វៀតណាម​ព្យាយាម​លុបបំបាត់​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម​

0 103

(​សហរដ្ឋអាមេរិក – សារព័ត៌មាន ព្រៃនគរ ) រដ្ឋាភិបាល​វៀតណាម​នៅតែ​បន្ត​កោះហៅ​ពលរដ្ឋ និង​ព្រះសង្ឃ ខ្មែរក្រោម​ទៅ​ស្ដាប់​ការបកស្រាយ​អំពី​ប្រវត្តិ​ដែនដី​កម្ពុជា​ក្រោម​ដែល​គេ​អះអាងថា ដែនដី​កម្ពុជា​ក្រោម បច្ចុប្បន្ន មិនមែនជា​កម្ពុជា​សិទ្ធិ​របស់​ប្រទេស កម្ពុជា​ទៀត​ទេ ។ ការបកស្រាយ​នេះ ធ្វើឡើង​នៅ​ឃុំ​រំដួល ឬ ឃុំ​ដុង​ស្វឹ​ង (Don Xuan) ស្រុក​ថ្កូវ ( Tra Cu ) ខេត្ត​ព្រះ​ត្រពាំង កាលពី​ថ្ងៃទី ១៦ ខែសីហា ដោយ មាន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ប្រមាណ​ជាង ៣០០ រូប ។

ព្រះវិហារវត្តចេតីយ៍ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។
ព្រះវិហារវត្តចេតីយ៍ ស្រុកថ្កូវ ខេត្តព្រះត្រពាំង ។

ព្រះសង្ឃ​ខ្មែរក្រោម ដែល​បាន​ចូលរួម​ស្ដាប់​ក្នុង​កិច្ចប្រជុំ​នេះ បាន​ប្រាប់ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​ខ្លឹម សារសំខាន់​ដែល​តំណាង​អាជ្ញាធរ​វៀតណាម​និយាយ​ទៅកាន់​ខ្មែរក្រោម​ថា ដែនដី​កម្ពុជា​ក្រោម ត្រូវបាន បារាំង​ប្រគល់​ឲ្យ​វៀតណាម មិនមែន​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ជា​អ្នក​កាត់​ឲ្យ​វៀតណាម​ទេ ។​

ព្រះសង្ឃ​អង្គ​នេះ​បាន​ថ្លែងថា​៖ “​ប្រជុំ​ហ្នឹង គេ​និយាយ​ពី​ទឹកដី​ខ្មែរក្រោម​ហ្នឹង ឥឡូវ​ហ្នឹង​មិនមែនជា​ទឹកដី     របស់​ខ្មែរ​ទៀត​ទេ ។ ហើយ​បាន​ទាក់ទង​គ្នា​ទៅ បាន​ទឹកដី​ហ្នឹង​ធ្លា​ក់មក​ខាង​បារាំង ។ បារាំង​កាន់កាប់​មួយ ពេល​ហើយ បាន​មកជា​វៀតណាម​វិញ ។ ដល់​ហើយ​ថា បារាំង​ហ្នឹង​ឲ្យ​ទៅ​វៀតណាម មិនមែន​ប្រទេស​ខ្មែរ ហ្នឹង​ឲ្យ​ទៅ​វៀតណាម ។ មិនមែន​ទេ ” ។​    ​

ព្រះអង្គ​បាន​បន្តទៀតថា ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​បាន​ចូល​ស្ដាប់​នោះ មិនមាន​អ្នកណា​ហ៊ាន បញ្ចេញមតិ​តប​នឹង​ការលើកឡើង​របស់​អាជ្ញា​ធរ​វៀតណាម​ទេ ដោយ​បិទមាត់​ចេញមក​ផ្ទះ​រៀងៗ​ខ្លួន ពេល កិច្ចប្រជុំ​បានបញ្ចប់ ។​

“​ចុងក្រោយ​គេ​ធ្វើ​ហើយ​ស្រេច​ហើយ បាន​គេ​សួរ​យើង​ថា មាន​យោបល់​អ៊ី​ទេ ។ មាន​យោបល់​អ៊ី ម៉ោង​ហ្នឹង ហើយ ។ បើ​លោក​ចង់​មាន​យោបល់ ក៏​អស់ម៉ោង​ហើយ​ហ្នឹង ។ ហើយ​គ្មាន​អង្គណា​មាន​យោបល់​អ៊ី​ទាំង អស់ហ្នឹង​” ។​

​ព្រះសង្ឃ​អង្គ​នេះ បាន​បន្តទៀតថា មូលហេតុ​ដែល​នាំ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ហៅ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​ប្រជុំ​ស្ដាប់​គេ​និយាយ​នេះ គឺ​អាជ្ញាធរ​វៀតណាម​ចង់​បំបាត់ភស្តុតាង​ប្រវត្តិសាស្ត្រ​ដែនដី​កម្ពុជា ក្រោម និង​មិន​ចង់​ឲ្យ​ខ្មែរក្រោម​ដឹងថា ដែនដី​កម្ពុជា​ក្រោម ជា​កម្ពុជា​ក្រោម ជា​កម្មសិទ្ធិ​របស់​ខ្មែរ ។​

“​គេ​ចង់​បំបាត់​មែនទែន​ហើយ​ហ្នឹង​……​គេ​ផ្សាយ​ដើម្បី​កុំ​ឲ្យ​យើង​ស្ទុះ ។ អ្នកណា​ស្ទុះ អ្នក​ហ្នឹង​នឹង​ត្រូវគេ បង្ក្រាប​” ។​

​ប៉ុន្តែ លោក ថាច់ លី​ភោ អតីត​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​ខេត្ត​ព្រះ​ត្រពាំង ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម ចាប់​ដាក់គុក កាលពី​ឆ្នាំ ២០០៥ ព្រោះ​ចែកគ្នា​អាន​សៀវភៅ​ស្ដីពី​កម្ពុជា​ក្រោម និង​បច្ចុប្បន្ន កំពុង​រស់នៅ សហរដ្ឋអាមេរិក បាន​លើកឡើងថា នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​សម្រាប់​ខ្មែរក្រោម ព្រោះ​ទង្វើ​របស់​រដ្ឋា​ភិ បាល​វៀតណាម នេះ អាចជា​កត្តា​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ចាប់អារម្មណ៍​ដល់​រឿង​ដែនដី​កម្ពុជា​ក្រោម កាន់តែ ច្រើនឡើង ។

លោក ថាច់ លី​ភោ ថ្លែងថា​៖ “​វា​ផ្សាយ​ហ្នឹង វា​ចំណេញ​ផល​នយោបាយ​ដល់​សង្គមជាតិ​សាសន៍​ខ្មែរ​កម្ពុជា ក្រោម​យើង​ទាំងមូល ពីព្រោះ​ពេលនេះ វា​ដើរ​ផ្សព្វផ្សាយ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ជំនួស​យើង …​ពី​ដើម​មក វា​មិនដែល​ដើរ​ផ្សាយ​អ៊ីចឹង​អ៊ី​ឯណា ” ។​

​សូមបញ្ជាក់ថា កាលពី​ប៉ុន្មាន​សប្ដាហ៍ មុន​ថ្ងៃ​ចូល​ព្រះវស្សា​ពុទ្ធសករាជ ២៥៥៧ នេះ អាជ្ញាធរ​វៀតណាម បាន​កោះប្រជុំ​ព្រះសង្ឃ​នៅក្នុង​ខេត្ត​ព្រះ​ត្រពាំង ដើម្បី​ស្ដាប់​ពួកគេ​ពន្យល់​អំពី​គោលនយោបាយ​របស់​ពួកគេ ផងដែរ ។​

​ខ្លឹមសារ​សារ​នយោបាយ​ដែល​ពួក​អាជ្ញាធរ​វៀតណាម​ថ្លែង​ទៅកាន់​ព្រះសង្ឃ​នោះ រួមមាន​ការលើក​អំពី រឿង រ៉ាវ​ដែនដី​កម្ពុជា​ក្រោម ដែល​វៀតណាម​ហៅថា ណា​ម​បូ​, រឿង​សេរីភាព​សាសនា​, ការប្រកាន់ ពូជសាសន៍ លើ​ពលរដ្ឋ​ខ្មែរក្រោម  និង​ការទប់ស្កាត់​ចំពោះ​សកម្មភាព​អ្វីមួយ​ដែល​គេ​ហៅថា “​ការបំបែកបំបាក់​កម្លាំង សាមគ្គី​ពី​ក្រុម​ប្រតិកិរិយា​” ដែល​គេច​ង់​សំដៅ​ដល់​ក្រុម​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ តំណាង​អាជ្ញាធរ​វៀតណាម បាន​ថ្លែងថា កម្ពុជា​ក្រោម ជា​ដី​មួយ​ភាគ​ដែល​វៀតណាម បានមកពី​ការធ្វើ​សង្គ្រាម​តស៊ូ​របស់​គ្រប់​ជនជាតិ​ទាំង ៥៤ នៅក្នុង​ប្រទេស​វៀតណាម​ប្រឆាំង​អាមេរិក និង បារាំង​ក្នុងពេល​កន្លងមក ។​

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖“​ដល់​ឆ្នាំ ១៩៤៥ យើង​វាយ​ជាមួយ​បារាំង នៅពេលនោះ ពលរដ្ឋ វៀតណាម​ប្រជាជាតិ​វៀតណាម ក្នុងនោះ នៅ​តំបន់​វាលរាប​ទន្លេមេគង្គ មាន​ជនជាតិ ចិន យួន ខ្មែរ និង ចាម​មានលទ្ធភាព​ទាមទារ​មកវិញ​នូវ​ដី​មួយ​ភាគ​នេះ​”  ។​

ថ្លែង​នៅក្នុង​អង្គប្រជុំ​នេះ តំណាង​អាជ្ញាធរ​វៀតណាម​ក៏បាន​រំឭក​អំពី​ប្រវត្តិ ព្រះបាទ ជ័យជេដ្ឋា ទី ២ ដែល បាន​រៀប​អភិសេក​ជាមួយនឹង​បុត្រី​ស្ដេច​យួន ផងដែរ និង​ថា ព្រោះតែ​ការចង​មេត្រីភាព​នេះហើយ ទើប​ជន ជាតិ យួន​អាច​ពង្រីក​ទឹកដី​មក​ខាងត្បូង​បាន​ដោយ​ជោគជ័យ ។​

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖ “​ដូច្នេះហើយ ទើប ស្ដេច​ជ័យជេដ្ឋា ទី ២ នៃ​អាណាចក្រ​ចេនឡា បាន​រៀប​អភិសេក​ជាមួយនឹង នាង ង៉ុ​ក វ៉ាង បុត្រី​ទី ៥ របស់ រាជវង្ស ង្វៀង ។ បុត្រី​រូបនេះ មាន​រូបសម្បត្តិ ស្រស់ស្អាត​ណាស់ និង​មានចំណេះ វិជ្ជា​ទៀតផង​” ។​

​តំណាង​អាជ្ញាធរ​វៀតណាម​ក៏បាន​ថ្លែង​ទៅកាន់​ព្រះសង្ឃ​ថា បច្ចុប្បន្ននេះ ប្រទេស​វៀតណាម ត្រូវបាន​ក្រុម ប្រតិកិរិយា​នៅក្រៅ​ប្រទេស​លើកយក​បញ្ហា​សាសនា និង​ពូជសាសន៍​មក​ដើម្បី​បំបែកបំបាក់​សាមគ្គីភាព រវាង​ព្រះពុទ្ធសាសនា​ខ្មែរ​ថេរវាទ និង​ព្រះពុទ្ធសាសនា​មហាយាន​យួន និង​បំបែកបំបាក់​សាមគ្គីភាព​រវាង ខ្មែរក្រោម និង​ជនជាតិ​យួន ។ ក្រុម​ប្រតិ​កិ​យា​ដែល​តំណាង​អាជ្ញាធរ​វៀតណាម បានលើកឡើង​នោះ គឺ​ចង់ សំដៅលើ​ក្រុម​ខ្មែរក្រោម​នៅក្រៅ​ប្រទេស ។​

​តំណាង​អាជ្ញាធរ​វៀតណាម​បាន​ថ្លែងថា​៖ “​ពួកក្បត់​បដិវត្តន៍​កំពុង​រក​គ្រប់​មធ្យោបាយ​ដើម្បី​បំបែកបំបាក់​រវាង​សាសនា​និង​ជីវិត សាសនា និង​ជនជាតិ  សាសនា និង សាសនា ។ ល្បិច និង​ទិសដៅ​របស់​ពួកវា គឺ​ព្រះ ពុទ្ធសាសនា​ថេរវាទ​ខ្មែរ ជនជាតិខ្មែរ ដែល របស់​នៅ​តំបន់​ដែនដី​សណ្ដ​ទន្លេមេគង្គ  ។ ដូច្នេះ យើង​ត្រូវ ប្ដេជ្ញាចិត្ត និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បំផ្លាញ​កល ល្បិច​គ្រប់យ៉ាង​របស់​ខ្មាំង​ដែល​យក​លេះ​រឿង​ជនជាតិ និង សាសនា បំពាន​សន្តិសុខ​ជាតិ និង​បំផ្លាញ បុព្វហេតុ​ការកសាង​ជាតិ​របស់​យើង​” ។​

​អ្វីដែល​អាជ្ញាធរ​វៀតណាម​បាន​កោះប្រជុំ​ព្រះសង្ឃ​ដើម្បី​ស្ដាប់​សារ​នយោបាយ​នេះ ព្រោះ​គេ​សង្កេតឃើញ ថា នៅពេល​ថ្មី​នេះ កាលពី​ថ្ងៃទី ២៥ ខែកក្កដា ប្រមុខរដ្ឋ​វៀតណាម ត្រឿ​ង តឹង សាង បានមក​បំពេញ ទស្សនកិច្ច​នៅ​រដ្ឋធានី Washington ត្រូវបាន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើកឡើង​អំពី​បញ្ហា​វៀត ណា​ម​រំលោភ​សិទ្ធិមនុស្ស ផងដែរ ។​

​វៀតណាម​ជា​ញឹកញាប់​ត្រូវបាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស ធ្វើ​សេចក្ដី រាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ទៅ​អង្គការសហប្រជាជាតិ និង​អង្គការ​សិទ្ធិ មនុស្ស​អន្តរជាតិ ព្រមទាំង​សភា​សហរដ្ឋអាមេរិក ជា​បន្តបន្ទាប់ ។

​កាលពី​ខែមិថុនា គណៈកម្មការ​ការ​សភា​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​កិច្ច​អន្តរជាតិ​ផ្នែក​សេរីភាព​សាសនា អន្តរជាតិ បាន​និមន្ត​ព្រះតេជព្រះគុណ យ័​ញ តូន ចូល​បំភ្លឺ​នៅក្នុង​សភា​អំពី​ការរំលោភ​សិទ្ធិ​សាសនា​ពីរ​ដ្ឋា វៀតណាម​លើ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការឆ្លើយបំភ្លឺ​នេះ បន្ទាប់ពី​មាន​សេចក្ដី​រាយ ការណ៍​ថា រដ្ឋាភិបាល​វៀតណាម​បាន​ចាប់ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី ព្រះសង្ឃ​វត្ត​សេរី​តាសេក​អង្គ​ផ្សឹក និង​ដាក់ពន្ធនាគារ និង​ចាប់​ព្រះតេជព្រះគុណ លី ចិន្ដា ព្រះសង្ឃ​វត្ត​ព្រៃ ជាប់​ផ្សឹក និង​យកទៅ​ធ្វើ​ទារុណកម្ម ៕

Leave A Reply

Your email address will not be published.