អាជ្ញាធរ​វៀតណាម ​ដក​លិខិត​ឆ្លង​ដែន ​និង​សួរ​ចម្លើយ​ព្រះសង្ឃ​ខ្មែរ​រឿង​បទ​ល្មើស​លើ​អ៊ីនធឺណិត

0 376

ដោយ សុខ ខេមរា | VOA Khmer

វ៉ាស៊ីនតោន​ — ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ​ព្រះនាម​ សឺន​ ទី​ ព្រះជន្ម​ ៣៦​ ព្រះវស្សា​ត្រូវ​អាជ្ញាធរ​វៀតណាម​ នៅក្នុង​ខេត្ត​ សុក​ ត្រាង​ (Sóc​ Trăng​) សួរចម្លើយ​ និង​ដកហូត​លិខិតឆ្លងដែន​ (Passport​) ទុក​អស់ ១២ ថ្ងៃ​ មុន​ពេល​ប្រគល់​ប្រគេន​ជូន​វិញ​ ។ រឿង​នេះ ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ព្រះសង្ឃ​ខ្មែរ​និមន្ត​ទៅដល់​ភាគ​ខាងត្បូង​ប្រទេស​វៀតណា ម​ដែល​ជា​តំបន់​មាន​ពលរដ្ឋខ្មែរ​ជាច្រើន​រស់នៅ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​ទីនោះ​ តាំងពី​ដើមកំណើត​ ។ ការ​សួរចម្លើយ ​និង​ដកហូត​លិខិតឆ្លងដែន​នេះ​ បណ្តាល​មក​ពី​ការ​មើល ​និង​ការ​បង្ហោះ​ ឬចែកចាយ​ព័ត៌មាន​តាម​ហ្វេ​សប៊ុ​ក ដែល​វៀតណាម​ចាត់ទុកថា​ជា​ការរំលោភ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ហៅថា​ The​ Law​ on​ Cybersecurity​ និង​ការ​ប្រឆាំង ​នឹង​រដ្ឋាភិបាល​វៀតណាម ។

ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ
ព្រះតេជព្រះគុណ សឺន ទី ថត​នៅ​មុខ​ច្រក​ទ្វារ​ព្រំដែន​ ទិញ បៀន (Tinh bien) ប្រទេស​វៀតណាម ពេល​ព្រះ​អង្គ​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​កំណើត នៅ​ខេត្ត​ឃ្លាំង កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

ព្រះ​តេជព្រះគុណ​ សឺន​ ទី​ ដែល​គង់នៅ​ក្នុង​វត្ត​អង្គ​តា​ម៉ិញ​ (គោក​ចំបក់​) រាជធានី​ភ្នំពេញ​ បាន​និមន្ត​ទៅដល់​ដែនដី​កម្ពុជាក្រោម​ ដើម្បី​ទៅលេង​ស្រុកកំណើត​ សាច់ញាតិ​ និង​ចូលរួម​មង្គលការ​ប្អូនស្រី​ នៅក្នុង​ឃុំ​ឡុង​ភូ​ (Long​ Phu​) ស្រុក​ឡុង​ភូ​ (Long​ Phu​) កាលពី​ថ្ងៃទី ២៤​ ខែមករា​កន្លងទៅ ​។ ហើយ​ដល់​ថ្ងៃទី ២​ ខែកុម្ភៈ​ អាជ្ញាធរ​វៀតណាម​ បាន​កោះហៅ​ទៅ​សាកសួរ​ មិន​ដូច​ក្នុង​លិខិត​កោះហៅ​ដែល​មិនបាន​ដាក់​ថា ​មានការ​រំលោភច្បាប់​នោះ​ឡើយ​ ។ ព្រះ​តេជគុណ​ សឺន​ ទី​ មាន​សង្ឃដីកា​បញ្ជាក់​ប្រាប់​ VOA​ យ៉ាង​ដូច្នេះ​តាម​ទូរសព្ទ​ពី​ប្រទេស​វៀតណាម ​។

«កាលពី​ថ្ងៃទី ២​ ខែ​ ២ (កុម្ភៈ​) ២០២០​ ហ្នឹង​ អាជ្ញាធរ​ក៏​ហៅ​អាត្មា​ទៅ​ហ្នឹង​ ដើម្បី​និយាយ​ពិភាក្សា​រឿង​មួយចំនួន​ទេ​ ក៏ប៉ុន្តែ​អាជ្ញាធរ​វៀតណាម​ហ្នឹង ​បាន​សួរចម្លើយ​អាត្មា​វិញ​ ហើយ​នៅក្នុង​ហ្នឹង​គេ​ចោទប្រកាន់​អាត្មា​ ថា​បាន​ធ្វើខុស​ច្បាប់​ប្រទេស​វៀតណាម​ ដូចជា​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង‍​» ។

ព្រះ​តេជព្រះគុណ​ថា​ នេះ​ជា​លើក​ទីពីរ​ហើយ ដែល​វៀតណាម​ដក​លិខិតឆ្លងដែន​របស់​ព្រះអង្គ​ ។ លើក​ទី ១​ បាន​ធ្វើឡើង​កាលពី​ឆ្នាំ ២០០៩​ ។ ព្រះ​តេជព្រះគុណ​ បាន​បន្ថែម​ថា​អាជ្ញាធរ​វៀតណាម​បង្ខំឲ្យ​ព្រះ​តេជគុណ​និយាយ​ភាសា​វៀតណាម​ នៅពេល​សួរចម្លើយ ​ដើម្បី​រៀបរាប់​អំពី​ការចែក​រំលែក​ព័ត៌មាន​ ការ​ស្តាប់​ និង​អាន​ព័ត៌មាន​លើ​គេហទំព័រ​ហ្វេ​សប៊ុ​កនោះ​ ។ បន្ថែម​លើ​នេះ​ អាជ្ញាធរ​វៀតណាម ​ក៏បាន​បង្ខំឲ្យ​ព្រះ​តេជព្រះគុណ​ចុះហត្ថលេខា​លើ​ឯកសារ​ តែ​ព្រះ​តេជព្រះគុណ​​បាន​បដិសេធ​ ដោយសារតែ​ព្រះ​តេជព្រះគុណ​​ជា​អ្នកទេសចរ​ ដែល​ច្បាប់​មិន​តម្រូវឲ្យ​ធ្វើ​ដូច្នោះ ​។

«ហើយ​លើក​នេះ​ គេ​យក​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ហ្នឹង​ គេ​យក​មក​ហើយ​ឲ្យ​អាត្មា​ចុះហត្ថលេខា ​ដើម្បីឲ្យ​យើង​បាន​ទទួលស្គាល់​ថា​ យើង​បាន​ចែករំលែក​ព័ត៌មាន​ share​ បាន​នេះ​ហ្នឹង​ គេ​សួរចម្លើយ​អាត្មា​នៅក្នុង​ហ្នឹង​ អីចឹង​អាត្មា​មិន​ចុះ​ គេ​ដក​ម្តង​ហ្នឹង​ទៀត‍​» ។

ព្រះ​តេជព្រះគុណ​ និង​ក្រុម​អ្នកតស៊ូ​មតិ​ បាន​បង្ហាញ​ឲ្យដឹង​ថា​ អ្វី​ដែល​អាជ្ញាធរ​វៀតណាម ​មិន​សប្បាយចិត្ត​ ទំនងជា​ការ​បង្ហោះ​លិខិត​កោះហៅ​ទៅ​សាកសួរ​ ការ​ផ្សព្វផ្សាយ​លើ​ហ្វេ​សប៊ុ​កព្រះអង្គ​ ហើយ និង​ការ​អាន​ ស្តាប់​នូវ​ព័ត៌មាន​របស់​បណ្តាញ​ព័ត៌មាន​សេរី​មួយ​ចំនួន​ រួម​ទាំង​សម្លេង​សហរដ្ឋអាមេរិក​ (VOA​) វិទ្យុ​អាស៊ី​សេរី​ ដែល​និយាយ​ទាក់ទង​ នឹង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​លើទឹក​ដី​កំណើត​ស្ថិតនៅ​ភាគ​ខាងត្បូង​វៀតណាម​ជាប់ នឹង​ព្រំដែន​នៃ​ខេត្តស្វាយរៀង​ ភាគ​អាគ្នេយ៍​របស់​កម្ពុជា​ ។ ដែនដី​កម្ពុជាក្រោម​ នេះ​ត្រូវ​បារាំង​កាត់​ឲ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​ ចាប់តាំងពី​ឆ្នាំ ១៩៤៩​ មក​ ។

លិខិតកោះហៅព្រះតេជព្រះគុណ សឺន ទី ដើម្បីសួរនាំដោយអាជ្ញាធរវៀតណាម​ ពីបទរំលោភច្បាប់ប្រព័ន្ធអ៊ីនធឺណិតរបស់វៀតណាម ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ
លិខិតកោះហៅព្រះតេជព្រះគុណ សឺន ទី ដើម្បីសួរនាំដោយអាជ្ញាធរវៀតណាម​ ពីបទរំលោភច្បាប់ប្រព័ន្ធអ៊ីនធឺណិតរបស់វៀតណាម ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

មាន​ប្រតិកម្ម​ជាច្រើន​បាន​កើតឡើង​ ក្រោយពេល​មានការ​ដកហូត​លិខិតឆ្លងដែន ​និង​ការ​សួរដេញដោល​រាប់​ចាប់តាំងពី​ការ​មកដល់​ពេលណា​ ស្នាក់នៅ​ទីណា​ ជួប​អ្នកណា​ ឆាន់​ទីណា​ អ្នកនោះ​ធ្វើអ្វី​ មាន​ចេតនា​យ៉ាងណា ​ដែល​បាន​បង្ហោះ​សារ​ និង​ព័ត៌មាន​លើ​ហ្វេ​សប៊ុ​កជា​ដើម​នោះ​ ។

លោក​ ប្រាក់​ សេរី​វុធ​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​បញ្ជាក់​ថា​ លោក​បាន​ជម្រាប​ខាង​ក្រសួង​ការបរទេស​ អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​នានា​ និង​អង្គការសហប្រជាជាតិ ​ដើម្បី​ជួយ​អន្តរាគមន៍​អំពី​បញ្ហា​ខ្មែរក្រោម​នេះ​ ។

«បើ​យើង​មិន​ធ្វើការ​តវ៉ា​អី​ទេ​ រឿង​អស់ហ្នឹង​មាន​បញ្ហា​រហូត​ ចេះតែ​យកលេស​ចាប់​ ហើយ​ការ​មើល​ហ្នឹង​វា​គ្មាន​ប៉ះពាល់​អី​ទេ​ ការផ្សាយ​វិទ្យុ​អាស៊ី​សេរី​ វិទ្យុផ្សាយសំឡេង​សហរដ្ឋអាមេរិក​ VOA​ ឬមួយ​វិទ្យុ​ខ្មែរ​កម្ពុជាក្រោម​ ផ្សាយ​តែ​ពី​រឿង​ត្រឹមត្រូវ​ ច្បាប់ទម្លាប់​អន្តរជាតិ​ ដែលគេ​ផ្តល់​សិទ្ធិ​ឲ្យ​ខ្មែរក្រោម​យើង​ ជនជាតិ​ទូទៅ​ យើង​មើល​ ។ តែ​អស់ហ្នឹង​តើ​ មាន​ទៅ​ធ្វើ​ស្អី​ជា​រឿង​ភេរវកម្ម​ តែ​វៀតណាម​យក​មធ្យោបាយ​ហ្នឹង​ទៅ​ធ្វើ​អីចឹង‍​» ។

លោក​ សេរី​វុធ​ បាន​អះអាងបន្ថែម​ថា​ ការប្រើ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​បិទ​សិទ្ធិ​សេរីភាព​នេះ​ មិនមែន​ជា​រឿង​ត្រឹមត្រូវ​ទេ​ ហើយ​ថា​ នៅ​ប្រទេស​ជាច្រើន​គេ​ប្រើ​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​តនេះ​ ដើម្បី​តាមដាន​ក្រុម​ភេរវជន​តែប៉ុណ្ណោះ​ តែ​លោក​ថា​ ការ​បង្ហោះ​សារ​ ឬព័ត៌មាន​នេះ ​មិនមែន​ជា​អំពើ​ភេរវកម្ម​ដែល​វៀតណាម​ត្រូវ​បារម្ភ ​ឬតាមដាន​នោះ​ទេ ។

ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណិ​តរបស់​វៀតណាម​ ដែល​សភា​បាន​អនុម័ត​កាលពី​ថ្ងៃទី ១២​ ខែមិថុនា​ ឆ្នាំ​ ២០១៨​ តម្រូវឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ ដូចជា​ Google​ និង​ Facebook​ លុបចោល​ខ្លឹមសារ​ណា ​ដែល​អាជ្ញាធរ​វៀតណាម​ចាត់ទុកថា​ជា​ការវាយប្រហារ​វៀតណា ម​ក្នុងរយៈពេល ២៤ ម៉ោង​ ហើយ​រក្សាទុក​ទិន្នន័យ​របស់​អតិថិជន​ខ្លួន​ក្នុង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ក្នុង​ប្រទេស​វៀតណាម​ ហើយ និង​រក្សាទុក​នៅកន្លែង​តែមួយ​ ក្រៅពី​ការ​រឹតត្បិត​ដល់​អ្នកប្រើ​ប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ​ដែល​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​។

មាត្រា​មួយ​នៃ​ច្បាប់​នេះ ​បាន​បញ្ជាក់​ថា​៖ «ច្បាប់​នេះ​ មាន​គោលបំណង​ ធ្វើឲ្យ​ត្រឹមត្រូវ​រាល់​សកម្មភាព​ទាំងឡាយ​ទាក់ទង​​ នឹង​កិច្ចការពារ​សន្តិសុខជាតិ​ ធានា​សណ្តាប់​ធ្នាប់​សង្គម​ សុវត្ថិភាព​នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​ ការទទួលខុសត្រូវ​របស់ក្រ​សួង​នានា​ អង្គការ​នានា​ និង​រូបវន្ត​បុគ្គល​ទាំងឡាយ​ដែល​ពាក់ព័ន្ធ‍​»។

លោក​ ហ្វ៊ីល​ រ៉ប​ប៊ឺ​សុន​ (Phil​ Robertson​) នាយករង​នៃ​អង្គការ​សិទ្ធិមនុស្ស​ Human​ Rights​ Watch​ ប្រចាំ​តំបន់​អាស៊ី​ បាន​ចាត់ទុកថា​ ការ​ដកហូត​លិខិតឆ្លងដែន ​និង​ការ​សួរចម្លើយ​នេះ ​ជា​ការរំលោភ​សិទ្ធិ​សេរីភាព​ និង​សិទ្ធិមនុស្ស​របស់​អាជ្ញាធរ​វៀតណាម ​ចុងក្រោយ​មួយទៀត​ ដោយ​យោង​ថា​វៀតណាម​មិន​គួរ​ដកហូត​លិខិតឆ្លងដែន​ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​និង​សិទ្ធិ​បញ្ចេញមតិ​ ដោយ​ប្រើ​ច្បាប់​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​លោក​អះអាង​ថា​ ជា​ច្បាប់​ធូរ​លុង​ សម្រាប់​ប្រើជា​លេស​ចោទប្រកាន់​ និង​ដាក់ទោស​ទណ្ឌ​លើ​អ្នកណា ​ដែល​វៀតណាម​ ចាត់ទុកថា​ប្រឆាំង​ នឹង​ខ្លួន​តែប៉ុណ្ណោះ​ ។

«រឿង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា​ វៀតណាម​គឺជា​ប្រទេស ​ដែល​មានកំណត់​ត្រា​អាក្រក់​បំផុត​ខាង​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​។ រឿង​នេះ​គ្មាន​នរណា​ម្នាក់​ត្រូវ​គិតថា​ ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​វៀតណាម​ បាន​ល្អ​ប្រសើរ​នោះ​ទេ​ តែ​ជា​ការពិត​វា​កាន់តែ​អា​ក្រ​ក់​ឡើង​ៗ ។ យើង​ឃើញ​ការ​បង្ក្រាប​ជាច្រើន​ យើង​ឃើញ​មនុស្សជា​ច្រើន​ត្រូវ​កាត់ទោស​ដាក់គុក​ ដោយសារតែ​ការអនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​ និង​សិទ្ធិ​នយោបាយ​ ។ ហើយ​បន្ថែម​ពីលើ​នេះ​ទៀត​ យើង​ឃើញ​ការ​យាយី​ដោយ​រដ្ឋាភិបាល​ទៅលើ​ក្រុមសកម្ម​ជន​ដែល​ទាមទារ​យុត្តិធម៌​ និង​ទាមទារ​ការគោរព​សិទ្ធិមនុស្ស‍​» ។

លោក​ រ៉ប​ប៊ឺ​សុន​ បាន​ទទូច​ដល់​សហគមន៍​អន្តរជាតិ​ថ្កោលទោស​វៀតណាម​ចំ ពោះ​ការ​ រំលោភសិទ្ធិ​មនុស្ស​តាម​ទ្រង់ទ្រាយ​ធំ​ ។

«ប្រទេស​វៀតណាម​ បារម្ភ​អំពី​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​លើឆាកអន្តរជាតិ​ គឺ​បារម្ភ​នៅពេល​មានការ​លើកឡើង​ នៅ​ឯអង្គការសហប្រជាជាតិ​ ឬនៅ​ឯក្រុមប្រឹក្សា​សិទ្ធិមនុស្ស ​។ ដូច្នេះ​វា​ពិតជា​ច្បាស់លាស់‍ណាស់​ថា​ មាន​វិធី​ដែល​ដាក់​សម្ពាធ​លើ​វៀតណាម ​ដើម្បីឲ្យ​ធ្វើឲ្យ​ប្រសើរ​ឡើង ​។ តែ​រឿង​នេះ ​ត្រូវតែ​ជា​ការ​ដាក់​សម្ពាធ​រួមគ្នា​ ដោយ​មិនគ្រាន់​តែ​ជា​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទីនេះ​ ឬ ទីនោះ​ទេ​ ។ វា​ត្រូវតែ​មាន​យុទ្ធនាការ​ទាមទារ​ឲ្យ​មានការ​គោរព​សិទ្ធិ​ខ្មែរក្រោម​ និង​ពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​វៀតណាម​» ។

នៅមុន​ពេល​អាជ្ញាធរ​វៀតណាម ​ប្រគល់​លិខិតឆ្លងដែន​ប្រគេន​ជូនព្រះ​តេជព្រះគុណ​​ សឺន​ ទី​ លោក​ ហ្វ៊ីល​ រ៉ប​ប៊ឺ​តសុន​ បាន​ជំរុញ​ដល់​វៀតណាម ​ឲ្យ​ប្រគល់​ជូន​លិខិតឆ្លងដែន​ ប្រគេន​ដល់​ព្រះសង្ឃ​ខ្មែរ​វិញ​ ដោយ​បញ្ជាក់​ថា​ វៀតណាម​គួរ​ត្រូវ​បញ្ជូន​ព្រះ​តេជព្រះគុណ​ចេញពី​វៀតណាម​ បើ​រក​ឃើញថា​មាន​កំហុស​ តែ​គ្មាន​សិទ្ធិ​រឹបអូស​លិខិតឆ្លងដែន​ដែល​ជា​កម្ម​សិទ្ធ​របស់​កម្ពុជា​ តាមដាន​ រឹតត្បិត​សេរីភាព​ពលរដ្ឋ​ទេ​ ។

លិខិតកោះហៅព្រះតេជព្រះគុណ សឺន ទី បង្ហាញលិខិតឆ្លងដែនរបស់ព្រះអង្គ បន្ទាប់ពីអាជ្ញាធរវៀតណាម បានប្រគល់មកឲ្យព្រះអង្គវិញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ
លិខិតកោះហៅព្រះតេជព្រះគុណ សឺន ទី បង្ហាញលិខិតឆ្លងដែនរបស់ព្រះអង្គ បន្ទាប់ពីអាជ្ញាធរវៀតណាម បានប្រគល់មកឲ្យព្រះអង្គវិញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០ ។ រូប៖ ហ្វេសប៊ុក​ព្រះតេជព្រះគុណ សឺន ទី ផ្ដល់​ឲ្យ

លោក​ កុយ​ គង់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ថ្លែងប្រាប់​ VOA​ កាលពី​ថ្ងៃ​ ទី ១៤​ ខែកុម្ភៈ​ ចំ​ថ្ងៃ​វៀតណាម​ប្រគល់​លិខិតឆ្លងដែន​ប្រគេន​ព្រះសង្ឃ​ខ្មែរ​វិញ​នោះ​ ថា​បញ្ហា​នេះ​បាន​ដោះស្រាយ​ចប់ហើយ​ ។

«តាមយើង​ទទួល​ព័ត៌មាន​ពី​ថ្ងៃ​ហ្នឹង​ គឺ​ស្ថានទូត​កម្ពុជា​យើង​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ហើយ​បាន​ប្រគល់​លិខិតឆ្លងដែន​ហ្នឹង​ប្រគេន​ទៅ​ព្រះអង្គ​វិញ​ហើយ‍​» ។

លោក​ កុយ​ គង់​ នៅពេល​សួរ​ពី​មូលហេតុ​ដែល​ព្រះសង្ឃ​ខ្មែរ​ត្រូវ​អាជ្ញាធរ​វៀតណាម​ ដកហូត​លិខិតឆ្លងដែន​ លោក​បាន​បញ្ជាក់​ថា​៖ «ទទួល​ព័ត៌មាន​កន្លងមក​ថា​ គេ​ចោទ​ថា​ព្រះអង្គ​បាន​ធ្វើអំពើ​ខុសច្បាប់​នៅក្នុង​ប្រទេស​គេ​ហ្នឹង​ ដោយមាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឆាំង​ នឹង​រដ្ឋាភិបាល​គេ‍​» ។

ព្រះ​តេជព្រះគុណ​​ សឺន​ ទី​ ដែល​បាន​បដិសេធ​ថា​ គ្មាន​ធ្វើអ្វី​ខុស ​នឹង​ច្បាប់​វៀតណាម​នោះ​ បាន​បញ្ជាក់​ប្រាប់​ VOA​ ផ្នែក​ខេមរភាសា​ អំពី​ការ​ប្រគេន​លិខិតឆ្លងដែន​វិញ​ដែរ​ កាលពី​ថ្ងៃទី ១៤​ កុម្ភៈ​ ឆ្នាំ២០២០​ ។ «ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​ហាណូយ​ គេ​អន្តរាគមន៍​ ហើយ​ទើបតែ​បាន​ពី​ល្ងាចមិញ​ម៉ោងជាង ៤‍​ (ថ្ងៃទី ១៤​ ខែកុម្ភៈ​)» ។

ក្រុម​អាជ្ញាធរ​វៀតណាម ​ប៉ូលិស​ ព្រះសង្ឃ​វៀតណាម​ផង​ បន្ត​គំរាម​ជា​ពាក្យ​សម្តី​ និង​សកម្មភាព​នានា​ មុន​ពេល​បួន​ថ្ងៃ​នៃ​ការ​ផ្តល់​លិខិតឆ្លងដែន​ប្រគេន​ជូន​ដល់​ព្រះ​តេជគុណ​វិញ​ ។

«ថ្ងៃទី ១០​ ខែកុម្ភៈ​ ខាង​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ហ្នឹង​ គេ​បាន​មក​វត្ត​ ហើយ​គេ​យក​ឡាន​មក​ដឹក​អាត្មា​ទៅ​ តែ​ខាង​មន្ត្រី​សង្ឃ​ហ្នឹង​ គេ​បាន​គំរាមកំហែង​ដល់​អាត្មា​ប្រាប់​ញោម​អាត្មា​ហ្នឹង​ថា​ បើសិនជា​លោក​គ្មាន​កំហុស​អីចឹង​អត់អី​ទេ​ តែបើ​ទៅជាមួយ​គេ​មាន​កំហុស​ទេ​ អីចឹង​កន្លែង​លោក​មិនខ្វះទេ​អាវ​ ខោ​ អីចឹង​គេ​ត្រៀម​ទុកឲ្យ​ហើយ‍​ គេ​គំរាមកំហែង​ ។ តើ​គេ​ចង់​ផ្សឹក​? យើង​មិនបាន​ទៅ​ថ្ងៃ​ហ្នុង​ បើសិនជា​ទៅ​ មិនដឹង​ថា​ហេតុការណ៍​ហ្នឹង​វា​ធ្លាក់​ទៅ​យ៉ាងម៉េច​ទៀត​» ។

ព្រះ​តេជព្រះគុណ​ បាន​ពន្យល់​ថា​ ព្រះអង្គ​បដិសេធ​មិន​និមន្ត​ទៅជាមួយ​ឡាន​អាជ្ញាធរ​វៀតណាម​ ដោយសារ​ថាព្រះ​តេជព្រះគុណ​​ប្រាប់​គេ​ថា​ កំពុង​ជាប់រវល់​ធ្វើការ​តាម​ទូរសព្ទ​ជាមួយ​មន្ត្រីទូត​ខ្មែរ​ ។ ហើយ​ជាចុងក្រោយ​ នៅ​ថ្ងៃ​ប្រគល់​លិខិតឆ្លងដែន​នោះ​ទៀតសោត​ ក៏​មានការ​គំរាម ​និង​ព្រមាន​មួយ​លើក​ទៀត​ ដែល​ព្រះ​តេជព្រះគុណ​បញ្ជាក់​ដោយ​សង្ឃដីកា​ថា​ អាជ្ញាធរ​វៀតណាម​លើកឡើង​ថា​ ព្រះ​តេជគុណ​ «បាន​ធ្វើ​ហួសហេតុ​ចំពោះ​ការ​បង្ហោះ​សារ ​និង​ចែករំលែក​ព័ត៌មាន​តាម​ប្រព័ន្ធ​ហ្វេ​សប៊ុ​ក‍​» ។

ក្រុម​មន្ត្រី​វៀតណាម​ នៅក្នុង​ឃុំ​ ឡុង​ភូ​ ស្រុក​ឡុង​ភូ​ ខេត្ត​សុក​ត្រាង​ បដិសេធ​ធ្វើ​សេចក្តី​អា​ត្ថា​ធិប្បាយ​ឆ្លើយតប ​នឹង​សំណួរ​ VOA​ ដោយ​អះអាង​ថា​ មិនបាន​ដឹង​អំពី​រឿង​នេះ​ទេ​ ។

ទាំងព្រះ​តេជព្រះគុណ​​ សឺន​ ទី​ និង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ សម្តែង​ចេញ​នូវ​ភាព​រីករាយ​ និង​អរគុណ​ដល់​ស្ថានទូត​ខ្មែរ​នៅក្នុង​ទីក្រុង​ហាយ​ណូយ​ ក្នុង​ប្រទេស​វៀតណាម ​។ ព្រះ​តេជព្រះគុណ​​ បាន​អះអាង​ដោយមាន​សង្ឃដីកា​ថា​ មិនទាន់​និមន្ត​ត្រឡប់​មក​កម្ពុជា​វិញ​ទេ​ ដោយសារ​ញោមស្រី​ជា​ម្តាយ​ និង​សាច់ញាតិ​នៅ​មានការ​ភិតភ័យ​ ក្រោយពី​កើតហេតុ​ការណ៍​នេះ​ ដោយ​សម្រេច​បន្ត​គង់នៅ​ស្រុកឡុង​ភូ​មួយរយៈពេល​សិន​ ។

ព្រះ​តេជព្រះគុណ​ បាន​អះអាងបន្ថែម​ថា​ គម្រោង​ដំបូង​ត្រូវ​វិលត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ នៅ​ថ្ងៃទី ៥​ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ ដើម្បី​បន្ត​ការសិក្សា​ និង​ជួយ​ដល់​កិច្ចការ​អន្តោប្រវេសន៍​មួយចំនួន​ដល់​ញាតិញោម​ នៅ​កម្ពុជា​ ។ តែ​គម្រោង​នោះ​ត្រូវ​អាក់ខាន​ដោយសារតែ​ការ​ដក​លិខិតឆ្លងដែន​ពី​អាជ្ញាធរ​វៀតណាម​ ។

ព្រះសង្ឃ​ខ្មែរក្រោម​ និង​ពលរដ្ឋ​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ រង​ការ​ធ្វើទុក្ខ​បុកម្នេញ​ ការ​គំរាមកំហែង​ បំភិតបំភ័យ​លើ​សេរីភាព​សាសនា​ ការរំលោភ​សិទ្ធិមនុស្ស​ដោយសារតែ​អ្វីមួយ​ដែល​ក្រុម​អ្នកតស៊ូ​មតិ​ និង​ពលរដ្ឋ​អះអាង​ថា​ វៀតណាម​បារម្ភ​ជ្រុល​ពេក​ចំពោះ​ការ​ងើប​ប្រឆាំង​ នឹង​រដ្ឋាភិបាល​វៀតណាម ​៕

Leave A Reply

Your email address will not be published.