វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​ទប់ស្កាត់ បាតុកម្ម​នៅមុខ​ស្ថានទូត​

249

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន (Lê Hải Bình) បាន​ថ្កោល ទោស​សកម្មភាព បាតុកម្ម​នៅមុខ ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ​ថា បានធ្វើ​ឡើង​ដោយ “​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​” និង​ថា វៀតណាម​នឹង​ស្នើ​ឲ្យ​រដ្ឋា ភិ​បាល​កម្ពុជា​ចាត់វិធានការ​ទប់ស្កាត់ ។​

លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ។
លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ។

​ថ្លែង​ក្នុង​សន្និសីទកាសែត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១០ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោក ឡេ ហាយ បិ​ន បាន​ហៅ​ក្រុមអ្នកតវ៉ា​នៅមុខ​ស្ថានទូត​វៀតណាម​ថា​ជា “​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​” និង​បានចាត់ទុក ការតវ៉ា​របស់​ក្រុម យុវជន ខ្មែរ​ថា​ជា “​កំហុស​” មួយ នាំ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​នៅក្នុង​ប្រទេស​កម្ពុជា ។​

​លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖

“​ការដែល​ក្រុម​ជ្រុលនិយម​មួយ​ក្ដាប់​តូច​នៅ​កម្ពុជា​យក​លែះ​ធ្វើបាតុកម្ម នៅមុខ ស្ថានទូត​វៀតណាម​នៅ ទីក្រុង​ភ្នំពេញ គឺជា​សកម្មភាព​ខុសឆ្គង​មួយ​ក្នុង​គោលបំណង​ធ្វើ​ខូច​សណ្ដាប់ធ្នាប់​នៅក្នុង​ប្រ ទេស​កម្ពុជា និង​មិន​ស្របទៅនឹង​ចំណងមិត្តភាព​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ដែលមាន​ប្រពៃណី​ដ៏​ល្អ​រវាង​វៀត ណា​ម និង​កម្ពុជា​ឡើយ​” ។​

​វៀតណាម​នឹង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​មួយ ត្រូវបាន​គេ​មើលឃើញថា ជា​រណប​របស់ វៀតណាម​នោះ ចាត់វិធានការ​លើ​ក្រុមអ្នកតវ៉ា​នៅពេល​ខាងមុខ និង​ថា​បាតុកម្ម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ មិត្តភាព​រវាង​ប្រទេស កម្ពុជា និង​វៀតណាម ។​

លោក ឡេ ហាយ បិ​ន បាន​ថ្លែងថា​៖

“​នេះ​ជាការ​ធ្វើបាតុកម្ម​បំពាន​នឹង​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រពៃណី​ទំនាក់ទំនង​ដ៏ ល្អ​រវាង​វៀតណាម និង​កម្ពុជា ។ វៀតណាម​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជាមាន​វិធានការ​ទប់ស្កាត់ រាល់​សកម្មភាព​ដដែល នេះ ដែល​នឹង​កើតឡើង នៅពេល​ខាងមុខ​” ។​

នៅ​ថ្ងៃទី ១០ ខែ​កក្ដ​ដា គ្រប់​កាសែត​រដ្ឋ​របស់​បក្ស​ក​ម្មុយ​និ​ស្ត​វៀតណាម​ទូទាំងប្រទេស​បាន​ចុះផ្សាយ “​រឿង​បាតុកម្ម នៅមុខ​ស្ថាន ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​” បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ បាន​ថ្លែង ការណ៍​រឿងនេះ រួចមក ។ កាសែត​ទាំងនេះ បាន​ស្រង់​សម្ដី​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដោយ​ប្រើពាក្យ​ថា “Khmer Kampuchea Krom” ដែលជា​ពាក្យ​មួយ​ដ៏​រសើប​សម្រាប់​រដ្ឋាភិបាល វៀតណាម ។ ពាក្យ “Khmer Kampuchea Krom” ដែល​កាសែត​រដ្ឋ​វៀតណាម​យកមកប្រើ​នោះ ដើម្បី​បញ្ជាក់​ឡើង វិញ​នូវ​សេចក្ដីថ្លែងការណ៍ ចុះ​ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៤ របស់​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា​ថា សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ជា​អ្នកតំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ជា​អ្នករៀបចំ​ធ្វើបាតុកម្ម ។​

​ទោះបី​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​ថ្លែងថា បាតុកម្ម​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​មិត្តភាព​រវាង កម្ពុជា​និង​វៀតណាម​យ៉ាងណាក៏ដោយ ក៏​មន្ត្រី​នាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា លោក កុយ គួ​ង បាន ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ថា ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នាពេល​កន្លងមក គឺ​មិន​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀត ណា​ម​ទេ ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី ០៨ ខែកក្កដា ប្រជាពលរដ្ឋ និង ព្រះសង្ឃ​ដែល​ដឹកនាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ជាច្រើន​រយ នាក់​បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឱ្យ​អ្នកនាំពាក្យ​ស្ថានទូត​នេះ ចេញមុខ សុំ ទោស ជា​សាធារណៈ​ចំពោះ​អ្វីដែល​ខ្លួន​ធ្លាប់បាន​អះអាងថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀត ណា​ម​តាំងពី​យូរ យារ ណាស់​មកហើយ មិនមែន​បានមកពី​ការ​កាត់​ទឹកដី​ដោយ​បារាំង​នៅ​ថ្ងៃទី ៤ ខែមិថុនា​ឆ្នាំ ១៩៤៩ នោះទេ ។ បាតុកម្ម​នេះ មាន មនុស្ស​យ៉ាងតិច​ប្រមាណ ១០ នាក់ ត្រូវបាន​កម្លាំង​សន្តិសុខ​វាយ​ឱ្យ​របួសស្រាល​ក្នុងខណៈពេល​ពួកគេ​បាន​ព្យាយាម​បុក របាំង ការពារ​របស់​ប៉ូលិស​ឆ្ពោះទៅកាន់​ស្ថានទូត​វៀតណាម ។​

​ការដែល​វៀតណាម​ស្នើ​ឲ្យ​កម្ពុជា​ទប់ស្កាត់​ការធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​វៀតណាម​នោះ ត្រូវបាន​គេ​មើលឃើញថា ក្រុម យុវជន ខ្មែរ ជាច្រើន ក្រុម​បានប្រកាសថា នឹងធ្វើ​បាតុកម្ម​លើក​ទី ២ នៅមុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃទី ១៦ ខែកក្កដា ខាង មុខ​នេះ ដើម្បី​សុំ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាំ​ង ថុង ទទួលស្គាល់​ការពិត​ប្រវត្តិសាស្ត្រ​នៃ​ដែន ដី​កម្ពុជា ក្រោម ៕​

 

Comments are closed.