វៀតណាម សងសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ” មកឲ្យព្រះសង្ឃខ្មែរក្រោមវិញហើយ
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អាជ្ញាធរវៀតណាម នៅក្នុងខេត្តព្រះត្រពាំង បានសងសៀវភៅវេយ្យាករណ៍ខ្មែរមួយដែលមានចំណងជើងថា “វេយ្យាករណ៍ខ្មែរ សង្គ្រោះ” មកឲ្យព្រះសង្ឃខ្មែរក្រោមម្ចាស់បោះពុម្ពវិញហើយ បន្ទាប់ពីពួកគេយកទៅពិនិត្យឃើញថា មិនមានអ្វីដែលពួកគេចាត់ ទុកថា “ខុសច្បាប់នៃបក្សកុម្មុយនិស្តវៀតណាម” ។ សៀវភៅនេះ ត្រូវបានអាជ្ញាធរហាមចែកចាយទូលាយនៅដែនដីកម្ពុជា ក្រោម ទោះអាជ្ញាធរបានសងមកហើយក៏ដោយ ។

វៀតណាម សងសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ” មកឲ្យព្រះសង្ឃខ្មែរក្រោមវិញហើយ
ព្រះតេជព្រះគុណ ថាច់ កាន់ ឬ ថាច់ ចន្ទតារា និស្សិតនៃសាកលវិទ្យាល័យមហាចុឡាឡុងករណ៍រាជវិទ្យាល័យ នៅក្នុងប្រ ទេសថៃ ជាម្ចាស់ទទួលខុសត្រូវបោះពុម្ពសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ” ដែលជាស្នាដៃរៀបរៀងដោយ លោក ថាច់ ឯក បានបញ្ជាក់ប្រាប់ VOKK នៅថ្ងៃទី ១៩ ខែមិថុនា ពេលដែលព្រះអង្គទើបតែត្រឡប់ពីស្រុកកំណើតមកដល់ប្រទេសថៃ ថា អាជ្ញាធរបានសងសៀវភៅនេះ មកព្រះអង្គវិញហើយ ពេលដែលព្រះអង្គត្រឡប់ទៅស្រុកកំណើតកាលពីខែមេសា កន្លងទៅ នេះ ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា បានបញ្ជាក់យ៉ាងនេះថា៖
(សំឡេង)
ព្រះអង្គបានបន្តទៀតថា អាជ្ញាធរវៀតណាមមិនបានចាប់ព្រះអង្គទេ ហើយក៏មិនបានមកសួរចម្លើយព្រះអង្គដែរ ខណៈដែលមុន ពេលត្រឡប់ទៅស្រុកកាលពីខែមេសា ព្រះអង្គរងការគំរាមថា ពេលព្រះអង្គត្រឡប់ពីប្រទេសថៃ ទៅកម្ពុជាក្រោម នឹងត្រូវចាប់ ខ្លួន ព្រោះព្រះអង្គហ៊ានរិះគន់រដ្ឋាភិបាលវៀតណាមតាមវិទ្យុសំឡេងកម្ពុជាក្រោម និង វិទ្យុអាស៊ីសេរី ទាក់ទងនឹងការដែល អាជ្ញាធរវៀតណាមរឹបយកសៀវភៅរបស់ព្រះអង្គ ។
(សំឡេង)
សូមបញ្ជាក់ថា អាជ្ញាធរវៀតណាម កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៤ បានរឹបអូសយកសៀវភៅ “វេយ្យាករណ៍ខ្មែរសង្គ្រោះ”ជាង ៣០ ក្បាល ពី លោក ថាច់ ឯក ពលរដ្ឋខ្មែរក្រោមម្នាក់ នៅខេត្តព្រះត្រពាំង ដែលជាអ្នករៀបរៀងសៀវភៅវេយ្យាករណ៍ នេះ ។ សៀវភៅនេះ ត្រូវបាន ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោមនៅប្រទេសថៃ ជួយយកទៅបោះពុម្ព នៅថៃ ហើយពេលបោះពុម្ពរួច ព្រះសង្ឃបានបញ្ជូនសៀវភៅនេះមួយចំនួនទៅកម្ពុជាក្រោមវិញដើម្បីប្រគល់ឲ្យម្ចាស់រៀបរៀង តែ ត្រូវអាជ្ញាធរវៀតណាមរឹបអូសយក ដោយអះអាងថា ម្ចាស់រៀបរៀងមិនបានសុំច្បាប់អនុញ្ញាតបោះពុម្ពពីអាជ្ញាធរជាមុន ៕
Comments are closed.