្នុងវត្តនីមួយ ៗ ទោះបីបុណ្យធំតូចអ្វីក៏ដោយ មិនថាបុណ្យចូលឆ្នាំថ្មីខ្មែរ បុណ្យដូនតា បុណ្យកឋិន និងបុណ្យបញ្ចុះសីមាជាដើមទេ សុទ្ធតែរៀបចំតុបតែងស្អិតស្អាងឡើងដោយស្នាព្រះហស្តរបស់ព្រះសង្ឃស្ទើរតែ ១០០ % ឯគ្រហស្ថគ្រាន់តែឧបត្ថម្ភគាំទ្របច្ច័យ ៤ និងជួយជ្រោមជ្រែងចំពោះកិច្ចការខ្លះដែលព្រះសង្ឃធ្វើពុំកើតប៉ុណ្ណោះ ។
ចំពោះការរៀបចំមណ្ឌបភ្នំពាន់តាំងពិពរណ៍ពុទ្ធសាសនា និងវប្បធម៌ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណៅជាតិខ្មែរ ដោយមានការសង់មណ្ឌបចំកណ្តាលមណ្ឌលដើម្បីតម្កល់ព្រះពុទ្ធប្បដិមា និងសក្ការវត្ថុដទៃទៀត ឲ្យពុទ្ធបរិស័ទធ្វើដំណើរមួយជុំភ្នំពាន់ដែលប្រទាក់ក្រឡាដោយខ្សែ ហើយចូលទៅថ្វាយមង្គំព្រះពុទ្ធប្បដិមា ទុកជានិមិត្តរូបនៃការតស៊ូព្យាយាមធ្វើដំណើរតាមស្នាមព្រះបាទនៃសម្មាសម្ពុទ្ធដោយការប្រព្រឹត្តសីល សមាធិ បញ្ញា ទោះបីលំបាកយ៉ាងណាក៏មិនងាករេ ។ ការរៀបចំធ្វើនេះ គ្រាន់តែដើម្បីអភិក្ស និងផ្សព្វផ្សាយនូវវប្បធម៌ សាសនា ទំនៀមទម្លាប់របស់ខ្លួនប៉ុណ្ណោះ ។ ប៉ុន្តែត្រូវអាជ្ញាធរយួនចោទប្រកាន់ ហើយចេញបញ្ជាឲ្យរុះរើជាបន្ទាន់ ធ្វើឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទជើងវត្តសាគរគិរីកោះកើយ (ផ្នោរាំង) និងខ្មែរក្រោមជាទូទៅមានការក្តៅក្រហាយ នឹងរដ្ឋាភិបាលយួនយ៉ាងក្រៃលែង ។
ដំណើរនេះឆ្លុះបញ្ចាំងឲ្យឃើញរឹតតែច្បាស់ នូវសេចក្តីថ្លែងការណ៍លាតត្រដាងការពិតរបស់ប្រេសិតអង្គការសហប្រជាជាតិ អំពីការរំលោភសិទ្ធិសាសនារបស់រដ្ឋាភិបាលយួនកុម្មុយនីស្តក្នុងពេលថ្មី ៗ នេះ ថាជាការពិតដល់កម្រិត ១០០ % ។
ក្នុងនាមជាខ្មែរក្រោមជនជាតិដើម យើងត្រូវការសេរីភាពប្រើសិទ្ធិរបស់ខ្លួនក្នុងការគិត ការនិយាយ ការធ្វើ ស្របតាមច្បាប់ធរមានរបស់ជាតិ និងអន្តរជាតិ ដើម្បីសម្រេចវាសនាខ្លួនដោយខ្លួនឯង នៅលើទឹកដីដូនតាយើង ដូចជាជនជាតិដទៃទៀតនៅលើលោកនេះដែរ មិនមែនសម្រេចវាសនាខ្លួនដោយយួនតទៅទៀតទេ ។ យើងប្រឆាំងយ៉ាងដាច់អហង្ការនូវរាល់ទង្វើរំលោភបំពានសិទ្ធិសេរីភាពក្នុងការរស់នៅ របស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ទាំងផ្នែកសាសនា ទាំងផ្នែកវប្បធម៌ និងសិទ្ធិជាមនុស្សជាតិ ដើម្បីរក្សានូវអត្តសញ្ញាណជាតិសាសនារបស់យើងជាខ្មែរក្រោមជនជាតិដើមម្ចាស់ទឹកដី ៕
Comments are closed.