ព្រះសង្ឃ​ខ្មែរក្រោម​មិន​ទ្រម​ចំពោះមុខ​សត្រូវ​

230

​ដោយ ភិក្ខុ នាថ​សី​លោ ត្រឹង ថាច់​យុង​ ​

នៅ ​ថ្ងៃ​អង្គារ​ទី ៣១ ខែ មីនា ឆ្នាំ ២០១៥ កន្លងទៅ​មួយថ្ងៃ ក្រោយពី​អាជ្ញាធរ​យួន បានដាក់​បញ្ជា​ជា​កំហិត​ឲ្យ​ព្រះសង្ឃ​ខ្មែរក្រោម វត្ត​សាគរ​គិរី​កោះ​កើយ (​ផ្នោ​រាំង​) ភូមិ​ផ្នោ​រាំង ឃុំ​ទួល​សំរោង ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម រុះរើ​មណ្ឌប​ភ្នំ​ពាន់​ប្រក់​សំពត់ ៣ ពណ៌ គឺ​ខៀវ លឿង ក្រហម ដោយ​ជ្រើស​យក​ពណ៌​ទាំង ៣ ខាងដើម​នៃ​ទង់​ព្រះពុទ្ធសាសនា ដែលមាន​ពណ៌​ទាំង ៦ គឺ ខៀវ លឿង ក្រហម ស ហង្សបាទ និង​ភ្លឺ​ផ្លេក ដើម្បី​តាក់តែង​ធ្វើជា​មណ្ឌល​តាំង​ពិ​ពរណ៍ ពុទ្ធសាសនា និង​វប្បធម៌​ខ្មែរ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី ១៤ – ១៦ មេសា​ខាងមុខនេះ ជាបន្ទាន់​នោះ ព្រះសង្ឃ​វត្ត​នេះ ក៏បាន​ព្រមព្រៀងគ្នា​សាង​រោង​លាត​ដំបូល​កាត់ មាន​ទ្រង់ទ្រាយ ៤ ជ្រុង​ទ្រវែង សំយាបរោង​តុបតែង​លម្អ​ដោយ​រចនា​រំភាយ​សំពត់​ពណ៌​ខៀវ​ប្រវែង​ប្រហែល​មួយ​ ចំអាម​កន្លះ​ចង​រម្សាយ​ជាយ​ចុះក្រោម​ដោយ​ជុំវិញ ឯ​ប៉ែក​ខាងក្រោម​ផ្ទាល់​ដី​ចង​ព័ទ្ធ​ដោយ​រំភាយ​សំពត់​ពីរ​ថ្នាក់ គឺ​ថ្នាក់លើ​សំពត់​ពណ៌​លឿង​ដូច​ពណ៌​ទង់​ពុទ្ធសាសនា ថ្នាក់ក្រោម​បំផុត​ប្តូរ​ពី​ពណ៌​ក្រហម​ទៅជា​ពណ៌​ស្លា​ទុំ បង្ការ​កុំ​ឲ្យ​អាជ្ញាធរ​យួន​មក​អុកឡុក​ចាប់​ធ្នាក់​ដាក់​បញ្ជា​ឲ្យ​រុះ​ រើចេញ​កណ្តាល​បុណ្យចូលឆ្នាំថ្មី នាំ​ឲ្យ​ក្តៅក្រហាយ​ដល់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ​ដែល​កំពុង​សប្បាយរីករាយ​ទទួល​ឆ្នាំ​ថ្មី​, ឯ​ដំបូល​ប្រដាប់​ដោយ​ក្លស់​ទាំង ៧ មើល​ពី​ចម្ងាយ​ទៅ​ដូចជា​ប្រាសាទ​កំពូល ៧ ជា​និ​ម​ត្ត​រូប​នៃ​ទេពធីតា ៧ ព្រះអង្គ និង​ទេវធម៌ ៧ ប្រការ គឺ សទ្ធា ជឿជាក់​លើ​កិច្ចការងារ និង​លទ្ធផល​នៃ​កិច្ចការងារ ១ សីលៈ សីលធម៌ ១ សុតៈ សិក្សា​ស្រាវជ្រាវ និង​ស្តាប់​ស្ទាបស្ទង់​ហេតុផល ១ ចាគៈ បរិច្ចាគ​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​បញ្ញា កម្លាំង​ទ្រព្យ ១ បញ្ញា វាងវៃ​ឈ្លាស​ឆ្លាត ១ ហិរិ ខ្មាស​បាប ១ ឱត្តប្បៈ ខ្លាច​ខ្ពើម​បាប ១, ឯ​សរសរ​រោង​ពីរ​ដើម​ធំ ៗ ខាងមុខ រុំ​ដោយ​សំពត់​ពណ៌​ក្រហម ចំណែក​សសរ​ដទៃទៀត​រុំ​ដោយ​ពណ៌ លឿង និង​ពណ៌​ខៀវ ជា​តំណាង​ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​ជា​សសរទ្រូង​ជាតិ , មណ្ឌល​រោង​ទាំងមូល​រំលេច​ដោយ​ភ្លើងពណ៌​ភ្លឺ​ផ្លេក​ប្រដេញ​គ្នា​ឆ្វៀលឆ្វាត់​ , ចំ​ពីមុខ​រោង​ចង​ដោយ​បដា​ពណ៌​ខៀវ អក្សរ​ពណ៌​ស ថា “​មហាសង្ក្រាន្ត​ជោគជតារាសី​ឆ្នាំ​ថ្មី​” ។

មណ្ឌបភ្នំពាន់ នៅវត្តផ្នោរាំង ដែលអាជ្ញាធរវៀតណាមឲ្យព្រសង្ឃរុះរើ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ ។
មណ្ឌបភ្នំពាន់ នៅវត្តផ្នោរាំង ដែលអាជ្ញាធរវៀតណាមឲ្យព្រសង្ឃរុះរើ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៥ ។

រោង​លាត​ដែល​ព្រះសង្ឃ​សង់​ឡើង​ភ្លាម ៗ ដើម្បី​ឲ្យ​ទាន់ពេល​បុណ្យចូលឆ្នាំថ្មី​នោះ ទោះបី​មិនបាន​ស្អាត​រុងរឿង​វិសេសវិសាល​ត្រកាល​ថ្កើង​ថ្កុំ​ស្មើនឹង​មណ្ឌប ដែល​អាជ្ញាធរ​យួន​ឲ្យ​រុះរើ​ជាបន្ទាន់​ក៏ពិតមែន តែ​នេះ​ជា​សមិទ្ធកម្ម​ដ៏​ពិសិដ្ឋ​មួយ មានតម្លៃ​កាត់ថ្លៃ​ពុំបាន ព្រោះ​អ្វី ? ព្រោះ​វណ្ណ​កម្មនេះ ប្រៀបដូចជា​អតិសុខុមទស្សន៍​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ដល់​ជម្រៅ​ព្រះទ័យ​ស្នេហា​ ជាតិ ស្នេហា​សាសនា ស្នេហា​វប្បធម៌ ដ៏​ពិត ៗ របស់​ព្រះសង្ឃ​ខ្មែរក្រោម​ឥត​ងាករេ ពុំមាន​អំណាច​អ្វីមួយ ទុកជា​អំណាច​ជិះជាន់ រំលោភបំពាន អំណាច​ស័ក្តិយស អំណាច​ទ្រព្យ ក៏​ពុំ​អាចរំលាយ ឬ ទិញដូរ​បានឡើយ ។ មិនតែប៉ុណ្ណោះ នៅ​ទាំង​ស​ឲ្យ​ឃើញ​នូវ​សាមគ្គី​ភាពមិន​បែកបាក់ សច្ច​ភាពមិន​ប្រែប្រួល បញ្ញា​កែច្នៃ​វៃ​ឈ្លាស​មិន​ទញ់ចិត្ត មិន​ទាល់គំនិត ដូច​បុរាណ​ភាសិត​ពោលថា “​ដប់​ទាល់​ម្ភៃ​ទាល់ កុំ​ទាល់គំនិត ដប់​គិត​ម្ភៃ​គិត កុំ​គិត​ការណ៍​ឆ្វេង​…” ភាព​អង់អាច​ក្លៀវក្លា​ពុំ​ញាប់​ញ័រ ការតស៊ូ​ព្យាយាម​ពុំ​រាថយ​ពុំ​ខ្ជិលច្រអូស ភាព​អត់ធ្មត់​ស៊ូទ្រាំ​ពុំ​ក្រេវក្រោធ ភាព​រឹងប៉ឹង​ពុំ​មានះ​រឹងត្អឹង ចិត្ត​ទោរទន់​ពុំ​ទន់ជ្រាយ ធម្មធាតុ​ទាំងនេះហើយ ជា​បុព្វនិមិត្ត ឬ​ជា​អាវុធ​នៃ​ការរើបម្រះ​ដើម្បី​សេរីភាព របស់​ព្រះសង្ឃ​ខ្មែរក្រោម​តាំងពី​ជំនាន់​ដើម​រៀង​មកដល់​ជំនាន់​នេះ នៅតែ​រក្សាបាន​នូវ​គោលជំហរ​ដដែល ពុំដែល​ងាករេ​ភ្លាត់​ខុស​ចាក​គន្លង​បុព្វ​វីរ​សមណៈ​របស់​ផង​ខ្លួន​ឡើយ ដូច​បុរាណ​ភាសិត​ថា “​ទីណា​មានការ​រើបម្រះ ទីនោះ​មានការ​រើបម្រះ​” សម​ដូច​បណ្តាំ​របស់​ព្រះ​បាឡាត់​ឃោស​នាគ​អាចារ្យ​ហែម ចៀវ រដ្ឋបុរស​ខ្មែរ​ជំនាន់​អាណានិគម​បារាំង ដាស់​ស្មារតី​ជាតិ​នៅពេល​បារាំង​បញ្ជូនទៅ​កាត់ទោស​នៅ​គុក​ធំ​ក្រុង​ព្រៃនគរ កម្ពុជា​ក្រោម ហើយ​ក្រោយមក​តុលាការ​បារាំង​បាន​កាត់ទោស​លោក​នឹង​សហការី ឲ្យ​ជាប់គុក​កោះ​ត្រឡាច​អស់​មួយជីវិត​ថា “​ក្នុង​វដ្ត​សង្សារ​ដ៏​ធំធេង​នេះ គ្មានអ្វី​ប្រសើរ​ជាង​ការធ្វើ​ខ្លួន​យើង​ម្នាក់ ៗ ឲ្យ​មាន​សេរីភាព​សម្បូណ៌​សប្បាយ​នោះឡើយ ចំណែក​ខ្លួន​ខ្ញុំ ខ្ញុំ​រើបម្រះ​មិន​រួច​ទេ​តាម​ផ្លូវកាយ តែ​តាម​ផ្លូវចិត្ត​វិញ​ខ្ញុំ​ឈ្នះ​ជន​កំណាច​ឈ្លានពាន​នេះហើយ សូម​បងប្អូន​បន្ត​កិច្ចការ​នេះ​កុំបី​រុញ​រា​ឲ្យ​សោះ ទើប​យើង​បាន​សុខ បើ​យើង​ខ្លាច​ឬ​មិន​ស្រុះស្រួល​គ្នា​ការប្រយុទ្ធ​របស់​យើង​មុខជា​មិន​ឈ្នះ​ យ៉ាង​ដាច់ខាត ។ ជីវិត​យើង​រស់​គ្មាន​សេរី តើ​យើង​ព្រម​រស់​ថោកទាប​ដូច​សត្វ​តិរច្ឆាន​ឬ ? ខំ​ទៅ​នឿយ​មុន​ស្រណុក​ក្រោយ !” ។ លោក​បាន​បញ្ជាក់ទៀតថា “​យើង​គ្រប់គ្នា​កំពុង​រស់នៅ​ក្រោម​អំណាច​កិលេស​តណ្ហា​របស់ខ្លួន​មួយ​ជាន់​ ស្រាប់​ទៅហើយ យើង​រើបម្រះ​មិនទាន់រួច​នៅឡើយ​ទេ ហេតុនេះ​យើង​មិនអាច​បណ្តោយ​ខ្លួន​ឲ្យ​មនុស្ស​ដូចគ្នា​មក​ជិះជាន់​យើង​មួយ​ ជាន់​ទៀត​បានឡើយ ” ។

ក្នុង ​រឿង​រើបម្រះ​ដើម្បី​សេរីភាព​នេះ​សោត គឺជា​គោលដៅ​តែមួយគត់​របស់​ពុទ្ធសាសនា ។ ព្រះសម្មាសម្ពុទ្ធ​តែងតែ​ទេសនា​ដាស់តឿន​ក្រើនរំឭក​សាវ័ក​សាវិកា​របស់​ទ្រង់​ ជាប់​ជានិច្ច​ថា អ្នក​ទាំងឡាយ​ចូរ​កុំ​ធ្វេសប្រហែស​ខ្លួន​ឲ្យ​សោះ ត្រូវ​ខំប្រឹង​ពឹង​ខ្លួនឯង និង​ពឹង​លើ​ច្បាប់ (​ធ​ម្មៈ​) ដើម្បី​រើបម្រះ​ចេញពី​អំណាច​តណ្ហា ឲ្យ​បានសម្រេច​សេរី​ភាពជា​ស្ថាពរ​ឲ្យ​ត្រ​តែ​បាន សឹង​មាន​ព្រះ​តម្រាស់​ជា​គោល​ថា​” អប្បមាទរ​តា ហោ​ថ ស​ចិត្ត​មនុរ​ក្ខ​ថ ទុ​គ្គា ឧ​ទ្ធ​រថ​ត្តា​នំ ប​ង្កេ សន្នោ​វ កុញ្ជ​រោ អ្នក​ទាំងឡាយ ចូរ​ត្រេកអរ​ក្នុង​សេចក្តី​មិន​ប្រមាទ ចូរ​តាម​រក្សា​ចិត្ត​របស់ខ្លួន ចូរ​រើខ្លួន​ឡើង​ចាក​ភក់ គឺ​កិលេស ដូចជា​ដំរី​ដែល​ជាប់​ភក់ ហើយ​ខំប្រឹង​រើខ្លួន​រួច​បាន​ដូច្នោះ​ឯង​” ។ កា​លប់​សិក្សា​ព្រះពុទ្ធ​ភាសិត​នេះ​ហាក់ដូចជា​ព្រះពុទ្ធ​ទ្រង់​កំពុង​ ដាស់តឿន​ក្រើន​រំឭកស្មារតី​ខ្មែរក្រោម ដែល​កំពុង​រស់នៅ​ទាំង​ត្រដរ​ត្រដាបត្រដួស​ក្រោម​អំណាច​របស់​រដ្ឋាភិបាល​ កុម្មុយនីស្ត​យួន ដែល​ប្រៀបដូចជា​ដំរី​ធំ​ផុងខ្លួន​ធ្លាក់​ក្នុង​រណ្តៅ​ភក់​ដ៏​ជ្រៅ ឲ្យ​មានចិត្ត​អត់ធ្មត់​ប្រឹងប្រែង​រើខ្លួន ដរាប​ដល់​រើខ្លួន​រួច​ចាក​ពី​អំណាច​យួន ដោយ​ការព្យាយាម​តស៊ូ​មិន​ប្រមាទ​ពាយងាយ ព្រោះ​ប្រមាទ​ជា​ផ្លូវស្លាប់ ឯ​ការមិន​ប្រមាទ​ផ្លូវរស់ ។ ព្រះពុទ្ធ​ទ្រង់​ឲ្យ​យើង​ចេះ​ចិញ្ចឹមចិត្ត សន្សំ​ចិត្ត ថែរក្សា​ចិត្ត​ស្នេហា​ជាតិ​ឲ្យ​រស់នៅ​ក្នង​ខ្លួន​ជានិច្ច កុំ​ឲ្យ​ធ្លាក់​ទឹកចិត្ត​អស់សង្ឃឹម​រាថយ​បណ្តោយ​ខ្លួន​ឲ្យ​ស្លាប់​អសារ​បង់ ព្រោះថា ដរាបណា​ប្រជា​ជា​ជាតិ​រក្សា​ចិត្ត​ស្នេហា​ជាតិ​បាន ដរាប​នោះ​ជាតិ​នៅមាន​សង្ឃឹម​, ដរាបណា​ទឹកចិត្ត​ស្នេហា​ជាតិ​នៅ​គង់វង្ស​មិនទាន់​សាបសូន្យ ជាតិ​ក៏​នៅ​គង់​ស​ង្ស​មិនទាន់​សាបសូន្យ ។ គួរ​សិក្សា​ពិចារណា​ធម៌ ៣ ប្រការ​ក្នុង​ពុទ្ធភាសិត​នេះ គឺ ទី ១ អប្បមា​ទៈ បាន​ដល់​សេចក្តី​មិន​ប្រមាទ​ធ្វេសប្រហែស​, ទី ២ ចិត្តៈ គឺ​ការចិញ្ចឹម​បីបាច់​ថែរក្សា​ចិត្ត​ស្នេហា​ជាតិ​ដោយ​យកចិត្តទុកដាក់ ហើយ​នាំគ្នា​បន្ត​ពូជ​ចិត្ត​ស្នេហា​ជាតិ​នេះ ឲ្យ​មាន​ច្រើន​លូតលាស់​ទូលំទូលាយ​, ទី ៣ កម្មៈ បាន​ដល់​ការ​សាមគ្គី​ព្រមព្រៀងគ្នា​ធ្វើ​ការងារ​សព្វបែបយ៉ាង​ដែល​ត្រឹមត្រូវ ​តាម​គន្លង​ច្បា​ប់លោក និង​គន្លង​ធម៌ ហើយ​មាន​ប្រយោជន៍​ដល់​ជាតិ​សាសនា​ក្នុង​គោលការណ៍​រើបម្រះ​ចេញពី​សឹកសត្រូវ​ ខាងក្នុង​ខ្លួន​គឺ​កិលេស​តណ្ហា និង​សឹកសត្រូវ​ខាងក្រៅ​គឺ​យួន ។ សេចក្តី​ត្រង់នេះ ព្រះពុទ្ធ​ទ្រង់​ធ្វើ​សេចក្តី​បញ្ជាក់ថា ដរាបណា​សត្វលោក​នៅ​មិនទាន់​កម្ចាត់​បង់​កិលេស​ឲ្យ​អស់ជើង ដរាប​នោះ​សត្វលោក​នៅតែមាន​ទុក្ខ គ្មានទេ​សេរីភាព ជា​ខ្ញុំកញ្ជះ​នៃ​កិលេស​តណ្ហា យ៉ាងណាមិញ​ដរាបណា​ខ្មែរក្រោម​នៅ​មិនទាន់​រើខ្លួន​ចេញ​ផុតពី​នឹម​ដែក​របស់​ យួន ដរាប​នោះ​ខ្មែរក្រោម​នៅតែមាន​ទុក្ខ មានការ​ឈឺចាប់​គ្មាន​ទីបំផុត គ្មាន​សេរីភាព គ្មាន​សន្តិភាព គ្មាន​វឌ្ឍនភាព គ្មាន​យុត្តិធម៌ ក៏​យ៉ាង​នោះដែរ ។

ដោយហេតុដូច្នោះ ​បានជា​ព្រះពុទ្ធ​ទ្រង់​បង្រៀន​ឲ្យ​សត្វលោក​តាំងចិត្ត​ព្យាយាម​ធ្វ​ ការរើបម្រះ តាមរយៈ​ការប្រព្រឹត្ត​សីល សមាធិ បញ្ញា ដើម្បី​សេរីភាព​រួចផុត​កិលេស​តណ្ហា ៕

Comments are closed.