ពលរដ្ឋខ្មែរក្រោម ថា គណៈសង្ឃវៀតណាម ព្យាយាមចម្លងក្បួនខ្នាតអក្សរសាស្ត្រខ្មែរខុស ឲ្យព្រះសង្ឃខ្មែរក្រោមរៀន

0 98

ដោយ លី ឈូន

ក្រសួងធម្មការ​វៀតណាម​ បាន​បោះពុម្ព​សារ​ជាថ្មី នូវ​គម្ពីរ​ដីកា​នានា នៃ​ព្រះពុទ្ធ​សាសនា​ ជា​អក្សរខ្មែរ និង ភាសាបាលី មាន​កម្ពីរ​មង្គល​ត្ថ​ទីប​នី ជាដើម សម្រាប់​ព្រះសង្ឃ​ខ្មែរក្រោម​ សិក្សា​រៀនសូត្រ នៅ​តាម​អង្គភាព ដែល​គ្រប់គ្រង​ផ្ទាល់​ដោយ​អាជ្ញាធរ​វៀតណាម ចំនួន​ពីរ​ គឺ សាលា​បំពេញវិជ្ជា​បាលី​ជាន់ខ្ពស់​ខ្មែរក្រោម មាន​ទីតាំងនៅ​ទីក្រុងឃ្លាំង នៃខេត្តខេត្តឃ្លាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី សុក​ត្រាំង និង​ វិទ្យាស្ថាន​ពុទ្ធសាសនា​ខ្មែរក្រោម មាន​ទីតាំងនៅ​ទីក្រុង​ពេក​ឫស្សី ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ ថា កឹង ធើ ដែនដី​កម្ពុជាក្រោម ។ គម្ពីរ​ដីកា ដែល​អាជ្ញាធរ​វៀតណាម បោះពុម្ព​សារ​ជាថ្មី​នោះ​ ខុសប្រក្រតី​ដើម ជាច្រើន​អន្លើ ពី​កម្ពីរ ដែល​ចម្លង​ពី​កម្ពុជា មាន​ខុស​អក្ខរា​វិ​រុ​ទ្ធិ និង​ ខុស​ឃ្លោងឃ្លា នៃ​ប្រយោគ ជាច្រើន ។ កំហុស​នេះ​កើតឡើង​នៅ​កម្ពុជាក្រោម ជាង ១០ ឆ្នាំ​មក​ហើយ បើ​ទោះបីជា​គណៈសង្ឃ​ខ្មែរក្រោម ​ខំ​តវ៉ា​យ៉ាងណាក៏ដោយ ក៏​អាជ្ញាធរ​វៀតណាម ​នៅតែ​ធ្វើគ ធ្វើ​ថ្លង់​ដដែល ។ ពលរដ្ឋ​ពលរដ្ឋ ​និង​ អង្គការ​សង្គម​ស៊ីវិល​ខ្មែរក្រោម​ ថា មិន​ត្រឹមតែ​សមត្ថកិច្ច​នៃ​អាជ្ញាធរ​វៀតណាម ផ្នែក​ស៊ីវិល​ទេ ដែល​ព្យាយាមជាន់ឈ្លី​លុបបំបាត់​អក្សរសាស្ត្រ​ខ្មែរ និង ​ប្រើ​គ្រប់​មធ្យោបាយ​រាំង​ខ្ទប់​ដំណើរ​វិវត្តន៍ នៃ​វិស័យ​សិក្សាអប់រំ របស់​ខ្មែរក្រោម​នោះ​ទេ សូម្បីតែ​សមត្ថកិច្ច​នៃ​អាជ្ញាធរ​វៀតណាម​​ ផ្នែក​សាសនា ក៏​មាន​ចរិត​ដូច​អាជ្ញាធរ​វៀតណាម​ ផ្នែក​ស៊ីវិល​ដែរ ។

សមណ​សិស្សសាលា​បំពេញវិជ្ជា​បាលី​មធ្យមសិក្សា​ភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ) ឬ​សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ឋិត​នៅក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង ធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​អាជ្ញាធរ​វៀ​ណា​ម គោរព​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ។
សមណ​សិស្សសាលា​បំពេញវិជ្ជា​បាលី​មធ្យមសិក្សា​ភាគខាងត្បូង (Trường Bổ Túc Văn Hóa Pali Trung Cấp Nam Bộ) ឬ​សាលា​បាលី​ជាន់ខ្ពស់​ខេត្ត​ឃ្លាំង ឋិត​នៅក្នុង​វត្ត​ឃ្លាំង ទី​រួម​ខេត្ត​ឃ្លាំង ធ្វើ​បាតុកម្ម​ទាមទា​រ​ឲ្យ​អាជ្ញាធរ​វៀ​ណា​ម គោរព​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​ម្ចាស់​ស្រុក នៅ​ដែនដី​កម្ពុជា​ក្រោម កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០០៧ ។

គណៈសង្ឃខ្មែរ ខេត្តលង់ហោរ ដែលវៀតណាមដាក់ឈ្មោះថ្មី ថា​ខេត្ត វិញ ឡុង​ (Vinh Long) តំណាង​ឲ្យព្រះសង្ឃ និង ពុទ្ធបរិស័ទខ្មែរក្រោម សំណូមពរដល់ក្រសួងធម្មការ និង កិច្ចការសាសនា វៀតណាម ថា ក្បួន ខ្នាត គម្ពីរ ដីកា ដែលបោះពុម្ពសម្រាប់ព្រះសង្ឃ និង ពុទ្ធបរិស័ទខ្មែរក្រោម សូម​បោះ​ឲ្យ​បាន​សុក្រឹត្យ​ជាង​លើកមុន ៗ ផងព្រោះថា​គម្ពីរដីកា​ ដែលបោះពុម្ពក្រោយ ៗ នេះ​កំហុស​អក្ខរាវិរុទ្ធ​ និង ​ឃ្លា​ឃ្លោង​ប្រយោគ​កាន់​តែ​ខុស​ច្រើន​ឡើង ៗ ជាហេតុ​ធ្វើអ្វីពុទ្ធបរិស័ទ និង ព្រះសង្ឃខ្មែរក្រោម​ពិបាក ក្នុងការ​សិក្សា​រៀនសូត្រយ៉ាងខ្លាំង ។

គណៈសង្ឃខ្មែរ ខេត្តលង់ហោរ ៖ «នោះ​គឺ​ជា​គម្ពីរដីកា ដែលបានបោះពុម្ពលើកមុន ៗ ចំពោះគម្ពីរ​ដីកា​ដែល​បោះពុម្ពក្រោយ ៗ នេះ កំហុស​និងចន្លោះ ប្រហោង​កាន់​តែច្រើនលើសការបោះពុម្ពមុន ៗ ទៅ​ទៀត ។ ករណីនេះ យើងខ្ញុំសូមសំណូមពររាល់គម្ពីរ ដី​កា ដែលបានបោះពុម្ភ ក្រសួង​គួរ​ខិត​ខំ​ប្រឹង​ប្រែង​​​បោះ​ពុម្ភ​យ៉ាង​ម៉េច​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ ។ ដែល​ថា​ឲ្យ​បាន​ល្អ​ត្រឹម​ត្រូវ​នោះ​គឺ​ថា គម្ពីរដីកា​ដែល​បាន​បោះ​ពុម្ព​ទាំង​នោះ​ធ្វើ​ម៉េច​ឱ្យ​ពុទ្ធបរិស័ទ​ និងព្រះសង្ឃខ្មែរក្រោមអាចប្រើប្រាស់បាន »

ចំណែកអតីតនិស្សិតខ្មែរក្រោម​មួយរូប​ឈ្មោះ ទ្រីវ បូរា មាន​ស្រុក​កំណើត​នៅស្រុកជ្រោយញរ​ខេត្ត​ឃ្លាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ខេត្ត សុក ត្រាំង (Soc Trang) កម្ពុជាក្រោម សព្វ​ថ្ងៃ​លោករស់​នៅ​អាមេរិក លោកធ្លាប់រៀននៅសាលាបាលី បំពេញវិជ្ជាជាន់ខ្ពស់ខ្មែរក្រោម ដែលវៀតណាមហៅ Trường Bổ Túc Văn Hóa PaLi Trung cấp Nam Bộ មានទីតាំងនៅទីក្រុងឃ្លំាង ។ លោក​ថា ​លោករៀន​នៅ​ទី​នោះ​ពីរ​ឆ្នាំ​តែ​ប្រែលោតប្រយោគគម្ពីរមង្គលត្ថទីបនីមិនចប់មួយភាគផង ដោយសារតែគម្ពីរ​ ដែល​ទីក្រុង​ហាណូយ​បោះពុម្ពសារជាថ្មីនោះ​ខុស​ឃ្លា ​ប្រយោគ​អក្ខរាវិរុទ្ធិ ជាច្រើនដូច្នេះហើយ ទាំង​សិស្ស​​​ទាំង​គ្រូ​រៀន​បណ្ដើរកែ​កំហុសទាំងនេះ​បណ្ដើរ ។ អតីតនិស្សិត​សាលាបំពេញ​វិជ្ជាបាលីជាន់​ខ្ពស់​ខ្មែរ​ក្រោម​ម្នាក់​នេះ​លើក​ឡើង​ថា ​នេះ​គឺ​ជាចេតនារបស់អាជ្ញាធរវៀតណាម​ ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​បែប​នេះ ​។

លោក ទ្រីវ បូរា៖ «គម្ពីរមង្គលនេះ គេបោះពុម្ភនៅទីក្រុងហាណូយ ដោយ​ក្រសួងសិក្សា​អប់រំ​ និងបណ្ដុះ​បណ្ដាល វៀតណាម​ ។ គេបោះពុម្ពដូចពីដើមដែរ ​តែក្នុង​អត្ថបទ​ហ្នឹង​​គេមានចេតនាកាឡៃ គេ​ព្យាយាម​​ ធ្វើ​ឲ្យអក្ខរវិរុទ្ធិ និង​ប្រយោគ​ នៃគម្ពីរនឹង​ខុស​អត្ថបទដើម ខុសដូច​ជា​ប្រយោគ​ក្នុង​ភាសាបាលី​ថា​ «ករោតិ» ដល់គេបោះពុម្ពចេញមកជា «ករោន្តិ» អីអញ្ចឹងទៅ​ ឬ ដូច​ជា​ពាក្យ​ថា «កុសលស្សោ» ហើយ​គេ​បោះ​ចេញមកទៅ​ជា «កុសលស្ស» អីអញ្ចឹងទៅ។ ទីមួយពាក្យ​ខុស​ហើយ​ប្រយោគក៏ខុសទៀត»

ស្រដៀងគ្នានេះដែរ អតីតសមណនិស្សិតខ្មែរក្រោម មួយរូបទៀត​ឈ្មោះ​ សឺន សត្យា​ លោកមាន​ស្រុក​កំណើត​នៅ​ស្រុកក្បាល​ក្រពើ​ ខេត្ត​ពលលាវ ដែលវៀតណាមដាក់ឈ្មោះថ្មីថាខេត្ត​បាក លីវ (Bac Lieu) លោក ធ្លាប់រៀននៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោម ដែលវៀតណាមហៅថា ហុក វៀង ផឹក យ៉ាវ ណាំ តុងខ្មែរ (Học Viện Phật Giáo Nam Tông Khmer ) ​មានទីតាំងនៅស្រុកអូម៉ុល​ទីក្រុង​ព្រែកឫស្សី ដែលវៀតណាម ដាក់​ឈ្មោះថ្មីថាខេត្ត កឹង ធើ (Can Tho) ដែនដី​កម្ពុជាក្រោម ​។ លោក​ថាគម្ពីរដីកា​ដែលបោះពុម្ពខុសនេះ មិនអាចបន្ទោស​តែភាគីអ្នកបោះពុម្ពតែម្យ៉ាងនោះទេ កំហុសនេះ​កើត​ឡើងដោយ​អាស្រ័យថ្នាក់​ដឹកនាំ​សាសនាខ្មែរក្រោម ដែលទទួលបន្ទុកការងារនេះ ព្រោះ​តែ​អំពើ​ល្មោភ​បុណ្យស័ក្តិ​ លាភសម្ភារៈ ​ទើប​បណ្ដាល​ឲ្យ​មាន​ការ​បោះ​ពុម្ព​ខុស​ជ្រាំដែលដូច្នេះ។

លោកសឺន សត្យា ៖ ​«ការ​បោះពុម្ពសៀវភៅនៅវិទ្យាស្ថានខ្មែរហ្នឹង បើតាមខ្ញុំយល់ គឺការ​ចែកលុយ​គ្នា​មិន​ស្មើអញ្ចឹង​​តែម្ដង ហើយប្រកាន់គ្នា​ដល់អីចឹងទៅ អាណាធ្វើអីបានក៏ធ្វើទៅ មិនមែរបស់អាញ់ តែឯងឯណ គឺថាអ្នកធំៗគិតអីចឹងតែម្ដង»

រីឯ ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោមគឺ លោក​ ទៀ ថេន ​សព្វ​ថ្ងៃ​លោករស់នៅប្រទេសអូស្ត្រាលី​ លោក​​ជាចាងហ្វាងទស្សនាវដ្តីឥន្ទ្រទេវី ​និង ​​ជាម្ចាស់​រោងពុម្ពឥន្ទ្រទេវី មានទីតាំ​នៅទីក្រុងភ្នំពេញ​ ដែលធ្លាប់​បោះពុម្ពផ្សាយ​នៅព្រះរាជាណាចក្រកម្ពុជា ​នៅដើមសហស្សវត្សរ៍នេះ ។

លោកលើកឡើងថា ​ឯកសារសំខាន់​ ៗ ដូចជាគម្ពីរដីកា គេមិនដែលបោះពុម្ពសារជាថ្មីនោះទេ​ គឺត្រូវ​តែ​ថតចម្លង​តាមច្បាប់ដើមទើបវាសុក្រិត្យ ជាឧទាហរណ៍ដូចជាប្រទេសជប៉ុន ដែលឧបត្ថម្ភគម្ពីរដីកា​ជាច្រើន ដល់ព្រះរាជាណាចក្រកម្ពុជា គេមិនដែលបោះពុម្ភសារជាថ្មីទេ គឺគេថតចម្លង​តាម​ច្បាប់​ដើម​​ទាំងអស់ ។ លោកទីប្រឹក្សាសហព័ន្ធរូបនេះ បញ្ជាក់ទៀតថា នេះគឺជាហានិភ័យធំណាស់​សម្រាប់​ជាតិ​​ខ្មែរក្រោម​ ។

លោក ទៀ ថេន ៖ «ហើយបើក្បួនខ្នាតរបស់ជាតិ គេធ្វើឱ្យវង្វេងក្បួនខ្នាតរបស់ជាតិ គឺ​គេ​កំពុង​បំពុល​វប្បធម៌ អក្សរសាស្ត្រ របស់យើង ហើយរឿងនេះ គឺជារឿងធំណាស់ មិនមែន​ជារឿង​តូច​ទេ គ្រាន់​តែ​យក​បទពិសោធន៍ ក្នុងការកែអក្សរសាស្ត្រខ្មែរយើង ពីសំណាក់​លោកកេង វ៉ាន់ សាក់ ផង​សម្ដេចព្រះសង្ឃរាជ ជួន ណាត​ផង ​គិត​មើល​​ ពេលនេះ​នៅ​តែមាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នាមកទល់​បច្ចុប្បន្ន​ហ្នឹង ។ ហើយយួនវាយល់ច្បាស់ណាស់ យល់ច្បាស់ណាស់ វាធ្វើ​តែបន្តិច ទាត់ម្រាម​ដៃតែ​បន្តិច យើងវង្វេង ៣០ ឆ្នាំយ៉ាងតិច »

ការលើកឡើងមកនេះ ដោយសារ​តែសំណើរទាំង ៩ ខ របស់ព្រះសង្ឃ​ និង ពុទ្ធបរិស័ទខ្មែរក្រោម​ ត្រូវ​បែកធ្លាយ​ ព្រោះតែប្រព័ន្ធឃោសនាពុទ្ធសាសនាវៀតណាម មិនផ្សព្វផ្សាយអំពីសំណើរទាំងនេះ ។ សំណើរទាំង ៩ ​ខ​នោះ រួមមានការស្នើរឲ្យឧបត្ថម្ភ​ដល់សមណនិស្សិតខ្មែរក្រោម ដែលទៅរៀន​នៅ​ក្រៅប្រទេស ។​

សំណើរឲ្យកែប្រែប្រព័ន្ធសិក្សាវិស័យពុទ្ធិកៈ​​របស់ខ្មែរក្រោម​ឲ្យឯកភាព​គ្នា​ និង ​សំណើរ​​ឲ្យអាជ្ញាធរ​ចេញប្លង់កម្មសិទ្ធិដីធ្លី ​ឱ្យវត្តអារាមខ្មែរក្រោម​ឲ្យបានគ្រប់វត្តជាដើម ហើយនិង​សំណើរទី ៥ គឺសូមឲ្យការបោះពុម្ពគម្ពីរដីកា ស​ម្រាប់ពុទ្ធបរិស័ទ ​និង ព្រះសង្ឃខ្មែរក្រោម​កុំឲ្យខុសមុខ ខុសក្រោយ​ដូចពេល មុន ៗ ។

សំណើរទាំង ៩ ខ នេះ សមត្ថកិច្ចសង្ឃវៀតណាម លាក់ទុកមិនដោះស្រាយ មិនសព្វផ្សាយ ហើយ​សំណើរទាំង​នេះ​ស្នើឡើង​ដោយគណៈសង្ឃ​ខេត្តលុងហោរ តំណាងឲ្យព្រះសង្ឃ​ និង ពុទ្ធបរិស័ទខ្មែរ​នៅ​ដែន​ដីកម្ពុជាក្រោម នាសន្និសីទលើកទី ៩ ស្តី​អំពីព្រះពុទ្ធសាសនាខ្មែរក្រោម​ធ្វើឡើង នៅទី​រួម​ខេត្តលុងហោរ កាលពីថ្ងៃទី ១៧-១៨ ខែធ្នូឆ្នាំ ២០២០ ។

ទាក់ទងនឹងករណីទាំងនេះ វិទ្យុសំឡេងកម្ពុជាក្រោម និង សារព័ត៌មានព្រៃនគរ ទូរស័ព្ទទាក់ទង​សុំការ​បំភ្លឺ​​ពីសាលាគណខេត្តលុងហោរ ជាច្រើនដង​ តែសាលាគុណមិនទទួលទូរសព្ទ ។ ទោះ​ជាយ៉ាងនេះ ​ក្ដីនៅក្នុងសំណើរទាំង ៩ ខ ទាក់​ទិន​នឹង​រឿង​បោះពុម្ពគម្ពីរ​ដីកានេះ​គណៈសង្ឃខេត្តលុងហោរ ថ្លែង​សង្កត់​ធ្ងន់ ​ៗ ដល់សមត្ថកិច្ច​ទទួលបន្ទុក​កិច្ចការបោះពុម្ពនេះ ថា​ពេលបោះពុម្ពក្រោយ ៗ សូម​ឱ្យ​មាន​គុណ​ភាព​សុក្រិត្យ​ជាងនេះ​ បើមិនដូច្នោះ​ទេ ព្រះសង្ឃ​​ និង ពុទ្ធបរិស័ទខ្មែរក្រោម មិនសុខចិត្តឡើយ ។

គណៈសង្ឃខេត្តលុងហោរ ៖ «ក្បួនខ្នាតគម្ពីរដីកា​បោះ​ពុម្ពខុសយ៉ាងច្រើន​ ដែលយើងខ្ញុំមិន​អាច​ទទួល​យក​បាន ហើយករណីទាំងនេះ យើងខ្ញុំ​បាន​លើក​ឡើងនិងសំណូមពរ​ជាច្រើន​លើក​ ច្រើនសារ​ នៅរាល់អង្គសន្និបាតស្ដីអំពីព្រះពុទ្ធសាសនាខ្មែរក្រោម តែគណៈកម្មការទទួលបន្ទុកចង ក្រង រៀបចំ​បោះពុម្ព​ឯកសារព្រះពុទ្ធសាសនាមិនអើពើដោះស្រាយ សោះឡើយ ដូច្នេះហើយ យើងខ្ញុំសំណូមពរទៅដល់ គណៈកម្មការទទួលបន្ទុក ច​ង ក្រង រៀបចំ​បោះពុម្ព​ឯកសារ​ព្រះពុទ្ធសាសនា ចំពោះគម្ពីរដីកាដែលបោះពុម្ពសម្រាប់ពុទ្ធបរិស័ទ និង​ ព្រះសង្ឃខ្មែរសិក្សា​នៅលើក​ក្រោយ​ ៗ នេះ ត្រូវធ្វើយ៉ាងណា ស្វែងរកវិធីសាស្ត្រ​ កែប្រែឲ្យបាននូវចំណុចនេះ »

ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ទៀ ថេន លើកឡើងថា អាជ្ញាធរវៀតណាម គ្រប់សម័យកាល គ្រប់​ផ្នែកតែងតែព្យាយាម លុបបំបាត់​វប្បធម៌ អក្សរសាស្ត្រខ្មែរ ​។

ករណីនិយាយបន្លំ សរសេរបន្លំ បោះពុម្ពបន្លំ មិនមែន​ទើបតែលើកនេះទេ ករសណីស្រដៀងគ្នានោះ គឺធ្លាប់កើតមាន​ឡើង តាំងពីយូរយារណាស់មកហើយ ដូច​ជា​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណបស់ពលរដ្ឋខ្មែរក្រោម​ អាជ្ញាធរវៀតណាម​ដាក់​ថា គ្មានសាសនា​ ធាតុពិត​ពលរដ្ឋ​ខ្មែ​រក្រោម យ៉ោងតិចក៏ ៩៩% ជាអ្នកកាន់ព្រះពុទ្ធសាសនា ។ ចំណែក​ភាសា​និយាយ​ ភាសាសរសេរ​ជា​សកល ​គេសសរសេរ​ឈ្មោះ​ជន​ជាតិខ្មែរ​ថា «Khmer=ខ្មែរ» ។ លើកលែង​តែអាជ្ញាធរវៀតណាម​ គេសរសេរឈ្មោះជនជាតិខ្មែរថា «Khơ-me=ឃើ​ មៀ» ​ពាក្យថា ​ឃើ មៀ នេះ​តាមនិយមន័យ​ នៃភាសាវៀតណាម​វាស្រដៀងគ្នា​នឹងពាក្យ​ថា «ខ្មែរល្ងង់ឬភ្លើ» ។

មួយវិញទៀតថ្មី ៗ នេះ ក្រសួងសិក្សាអប់រំ និង បណ្ដុះបណ្ដាលវៀតណាម បាន​បោះពុម្ភសៀវ​ភៅ​ភាសា​ខ្មែរ​ថ្នាក់ទី ៤ សំរាប់ពលរដ្ឋខ្មែរសិក្សា​ គេសរសេរកាឡៃអំពីពិធីប្រណាំងទូក ង របស់​ខ្មែរក្រោម ថាពិធីប្រណាំងទូកនេះ គឺក្លាយ​មកពីការ​ធ្វើ​ទូក​ដើម្បីចម្លង​ព្រះសង្ឃ​ទៅបិណ្ឌបាត​ ទៅវិញ ដែលប្រាស​ចាកពីការពិត​នៃពិធីប្រណាំងទូក ង នៅដែនដីកម្ពុជាក្រោម សព្វ​ថ្ងៃ​គឺធ្វើ​ឡើង ​ដើម្បី​រំលឹកដល់​វីរភាព​ដ៏​អង់​អាចក្លាហាន នៃ​កងទ័ព​ជើង​ទឹករបស់​ដែនដីកម្ពុជាក្រោម​ ៕

Leave A Reply

Your email address will not be published.