ប្រមុខរដ្ឋវៀតណាមបំពេញទស្សកិច្ចនៅ Washington រងប្រតិកម្មអំពីបញ្ហាសិទ្ធិមនុស្ស
ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
(WASHINGTON —សារព័ត៌មាន ព្រៃគរ) ប្រមុខរដ្ឋវៀតណាម ត្រឿង តឹង សាង (Trương Tấn Sang) ត្រូវបានប្រធានាធិតី បារ៉ាក់ អូបាម៉ា (Barack Obama) ធ្វើបដិសណ្ឋារកិច្ចនៅសេតវិមាន នៅថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែកក្កដា នេះ ។ នេះជាដំណើរទស្សកិច្ចនៅសហរដ្ឋអាមេរិក ជាលើកដំបូងរបស់ លោក ត្រឿង តឹង សាង ក្នុងនាមជាប្រមុខរដ្ឋ ក្រោយពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ របស់អតីត ប្រធានរដ្ឋវៀតណាម ង្វៀង ម៉ិន ត្រៀត (Nguyễn Minh Triết) កាលពីឆ្នាំ ២០០៧ ។

ប្រមុខរដ្ឋវៀតណាមបំពេញទស្សកិច្ចនៅ Washington រងប្រតិកម្មអំពីបញ្ហាសិទ្ធិមនុស្ស
កិច្ចប្រជុំមេដឹកនាំកំពូលនៃប្រទេសទាំងពីរនេះ ចាប់ពីម៉ោង ១០ ព្រឹក (ម៉ោងនៅរដ្ឋធានី Washington) ។ នៅពេលព្រឹកព្រលឹម ពលរដ្ឋអាមេរិកកំណើតវៀតណាមជាងមួយពាន់នាក់ បានធ្វើដំណើរមកពីរដ្ឋ នានាទូទាំងទឹកដីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ជួបជុំគ្នានៅជិតសេតវិមាន ដើម្បីថ្កោលទោស ការរំលោភសិទ្ធិមនុស្សរបស់រដ្ឋការក្រុងហាណូយ និង សំណូមពរដល់លោក បារ៉ាក អូបាម៉ា លើក យកបញ្ហាសិទ្ធិមនុស្សជាសំខាន់ មកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ ព្រមទាំងធ្វើឲ្យមានការយកចិត្តទុក ដាក់ពីសហគមន៍អន្តជាតិ អំពីប្រវត្តិការរំលោភសិទ្ធិមនុស្សរបស់វៀតណាម ។
តំណាងក្រុមបាតុករពលរដ្ឋអាមេរិកកាំងកំណើតវៀតណាមម្នាក់ ដែលបានចូលរួមក្នុងក្បួនបាតុកម្មនេះ បានថ្លែងថា ក្រុមលោកជាង ១.០០០ នាក់ មកជួបជុំគ្នានេះ ក្នុងគោលបំណង ធ្វើឲ្យមានការយកចិត្ត ទុកដាក់ពីសហគមន៍អន្តរជាតិ ដើម្បីជម្រុញឲ្យមានគោរពសិទ្ធិមនុស្សនៅវៀតណាម ។
តំណាងក្រុមបាតុកររូបនេះបានថ្លែងថា៖ “បញ្ហាសិទ្ធិមនុស្ស ជាតម្រូវរបស់មនុស្ស ។ ពលរដ្ឋវៀតណាម របស់យើង ក៏ជាមនុស្ស គឺសិទ្ធិមនុស្សត្រូវតែបានគេគោរព ។ ប៉ុន្តែប្រទេសវៀតណាមសព្វថ្ងៃ ជាពិសេស មេដឹកនាំកុម្មុយនិស្ត មិនបានគោរពនូវសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ប្រជាពលរដ្ឋឡើយ ។ ដូច្នេះ បានជាយើងខ្ញុំធ្វើការប្រឆាំង គឺ ប្រឆាំងតាមរបៀបចូលរួមការធ្វើបាតុកម្មនេះ ។ យើងខ្ញុំនិយាយ ដើម្បីបញ្ចេញនូវសំឡេងរបស់យើងខ្ញុំ ” ។
ក្រោយពីកិច្ចប្រជុំនេះ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានប្រកាសថា លោកមានកិច្ចពិភាក្សាគ្នាមួយដោយ “ត្រង់ៗ” ទៅភាគីវៀតណាម អំពីបញ្ហាសិទ្ធិមនុស្ស ពេលធ្វើបដិសណ្ឋារកិច្ចចំពោះប្រមុខរដ្ឋវៀតណាម ត្រឿង តឹង សាង នៅសេតវិមាន ។
អង្គុយនៅជិត លោក ត្រឿង តឹង សាង , លោក អូបាម៉ា បានថ្លែងប្រាប់ពួកអ្នកកាសែតថា ទីក្រុង Washington មានជំនឿថា ប្រទេសទាំងអស់ត្រូវតែគោរពនូវសិទ្ធិមនុស្សជាមូលដ្ឋាន ដូចជា សេរីភាព នៃការបញ្ចេញមតិ , សេរីភាពសាសនា និងសេរីភាពនៃការបង្កើតសមាគម ជាដើម ។
លោក អូបាម៉ា បានថ្លែងថា៖ “យើងខ្ញុំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកមានជំនឿថា យើងរាល់គ្នា ត្រូវ គោរពបញ្ហាមួយចំនួនដូចជា សេរីភាពបញ្ចេញមតិ សេរីភាពសាសនា សេរីភាពបង្កើតសមាគម មានលក្ខណៈដូចម្ដេច និងយើងខ្ញុំមានកិច្ចសន្ទនាគ្នាដោយត្រង់ៗអំពីបញ្ហាចំណុចទាំងពីរ គឺ ការរីចម្រើន ដែល វៀតណាមកំពុងអនុវត្ត និងឧបសគ្គដែលកំពុងនៅជាធរមាន” ។
ប្រមុខរដ្ឋវៀតណាម លោក ត្រឿង តឹង សាង បានថ្លែងទៅកាន់ពួកអ្នកសែតថា វៀតណាម និង សហរដ្ឋ អាមេរិក នៅមានបញ្ហាខ្វែងគំនិតគ្នាអំពីបញ្ហាសិទ្ធិមនុស្ស ។
លោក ត្រឿង តឹង សាង បានថ្លែងថា៖ “អំពីបញ្ហាទប់ស្កាត់ផលវិបាកដែលកើតឡើងពីសង្គ្រាម យើង ខ្ញុំបានពិភាក្សាគ្នា យ៉ាងច្បាស់ រួមទាំងបញ្ហាសិទ្ធិមនុស្សក៏បានពិភាក្សាដែរ តែមតិរបស់ប្រទេសទាំង ពីរ នៅមានលក្ខណៈផ្សេងគ្នា” ។
មុនពេលដំណើរមកដល់ទឹកដីសហរដ្ឋអាមេរិករបស់ប្រមុខរដ្ឋវៀតណាម ក្រុមតំណាងរាស្ត្រសហរដ្ឋ អាមេរិកជាច្រើនរូប បានបើកកិច្ចប្រជុំ និងធ្វើសន្និសីទកាសែត ដើម្បីពិភាក្សាអំពីបញ្ហាសិទ្ធិមនុស្សនៅវៀត ណាម និងបានរួមគ្នាចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយផ្ញើទៅ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ត្រូវលើកយកបញ្ហាសិទ្ធិមនុស្សមកពិភាក្សាជាមួយប្រមុខរដ្ឋវៀតណាម ។
សមាជិកសភាមកពីគណបក្សប្រជាធិតេយ្យ លោកស្រី Loretta Sanchez បានថ្លែងថា ៖ “៣ អាណត្តិ មកហើយ ដែលរដ្ឋាភិបាលមើលឃើញតែប្រយោជន៍ និងបង្កើនការយកវចិត្តទុកដាក់ខាងពាណិជ្ជកម្ម ប៉ុន្តែបញ្ហាសិទ្ធិមនុស្សរបស់ក្រុងហាណូយកាន់តែអន់ថយទៅៗ ។ ដល់ពេលដែលរដ្ឋាភិបាល លោក អូបាម៉ា ដែលកំពុងកាន់អំណាច និងក្រសួងការបរទេស សព្វថ្ងៃ ត្រូវតែអនុវត្តទៅតាមច្បាប់ ក៏ដូច ជាសេចក្ដីប្រកាសរបស់ពួកគេ ។ ពួកគេ ត្រូវតែលើកយកបញ្ហាសិទ្ធិមនុសុ្ស និងជាពិសេសបញ្ហាសាសនា ដែលកំពុងត្រូវរដ្ឋអំណាចរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ និងត្រូវបញ្ជាក់ឲ្យបានច្បាស់ថា បញ្ហាទាំងអស់នេះ ត្រូវ តែបានដោះស្រាយ មុនពេលសហរដ្ឋអាមេរិក មានការកិច្ចព្រមព្រៀងណាមួយជាមួយរដ្ឋាភិបាលវៀត ណាម” ។
លោក ត្រឿង តឹង សាង បានថ្លែងថា លោក អូបាម៉ា បានទទួលយកនូវការអញ្ជើញទៅបំពេញ ទស្សន កិច្ចនៅវៀតណាម មុនពេលបញ្ចប់អាណត្តិទី ២ ជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់ខ្លួនផងដែរ ។
កិច្ចប្រជុំបាននាំមកនូវកិត្តិយសដល់ លោក សាង ជាមេដឹកនាំទី ២ របស់វៀតណាមដែលបានអង្គុយ ជជែកគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកនៅ Washington ចាប់តាំងពីប្រទេសដែលជាអតីតសត្រូវនឹងគ្នានៅក្នុងសង្គ្រាមវៀតណាម បានធ្វើឲ្យទៅជាធម្មតានូវទំនាក់ទំនងការទូតឡើងវិញកាលពីឆ្នាំ ១៩៩៥ ។
ក្រោយពីកិច្ចប្រជុំរវាង លោក អូបាម៉ា និង ប្រមុខរដ្ឋវៀតណាម ត្រឿង តឹង សាង, សហរដ្ឋអាមេរិក និង វៀតណាម បានចេញសេចក្ដីប្រកាសរួមស្ដីពី “ភាពជាដៃគូលើគ្រប់វិស័យ” (Comprehensive Partnership) ត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រសេតវិមាន ។
យោងតាមសេចក្ដីប្រកាសរួមនេះ លោក បារ៉ាក់ អូបាម៉ា និង លោក ត្រឿង តឹង សាង “ សម្រេចរឹតបន្តឹងទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម និង សហរដ្ឋអាមេរិក ដើម្បីនាំមកនូវគ្រោងការណ៍ រួមមួយក្នុងការពង្រឹងដល់ទំនាក់ទំនងនេះ” ។
ទំនាក់ទំនងនេះ ផ្អែកលើលក្ខខណ្ឌ “ គោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ , ច្បាប់អន្តរជាតិ , ប្រព័ន្ធនយោបាយ, ឯករាជ្យ, អធិបតេយ្យ និងបូរណភាពដែនដីរបស់ផងគ្នា” ។
ទំនាក់ទំនងនេះថ្មីនេះ បង្កើតទៅជា “ការសហប្រតិបត្តិការ នៅក្នុងវិស័យ ដូចជា ទំនាក់ទំនងការទូត, នយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម , វិទ្យាសាស្ត្រ, បច្ចេកវិទ្យា, អប់រំ និងបណ្ដុះបណ្ដាល, បរិស្ថាន និង សុខភាព, បញ្ហាកេរដំណែលសង្គ្រាម, ការពារជាតិ និង សន្តិសុខ, ការពារ និង លើកកម្ពស់វិស័យ សិទ្ធិមនុស្ស, វប្បធម៌ , កីឡា និង ទេសចរណ៍” ៕