អាជ្ញាធរវៀតណាម ហាមមិនឲ្យខ្មែរក្រោម ក្នុងស្រុកទាក់ទងខ្មែរក្រោម នៅក្រៅស្រុក រឿងចែកអំណោយដោយការរើសអើង
ដោយ ស៊ឺន ចែងចើន
យុវជនខ្មែរក្រោម នៅខេត្តឃ្លាំងម្នាក់ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា បានចូលទៅបំភ្លឺករណីចោទប្រកាន់អាជ្ញាធរវៀតណាម ថា បានរើសអើងរឿងចែកជំនួយ នៅក្នុងរដូវកាលនៃវិបត្តិកូវីដ-១៩ ។ យុវជនខ្មែរក្រោម រូបនេះ ថា អាជ្ញាធរវៀតណាម គំរាមកំហែង និងបំបិទសិទ្ធិសេរីរបស់លោក មិនឲ្យទាក់ទងផ្តល់ព័ត៌មានពីបញ្ហានេះ ទៅខ្មែរក្រោម នៅក្រៅប្រទេស ។

យុវជន យ៉ាញ់ មិញក្វាង ឲ្យដឹងថា អាជ្ញាធរវៀតណាមនៃខេត្តឃ្លាំង បានចំណាយពេលសាកសួរលោកអស់ជាច្រើនម៉ោង រួចចោទប្រកាន់លោកថា ជាជនក្បត់ជាតិ និងបង្ខំឲ្យលោកចុះហត្ថលេខា ក្នុងលិខិតកំណត់ហេតុ ដោយយល់ព្រមបញ្ឈប់ថតវីដេអូ រិះគន់រដ្ឋាភិបាលវៀតណាម តាមរយៈបណ្ដាញសង្គម និងផ្តល់ព័ត៌មានទៅខ្មែរក្រោម នៅក្រៅស្រុកទៀត ពីភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋាន ដែលបានដើរស្រង់ស្ថិតិពលរដ្ឋរងគ្រោះដោយសារជម្ងឺកូវីដ-១៩ ឲ្យទទួលអំណោយពីរដ្ឋាភិបាល ប៉ុន្តែ មានតែឈ្មោះពលរដ្ឋជាសាច់ញាតិរបស់ជនជាតិវៀតណាម ប៉ុណ្ណោះ ។ លោកថា លោកមិនដឹងពីខ្លឹមសារក្នុងលិខិតកំណត់ហេតុ ដែលសរសេរយ៉ាងវែងពីអាជ្ញាធរវៀតណាមនោះទេ ដោយសារតែអាជ្ញាធរមិនអានឲ្យលោកស្តាប់ ហើយនៅពេលលោកសុំថតលិខិតកំណត់ហេតុនោះ អាជ្ញាធរមិនអនុញ្ញាតឲ្យឡើយ ទើបមានការប្រទាញប្រទង់គ្នារវាងលោក និងសមត្ថកិច្ចនគរបាលវៀតណាម ហើយក៏បណ្តាលឲ្យលិខិតនោះ ដាច់ចេញជាពីរកំណាត់ ។ លោកបន្ថែមថា នៅពេលនោះ លោកបានទាញទូរស័ព្ទ ដើម្បីថតសកម្មភាព ប៉ុន្តែ ក្រុមសមត្ថកិច្ចទាំងនោះ បាននាំគ្នារត់គេចចេញពីបន្ទប់សួរចម្លើយ ទើបលោកដើរចេញពីការិយាល័យនគរបាល ហើយធ្វើដំណើរមកផ្ទះវិញ ។ យុវជន យ៉ាញ់ មិញក្វាង បញ្ជាក់ទៀតថា លោកអាច នឹងត្រូវនគរបាលចាប់ខ្លួន ប្រសិនបើ លោកមិនអនុវត្តតាមលិខិតកំណត់ហេតុនោះ ។
គួរជម្រាបជូនថា យុវជនខ្មែរក្រោម យ៉ាញ់ មិញក្វាង នៅភូមិស្រឡូង ឃុំជ្រោយទឹម ស្រុកបាយឆៅ នៃខេត្តឃ្លាំង កាលពីពេលកន្លងទៅថ្មីៗ នេះ បានធ្វើការផ្សាយផ្ទាល់ (Live) នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដើម្បីសម្ដែងពីការកើតទុក្ខមិនសុខចិត្ត ចំពោះអាជ្ញាធរមូលដ្ឋាន ដែលមានភាពខ្វះចន្លោះ ក្នុងការចុះចែកអំណោយ និងមានការរើសអើងរវាងពលរដ្ឋខ្មែរក្រោម និងពលរដ្ឋវៀតណាម ដោយលោកអះអាងថា គ្រួសារលោកពិតជាមានជីវភាពក្រីក្រ និងប្រជាពលរដ្ឋខ្មែរក្រោមដទៃទៀត រស់នៅក្នុងភូមិរបស់លោក កំពុងតែជួបប្រទះទុក្ខលំបាកយ៉ាងខ្លាំង តែមិនទទួលបានជំនួយ ពីអាជ្ញាធរវៀតណាមឡើយ ។ លោកចោទពួកអាជ្ញាធរមូលដ្ឋាន ថា បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ ដោយចុះស្រង់យកតែឈ្មោះជនជាតិវៀតណាមប៉ុណ្ណោះ ចំណែកពលរដ្ឋខ្មែរក្រោម ដែលមានជីវភាពក្រីក្រដែរ បែរជាមិនមានឈ្មោះក្នុងបញ្ជី ដើម្បីទទួលបានជំនួយនោះទេ ។ ជុំវិញបញ្ហានេះ ក្រុមគ្រួសារខ្មែរក្រោម ក៏បាននាំគ្នាទៅធ្វើការតវ៉ា នៅឯសាលាស្រុកម៉ីស្វៀងដែរ ។ ប៉ុន្តែ អាជ្ញាធរវៀតណាម បានឆ្លើយតបថា មូលហេតុ ដែលពលរដ្ឋខ្មែរក្រោមទាំងនោះ មិនទទួលបានជំនួយ ក៏ព្រោះតែពួកគេ បានរួចចាកផុតពីភាពក្រីក្រ ។ ចំណែកឯប័ណ្ណក្រីក្ររបស់ពួកគេ ដែលអាជ្ញាធរចេញឲ្យនោះ ក៏ត្រូវបានលុបចោលហើយដែរ ៕