វៀតណាម​បញ្ជា​ឲ្យ​សមាគម​សង្ឃ​រឹប​យក​ត្រា​ពី​ព្រះចៅអធិការ​វត្ត​ដីក្រហម​

109

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​រដ្ឋាភិបាល​វៀតណាម​បាន​បញ្ជា​ឲ្យ​សមាគម​ព្រះសង្ឃ​ខ្មែរ​ខេត្ត​ព្រះ​ត្រពាំង និមន្ត​ព្រះតេជព្រះគុណ គឹម ហាន់ ព្រះ​ចៅ អធិការ​វត្ត​ដីក្រហម ទៅ​សាលា​គណ​ខេត្ត ដែល​ឋិត​នៅក្នុង​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ដើម្បី​បង្ខំ​ឲ្យ​ព្រះចៅអធិការ វត្ត​អង្គ​នេះ ប្រគល់​ត្រា​វត្ត​ដែលមាន​ឆ្លាក់​អក្សរ​ខ្មែរ​ថា “​កម្ពុជា​ក្រោម​” ឲ្យ​អាជ្ញាធរ​វៀតណាម ។ ការបញ្ជា​ឲ្យ​មន្ត្រី ស​ង្យ យក​ត្រា​វត្ត​នេះ បន្ទាប់ពី​នាយក​នគរបាល​វៀតណាម​ខេត្ត​ព្រះ​ត្រពាំង​បាន​ទៅដល់​វត្ត​ដីក្រហម ដើម្បី​យក​ត្រា​នេះ​ជា ច្រើនលើក​ពី​ព្រះចៅអធិការ​វត្ត តែ​មិនបាន​សម្រេច​ដោយ​ព្រះចៅអធិការ​វត្ត​បាន​ឆ្លើយថា ព្រះអង្គ​បាន​ចោល​ត្រា នេះ​ទៅក្នុង​ទឹកទន្លេ​បាត់​ហើយ ។​

ត្រាដែលវៀតណាមចង់យកពីវត្តដីក្រហម ។
ត្រាដែលវៀតណាមចង់យកពីវត្តដីក្រហម ។

​ប្រភពព័ត៌មាន​ពី​ព្រះសង្ឃ​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​បានដឹង​ហេតុការណ៍ បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ថា សាលា​គណ​ខេត្ត​ព្រះ​ត្រពាំង បាន​និមន្ត​ព្រះតេជព្រះគុណ គឹម ហាន់ ទៅ​សាលា​គណ​ខេត្ត ដើម្បី​ប្រគល់​ត្រា​វត្ត​ឲ្យ សាលា​គណ​តាម​ការបង្គាប់បញ្ជា​ពី​រដ្ឋាភិបាល​វៀតណាម ។ ប្រភព​ដដែល​បាន​ប្រាប់ថា ព្រះតេជព្រះគុណ គឹម ហាន់ មិនមាន​ត្រា​ប្រគល់​ឲ្យ​សាលា​គណ​ខេត្ត​ទេ ព្រោះ​ត្រា​នោះ ព្រះអង្គ​បាន​ចោល​ទៅក្នុង​ទឹកទន្លេ​បាត់​ហើយ បន្ទាប់ពី​មានការ​គំរាមកំហែង​យក​ជាច្រើនលើក​ពី​រដ្ឋាភិបាល​វៀតណាម ។ ក្រោយមក មន្ត្រី​សង្ឃ​ខេត្ត​បាន​ឲ្យ​ព្រះ តេជ​ព្រះ គុណ គឹម ហាន់ ធ្វើ​សេចក្ដីរាយការណ៍​មួយ​ឲ្យ​សាលា​គណ​ខេត្ត ដើម្បី​ខ្លួន​ធ្វើ​សេចក្ដីរាយការណ៍​បន្ត ឲ្យ​អាជ្ញាធរ​វៀតណាម ។​

យោងតាម​សេចក្ដីរាយការណ៍​ជា​សំណេរ​ដៃ​របស់ ព្រះតេជព្រះគុណ គឹម ហាន់ ចុះ​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០១៤ ជូនទៅ​សាលា​គណ​ខេត្ត ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ទទួលបាន តាមរយៈ​ព្រះសង្ឃ​មួយអង្គ​ដែល ស្និទ្ធ​នឹង​សាលា​គណ​ខេត្ត មាន​សេចក្ដី​ថា​៖

“​ខ្ញុំព្រះករុណា​ជា​ព្រះចៅអធិការ គឹម ហាន់ គង់នៅ​វត្ត​លាវ​ចន្ទ​ស្សរា​រាម (​ដីក្រហម​) សូម​ធ្វើ​សេចក្ដីរាយការណ៍​ដូច​ត ទៅនេះ ខ្ញុំព្រះករុណា​សូម​ទទួលកំហុស​ដែល​បាន​បោះចោល​ត្រា​កេរ​វត្ត ព្រះតេជព្រះគុណ ចោល​ទៅ​ទន្លេមេគង្គ ខាងលិច​វត្ត​ពិតប្រាកដ​មែន ។ នេះ​ជា​កំហុស​របស់ខ្ញុំ  ព្រោះ​ភ័យខ្លាច ។ សូម​ព្រះតេជព្រះគុណ និង គណៈសង្ឃ​ខេត្ត ព្រមទាំង​គណៈកម្មការ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​អា​ធ្យា​ស្រ័យ​” ។

​ប្រភពព័ត៌មាន​ពី​អ្នកស្រុក​ចំណុះជើងវត្ត​ដីក្រហម បាន​ប្រាប់ថា នៅ​ថ្ងៃទី ៥ ខែសីហា កន្លងទៅនេះ លោក ឡេ ថា​ន់ ដៅ (Lê Thanh Đấu) នាយក​នគរបាល​យួន​ខេត្ត​ព្រះ​ត្រពាំង បាន​ចុះមក​វត្ត​ដីក្រហម ដើម្បី​យក​ត្រា​នេះ តែ​ត្រូវ បាន​ព្រះចៅអធិការ​វត្ត​ឆ្លើយថា ព្រះអង្គ​បាន​ចោល​ទៅក្នុង​ទន្លេ​ហើយ ។ ប្រភព​ដដែល​បាន​ប្រាប់ថា លោក ឡេ ថា​ន់ ថា​ន់ ដៅ បាន​និយាយ​សំឡេង​ធំៗ​ដាក់​ព្រះតេជព្រះគុណ គឹម ហាន់ ថា តាមច្បាប់​ប្រទេស​វៀតណាម ត្រា​ដែល​មិនបាន​ចុះឈ្មោះ​នៅក្នុង​រដ្ឋាភិបាល​បាល ត្រូវ​យកទៅ​ប្រគល់​ឲ្យ​រដ្ឋ ឬ ឲ្យ​សមគម​ជា​អ្នកគ្រប់គ្រង ។​

រឿង​រ៉ាង​ដែល​អាជ្ញាធរ​វៀតណាម​ចង់យក​ត្រា​វត្ត​ដីក្រហម​នេះ បានកើត​ឡើង​ជាង​មួយខែ​ហើយ ។ ប្រភពពី​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ដីក្រហម បាន​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១១ ខែកក្កដា ថា អាជ្ញាធរ​វៀតណាម បាន​កោះហៅ ព្រះតេជព្រះគុណ គឹម ហាន់ ឲ្យ​យក​ត្រា​របស់​វត្ត​ទៅ​សាលាស្រុក​ថ្កូវ ដើម្បី​ប្រគល់​ឲ្យ​អាជ្ញាធរ នៅ​ថ្ងៃ​ចន្ទ ទី ១៣ ខែកក្កដា ឆ្នាំ ២០១៤ ម្ដង​រួចហើយ តែ​ព្រះអង្គ​មិនបាន​យកទៅ​តាម​ការកោះហៅ​ទេ ។

នាយនគរបាលយួន ឡេ ថាន់ ដៅ ប្រគេនទេយ្យវត្ថុដល់ ព្រះមេគណខេត្តព្រះត្រពាំង  ព្រះតេជព្រះគុណ ថាច់ អង ។
នាយនគរបាលយួន ឡេ ថាន់ ដៅ ប្រគេនទេយ្យវត្ថុដល់ ព្រះមេគណខេត្តព្រះត្រពាំង
ព្រះតេជព្រះគុណ ថាច់ អង ។

​ការដែល​អាជ្ញាធរ​វៀតណាម​ចង់​រឹប​យក​ត្រា ព្រោះ​នៅពេល​ថ្មីៗ​នេះ អាជ្ញាធរ​វៀតណាម​បានដឹងថា វត្ត​ដីក្រហម​បាន​រក្សាទុក​នូវ​ត្រា​របស់​វត្ត​មួយ​ដែល​បាន​ឆ្លាក់​អក្សរ​ថា “​កម្ពុជា​ក្រោម​” ។ ត្រា​នេះ ជា​កេរ​ដំ​ណែ​ក​ដែល​បាន​បន្សល់ទុក​មកពី ព្រះតេជព្រះគុណ មហា ត្រឹង យន់ ជា​អតីត​ព្រះចៅអធិការ​ទី ២៧ នៃ​វត្ត​ដីក្រហម  និង​ជា​អតីត​ព្រះ​មេគណ​ទី ១០ នៃ​ខេត្ត​ព្រះ​ត្រពាំង ដែល​ទើបតែ​អនិច្ចធម្ម កាលពី​ឆ្នាំ ២០០៩ ។​

​ត្រា​វត្ត​ដីក្រហម​ដែល​អាជ្ញាធរ​វៀតណាម​ត្រៀម​រឹប​យក​នេះ ជា​ត្រា​មូល ជុំវិញ​មាន​ឆ្លាក់​អក្សរ​ក្បាច់​ខ្មែរ​បុរាណ​ថា “​វត្ត​ដី ក្រហម – ឃុំ​ហាម​យ៉ាង ស្រុក​ត្រា​កូវ – ខេត្ត​ត្រា​យិ​ញ​- កម្ពុជា​ក្រោម​” និង​នៅ​ចំ​កណ្ដាល​រង្វង់​មូល​មាន​កាំរស្មី​ចំនួន ១៧ ហើយ​មាន ឆ្លាក់​តួ អក្សរ “​ព ធ ស​” ។ ប្រភព​បាន​ប្រាប់ថា បច្ចុប្បន្ន ត្រា​នេះ វត្ត​មិន​ប្រើ​ជា​ផ្លូវការ​ទេ ក្រោយពី​ព្រះ តេជ​ព្រះ​គុណ ត្រឹង យន់ បាន​អនិច្ចធម្ម​ទៅ និង​បន្ទាប់ពី​រដ្ឋាភិបាល​វៀត​ណា​ម បានអនុម័ត​ឲ្យ​វត្ត​ទាំងអស់​ទូទាំង ដែនដី​កម្ពុជា​ក្រោម​ត្រូវ​ឯកភាព​ប្រើ​ត្រា​អក្សរ​យួន ដែល​រដ្ឋាភិបាល​វៀតណាម​ធ្វើ​ឲ្យ ។​

​សូមបញ្ជាក់ថា នៅពេល​ថ្មីៗ​នេះ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ បានធ្វើ​សេចក្ដីរាយការណ៍​ថា ព្រះសង្ឃ​ខ្មែរក្រោម​ចង់បាន​នូវ​ភាពម្ចាស់ការ​របស់ខ្លួន​ក្នុងការ​ប្រតិបត្តិ​សាសនា ដែល​មិន​ឋិត​នៅក្រោម​ការត្រួតត្រា  របស់​សមាគម​ព្រះពុទ្ធសាសនា​វៀតណាម និង​បញ្ហា​ផ្សេងទៀត ។

លោក​ Heiner Bielefeldt អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួលបន្ទុក​ផ្នែក​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា ។
លោក​ Heiner Bielefeldt អ្នករាយការណ៍​ពិសេស​របស់​អ.ស.ប ទទួលបន្ទុក​ផ្នែក​សិទ្ធិសេរីភាព​ខាង​ជំនឿ​សាសនា ។

​ក្រោយពី​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម ១០ ថ្ងៃ លោក Bielefeldt បានចេញ​របាយការណ៍ ស្ដីពី​បញ្ហា រំលោភសិទ្ធិ​សាសនា​នៅ​វៀតណាម​កម្រាស់ ១៣ ទំព័រ ។ ក្នុង​របាយការណ៍​នេះ លោក​ក៏បាន បញ្ជាក់​អំពី​ស្ថានភាព សិទ្ធិសេរីភាព​សាសនា​នៅ​កម្ពុជា​ក្រោម​ថា ៖

“​នៅក្នុង​កិច្ច​ជួប​សន្ទនា​ជាមួយនឹង​តំណាង​សមាគម ពុទ្ធសាសនា ឯករាជ្យ ខ្ញុំ​បានឮ​នូវ​ពាក្យ​ត្អូញត្អែរ​អំពី​ស្ថានភាព ការបង្ក្រាប​នៅតែ​កើតមាន ដូចជា នគរបាល​បានមក​ប្រមូលផ្ដុំ ចាប់​ពលរដ្ឋ​ឃុំឃាំង​នៅក្នុង​ផ្ទះ ចាប់​ដាក់គុក និង រឹប​យក​របស់ទ្រព្យ ជាដើម …​។ ទង្វើ​ដែល​រដ្ឋាភិបាល​វៀតណាម បដិសេធ​ការប្រតិបត្តិ សាសនា​របស់​ក្រុម​ដែល រដ្ឋ មិនបាន​ទទួលស្គាល់ ដែល​ខ្ញុំ​បាន​ជួប​សន្ទនា​ជាមួយ ជា​សញ្ញា​មួយ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ក្រុម​អ្នក កាន់​ព្រះពុទ្ធសាសនា​ដែលមាន​ជំហរ​ឯករាជ​ពី​រដ្ឋាភិបាល មិនអាច​អនុវត្ត​នូវ​សេរីភាព​ក្នុងការ​ប្រតិបត្តិ សាសនា បានទេ ។ ក្នុងនោះ ព្រះសង្ឃ​ខ្មែរក្រោម ក៏​ចង់បាន​នូវ​សិទ្ធិ​ម្ចាស់ ការមិន​ត្រឹមតែ​ពី​សមាគម​ព្រះពុទ្ធសាសនា​វៀត ណា​ម​តែប៉ុណ្ណោះ​ទេ ថែមទាំង​ចង់បាន​សិទ្ធិ​ម្ចាស់ការ​នៅលើ​វិស័យ ផ្សេងៗ​ទៀត ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា នេះដែរ​” ៕

Comments are closed.