អាជ្ញាធរ​​វៀតណាម ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​​ នៅ​កម្ពុជា​ក្រោម ដែលប្រើ​បណ្ដាញ​​សង្គម​ហ្វេសប៊ុក

0 783

ដោយ យន់ សាមៀន | RFA

អាជ្ញាធរ​វៀតណាម កោះ​ហៅ និង​ចោទ​ប្រកាន់​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់ ករណី​ប្រើប្រាស់​និមិត្ត​សញ្ញា ៧០ ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជាក្រោម ដែល​ផលិត​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ
ក្រុមយុវជនខ្មែរក្រោមពាក់អាវ​យឺត​ខ្មែរក្រោម​ ដែល​មាន​ដាក់​អក្សរ​ «៧០​ ឆ្នាំ​ កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ។ រូបថតផ្តល់ឲ្យ

អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម បាន​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត​មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម រួមមាន ហ្វេសប៊ុក (Facebook) ជាដើម ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន ​ស្ដីពី​ការ​រំលោភ​បំពាន​ផ្សេងៗ ពី​សំណាក់​វៀតណាម និង​ចែក​រំលែក​ប្រវត្តិសាស្ត្រ​ពិត ដែល​វៀតណាម​បាន​គ្រប់គ្រង​កម្ពុជា​ក្រោម​ទាំង​ខុស​ច្បាប់​ពី​បារាំង ។ ការ​កម្រើក​ឡើង​វិញ​នៃ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​នេះ ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ក្រោម​ បាន​ចាប់​ផ្ដើម​ប្រើប្រាស់បណ្ដាញ​សង្គម ផ្សព្វផ្សាយ ​នឹង​ចែកចាយ​ព័ត៌មាន​ ពី​កម្ពុជា​ក្រោម​ទៅ​សហគមន៍​អន្តរជាតិ ។

អាជ្ញាធរ​កុម្មុយនិស្ត​វៀតណាម​ បាន​កោះ​ហៅ​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៅ​គំរាម និង​ព្រមាន​កុំ​ប្រើប្រាស់​បណ្ដាញ​សង្គម​បញ្ចេញ​មតិ​បន្ត​ទៅ​ទៀត ។ វៀតណាម​ថា ប្រសិន​បើ​ពួក​គេ​មិន​បញ្ឈប់​សកម្មភាព ប្រើប្រាស់​បណ្ដាញ​សង្គម​ទេ អាជ្ញាធរ​ នឹង​ចាប់​ពួក​គេ​ដាក់​ពន្ធនាគារ ។ ខ្មែរ​ក្រោម​ពីរ​នាក់​ ដែល​កំពុង​រស់​នៅ​លើក​ទឹក​ដី​ដើម​កំណើត​អះអាង​ប្រាប់​អាស៊ី​សេរី​ថា អាជ្ញាធរ​វៀតណាម​កំពុង​គាប​សង្កត់​សិទ្ធិ​សេរីភាព​ផ្នែក​អ៊ិនធឹណិត​របស់​ពួក​គេ ដោយ​ហាម​ឃាត់​ពួក​គេ មិន​ឲ្យ​ប្រើប្រាស់​បណ្ដាញ​សង្គម បន្ត​ទៀត ។ ខ្មែរ​ក្រោម​ម្នាក់ ដែល​ធ្លាប់​ប្រើប្រាស់​បណ្ដាញ​សង្គម (Facebook) ដើម្បី​ប្រាប់​ពលរដ្ឋ​ទូទាំង​ពិភព​អំពី​ស្ថានភាព​ខ្មែរ​ក្រោម​ នៅ​លើ​ទឹក​ដី​ដើម​កំណើត​នោះ អះអាង​ថា សមត្ថកិច្ច​វៀតណាម កោះ​ហៅ​លោក​ទៅ​អប់រំ​ឲ្យ​ឈប់​ប្រើប្រាស់​បណ្ដាញ​សង្គម​ត​ទៅ​ទៀត ។ លោក​ថា ដោយ​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​ទើប​លោក​ផ្អាក​ប្រើ​បណ្ដាញ​សង្គម​មួយ​រយៈ៖ «ពួក​ខ្ញុំ​រស់​នៅ​បាន​ដោយ​សារ​ធ្វើ​គ និង​ថ្លង់ ហើយ​ពេល​ខ្លះ​ត្រូវ​ធ្វើ​ខ្វាក់ ពិការ​ភ្នែក​ទៀត»

ចំណែក​ខ្មែរ​ក្រោម​ម្នាក់​ទៀត ក៏​បាន​ប្រាប់​ព័ត៌មាន​ស្រដៀង​គ្នា​ដែរ​ថា អាជ្ញាធរ​វៀតណាម​បាន​ទៅ​ដល់​ផ្ទះ​របស់​លោក​ពីរ​លើក ដើម្បី​សាកសួរ​ករណី​ ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម ដោយ​ចោទ​ប្រកាន់​ថា លោក​បាន​សរសេរ​ពាក់ព័ន្ធ​ព័ត៌មាន ​នឹង​ការ​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី កាល​ពី​ខែ​មេសា​កន្លង​ទៅ ។ លោក​ថា ប៉ូលិស​វៀតណាម​ ក៏​បាន​ហាម​ឃាត់​លោក មិន​ឲ្យ​ដាក់​តាំង​រូប​វីរបុរស​ខ្មែរ​ក្រោម លោក សឺន គុយ ដើម្បី​គោរព​ក្នុង​ផ្ទះ និង​ផ្ដល់​ព័ត៌មាន​ទៅ​សហគមន៍​ខ្មែរ​ក្រោម​នៅ​ខាង​ក្រៅ​ប្រទេស​វៀតណាម អំពី​ស្ថានភាព​នៅ​ក្នុង​ស្រុក៖ «ពេល​យើង​លេង Facebook ។ គេ​មិន​ឲ្យ​ចែក​រំលែក​រឿង​ព័ត៌មាន​អ្វីៗ ទេ ពី​អន្តរជាតិ និង​រឿង​ទាក់ទង​នឹង​ខ្មែរ​កម្ពុជា​ក្រោម ។ គេ​មិន​ឲ្យ​រំលឹក​ឡើង​ទេ ពី​ព្រោះ​ជា​រឿង​អតីតកាល គេ​មិន​ឱ្យ​រំលឹក​ឡើង​ទេ ។ គ្មាន​អន្តរជាតិ​ណា​ទទួល​ស្គាល់»

លិខិត​កោះហៅ​របស់អាជ្ញាធរឃុំ​មេ​រង​ថ្មី​ ។ រូបថតផ្តល់ឲ្យ
លិខិត​កោះហៅ​របស់អាជ្ញាធរឃុំ​មេ​រង​ថ្មី​ ។ រូបថតផ្តល់ឲ្យ

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បន្ត​ថា លោក​ នឹង​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព ជា​ជន​ជាតិ​ដើម​កំណើត ទោះ​បី​អាជ្ញាធរ​វៀតណាម ចាប់​លោក​ដាក់​ពន្ធនាគារ​ក៏​ដោយ ។ កាលពី ៦ ឆ្នាំមុនរដ្ឋាភិបាល​វៀតណាម បាន​ចាប់​ព្រះសង្ឃ​ចំនួន​បី​អង្គ ដាក់​ពន្ធនាគារ ដោយ​ចោទ​ថា បាន​ផ្តល់​ព័ត៌មាន​ទៅ​វិទ្យុ​អាស៊ី​សេរី និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក ។ អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​អាជ្ញាធរ​វៀតណាម ដើម្បី​បក​ស្រាយ​ការ​ព្រមាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​បាន​នៅ​ឡើយ​ទេ ប៉ុន្តែលិខិតចុះថ្ងៃទី ៣ មិថុនារបស់អាជ្ញាធរខេត្ត ត្រាវិញ (Tra Vinh) ដែល​ពី​ដើម​ឡើយ​ជា​ខេត្ត​ព្រះ​ត្រពាំង ​បាន​ហោះ​ហៅ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ម្នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រើប្រាស់ រូប​សញ្ញា ៧០ ឆ្នាំនៃការបាត់បង់ទឹកដីខ្មែរក្រោម ដែល​ផ្ទុយ​ពី​ច្បាប់​អ៊ិនធឹណិត​វៀតណាម ។ យុទ្ធនាការ គំរាម​ពលរដ្ឋ​ខ្មែរ​ក្រោម​នេះ បាន​កំរើក​ឡើង​វិញ​មុន​ពេល​ខ្មែរ​ក្រោម​ទូទាំង​ពិភពលោក​បាន​ប្រារព្ធ​ខួប បាត់​បង់​ទឹក​ដី ៧០ ឆ្នាំ កាល​ពី​ដើម​ខែ​មិថុនា ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​ បាន​បើក​វេទិកា​អន្តរជាតិ​មួយ​នៅ​ទីក្រុង​ឡាអេ ដើម្បី​ពិភាក្សា​គ្នា​រក​មធ្យោបាយ​ឆ្ពោះ​ទៅ​ការ ទាមទារ​សិទ្ធិស្វ័យសម្រេច​អនាគត​ជន​ជាតិ​ដើម​កំណើត​ខ្មែរ​ក្រោម​ដោយ​ខ្លួនឯង ស្រប​ទៅ​តាម​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ ។ ប្រតិភូ​នៃ​សន្និសីទ​នោះ បាន​ឯកភាព​យក​ផ្លូវ សម្រេច​អនាគត​ខ្លួន​ឯង​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​រង​ទុក្ខ​វេទនា នៅ​លើ​ទឹក​ដី​កំណើត​ខ្លួនឯង ។

ប្រធានសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា វៀតណាម​កំពុង​ព្រួយ​បារម្ភ ពី​ងើប​ឡើង​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ដោយសារ​តែ​ខ្មែរ​ក្រោម​មាន ចំនួន​ច្រើន​ជាង ជន​ជាតិ​ដើម​កំណើត​ផ្សេងទៀត ។ យ៉ាង​ហោច​ណាស់​ក៏​មាន​ខ្មែរ​ក្រោម​ប្រមាណ ១០ លាននាក់ កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត ។ លោក​ព្រមាន​ថា សហព័ន្ធខ្មែរកម្ពុជាក្រោម​ នឹង​យក​របាយការណ៍​នៃ​ការ​រំលោភ​បំពាន​របស់​វៀតណាម​ ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ ពិសេស អាមេរិក ពី​ព្រោះ​វៀតណាម​សន្យា​គោរព​សិទ្ធិ​មនុស្ស ដើម្បី​បាន​ប្រយោជន៍​ពី​អាមេរិក៖ «ចាប់​ផ្ដើម​ប្រព្រឹត្ត​អំពី​ព្រៃផ្សៃ​ឡើង​វិញ​ហើយ បន្ទាប់​ពី​សន្យា​នឹង​អាមេរិក​ថា នឹង​ធ្វើ​អ្វីៗ ទាំងអស់ ដើម្បី​ឲ្យ​ស្រប​គោល​ការណ៍​អាមេរិក ដើម្បី​ទទួល​ជំនួយ​នឹង​អាវុធ​ទំនើបៗ។ វា​ជា​ឱកាស​ល្អ​សម្រាប់​ខ្មែរ​ក្រោម​រដ្ឋាភិបាល​យួន​ធ្វើ​បាប​ខ្មែរ​ក្រោម នឹង​ផ្តល់​ឱកាស​ឲ្យ​តវ៉ា​រឹត​តែ​ខ្លាំង​ជាង​មុន​តទៅ​ទៀត»

ទាក់ទងទៅ នឹង​សិទ្ធិ​ស្វ័យ​សម្រេច​ដោយ​ខ្លួន​វិញ ពលរដ្ឋ​ខ្មែរ​ក្រោម​អះអាង​ថា ពួក​គេ​គាំទ្រ​ទាំង​ស្រុង ទោះ​បី​ពួក​គេ​មិន​ហ៊ាន​សំដែង​ការ​ពេញ​ចិត្ត​ជា​ចំហ​ក៏​ដោយ៖ «ពលរដ្ឋ​គេ​គាំទ្រ គេ​អត់​ប្រកែក​ទេ ពី​ព្រោះ​វា​ជា​សិទ្ធិ​ទូទៅ​ទាំង​នៅ​ក្នុង និង​ក្រៅ​ស្រុក ព្រោះ​ខ្មែរ​ក្រោម​មាន​ឈាម​ជ័រ​ដូច​គ្នា ។ គេ​ចង់​បាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង»

មកទល់​ពេល​នេះ​រដ្ឋាភិបាល​ខ្មែរ​មិន​បាន​បង្ហាញ​ជំហរ​ណា​មួយ​ជុំវិញ​ជោគ​វាសនា​អនាគត​ខ្មែរ​ក្រោម​នៅ​ឡើយ​ទេ ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​ធ្លាប់​អះអាង​ថា កម្ពុជា​មិន​ជ្រៀតជ្រែក​ចូល​កិច្ច​ការងារ​ផ្ទៃ​ក្នុង​វៀតណាម​ឡើយ​ ដោយ​សារ​តែ​រដ្ឋាភិបាល​ចាត់​ទុក​ខ្មែរ​ក្រោម​ថា ជា​ជនជាតិ​វៀតណាម ។ ផ្ទុយ​ពី​ការ​អះអាង​នេះ​គណបក្ស​ប្រឆាំង​មាន​ប្រជាប្រិយភាព​ជាង​គេ​នៅ​កម្ពុជា គឺ​គណបក្សសង្គ្រោះ​ជាតិ ដែល​អាច​មាន​លទ្ធភាព​ឈ្នះ​ឆ្នោត​ដឹក​នាំ​ប្រទេស​ទៅ​ថ្ងៃ ក្រោយ​អះអាង​ថា គណបក្ស​នេះ​ចាត់​ទុក​ខ្មែរ​ក្រោម​ជា​ខ្មែរ ហើយ​សន្យា​ នឹង​ទាមទារ​ទឹក​ដី​ខ្មែរ​ក្រោម​មក​វិញ ប្រសិន​បើ​គណបក្ស​នេះ ឈ្នះ​ឆ្នោត​នៅ​ថ្ងៃ​មុខ ។ គណ:កម្មការ​នាយក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះចៅ​អធិការ​វត្ត ខេមរ​រង្សី នៅ​ទីក្រុង សាន់ហូស្សេ (San Jose) រដ្ឋ​កាលីហ្វ័រញ៉ា (California): ព្រះអង្គ សឺង យ៉ឹង រតនា ប្រាប់​អាស៊ី​សេរី​ថា សហព័ន្ធ​កំពុង​រៀបចំ​ឯកសារ​ទាមទារ​សិទ្ធិ​ស្វ័យ​សម្រេច​ពី​វៀតណាម ក្រោយ​សន្និសីទ​នៅ​ទីក្រុង​ឡាអេ ៕

Leave A Reply

Your email address will not be published.