អាជ្ញាធរវៀតណាម ពិន័យលុយយុវជនខ្មែរក្រោម ករណីបង្ហោះព័ត៌មានមិនពិត នៅលើបណ្តាញសង្គមហ្វេសប៊ុក
ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោម ដែលបង្ហោះរូបសញ្ញាកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម និងលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានអាជ្ញាធរមូលដ្ឋានវៀតណាម កោះហៅទៅសួរនាំជាបន្តបន្ទាប់ ហើយនៅព្រឹកថ្ងៃទី ១៦ ខែមិថុនា យុវជនខ្មែរក្រោមរូបនេះ ត្រូវបានអាជ្ញាធរខេត្តត្រាវិញ (Tra Vinh) ដែលខ្មែរក្រោមហៅថា ខេត្តព្រះត្រពាំង ពិន័យលុយជាង ៧ លានដុង ឬប្រមាណជាង ៣ រយដុល្លារអាមេរិក ។

យុវជនខ្មែរក្រោម លោក តោ ហ្វាងចឿង បានឲ្យដឹងថា លោកព្រមទទួលរងពិន័យរដ្ឋបាលដោយបង់ប្រាក់ ទៅតាមមាត្រាមួយនៃច្បាប់សន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ដែលអាជ្ញាធរយួនចាត់ទុកថា លោកបានប្រព្រឹត្តល្មើសទៅ នឹងច្បាប់អ៊ីនធឺណិតរបស់ប្រទេសវៀតណាម ដោយប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គម ចែករំលែក និងផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋអំណាចវៀតណាម ។ យោងតាម កថាខណ្ឌ ១ នៃមាត្រា ១០១ នៃក្រិត្យលេខ 15/2020/NĐ-CP របស់រដ្ឋាភិបាល ចុះថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ២០២០ បានចែងអំពីការដាក់ទណ្ឌកម្ម ប្រឆាំង នឹងការរំលោភផ្នែករដ្ឋបាល ក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ ព័ត៌មានវិទ្យា ប្រេកង់វិទ្យុ បច្ចេកវិទ្យាព័ត៌មាន និងប្រតិបត្តិការអេឡិចត្រូនិច នឹងត្រូវពិន័យជាប្រាក់ ចំនួន ៧.៥០០.០០០ ដុង ។
គួរជម្រាបជូនថា ការពិន័យនេះ ធ្វើឡើង ក្រោយពីលោក ប្រើគណនីហ្វេសប៊ុកឈ្មោះ (To Hoang Chuong) កាលពីថ្ងៃទី ៣១ ខែឧសភា បានបង្ហោះរូបសញ្ញាកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម លើហ្វេសប៊ុក និងលិខិតមួយច្បាប់ ដែលលោកបានស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណិតនូវឯកសារទាក់ទង នឹងលិខិតរបស់មេដឹកនាំវៀតណាម លោក ហូ ជីមិញ ផ្ញើជូនប្រជាជាតិខ្មែរក្រោម នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ មានខ្លឹមសារថា ដែនដីកម្ពុជាក្រោម ស្ថិតនៅក្រោមការគ្រប់គ្រង និងជាកម្មសិទ្ធិរបស់ខ្មែរក្រោម ។ ចំណែក ជនជាតិវៀតណាម ដែលរស់នៅលើទឹកដីនេះ គ្រាន់ជាអ្នកស្នាក់អាស្រ័យ និងគ្មានសិទ្ធិសម្រេចអ្វីនោះទេ ទាក់ទង នឹងអធិបតេយ្យភាព និងសិទ្ធិធ្វើជាម្ចាស់ការ នៅលើទឹកដីនេះ ។
ក្រៅពីយុវជន យុវជន តោ ហ្វាងចឿង ដែលរងការចោទប្រកាន់ពីអាជ្ញាធរខេត្តព្រះត្រពាំង យុវជនខ្មែរក្រោមពីរនាក់ទៀត នៅក្នុងខេត្តនេះ ត្រូវបានអាជ្ញាធរវៀតណាម ធ្វើការពិន័យជាប្រាក់ និងត្រូវអាជ្ញាធរមូលដ្ឋានបញ្ជាឱ្យលុបរូបសញ្ញាកាន់ទុក្ខនៃការបាត់បង់ទឹកដីកម្ពុជាក្រោម នៅលើប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនចេញវិញ បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន ។
អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសកម្ពុជា និងសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក កត់សម្គាល់ឃើញថា នៅរយៈពេលចុងក្រោយនេះ អាជ្ញាធរវៀតណាម បានតាមដាន និងមានវិធានការជាបន្តបន្ទាប់ លើការបង្ហោះព័ត៌មានរបស់ពលរដ្ឋកម្ពុជាក្រោម ដែលវិធានការនេះ ជាការរឹតបន្តឹងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋខ្មែរក្រោម ៕
លិខិតបង់ប្រាក់ពិន័យ