វៀតណាម​ នឹង​ជំនុំ​ជម្រះក្ដី ព្រះសង្ឃ​វត្ត​សេរី​តាសេក និង​ពលរដ្ឋ​ខ្មែរក្រោម ២ រូប នៅ​ថ្ងៃទី ២៧ ខែកញ្ញា ខាងមុខនេះ​

0 139

ដោយ ថាច់ ប្រីជា គឿន I សារព័ត៌មាន ព្រៃនគរ​

​ព្រះសង្ឃ​ខ្មែរក្រោម​ពីរ​អង្គ នៃ​វត្ត​សេរី​តាសេក ឋិត​នៅក្នុង​ខេត្ត​ឃ្លាំង គឺ ព្រះតេជព្រះគុណ លីវ នី និង ព្រះ តេជ​ព្រះ​គុណ ថាច់ ធឿន ព្រមទាំងពលរដ្ឋ​ខ្មែរក្រោម​ពីររូប​ដទៃទៀត នឹង​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម នាំ ចេញ​ជំនុំ​ជម្រះក្ដី​នៅក្នុង​តុលាការខេត្ត​ឃ្លាំង នៃ​បក្សកុម្មុយនិស្ត​វៀតណាម នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣ ខាងមុខ នេះ ។​

ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែង ព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។
ព្រះសង្ឃ​ខ្មែរ​ក្រោម​តវ៉ា​លើក​រូបថត​ព្រះសង្ឃ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នពេញ កាលពីព្រឹក​ថ្ងៃ​ទី ​២៥ ខែមិថុនា ឆ្នាំ​ ២០១៣ ដើម្បីទាមទារឲ្យ​អាជ្ញាធរ​វៀតណាមដោះលែង ព្រះសង្ឃដែលត្រូវបាន​ចាប់ខ្លួន នៅខេត្តឃ្លាំង កម្ពុជាក្រោម ។

យោងតាម​សេចក្ដីជូនដំណឹង​មួយ​តាមរយៈ​សារ​អ៊ី​ម៉ែ​លពី លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន នៅ​ថ្ងៃទី ២០ ខែកញ្ញា នេះ​ថា ថ្ងៃនេះ លោក “ ទើបតែ​បានទទួល​ទូរស័ព្ទ​ពី​ពលរដ្ឋ​ខ្មែរក្រោម នៅ សេរី​តាសេក ជូនដំណឹង​មក​ថា ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន និង​ពលរដ្ឋ​ខ្មែរ ក្រោម​ដែលជា​ប់​ពាក់ព័ន្ធ​ពីររូប​ទៀត បានទទួល​សេចក្ដីបញ្ជាក់​ពី​អាជ្ញាធរ​វៀតណាម​ខេត្ត​ឃ្លាំង​ថា នៅ​ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០១៣  ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន និង​អ្នក​ជាប់​ពាក់ ព័ន្ធ​ពីររូប​ទៀត នឹង​នាំចេញ​ជំនុំជម្រះ​ក្ដី​ក្នុង​តុលាការ​បក្ស​ក​ម្មុយ​និ​ស្ត​ឃ្លាំង​” ។​

​កាលពី​ថ្ងៃទី ៣១ ខែកក្កដា អាជ្ញាធរ​វៀតណាម បាន​ជូនដំណឹង​ដល់​ក្រុមគ្រួសារ​ព្រះសង្ឃ​ទាំងពីរ​អង្គ​នេះ ថា ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​បញ្ជូនទៅ​ឃុំឃាំង នៅក្នុង​គុក​មួយកន្លែង នៅ​ទីក្រុង​ព្រៃនគរ តែ​រដ្ឋាភិបាល​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួ សារបាន​ទៅ​ជួប​ព្រះសង្ឃ នៅ​ពន្ធនាគារ​នៅឡើយ​ទេ ។​

​កាលពី​ខែឧសភា កន្លងទៅនេះ សមគម​សង្ឃ​ខេត្ត​ឃ្លាំង ក្រោម​ការដឹកនាំ​របស់ ព្រះតេជព្រះគុណ យឿ​ង ញើ​ង ព្រះចៅអធិការ​វត្ត​ព្រែក​អណ្ដើក បានចេញ​លិខិត​មួយច្បាប់ ចុះ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០១៣ ដើម្បី​ចាប់​ផ្សឹក ព្រះសង្ឃ ៣ អង្គ គឺ ព្រះ​តេជ​ព្រ​គុណ លី ចិន្ដា វត្ត​ព្រៃ​ជាប់ , ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន ព្រះចៅអធិការ និង​គ្រូសូត្រ​វត្ត​សិរី​តាសេក ពីបទ​ចោទប្រកាន់ថា ព្រះសង្ឃ ទាំង ៣ អង្គ​នេះ បាន​ទូរស័ព្ទ​ឆ្លើយឆ្លង​ជាមួយ​ព័ត៌មាន​នៅក្រៅ​ប្រទេស ក្នុងនោះ មាន​សំឡេង​កម្ពុជា​ក្រោម និង​វិទ្យុ​អាស៊ីសេរី​ជាដើម ហើយ​ផ្ញើ​អត្ថបទ និង​រូបថត តាម​អ្វីមួយ​ដែល​រដ្ឋាភិបាល​វៀតណាម​ហៅថា ដើម្បី លាប​ព័ណ៌​បង្ខូច​កេរ្តិ៍ឈ្មោះ​បក្សកុម្មុយនិស្ត​វៀតណាម ។​

​មុនពេល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ដាក់គុក ព្រះតេជព្រះគុណ ថាច់ ធឿន បាន​មាន ថេរ​ដីកា ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា ទង្វើ​របស់​មន្ត្រី​សង្ឃ​ខេត្ត​ឃ្លាំង ដែល​បានចេញ​វិធានការណ៍ ចំពោះ​ព្រះអង្គ គឺជា​ការបំពាន​នឹង​ព្រះ​វិន័យ ធ្វើ​ទៅតាម​ការបញ្ជា​រប​ស់​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ព្រោះ​ព្រះអង្គ​មិនមាន​ទោសកំហុស​អ្វី​ឡើយ ។​

នៅពេល​ថ្មីៗ​នេះ ពលរដ្ឋ​ខ្មែរក្រោម បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា អាជ្ញាធរ​វៀតណាម​បាន​ហៅ​អ្នកភូមិ​ព្រៃ​ជាប់ ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ព្រៃ​ជាប់ ២០ នាក់ ឲ្យ​ទៅ​សាលាឃុំ ដើម្បី​ពិន័យ​ប្រាក់​ម្នាក់ៗ ៧៥០ ពាន់​ដុង (​ប្រហែល ៣៥ ដូ​ល្លារ​សហរដ្ឋអាមេរិក ) ពីបទ​អ្វីមួយ​ដែល​ក្រុម​សមត្ថកិច្ច​យួន​ចោទថា អ្នក​ទាំងនេះ​បានរួម​ដៃ ជាមួយ​ព្រះ​តេជ​ព្រះ គុណ លី ចិន្ដា ព្រះសង្ឃ​ដែល​ត្រូវបាន​រដ្ឋាភិបាល​វៀតណាម ចាប់​ផ្សឹក និង​ច្រកចូល​បាវ​ទៅធ្វើ​ទារុណកម្ម​កាលពី​ខែឧសភា ។ ពលរដ្ឋ​ខ្មែរក្រោម​ទាំងនេះ មិនបាន​បង់ប្រាក់​ដល់​សមត្ថកិច្ច​ទេ​ទេ ហើយ​ពួកគាត់​នឹង ប្ដឹង​ពួក​មន្ត្រី​អាជ្ញាធរ​ទាំងនេះ ពីបទ​គំរាម​ពលរដ្ឋ​យក លុយ ។​

​ក្រោយពី​អាជ្ញាធរ​វៀតណាម​ចាប់​ព្រះសង្ឃ​ទាំងនេះ​ផ្សឹក និង​ដាក់គុក​មក ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភព លោក បាននាំគ្នា​ចេញ​ធ្វើបាតុកម្ម កាលពី ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៣ នេះ ដើម្បី​ទាមទារ​ឲ្យ​សហគមន៍​អន្តរ​ជាត ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ដោះលែង​ព្រះសង្ឃ និង​គោរព​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម ។ ក្រៅពីនេះ នៅ​ថ្ងៃ ដដែល​នេះដែរ សមាជិកសភា ស​.​រ​.​អា​. បាន​កោះហៅ​ជនរងគ្រោះ​ជា​តំណាង​ខ្មែរក្រោម មន្ត្រី​សិទ្ធិមនុស្ស និង មន្ត្រី​ក្រសួងការបរទេស ស​.​រ​.​អា​. ដើម្បី​សួរដេញដោល​ពី​បញ្ហា​សិទ្ធិមនុស្ស​ក្នុងប្រទេស​វៀតណាម ។ ក្នុងពេល​សួរ ដេញដោល​នោះ ភាគី​នីមួយៗ​បាន​បំភ្លឺ​អំពី​បញ្ហា​រំលោភបំពាន​ផ្សេងៗ​គ្នា ហើយ​បាន​ទទូច​ឲ្យ ស​.​រ​.​អា​.​ចាត់​វិធាន ការ ធ្ងន់ធ្ងរ​ដើម្បី​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស និង សិទ្ធិ​សាសនា ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ។ ស្រប ពេលដែល​រដ្ឋាភិបាល​វៀ​ត​ណា​ម បាន​ចាប់​ផ្សឹក និង​ធ្វើ​ទារុណកម្ម​លើ​ព្រះតេជព្រះគុណ លី ចិន្ដា នៃ​វត្ត​ព្រៃ​ជាប់       និង​ការចាប់​ផ្សឹក ព្រះតេជព្រះគុណ លីវ នី និង ព្រះតេជព្រះគុណ ថាច់ ធឿន នៃ​វត្ត​សេរី​តាសេក នោះ  ព្រះ​តេជ​ព្រះ គុណ យ័​ញ តូន  (Danh Tol) ព្រះសង្ឃ​ខ្មែរក្រោម​បាន​ដែល​បាន​ភៀស​ព្រះកាយ ទៅ​គង់នៅ ស​.​រ​.​អា​. កាលពី​ឆ្នាំ​២០០៩ ក្រោយពី​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ដាក់គុក ដែរនោះ បាន​ឡើង​ធ្វើ​សក្ខីកម្ម​បំភ្លឺ​ជូន​សភា​អាមេរិកាំង អំពី​ការ​រឹតត្បិត និង​ការធ្វើ​ទុក្ខ​បុ​ក្ខ​ម្នេញ​លើ​ពលរដ្ឋ​ខ្មែរក្រោម តាម​ទម្រង់​ជាច្រើន​ទាក់ទង​នឹង​ការចាប់ខ្លួន ចាប់​ផ្សឹក​ព្រះសង្ឃ ការ​បំបិទ​សិទ្ធិសេរីភាព​សាសនា ជាដើម  ៕​

Leave A Reply

Your email address will not be published.