អាមេរិកចេញរបាយការណ៍ ពីការរំលោភសិទ្ធិមនុស្ស នៅវៀតណាម
ដោយ ស៊ឺន ចែងចើន
សហរដ្ឋអាមេរិកបង្ហាញកំណត់ត្រាសិទ្ធិមនុស្សវៀតណាម នៅតែអាក្រក់នៅឡើយ ។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី ១១ មីនា ។

នៅក្នុងរបាយការណ៍ថ្មីនោះ សហរដ្ឋអាមេរិក រកឃើញថា រដ្ឋាភិបាលវៀតណាម បានរំលោភបំពានទៅលើបញ្ហាជាច្រើន រួមទាំងការចាប់ពង្រត់ ការឃុំឃាំង ឬការបង្ខាំងតាមអំពើចិត្ត ការធ្វើទារុណកម្ម ការរឹតត្បិតសេរីភាព ចំពោះអ្នកទោសនយោបាយ ។
របាយការណ៍ដដែលនោះ ក្រសួងការបរទេសអាមេរិក បានដាក់ប្រទេសវៀតណាម ទៅក្នុងប្រទេសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រួមមាន ការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត សេរីភាពលើជំនឿសាសនា ។ លើសពីនេះ សហរដ្ឋអាមេរិក ក៏ចោទប្រកាន់រដ្ឋាភិបាលវៀតណាម ពីការចាប់ខ្លួន និងឃុំខ្លួនតាមអំពើចិត្ត ដើម្បីបំបិទមាត់អ្នកដែលហ៊ាននិយាយប្រឆាំង និងនិន្នាការនយោយបាយរបស់ខ្លួន ។
ប្រតិកម្មតបទៅ នឹងរបាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិកនេះដែរ រដ្ឋាភិបាលក្រុងហាណូយ នៅថ្ងៃទី ២៣ មីនា ប្រកាសជាថ្មីម្តងទៀតថា «វៀតណាម ជានិច្ចកាលរក្សាគោលនយោបាយស្របទៅ នឹងការគោរព ការពារ និងលើកកម្ពស់សិទ្ធិមនុស្ស» ។
សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ឡេ ធីធូហាំង (Lê Thị Thu Hằng) នាសន្និសីទកាសែតក្នុងក្រុងហាណូយ យ៉ាងដូច្នេះថា «វៀតណាម បានកត់សម្គាល់ឃើញថា របាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានគូសបញ្ជាក់ទៅលើកិច្ចខិតខំប្រឹងប្រែង និងការវិវត្តនៃការលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់ប្រជាជន ។ ទន្ទឹម នឹងនេះ ខ្លឹមសារមួយចំនួន នៅខ្វះមូលដ្ឋានច្បាស់លាស់ ដោយផ្អែកតែលើព័ត៌មាន ដែលមានលក្ខណៈបំភ័ន្ត និងមិនឆ្លុះបញ្ចាំងពីស្ថានភាពការពិត នៅវៀតណាម» ។
ប្រទេសវៀតណាម នាប៉ុន្មានឆ្នាំកន្លងទៅនេះ តែងតែចេញមុខប្រឆាំងជំទាស់ និងរិះគន់ទៅលើរបាយការណ៍ ស្តីអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសវៀតណាម របស់ក្រសួងការបរទេសអាមេរិក និងតែងចាត់ទុករបាយការណ៍នោះថា មិនត្រឹមត្រូវ និងលម្អៀងទៀតផង ៕