តុលាការវៀតណាមដោះលែងអ្នកប្រឆាំងនឹងរដ្ឋាភិបាល
ជារឿងដ៏កម្រ កាលពីថ្ងៃសុក្រទី ១៦ ខែសីហា ២០១៣ តុលាការវៀតណាមបានសម្រចដោះលែងនិស្សិតស្រីម្នាក់ ដែលត្រូវបានអាជ្ញាធរវៀតណាមចោទប្រកាន់ថា បានធ្វើសកម្មភាពឃោសនាប្រឆាំងរដ្ឋាភិបាល ។
ការសម្រេចចិត្តរបស់សាលាឧទ្ធរណ៍វៀតណាម បានធ្វើឲ្យអង្គការការពារសិទ្ធិមនុស្សមានការភ្ញាក់ផ្អើល ប៉ុន្តែ អបអរស្វាគមន៍ ។

ង្វៀន ភៀង ហ្វៀង (Nguyễn Phương Uyên) និស្សិតនៅសកលវិទ្យាល័យបច្ចេកវិទ្យាកសិចំណីអាហារ ត្រូវបានតុលាការដំបូងកាត់ទោស កាលពីខែឧសភា ឲ្យជាប់គុក ៦ ឆ្នាំ ពីបទបានចែកចាយខិតបណ្ណឃោសនា សម្អុយឈ្មោះរដ្ឋាភិបាល និងបានញុះញង់ឲ្យគេចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរបបកុម្មុយនិស្ត ។
ប៉ុន្តែ វាគួរឲ្យភ្ញាក់ផ្អើល នៅសាលាឧទ្ធរណ៍កាលពីថ្ងៃសុក្រ ទី ១៦ ខែឧសភា រដ្ឋអាជ្ញាមិនបានតម្កល់ការចោទប្រកាន់ ហើយនៅស្ងៀមមិនតវ៉ាឲ្យដាក់ទោសអ្វីទាំងអស់ ។ នៅទីបំផុត តុលាការសម្រេចដោះលែងនិស្សិត ភឿង ហ្វៀង ប៉ុន្តែ សម្រេចព្យួរទោស ។ តាមមាត្រាទី ៨៨ នៃច្បាប់ព្រហ្មទណ្ឌវៀតណាម ការឃោសនាប្រឆាំងរបបកុម្មុយនិស្តត្រូវចាត់ទុកជាបទឧក្រិដ្ឋ ហើយអ្នកប្រព្រឹត្តត្រូវប្រឈមនឹងទោសជាប់គុក ២០ ឆ្នាំ ។
បើតាមសកម្មជនការពារសិទ្ធិមនុស្សដែលបានចូលរួម នៅក្នុងសវនាការក្នុងខេត្តឡុងអាង (Long An) ក្បែរទីក្រុងព្រៃនគរ ឬ ទីក្រុងហូជីមិញ (Ho Chi Minh ) នៃអតីតដែនកម្ពុជាក្រោម កញ្ញា ភឿង ហ្វៀង បានបដិសេធមិនត្រូវការជំនួយពីមេធាវី ដោយនាង បានឡើងនិយាយការពារខ្លួនដែលថា ការប្រឆាំងនឹងបក្សកុម្មុយនិស្ត មិនមែនមានន័យថា ប្រឆាំងនឹងប្រទេសជាតិ និងប្រជាជនវៀតណាមទេ ។
ការសម្រេចរបស់តុលាការដោះលែងសកម្មជនប្រឆាំងរដ្ឋាភិបាល គឺជារឿងកម្រនៅវៀតណាម ជាទីដែលការ ពិភាក្សាពីរឿងនយោបាយត្រូវបានហាមឃាត់ ។ ចាប់តាំងពីដើមឆ្នាំ ២០១៣ នេះ មានសកម្មជន ៤៦ នាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល ។ រហូតមក រដ្ឋាភិបាល កម្រនឹងដោះលែងសកម្មជន បើទោះបីជាពួកគេបានធ្វើការប្តឹងផ្តល់ទៅ សាលាឧទ្ធរណ៍ទៅហើយក្តី ។
យ៉ាងណាក៏ដោយ ការសម្រេចរបស់តុលាការ កាលពីថ្ងៃសុក្រ បានធ្វើឲ្យសកម្មជន និងអង្គការការពារសិទ្ធិមនុស្សជាច្រើនអបអរស្វាគមន៍ ។ តាមលោក Phil Robertson រដ្ឋាភិបាលវៀតណាមបានលូកដៃចូលក្នុងសំណុំរឿងដែលបានបង្កឲ្យមានការមិនសប្បាយចិត្ត និងការរិះគន់ជាច្រើន នៅតាមបណ្តាញសង្គមក្នុងអ៊ីនធើណិត ។ មួយវិញទៀត ការសម្រេចដោះលែងនិស្សិតស្រី ង្វៀង ភឿង ហ្វៀង អាចជាការធ្វើសម្បទានរបស់រដ្ឋាភិបាលវៀតណាម ដែលបានបន្ទន់ជំហរ បន្ទាប់ពីមានការរិះគន់ខ្លាំងៗរបស់អាមេរិក និងសហភាពអឺរ៉ុប ទៅលើការរំលោភសិទ្ធិមនុស្សនៅវៀតណាម ៕