វៀតណាម​ឡើង​ឆ្លើយបំភ្លឺ​តប នឹង​សំនួរ​របស់​មន្ត្រី​គណៈកម្មការ​សិទ្ធិមនុស្ស អំពី​ការអនុវត្ត​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ ស្ដីពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ​

0 1,695

ដោយ ថាច់ ប្រីជា គឿន​

នៅ​ថ្ងៃទី ១២ ខែមីនា នេះ ជា​ថ្ងៃទី​ពីរ ដែល​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) បាន​ចូលប្រជុំ នៅក្នុង​កិច្ចប្រជុំ​លើក​ទី ១២៥ របស់​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ស្ដីពី​កិច្ចព្រមព្រៀង​អន្តរជាតិ​លើ​សិទ្ធិ​ស៊ីវិល និង​នយោបាយ នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វិ​ស ដើម្បី​ដាក់​របាយការណ៍ និង​ថ្លែងការណ៍ អំពី​បញ្ហា​សិទ្ធិមនុស្ស នៅ​ដែនដី​កម្ពុជា​ក្រោម ខណៈដែល​ប្រទេស​វៀតណាម កំពុងតែ​ឡើង​ឆ្លើយបំភ្លឺ​ជាមួយ នឹង​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​របស់ខ្លួន លើ​សិទ្ធិ​ស៊ីវិល និង​នយោបាយ នៅ​ថ្ងៃទី ១១ និង ១២ ខែមីនា សប្ដាហ៍​នេះ ។ កិច្ចប្រជុំ​ថ្ងៃទី​ពីរ នេះ ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ១១ ថ្ងៃត្រង់ ម៉ោង​នៅ​ទីក្រុង​ហ្សឺ​ណែវ ។​

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ​ចូលប្រជុំថ្ងៃទី ២ នៃក្នុង​កិច្ចប្រជុំ​លើក​ទី ១២៥ របស់​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ។
ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ​ចូលប្រជុំថ្ងៃទី ២ នៃក្នុង​កិច្ចប្រជុំ​លើក​ទី ១២៥ របស់​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ។

​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃទី ១១ ម្សិលមិញ​នេះ លោក ស៊ឺន ហ៊ួ​រ ជា​អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​អាន​នូវ​របាយការណ៍​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម និង​ដាក់​ជា​សំណើ និង​សំនួរ​ទៅ​គណៈកម្មការ​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ ដើម្បី​សួរ​ទៅ​ប្រតិភូ​នៃ​ប្រទេស​វៀតណាម ដើម្បី​ឆ្លើយបំភ្លឺ​នៅក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃនេះ ។​

​យោងតាម​ញត្តិ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលបានផ្ដល់​អនុសាសន៍​ទៅ​សមាជិក នៃ គណៈកម្មការ​សិទ្ធិ មនុស្ស ដើម្បី​យកទៅ​ឲ្យ​ប្រទេស​វៀតណាម ត្រូវ​អនុវត្តតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី សិទ្ធិ​ស៊ីវិល និង នយោបាយ (CCPR) សម្រាប់​ជនជាតិដើម​ខ្មែរក្រោម មានដូចជា​៖

  • វៀតណាម ត្រូវតែ គោរព​នូវ “​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា​ទី ១ ។​
  • វៀតណាម​ត្រូវតែ​ធានា​នូវ​ការអនុវត្ត សិទ្ធិ​នេះ ដោយ​គ្មាន​ការប្រកាន់​ពូជសាសន៍​លើ​ខ្មែរក្រោម យោងតាម មាត្រា ទី ២ ។​
  • វៀតណាម​ត្រូវតែ​គោរព​នូវ​សិទ្ធិ សេរីភាព​ក្នុងការ​ប្រតិបត្តិ​សាសនា​របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម មាត្រា​ទី ១៨ និង ២៧ ។ ចំណុច​នេះ
    សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ខ្មែរក្រោម ជា​អ្នក​គោរព ប្រតិបត្តិ​តាម​ពុទ្ធសាសនា​ថេរវាទ មាន​វត្ត​អារាម​ប្រមាណ​ជាង ៤០០ វត្ត​នៅ​កម្ពុជា​ក្រោម តែ​គ្មាន អង្គការ ឬ ស្ថាប័ន​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន​ឡើយ ។ ផ្ទុយទៅវិញ ព្រះសង្ឃ​ខ្មែរក្រោម ត្រូវ​រស់នៅ​ក្រោម​ការ បញ្ជា និង លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ពី​សំណាក់ សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​ដឹកនាំ​ដោយ​ព្រះ សង្ឃ​មហាយាន​ជនជាតិ​យួន ទៅវិញ ។​
  • វៀតណាម ត្រូវតែ​គោរព​នូវ​សិទ្ធិ​ក្នុងការ​បញ្ចេញ​ទស្សនៈ និង មតិ ព្រមទាំង​សិទ្ធិ​ក្នុងការ​បង្កើត​សមាគម របស់​ជនជាតិដើម​ខ្មែរក្រោម យោងតាម​មាត្រា ទី ១៩, ២១ និង ២២ ។ ចំណុច​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម បាន​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​រាប់លាន​នាក់​នៅ​កម្ពុជា​ក្រោម តែ​ពួកគេ​គ្មាន​សេរីភាព នៃ ការ បញ្ចេញមតិ​ឡើយ ។ គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​របស់ខ្លួន​សូម្បី​តែមួយ ដូចជា វិទ្យុ ទូរទស្សន៍ និង កាសែត ជា​ភាសា​ខ្មែរ​ដើម្បី​និយាយ​អំពី​ការពិត​របស់​ខ្មែរក្រោម តែ​កម្មវិធី​ផ្សាយ​ទាំងនេះ​នាពេល​បច្ចុប្បន្ន នៅ​កម្ពុជា​ក្រោម សុទ្ធតែជា​របស់​រដ្ឋ​ធ្វើឡើង​ដើម្បី ឃោសនា​អំពី​គោលនយោបាយ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត យួន​តែប៉ុណ្ណោះ ។ ព្រះ​តេជ​ព្រ​គុណ ថាច់ ធឿន និង លីវ នី នៅ​ខេត្ត​ឃ្លាំង ត្រូវ​ចាប់​ផ្សឹក និង​ដាក់គុក ចាប់តាំងពី ឆ្នាំ ២០០៣ មក ដោយ​គ្រាន់តែ​ផ្ដល់​បទសម្ភាសន៍​ដល់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) នៅក្រៅ​ប្រទេស អំពី​ស្ថានភាព នៃ ការសិក្សា​អក្សរសាស្ត្រ​ខ្មែរ នៅ​វត្ត​របស់​ព្រះអង្គ តែប៉ុណ្ណោះ ។​

ក្រៅពីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បានផ្ដល់​អនុសាសន៍​ជា​សំនួរ​ទៅ​សមាជិក នៃគណៈកម្មការ​សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ​សួរ​ទៅ​ប្រទេស​វៀតណាម មាន ៨ ចំណុច ដូចជា​៖

  • ហេតុអ្វី​វៀត ណា​ម​នៅតែ​មិន​ទទួលស្គាល់​ខ្មែរក្រោម​ជា​ជនជាតិដើម ដែលមាន​វត្ត​មាននៅ ដែនដី​កម្ពុជា ក្រោម និង​នៅក្នុង​ប្រទេស​វ​ឪ​ត​ណា​ម ។ យោងតាម​កថាខណ្ឌ​ទី ៣២ នៃ របាយការណ៍​របស់​ប្រទេស វៀតណាម​បាន​បញ្ជាក់ថា “ គ្មាន​ជនជាតិដើម ឬ គ្មាន​បញ្ហា​ជនជាតិដើម​ដែល​បាន​រកឃើញ​នៅក្នុង​ប្រទេស វៀតណាម​ទេ​” ?
  • ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរក្រោម​កំណត់​អត្តសញ្ញាណ​របស់​ពួកគេ​ថា ជា​ជនជាតិដើម​ជំនួស​ឲ្យ ជនជាតិភាគតិច ?
  • ​ហេតុអ្វី​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ ហៅ​ឈ្មោះ​ភូមិ ស្រុក និង ខេត្ត​នៅ​កម្ពុជា​ក្រោម ជា​ភាសា​ខ្មែរ ។​
  • គួរ​រំឭក​ទៅ​វៀតណាម​ផង​ថា សេរីភាព​សាសនា គឺជា​សេរីភាព មិនមាន​ជា​ឯកសិទ្ធិ​ដែល​ផ្ដល់​ដោយ​រដ្ឋា​ភិ បាល​ទេ ?
  • តើ​ធ្វើយ៉ាងណា​ដើម្បី​វៀតណាម​ធានា​ឲ្យ​បាន​ថា ខ្មែរក្រោម មាន​សេរីភាព​ពេញលេញ​ក្នុង​ការគោរព​ប្រតិបត្តិ ពុទ្ធសាសនា ដោយ​គ្មាន​ការភ័យខ្លាច ព្រោះថា នាពេល​បច្ចុប្បន្ន ព្រះចៅអធិការ​នៃ​វត្ត​នីមួយៗ នៅ​កម្ពុជា ក្រោម ត្រូវតែ​តាំង​ដោយ សមាគម​ពុទ្ធសាសនា​វៀតណាម ?
  • តើ​វៀតណាម​មាន​គំរោង​កែលម្អ “​ច្បាប់​សេរីភាព​សាសនា​” ដើម្បី​ឲ្យ​ខ្មែរក្រោម​មាន​សេរីភាព​ក្នុងការ​បង្កើត សមាគម​ពុទ្ធសាសនា​ឯករាជ្យ​របស់ខ្លួន ដោយ​គ្មាន​ការគ្រប់គ្រង​ពី​ព្រះសង្ឃ​មហាយាន​យួន​ដែរឬទេ ?
  • ពេលណា ទើប​វៀតណាម អនុញ្ញាត​ឲ្យ​ខ្មែរក្រោម មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន​ជា​ភាសា ខ្មែរ ដូចជា ទូរទស្សន៍ វិទ្យុ និង កាសែត ជាដើម នៅ​ដែនដី​កម្ពុជា​ក្រោម ?
  • តើ​វៀតណាម​អាច​កែប្រែ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អិន​ធើ​ណិ​ត ដោយ​អនុវត្តតាម​មាត្រា​ទី ១៩ នៃ កិច្ចព្រមព្រៀង​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ស៊ីវិល និង នយោបាយ​បានដែរ​ឬទេ ?

​ចំណែក​កិច្ចប្រជុំ​ថ្ងៃទី​ពីរ​នេះ តំណាង​ក្រសួង​នីមួយៗ នៃ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ លោក ង្វៀង ខាន់​ង៉ុ​ក ជា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ឆ្លើយបំភ្លឺ​តប នឹង​សំនួរ​របស់​មន្ត្រី​គណៈកម្មការ​សិទ្ធិមនុស្ស អំពី​បញ្ហា​ដែល​ប្រទេសមួយ​នេះ បាន និង​មិនបាន​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​អន្តរជាតិ ស្ដីពី​សិទ្ធិ​ស៊ីវិល និង​នយោបាយ (ICCPR) ដែល​ខ្លួន​ជា​ប្រទេស​ហត្ថលេខី ។

​គួរ​ជម្រាបជូន​ថា មុនពេល​តំណាង​ប្រទេស​វៀតណាម ឡើង​ឆ្លើយបំភ្លឺ គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​បើក​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ កាលពី​ថ្ងៃ​ម្សិលមិញ (​ថ្ងៃទី ១១ ខែមីនា​) ដើម្បី​ស្ដាប់​នូវ​សំណើ និង​របាយការណ៍ ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល​នានា​របស់​ជនជាតិ​យួន​សេរី អង្គការសិទ្ធិមនុស្ស​អន្តរជាតិ និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស អំពី​ការរំលោភ​សិទ្ធិមនុស្សរ​បស់​រដ្ឋាភិបាល​វៀតណាម លើ​ប្រជាជន​យួន និង​ជនជាតិដើម​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

​សូមបញ្ជាក់ថា ប្រតិភូ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ រួមមាន លោក ម៉ៅ មុនី ជា​អនុប្រធាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ស៊ឺន ហ៊ួ​រ ជា​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បណ្ឌិត Joshua Cooper ជាទី​ប្រឹក្សា​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ វាសនា ជា​សមាជិក​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជាស​ហការី​នៃ​ទូរទស្សន៍ ព្រៃនគរ និង​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អភិបាល សារព័ត៌មាន ព្រៃនគរ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជា​អនុប្រធាន នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​និពន្ធ​នាយក នៃ​សារព័ត៌មាន ព្រៃនគរ ៕

ខាង​ក្រោមនេះ ជារូបភាពខ្លះៗ ​ពីសកម្មភាពរបស់​ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បំពេញបេសកកម្ម នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ហ្សឺ​ណែវ នៃ​ប្រទេស​ស្វីស៖


Leave A Reply

Your email address will not be published.