មន្ត្រីវៀតណាមថា បក្សជំទាស់នៅកម្ពុជាជាប់ឆ្នោតជនជាតិយួន និងខ្មែរក្រោម ត្រូវបានបញ្ជូនទៅស្រុក
(សហរដ្ឋអាមេរិក-សារព័ត៌មាន ព្រៃនគរ) តំណាងអាជ្ញាធរវៀតណាម នៅស្រុកថ្កូវ ខេត្តព្រះត្រពាំង បាននិយាយ ឃោសនាទៅកាន់ ពលរដ្ឋខ្មែរក្រោមនៅពេលថ្មីៗនេះៗថា ប្រសិនបើគណបក្សសង្គ្រោះជាតិ នៃប្រទេសកម្ពុជាជាប់ ឆ្នោត មិនត្រឹមតែជនជាតិយួនទេដែលត្រូវបាន រដ្ឋាភិបាលកម្ពុជាបញ្ជូនទៅវៀតណាម សូម្បីខ្មែរក្រោមដែលរស់ នៅស្រុកខ្មែរក៏ត្រូវបានបញ្ជូនត្រឡប់ទៅកម្ពុជាក្រោមវិញ ផងដែរ ។

កាលពីថ្ងៃអង្គារ ទី ២៧ ខែសីហា រដ្ឋាភិបាលបានបើកកិច្ចប្រជុំមួយ ដើម្បីឃោសនាដល់ពលរដ្ឋខ្មែរក្រោមនៅ ក្នុងវត្តមួយ ឋិតនៅក្នុងស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែលមានមនុស្សចូលរួមស្ដាប់ប្រមាណ ៣០០ នាក់ ។ ក្នុងកិច្ច ប្រជុំនេះ តំណាងរដ្ឋាភិបាលវៀតណាមបានលើកឡើងថា ស្ថានភាពប្រទេសកម្ពុជា សព្វថ្ងៃ ក្រោយពីការបោះឆ្នោត មានសភាពតានតឹងយ៉ាងខ្លាំង ព្រោះគណបក្សធំៗពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា កំពុង តែប្រទាញប្រទង់គ្នារឿងលទ្ធផលឆ្នោត ។
ចំពោះបញ្ហាជនអន្តោប្រវេសន៍យួនដែលកំពុងរស់នៅស្រុកខ្មែរ តំណាងអាជ្ញាធរវៀតណាមរូបនេះ បានលើកឡើងថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត មិនត្រឹមតែជនជាតិយួនទេ ដែលត្រូវបានគេចាប់បញ្ជូនទៅវៀតណាម សូម្បីតែខ្មែរក្រោម ក៏ត្រូវបានគេបញ្ជូនមកកម្ពុជាក្រោម ផងដែរ ។ តែផ្ទុយទៅវិញ ប្រសិនបើគណបក្សប្រជាជន កម្ពុជាជាប់ឆ្នោត ជនជាតិយួនដែលឡើងទៅនៅស្រុកខ្មែរ រដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន នឹងជួយ រៀបចំឲ្យរស់នៅស្រុកខ្មែរយ៉ាងស្រួល ។

សម្រាប់ពលរដ្ឋខ្មែរក្រោមដែលទើបតែត្រឡប់ពីប្រទេសកម្ពុជាទៅស្រុក នៅកម្ពុជាក្រោម វិញ ត្រូវបានអាជ្ញាធរវៀត ណាមហាមមិនឲ្យនិយាយអ្វីមួយដែលគេហៅថា “ដើរឃោសនាផ្ដេសផ្ដាស់” នាំឲ្យមានបញ្ហាដល់សង្គម គឺមិនត្រូវជួយឃោសនាឲ្យគណបក្សសង្គ្រោះជាតិទេ ។ តំណាងអាជ្ញាធរវៀតណាមបានលើកឡើងទៀតថា គណបក្ស សង្គ្រោះជាតិដើរតាមសហរដ្ឋអាមេរិក ដែលជាសត្រូវរបស់វៀតណាម និងថា សហរដ្ឋអាមេរិក មិនចង់ឲ្យវៀតណាម បានសុខទេ ។
តំណាងអាជ្ញាធរវៀតណាមបានថ្លែងថា៖ “ស្ថានភាពនៅទីនោះឥឡូវនេះតឹងតែងណាស់ ឥឡូវមានពីបក្សធំៗ គឺ បក្សប្រជាជន និងគណបក្ស សម រង្ស៊ី [គណបក្សសង្គ្រោះជាតិ] ។ គណបក្ស សម រង្ស៊ី ចាញ់ឆ្នោតតែតវ៉ារហូត ។ បើគណបក្ស សម រង្ស៊ី ជាប់ឆ្នោត ដាច់ខាតពលរដ្ឋវៀតណាម មកស្រុកអស់ ។ គឺគ្នាយើងហ្នឹង មិនថា ខ្មែរយួនអ៊ីទេ វាដេញមកអស់ មិនឲ្យនៅទីនោះទេ ។ តែប្រសិនបើបក្សប្រជាជនឈ្នះឆ្នោតបងប្អូន យើងពីនេះទៅ ត្រូវបានគេ រៀបចំឲ្យស្រួលបួល ។ មិនមែនជារឿងលេចសើចទេ ។ ដូច្នេះ ស្ថានការណ៍នៅស្រុកខ្មែរ បច្ចុប្បន្នស្មុកស្មាញ ណាស់ ។ ចំពោះបងប្អូនដែលទើបត្រឡប់មក ជួយដើរឃោសនាយ៉ាងណាឲ្យបានល្អ ។ កុំមកនេះ ផ្សព្វផ្សាយ អ្វីដែលមិនល្អ ។ ឥឡូវមានមនុស្សច្រើនដែលតាម សម រង្ស៊ី ។ តាម សម រង្ស៊ី មានន័យថា តាមអាមេរិក តាម អាមេរិកមានន័យថា ប្រឆាំង ហ៊ុន សែន ។ តាមអាមេរិក គឺតទល់ជាមួយវៀតណាមហើយ ។ អាមេរិក វាមិនចង់ឲ្យវៀតណាមបានសុខទេ” ។
គោលនយោបាយរបស់គណបក្សសង្គ្រោះជាតិនៃប្រទេសកម្ពុជា មានច្រើនចំណុច ក្នុងនោះ មានគោលនយោបាយដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ផងដែរ ។ គណបក្សសង្គ្រោះជាតិតែងតែលើកឡើងពីការហូរចូលដោយខុស ច្បាប់ឥតឈប់ឈរពីសំណាក់ជនជាតិយួនមកស្រុកខ្មែរ ហើយសន្យាថា ប្រសិនបើគណបក្សខ្លួនដឹកនាំប្រទេស នឹងចាប់ជនជាតិយួនទាំងអស់បញ្ជូនទៅវៀតណាមវិញ ។ ម្យ៉ាងទៀត លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ តែងលើកឡើងជាញឹកញាប់ថា នឹងពឹងលើពលរដ្ឋខ្មែរក្រោមដែលនៅស្រុកខ្មែរជួយវែកមុខជនជាតិយួនដែល កំពុងលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា ផងដែរ ។
ចំណែកគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន សែន ជិត ៣០ ឆ្នាំ មកហើយនោះ មិនមាន គោលនយោបាយបញ្ជូនជនជាតិយួនត្រឡប់ទៅវៀតណាមវិញទេ ដោយគណបក្សនេះ តែងតែលើកឡើងនូវអ្វីមួយ ដែលខ្លួនហៅថា “គុណ ៧ មករា” នោះ ។ កាលពីឆ្នាំ ២០០៧ ព្រះតេជព្រះគុណ ទឹម សាខន ព្រះសង្ឃខ្មែរក្រោម ជាព្រះចៅអធិការវត្ត ភ្នំដិនខាងជើង នៃខេត្តតាកែវ ត្រូវបានរដ្ឋាភិបាលខ្មែរចាប់ផ្សឹក ហើយបញ្ជូនទៅឲ្យវៀត ណាមដាក់ពន្ធនាគារ ដោយចោទពីបទ “បំបែកបំបាក់មិត្តភាពវៀតណាមកម្ពុជា” ។ នាពេលកន្លងមក លោក ហ៊ុន សែន បានលើកឡើងថា បើអ្នកណាម្នាក់ចង់បានដែនដីកម្ពុជាក្រោម លោកនឹងជូនក្ដារមឈូស ព្រោះលោកមិន មានសមត្ថភាពទៅយកទឹកដីកម្ពុជាក្រោម ពីវៀតណាមមកវិញបានទេ ។
យោងតាមរដ្ឋនុញ្ញ នៃប្រទេសកម្ពុជា ត្រង់ ជំពូកទី ៣ ស្ដីអំពី “សិទ្ធិ និង ករណីយកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ” មាត្រា ៣៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬ ចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក និង ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅឯបរទេសត្រូវបានរដ្ឋគាំពារ” ។
យោងតាមព្រះរាជសារមួយច្បាប់ចុះថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ បានប្រកាសជាសាធារណៈថា ពលរដ្ឋខ្មែរក្រោមដែលកើតនៅកម្ពុជាក្រោម ឬ ពលរដ្ឋខ្មែរដែលកើតនៅក្នុងប្រទេសវៀតណាមមានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលបានសញ្ជាតិខ្មែរស្របច្បាប់ ប្រសិនបើពួកគេចង់ មករស់នៅលើទឹកដីនៃប្រទេសកម្ពុជា ៕