បទវិចារណកថា៖ វៀតណាម កំពុងតែខ្លាច ចំពោះសហព័ន្ធខែ្មរកម្ពុជាក្រោម
វៀតណាម កំពុងតែខ្លាច ចំពោះសហព័ន្ធខែ្មរកម្ពុជាក្រោម
បទវិចារណកថា ដោយ លោក ថាច់ វឿង
ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២០
សហព័ន្ធខែ្មរកម្ពុជាក្រោម ជាអង្គការជាតិកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងមានសាខានៅជុំវិញពិភពលោក ដឹកនាំដោយក្រុមគណៈកម្មការយក ធើ្វការជាក្រុម Team Work សុទ្ធសឹងជាអ្នកមានបទពិសោធន៍ ធ្លាប់បានធ្លងកាត់របបនយោបាយជាច្រើនជំនាន់ ធ្វើសកម្មភាពតស៊ូមតិលើឆាកអន្តរជាតិ ជាច្រើនឆ្នាំកន្លងមកហើយ ដើម្បីទាមទារសិទិ្ធសម្រេចវាសនាខ្លួនដោយខ្លួងឯង តាមច្បាប់អន្តរជាតិ ជូនខែ្មរក្រោមជាជនជាតិដើម ជាម្ចាស់ទឹកដីរាប់លាននាក់ ដែលកំពុងតែរស់នៅលើដែនដីកម្ពុជាក្រោម ដែលមនុស្សលើលោកនេះ ត្រូវតែមាន ត្រូវតែទទួលបាន ។ ចំពោះរដ្ឋាភិបាលកំពុង ធ្វើអាណានិគមលើជនជាតិមួយជាម្ចាស់ទឹកដី មិនគោរពម្ចាស់ទឹកដី នៅតែប្រកាន់ខ្ជាប់ការជិះជាន់ ការបំបិទសិទិ្ធ ការប្រល័យពូជាសាសន៍ ការកែកាឡៃប្រវត្តិសាស្រ្ត គឺជារឿងហួសសម័យ ត្រូវពិភពលោកស្អប់ខ្ពើម ទទួលរងការថ្កោលទោសពីគ្រប់ទិស ។ ចំណែក សហព័ន្ធខែ្មរកម្ពុជាក្រោម ប្រកាន់យក គោលការណ៍អហិង្សា សន្តិវិធី និងធ្វើទំនាក់ទំនងការទូត ដោយមានការគាំទ្រ និងស្វាគមន៍ជានិច្ច ពីសហគមន៍អន្តរជាតិ មានអង្គការសហប្រជាជាតិ និងប្រទេសមហាអំណាចជាដើម ។

របបកុម្មុយនិស្ត ដឹកនាំមិនបានល្អ ធ្វើបាប ជិះជាន់ គាបសង្កត់តែប្រជាជនខ្លួនឯង នៅលើលោកនេះ ត្រូវដួលរលំម្តងមួយៗ ជិតអស់ទៅហើយ ។ តាមការសងេ្កតឃើញ សព្វថៃ្ងនេះ នៅកម្ពុជាក្រោម រដ្ឋាភិបាលកម្មុយនិស្តយួន កំពុងតែដើរឃោសនាចោទប្រកាន់សហព័ន្ធខែ្មរកម្ពុជាក្រោមថា ជាអង្គការ ញុះញង់បំបែកបំបាក់ប្រជាជនវៀតណាម និងចង់បំបែកទឹកដីវៀតណាម ដោយទាមទារយកទឹកដីកម្ពុជាក្រោម មកវិញ ជាដើម ។ ម្យ៉ាងទៀត ករណីដែលរដ្ឋាភិបាលយួនបានរំលោភបំពានសិទិ្ធខែ្មរក្រោម និងបង្ករឿងដោយខ្លួនឯង តែបែរជាមកចោទថា សហព័ន្ធខែ្មរកម្ពុជក្រោម ជាអ្នកនៅពីក្រោយខ្នងទៅវិញ ។ ករណីជាក់ស្ដែង ដូចជា៖
ពេលខែ្មរក្រោមរស់នៅក្រៅប្រទេស ចុះទៅលេងស្រុកកំណើតម្តងម្កាល អាជ្ញាធរយួនតែងតែកោះហៅទៅសួរចម្លើយ និងចោទពីបទពាក់ព័ន្ធ នឹងសហព័ន្ធខែ្មរកម្ពុជាក្រោម ។ ពួកគេបានលាតត្រដាង នូវរចនាសម្ព័ន្ធរបស់សហព័ន្ធខែ្មរកម្ពុជាក្រោម និងគេបានរាប់ឈ្មាះថ្នាក់ដឹកនាំទាំងអស់ ដោយចង់បង្ហាញថា សហព័ន្ធខ្មែរកម្ពុជាក្រោម ធើ្វអ្វីក៏ដោយ ក៏គេដឹងដែរ ។ គេឃោសនា កុំឲ្យជឿ កុំឲ្យគាំទ្រ សហព័ន្ធខ្មែរកម្ពុជាក្រោម និងកុំឲ្យប្រើពាក្យថា “ខែ្មរក្រោម” និងពាក្យ “សហព័ន្ធខែ្មរកម្ពុជាក្រោម” ព្រោះរដ្ឋាភិបាលយួនមិនពេញចិត្ត នឹងពា្យទាំងនេះ ។
នៅខេត្តក្រមួនស យួនយកដីខែ្មរក្រោម ចាប់ខែ្មរក្រោមដាក់គុក ហើយហាមឃាត់មិនឲ្យទាក់ទងសហព័ន្ធខែ្មរកម្ពុជាក្រោម នៅក្រៅប្រទេស និងបានចោទថា សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអ្នកនៅពីក្រោយខ្នង ។ ពិភពលោក សម័យបច្ចុប្បន្ននេះ វាលែងតែអ្នកឯងកុំធ្វើ តែបើបានធ្វើហើយ មិនអាចបិទបាំងភែ្នកអន្តរជាតិបានឡើយ ។
ក្រុមយុវជនខែ្មរក្រោម គ្រាន់តែបង្ហោះសារតាមបណ្តាញសង្គម គាំទ្រថៃ្ងបាត់បង់ទឹកដី ឬឯកសារប្រវត្តិសាស្រ្ត ឬបញ្ចេញមតិយោបល់ គាំទ្រសកម្មភាពសហព័ន្ធខែ្មរកម្ពុជាក្រោម Facebook យុវជនខ្លះមានរូបភាពទង់ខែ្មរក្រោម ខៀ វលឿង ក្រហម ពាក់អាវយឺតមានរូបភាពថៃ្ងទី ៤ ខែមិថុនា ឆ្នាំ ១៩៤៩ ស្តាប់ចម្រៀងសេ្នហាជាតិខែ្មរក្រោម ត្រូវអាជ្ញាធរយួនចោទប្រកាន់ពីបទជឿតាម សហព័ន្ធខែ្មរកម្ពុជាក្រោម ញុះញង់បង្ក អស្ថិរភាពសង្គម ។
យុវជនខែ្មរក្រោមខ្លះ នាំគ្នាទៅសុំច្បាប់បង្កើតអង្គការសមាគមខែ្មរ គេហាមមិនឲ្យប្រើឈ្មាះខែ្មរក្រោម រួចហើយគេសួរថាមាន KKF គឺសហព័ន្ធខែ្មរកម្ពុជាក្រោម នៅពីក្រោយទេ បន្ទាប់មកគេមិនឆ្លើយតបអី្វទាំងអស់ ។
អ្វីដែលរដ្ឋាភិបាលយួនកំពុងតែប្រតិកម្មនោះ បង្ហាញឲ្យឃើញថា រដ្ឋាភិបាលយួនកំពុងតែមាន ការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ចំពោះពន្លឺសេរីភាពដែលកើតចេញពីការតស៊ូមតិរបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម នៅលើឆាកអន្តរជាតិ សព្វថ្ងៃ ។ រដ្ឋាភិបាលយួនកំពុងតែព្រួយបារម្ភចំពោះអំណាច នៃពលរដ្ឋខ្មែរក្រោម ដែលទទួលបាននូវពន្លឺសិទ្ធិសេរីភាពជាមូលដ្ឋាន ហើយប្រើប្រាស់នូវសិទ្ធិទាំងនោះ ដើម្បីឈានទៅរកការអនុវត្តនូវ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ក្នុងនាមជាម្ចាស់ស្រុក នៃដែន ដីកម្ពុជាក្រោម នាពេលអនាគតដ៏ខ្លីនេះ ៕