ដោយ ស៊ឺន ចែងចើន | VOKK
វៀតណាមបានជំរុញឲ្យកម្ពុជាបង្កភាពងាយស្រួល និងធានាសិទ្ធិស្របច្បាប់ ដល់ប្រជាជនវៀតណាម ។ បន្ទាប់ពីព័ត៌មានក្នុងស្រុកផ្សាយថា នឹងដកហូតឯកសាររដ្ឋបាលមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ។
លោកស្រី ឡេ ធីធូហាំង (Lê Thị Thu Hằng) មានប្រសាសន៍ថា “ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ។ សហគមន៍ខ្មែរកំណើតវៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជា បានរួមចំណែកជាច្រើនដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាប្រពៃណីរវាងប្រទេសទាំងពីរ ។”
នៅក្នុងស្មារតីនេះ វៀតណាម បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់មើលការខុសត្រូវ និងចាត់វិធានការសមស្រប ដើម្បីធានាផលប្រយោជន៍ស្របច្បាប់ និងបង្កលក្ខណៈងាយស្រួលប្រកបដោយយុត្តិធម៌ដល់អាណិកជនវៀតណាម និងប្រជាពលរដ្ឋកម្ពុជាកំណើតវៀតណាម ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ដូចដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ នាពេលកន្លងមក ស្របតាមច្បាប់កម្ពុជា និងច្បាប់អន្តរជាតិ ។
ការប្រតិកម្មបែបនេះ ធ្វើឡើង ក្រោយពីកាសែតភ្នំពេញប៉ុស្តិ៍រាយការណ៍ថា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រកាសលុបចោល និងដកហូតឯកសារមិនប្រក្រតី ដែលជនបរទេសមានរហូតទៅដល់ជាង ៧ ម៉ឺននាក់ កំពុងរស់នៅកម្ពុជា បានកាន់កាប់ឯកសារខុសច្បាប់ ដោយក្នុងនោះមាន ៥ សញ្ជាតិ ហើយជនជាតិវៀតណាម មានចំនួន ៩៩ ភាគរយ ។