វៀតណាមបង្រៀនព្រះសង្ឃខ្មែរក្រោមរបៀបការពារជាតិ
ថាច់ ប្រីជា គឿន-សារព័ត៌មាន ព្រៃនគរ
មន្ទីរមហាផ្ទៃ និង មន្ទីរសាសនា ខេត្តព្រះត្រពាំង ឬ ខេត្តត្រាវិញ នៃរដ្ឋាភិបាលវៀតណាម បានចេញលិខិតមួយច្បាប់ កោះនិមន្ត និងអញ្ជើញព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទៅចូលរួមវគ្គសិក្សាអ្វីមួយដែលគេហៅថា “វគ្គបំពាក់បំប៉ន ចំណេះដឹងស្ដីពីយុទ្ធសាស្ត្រការពារជាតិ” នៅវត្តស្វាយសៀមថ្មី រយៈពេល ៣ ថ្ងៃ ខាងមុខនេះ ។ នេះជាកម្មវិធីមួយដែលរដ្ឋាភិបាលបក្សកម្មុយនិស្តវៀតណាមធ្វើពីកន្លែងមួយទៅកន្លែងមួយ ដើម្បីបញ្ចុះបញ្ចូលឲ្យព្រះសង្ឃខ្មែរក្រោម បំភ្លេចនូវប្រវត្តិដែនដីកម្ពុជាក្រោម ។

យោងតាមលិខិតអញ្ជើញព្រះចៅអធិការវត្តមួយច្បាប់ ចេញថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៣ បោះត្រា និង ចុះហត្ថ លេខា ដោយ លោក ម៉ាយ ហ៊ីវ ទ្វឹង (Mai Hieu Thuan) ប្រធានមន្ទីរសាសនាខេត្តព្រះត្រពាំង នៃរដ្ឋាភិបាល វៀតណាម ដែលការិយាល័យវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបានថ្ងៃទី ២១ ខែសីហា នេះ បានបញ្ជាក់ពីកម្មវត្ថុ របស់ខ្លួនថា “មន្ទីរសាសនា និង មហាផ្ទៃ បានសហការជាមួយនឹងសាលានយោបាយ និងអគ្គបញ្ជការខេត្ត បាន រៀបចំ វគ្គបំពាក់បំប៉នស្ដីពីចំណេះដឹងការពារជាតិ និង សន្តិសុខ សម្រាប់ព្រះសង្ឃ និង អ្នកបួស នៅក្នុងមណ្ឌល សាសនា (លើកទី ២ ) ឆ្នាំ ២០១៣” ។
លិខិតបានបញ្ជាក់អំពីសមសភាពដែលត្រូវបានរដ្ឋាភិបាលអញ្ជើញចូលសិក្សា រួមមាន “ ព្រះសង្ឃទាំងអស់ដែល មិនធ្លាប់បានចូលរួមសិក្សា នាពេលកន្លងមក ក្នុងវគ្គសិក្សា កាលពីឆ្នាំ ២០០៩ និង ២០១០” ។
យោងតាមលិខិតអញ្ជើញនេះ វគ្គសិក្សានេះ ប្រព្រឹត្តទៅនៅវត្តស្វាយសៀមថ្មី ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ២៣ ដល់ ២៥ ខែសីហា ខាងមុខនេះ ។
សូមបញ្ជាក់ថា នៅពេលថ្មីនេះ អាជ្ញាធរវៀតណាមទើបតែបាននិមន្តព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ទៅស្ដាប់ការបក ស្រាយរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ ។ កិច្ចប្រជុំនាពេលកន្លងមកនោះ ព្រះសង្ឃនៅកម្ពុជាក្រោម ធ្លាប់បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោមថា ទង្វើរបស់អាជ្ញាធរវៀតណាមគឺ ដើម្បីធ្វើឲ្យពលរដ្ឋខ្មែរក្រោមបំភ្លេចនូវប្រវត្តិដែនដីកម្ពុជាក្រោម ដោយតំណាងវៀតណាមអះអាងថា ដែនដីកម្ពុជាក្រោម បច្ចុប្បន្ន ជាកម្ពុជាសិទ្ធិរបស់ប្រទេសវៀតណាម ។
ការខិតខំប្រឹងប្រែងហៅពលរដ្ឋខ្មែរក្រោម ទៅស្ដាប់ខ្លួនបកស្រាយរឿងរ៉ាវកម្ពុជាក្រោម នៅពេលនេះ ត្រូវបានខ្មែរ ក្រោមមើលឃើញថា រដ្ឋភិបាលវៀតណាមជាញឹកញាប់ត្រូវបានសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅ ក្រៅប្រទេស និង អង្គការសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំងមន្ត្រីរដ្ឋសភាសហរដ្ឋអាមេរិក បានរិះគន់រដ្ឋាភិបាលបក្ស កម្មុយនិស្តវៀតណាមចំៗថា មានការរំលោភសិទ្ធិមនុស្សលើពលរដ្ឋខ្មែរក្រោម ម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម យ៉ាងធ្ងន់ធ្ងរ ។
កាលពីខែឧសភា រដ្ឋាភិបាលវៀតណាម បានចាប់ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះសង្ឃវត្តសិរីតាសេក ផ្សឹក និង ដាក់ពន្ធនាគាររហូតមកសព្វថ្ងៃនៅមិនទាន់ដោះលែងនៅឡើយ និងបានផ្សឹក និងធ្វើទារុណកម្ម ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃវត្តព្រៃជាប់ នៅក្នុងខេត្តឃ្លាំង ផងដែរ ។
ការចាប់ព្រះសង្ឃដាក់ពន្ធនាគារនេះ កាលពីខែមិថុនា ពលរដ្ឋខ្មែរក្រោមទូទាំងពិភពលោក បាននាំគ្នាចេញធ្វើ បាតុកម្ម ដើម្បីទារឲ្យរដ្ឋាភិបាលដោះលែងព្រះសង្ឃទាំងនោះ ដោយឥតលក្ខខណ្ឌ ផងដែរ ៕