អាជ្ញាធរយួនរំលោភយកដីរបស់វត្តខ្មែរមួយ នៅខេត្តមាត់ជ្រូក ដើម្បីសាងសង់ទីស្នាក់ការ
ដោយ ស៊ឺន ចែងចើន | VOKK
អាជ្ញាធរយួន ស្រុកស្វាយទង ខេត្តមាត់ជ្រូក នៃដែនដីកម្ពុជាក្រោម នៅថ្ងៃទី ៦ ធ្នូ ២០១៧ នេះ បានចុះធ្វើសកម្មភាពឈូសឆាយ និងវាស់វែងរឹបអូសយកដីវត្តមកធ្វើទីស្នាក់ការរបស់ខ្លួន ខណៈព្រះចៅអធិការវត្ត និងពុទ្ធបរិស័ទធ្វើការតវ៉ា តែរងការគំរាមគំហែង ពីសំណាក់ក្រុមអាជ្ញាធរយួន ។

ព្រះសង្ឃខ្មែរក្រោមមួយអង្គ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញព្រះនាម បានប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ពីទឹកដីខេត្តមាត់ជ្រូកមកថា នៅព្រឹកនេះ ដីវត្តទំពូងក្រោម ស្ថិតនៅឃុំលឿងភី ស្រុកស្វាយទង ខេត្តមាត់ជ្រូក ត្រូវបានអាជ្ញាធរយួនមួយក្រុម ចុះមកទន្ទ្រានដីវត្តយកធ្វើជាកម្មសិទ្ធិ រួចបើកការដ្ឋានសាងសង់ទីស្នាក់ការនគរបាលភូមិ និងទីប្រជុំរបស់អាជ្ញាធរយួន នៅលើដីវត្តតែម្តង ។
ព្រះអង្គមានសង្ឃដីកាបន្តថា ក្នុងពេលក្រុមអាជ្ញាធរយួន កំពុងធ្វើសកម្មភាពឈូសឆាយដី និងយកគ្រឿងបរិក្ខារសំណង់សម្រាប់សាងសង់ទីស្នាក់ការនោះ ព្រះចៅអធិការវត្ត រួមជាមួយពុទ្ធបរិស័ទជើងវត្តផងនោះ បានតវ៉ាជំទាស់ និងឲ្យរុះរើយកគ្រឿងបរិក្ខារសំណង់ទាំងអស់ចេញពីដីវត្ត ។ ប៉ុន្តែ បែរជាក្រុមជនជាតិយួនទាំងនោះ គំរាមគំហែង ដោយប្រើពាក្យជេរប្រមាថ ពាក្យអសុរោះ និងសម្តីហិង្សា ដាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធវិញ ។
ព្រះសង្ឃខ្មែរក្រោមដដែលអង្គនេះ បានរៀបរាប់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម អំពីដំណើរដើមទងប្រវត្តិរបស់ដីវត្តទំពូងក្រោម ដែលរដ្ឋអំណាចយួនរឹបអូសដីធ្លីវត្ត យ៉ាងដូច្នេះ ៖
គួររំឭកថា ជម្លោះបញ្ហាដីធ្លីនៅតាមវត្តអារាម នៅកម្ពុជាក្រោម នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែងកើតមានឡើងជារឿយៗ ដោយពលរដ្ឋជាជនជាតិយួន តែងតែទៅរំលោភរឹបអូសយកដីវត្ត ដោយឃុបឃិតជាមួយអាជ្ញាធរយួន លួចចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីមកធ្វើជារបស់ខ្លួន ។ ជាក់ស្តែង ដូចករណីជម្លោះបញ្ហាដីធ្លី នៅវត្តមុនីរង្សី (មេពាំង) ជាមួយ នឹងជនជាតិយួនបានអូសបន្លាយរ៉ាំរ៉ៃជាយូរមកហើយ និងករណីមួយទៀត ដែលទើប នឹងកើតឡើងថ្មីៗ នេះ គឺជនជាតិយួនយកដីរបស់វត្តពោធិភិរម្យរង្សី នៅស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំងធ្វើជាដីរបស់រដ្ឋ ហើយបន្ទាប់មកពុះលក់ឲ្យឈ្មួញ ។ ប៉ុន្តែ រហូតរមកដល់ពេលនេះ ដ្ឋាភិបាលយួននៅតែធ្វើព្រងើយ ដោយមិនព្រមដោះស្រាយឲ្យបានដាច់ស្រេចនៅឡើយ ៕