សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានបង្ខំពលរដ្ឋខ្មែរក្រោម មិនឲ្យប្រើប្រាស់ហ្វេសប៊ុក
ដោយ យន់ សាមៀន | RFA Khmer
មន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ឲ្យដឹងថា អាជ្ញាធរវៀតណាម បន្តធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចែកចាយព័ត៌មាន ពីសកម្មភាពសហព័ន្ធ និងព័ត៌មានផ្សេងៗ ទៀត ដែលអាចឲ្យខ្មែរក្រោម ឈានទៅទាមទារសិទ្ធិស្វ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯង ទៅថ្ងៃអនាគត ។

មន្ត្រីនាំពាក្យ សហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ថ្កោលទោសអាជ្ញាធរវៀតណាម ដែលបានបន្តរំលោភសិទ្ធិសេរីភាព ពលរដ្ឋខ្មែរក្រោម ក្នុងការប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មានរបស់សហព័ន្ធ ទៅដល់ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជាក្រោម ។ ការថ្កោលទោសនេះ ដោយសារតែអាជ្ញាធរវៀតណាម បានឲ្យយុវជនខ្មែរក្រោមម្នាក់ ឈ្មោះ គឹម ហុងមីល ចុះហត្ថលេខាឈប់ប្រើប្រាស់បណ្តាញសង្គម (Facebook) ទាំងបង្ខំ កាលពីថ្ងៃទី ២៣ មេសា ក្រោយអាជ្ញាធរបានសួរចម្លើយយុវជននេះអស់រយៈពេលជាច្រើនម៉ោងរួចមក ។ ព្រះអង្គបន្តថា អាជ្ញាធរវៀតណាម ចង់បំបិទព័ត៌មានទាំងស្រុងមិនឲ្យខ្មែរក្រោម ចេះដឹងពីសិទ្ធិមនុស្ស និងការស្វែងរកសិទ្ធិស្រ័យសម្រេចវាសនាខ្លួន ដោយខ្លួនឯងទៅថ្ងៃអនាគត៖ «អាជ្ញាធរយួនគេថា ការប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុករបៀបនេះ ជាទង្វើខុសច្បាប់ដោយសារតែគេចោទថា អ្នកនៅក្រៅប្រទេស ឬសហព័ន្ធប្រឆាំង នឹងរដ្ឋាភិបាលរបស់គេ ដូច្នោះហើយគេ នឹងមានវិធានការ ដើម្បីគ្រប់គ្រងតាមបណ្ដាញសង្គម ។ គេតាមដានទាំងអស់កុំឲ្យខ្មែរក្រោមយើង នឹងពីប្រភពខាងក្រៅ ដើម្បីទាមទារសិទ្ធិជាម្ចាស់ស្រុក» ។
អាជ្ញាធរវៀតណាម បានចាប់ផ្ដើមគាបសង្កត់ខ្មែរក្រោម មិនឲ្យប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែកចាយព័ត៌មាន ក្រោយសហព័ន្ធខ្មែរកម្ពុជាក្រោម បានចាប់ផ្ដើមយុទ្ធនាការ ទាមទារសិទ្ធិស្វ័យសម្រេចទៅអនាគត កាលពីឆ្នាំ ២០១៩ ក្នុងខួប ៧០ ឆ្នាំ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម រួចមក ។ កាលពីពេលថ្មីៗ ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ សឺន ទី ដែលបាននិមន្ត ទៅចូលរួមមង្គលការ បងប្អូនត្រូវបានអាជ្ញាធរវៀតណាម ដកហូត លិខិតឆ្លងដែន ដោយសារតែវៀតណាម ចោទព្រះអង្គថា បានចែករំលែកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលបានសម្ភាសមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោម ជជែកអំពីសិទ្ធិរបស់ជនជាតិខ្មែរដើម និងការចែករំលែកខ្លឹមសារខួបទី ៧០ ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម និងខ្លឹមសាររបស់សារព័ត៌មានព្រៃនគរ ។ វៀតណាម បានព្រមផ្ដល់លិខិតឆ្លងដែនទៅឲ្យព្រះអង្គ សឺន ទី ដោយសារតែអន្តរាគមន៍ ពីសហព័ន្ធខ្មែរកម្ពុជាក្រោម ទៅសហរដ្ឋអាមេរិក និងស្ថានទូតខ្មែរ នៅវៀតណាម ។ វៀតណាម ក៏បានធ្លាប់បង្ខំឲ្យយុវជនខ្មែរក្រោមជាច្រើនរូប ឲ្យលុបរូបភាព ពាក់ព័ន្ធ នឹងសហព័ន្ធខ្មែរកម្ពុជាក្រោមចេញពីបណ្ដាញសង្គម (Facebook) និងមានហាមឃាត់ខ្មែរក្រោមមិនឲ្យពាក់អាវ មានរូបសញ្ញាសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ។ កន្លងមកព្រះសង្ខជាច្រើនអង្គ ក៏ត្រូវវៀតណាម ចាប់ដាក់ពន្ធនាគារដោយសារតែបង្រៀនអក្សរខ្មែរ និងប្រវត្តិសាស្ត្រកម្ពុជាក្រោម ។

ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា បន្ថែមទៀតថា បច្ចុប្បន្ននេះ ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចំរើនធ្វើឲ្យពលរដ្ឋខ្មែរក្រោម ជាពិសេស យុវជនជ្រើសរើសប្រើប្រាស់បណ្ដាញសង្គម ដូចជា (Facebook) ដើម្បីសិក្សា និងស្វែងយល់ព័ត៌មានទូទៅ នៅខាងក្រៅប្រទេសវៀតណាម ពីព្រោះពួកគេគ្មានជំនឿលើព័ត៌មានរបស់អាជ្ញាធរវៀតណាម៖ «នៅក្នុងប្រទេសវៀតណាមហ្នឹងជាព័ត៌មានបន្លំភ្នែក ។ ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ របស់វៀតណាម ជាខ្មែរមានក្លែងក្លាយ និងជាការបំភិតបំភ័យពលរដ្ឋ ដូច្នោះហើយ ពលរដ្ឋខ្មែរក្រោមចូលចិត្តប្រើប្រាស់បណ្ដាញសង្គម ដើម្បីទទួលព័ត៌មានពីខាងក្រៅ» ។
យុទ្ធនាការរបស់វៀតណាម រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្មែរក្រោមនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលវៀតណាម កំពុងជំរិតបង្ខំឲ្យក្រុមហ៊ុន (Facebook) លុបចោលខ្លឹមសារតែរិះគន់រដ្ឋាភិបាលវៀតណាម ។
កាលពីថ្ងៃទី ២៣ មេសា អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានរិះគន់ក្រុមហ៊ុន Facebook ដែលសុខចិត្ត រឹតត្បិតសេរីភាពរបស់អ្នកជំទាស់ នឹងរដ្ឋាភិបាលវៀតណាម ក្នុងការប្រើប្រាស់បណ្ដាញសង្គម Facebook ជាថ្នូរ ដើម្បីកុំឲ្យរដ្ឋាភិបាលវៀតណាម ប៉ះពាល់ដល់ដំណើរការរបស់ក្រុមហ៊ុន ។ អង្គការសិទ្ធិមនុស្ស (Human Rights Watch) យល់ថា ទង្វើរបស់ក្រុមហ៊ុន (Facebook) បានបង្កើតជាឧទាហរណ៍មួយយ៉ាងអាក្រក់មួយ ដែលព្រមទៅតាមការជំរិតចង់បានរបស់វៀតណាម ។ សេចក្ដីថ្លែងការណ៍របស់ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ផ្សាយកាលពីថ្ងៃទី ២៣ មេសាបន្តថា វៀតណាម តែងតែទាមទារឲ្យក្រុមហ៊ុនបណ្ដាញសង្គម ដកចេញ ឬលុបចោល ការសរសេរ ឬគណនី ដែលរិះគន់រដ្ឋាភិបាល ឬមេដឹកនាំវៀតណាម ដោយសំអាងថា ជាការរំលោភលើច្បាប់ព្រហ្មទណ្ឌ ដែលច្បាប់នេះ ក៏រងការរិះគន់ថា មានលក្ខណៈទូលំទូលាយ និងមិនច្បាស់លាស់ ។ កាលពីដើម ឆ្នាំ ២០១៩ ច្បាប់ គ្រប់គ្រងចោរកម្មតាមអ៊ិនធឺណែត (cybersecurity law) របស់វៀតណាម បានចូលជាធរមាន ដែលច្បាប់នេះ តម្រូវឲ្យក្រុមហ៊ុនអ៊ិនធឹណិត ត្រូវតែលុបចោល ខ្លឹមសារតែដែលអាជ្ញាធរវៀតណាម គិតថា មិនត្រឹមត្រូវ ក្នុងរយៈពេល ២៤ ម៉ោង ក្រោយពេលអាជ្ញាធរវៀតណាម ធ្វើសំណើ ។ ជុំរិញការរឹតត្បិតសិទ្ធិសេរីបញ្ចេញមតិនេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានស្នើឲ្យសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត ប្រើប្រាស់ឥទ្ធិពលការទូត ដើម្បីប្រឆាំង នឹងការគាបសង្កត់របស់វៀតណាម ។ អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បារម្ភថា វៀតណាម នឹងបន្តទាមទារការរឹតត្បិតសេរីភាពអ៊ិនធឹណិតនេះ ទៅលើក្រុមហ៊ុនផ្សេងទៀត មិនត្រឹមតែក្រុមហ៊ុន (Facebook) ប៉ុណ្ណោះទេ ។ អង្គការនេះយល់ថា ដើម្បីឲ្យវៀតណាមឈប់បង្ខំក្រុមហ៊ុនឲ្យរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិទៀតនេះ វៀតណាមគួរត្រូវគេពិន័យចំពោះទង្វើទាំងនេះ ។
ទាក់ទង នឹងការរឹតត្បិតសិទ្ធិសេរីភាពខ្មែរក្រោមវិញ ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា ឲ្យដឹងថា ក្រៅពីប្រើប្រាស់ធម៌ក្ដៅប្រឆាំង នឹងខ្មែរក្រោម វៀតណាម ក៏កំពុងប្រើប្រាស់យុទ្ធសាស្ត្រត្រជាក់ ដើម្បីបំបាត់ពូជសាសន៍ខ្មែរក្រោម៖ «គេលួងលោមខ្មែរក្រោម ឲ្យជឿជាក់បក្សរដ្ឋ គេថា រដ្ឋរបស់គេហ្នឹងល្អ ហើយដោយសារតែខ្មែរយើង ៩៥ ភាគរយហើយ ជាអ្នកស្រែចម្ការ នៅពេលខ្មែរក្រោមយើងធ្វើស្រែចម្ការ និងដាំផ្លែឈើ ហើយនៅពេលទទួលផល រដ្ឋាភិបាលគេ (វៀតណាម) ឲ្យតម្លៃថោក» ។
ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា អំពាវនាវឲ្យពលរដ្ឋខ្មែរក្រោម ទាំងអស់ត្រូវងើបឡើង កុំឲ្យចុះចាញ់ការគំរាមកំហែងរបស់វៀតណាម ពីព្រោះខ្មែរក្រោម ជាជនជាតិដើមកំណើត មានសិទ្ធិគ្រប់យ៉ាងរស់ នៅលើទឹកដីកំណើតរបស់ពួកគេ ៕