សមត្ថកិច្ចវៀតណាម កំពុងតាមចាប់ជនល្មើស ដែលសម្លាប់កម្មករខ្មែរក្រោម ២ នាក់
ដោយ ស៊ឺន ចែងចើន
កម្មករខ្មែរក្រោម ៤ នាក់ ដែលធ្វើការនៅខេត្តទទួលតាមោក ដែលវៀតណាម ប្តូរឈ្មោះទៅជាខេត្តបិញយឿង ត្រូវជនជាតិវៀតណាម មួយក្រុម លើកគ្នាព្រួតវាយបណ្តាលឲ្យស្លាប់កម្មករខ្មែរក្រោម ២ នាក់ និងរបួសធ្ងន់ ២ នាក់ ។

យោងតាមការបង្ហោះសារ នៅលើបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Mai Thi Thien Thanh បានរៀបរាប់ថា មនុស្សពីរនាក់ ដែលត្រូវជាមា និងក្មួយបានស្លាប់ក្នុងហេតុការណ៍ ព្រួតវាយសម្លាប់ ពីសំណាក់ជនជាតិវៀតណាមមួយក្រុម ក្រោយចេញកពីម្មវិធីជប់លៀងលាគ្នា ដើម្បីត្រឡប់ទៅស្រុក ចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរ ។
គណនីហ្វេសប៊ុកដដែលបញ្ជាក់ថា មូលហេតុនៃការវាយប្រហារលើកម្មករខ្មែរក្រោម ដែលបណ្តាលឲ្យស្លាប់ពីរនាក់ នៅយប់ថ្ងៃទី ១១ ខែមេសា ដោយសារតែពួកគេនិយាយគ្នាជាភាសាខ្មែរ នៅក្នុងពិធីជប់លៀង ហើយក្រុមជនជាតិយួនទាំងនោះ គិតថា ជាការនិយាយដៀមដាមដាក់ពួកគេ ក៏ព្រួតគ្នាវាយចាក់ឲ្យស្លាប់កម្មករខ្មែរក្រោម ២ នាក់ ។
ព្រះសង្ឃខ្មែរក្រោម ដែលបានដឹងរឿងនេះ ឲ្យវិទ្យុសំឡេងកម្ពុជាក្រោម ដឹងថា យុវជនខ្មែរក្រោម ឈ្មោះ ថាច់ ចំរើន អាយុ ២៥ ឆ្នាំ និង ម្នាក់ទៀតឈ្មោះ ថាច់ ចៀង អាយុ ២៣ ឆ្នាំ មានស្រុកកំណើត នៅភូមិតាអោក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ ចំណែកសពរបស់យុវជនទាំពីររូបនោះ ត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី និងធ្វើពិធីបូជារួចរាល់ហើយ នៅថ្ងៃទី ១២ ខែមេសានេះ ។
ពាក់ព័ន្ធនឹងករណីឃាតកម្មវាយសម្លាប់ មកលើកម្មករខ្មែរក្រោមនេះ សមត្ថកិច្ចវៀតណាម កំពុងតាមចាប់ជនល្មើស និងជនដៃដល់ យកមកផ្តន្ទាទោសតាមច្បាប់ ។