អាជ្ញាធរវៀតណាម ខេត្តក្រមួនស រារាំងពលរដ្ឋខ្មែរក្រោម មិនឲ្យចូលធ្វើស្រូវប្រាំង
ដោយ ស៊ឺន ចែងចើន
សំណុំរឿងដីធ្លី នៅខេត្តក្រមួនស បានអូសបន្លាយជិត ៣ ឆ្នាំ មកហើយ ។ កសិករខ្មែរក្រោមជាម្ចាស់ដីធ្លី នៅតែក្លាយជាជនរងគ្រោះ និងមិនទាន់ទទួលបានការដោះស្រាយសមស្របណាមួយឡើយ ពីរដ្ឋាភិបាលវៀតណាម ក្រៅតែពីការបំបិទសិទ្ធិសេរីភាពមិនឲ្យពួកគាត់តវ៉ា ដើម្បីដឹងឮពីសហគមន៍អន្តរជាតិ ។ បន្ទាប់ពីអស់ជំនឿលើយន្តការដោះស្រាយ ពីសំណាក់រដ្ឋាភិបាលវៀតណាម ក្នុងករណីជម្លោះដីធ្លីជាមួយអាជ្ញាធរនៅមូលដ្ឋាន ប្រជាកសិករខ្មែរក្រោម បង្ខំចិត្តនាំគ្នាចូលទៅធ្វើស្រែ នៅលើដីទំនាស់វិញនារដូវប្រាំងឆ្នាំនេះ តែត្រូវបានអាជ្ញាធរវៀតណាម ដាក់កម្លាំងសមត្ថកិច្ចចម្រុះ រារាំងមិនឲ្យធ្វើដំណើរទៅដល់ដីស្រែចម្ការរបស់ពួកគេឡើយ ដោយអះអាងថា ដីស្រែទាំងនោះ ជាដីរបស់រដ្ឋ ។

ប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណជាង ៥០ នាក់ មកពីភូមិចំនួនបី គឺភូមិប៉ប្រក់ ភូមិខ្សាច់ និងភូមិកោះរងៀង ស្ថិតក្នុងឃុំប៉ប្រក់ ស្រុកព្រៃមេង ខេត្តក្រមួនស (Phú Mỹ, Giang Thành, Kiên Giang) ដែលមានដីស្រែ នៅក្នុងដែនអភិរក្សវាលស្មៅដុង-ក-បាង (Đồng cỏ bàng) និងតំបន់អភិរក្សសត្វក្រៀលក្បាលក្រហម នៅថ្ងៃទី ៩ ខែមករា សប្តាហ៍នេះ បានលើកគ្នាចូលទៅធ្វើស្រែប្រាំងលើដី ដែលអ្នកភូមិធ្លាប់ធ្វើជិត ៥០ ឆ្នាំមកហើយ នោះវិញ តែត្រូវអាជ្ញាធរវៀតណាម ប្រើកម្លាំងសមត្ថកិច្ចចម្រុះរាប់សិបនាក់បិទផ្លូវ រារាំងមិនឲ្យចូលទៅធ្វើស្រែ និងគំរាមកំហែងចាប់ដាក់ពន្ធនាគារ ។
ប្រជាកសិករខ្មែរក្រោម រស់នៅក្នុងភូមិចំនួន ៣ ខាងលើ អះអាង នៅថ្ងៃទី ១០ ខែមករា ថា អាជ្ញាធរខេត្តនេះ នៅតែបន្តដាក់ពង្រាយកម្លាំងសមត្ថកិច្ចចម្រុះរារាំងពួកគាត់ មិនឲ្យធ្វើស្រែចិញ្ចឹមជីវិតលើដីរបស់ពួកគេ ដែលបានអាស្រ័យផល និងកាន់កាប់ជាច្រើនជំនាន់មកហើយ ។
តំណាងពលរដ្ឋខ្មែរក្រោម មកពីភូមិប៉ប្រក់ ដែលមានបញ្ហាដីធ្លីជាមួយអាជ្ញាធរវៀតណាម ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះព្រួយបារម្ភពីសុវត្ថិភាព ពីសំណាក់អាជ្ញាធរវៀតណាម ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ ថា សមត្ថកិច្ច បានចុះល្បាតឃ្លាំមើលអ្នកភូមិ និងតំណាងពលរដ្ឋដល់លំនៅឋាន ក្នុងបំណងគំរាមកំហែង ព្រោះខ្លាចក្រែងពួកគេងើបតវ៉ា ។
កសិករដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្ន ពលរដ្ឋខ្មែរក្រោម មិនអាចបង្កបង្កើនផលដាំដុះដំណាំលើដីស្រែ នៅតំបន់ទំហំជាង ៣.០០០ ហិកតារ តាំងពីដូនតាមក ដោយអាជ្ញាធរវៀតណាម តែងតែរារាំង ។ កសិកររូបនេះ អះអាងថា ផ្ទៃដីដែលកំពុងធ្វើស្រូវនោះ ពុំមានផ្នែកណាមួយ ត្រូវបានអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ឲ្យនោះទេ ខណៈពួកគាត់អះអាងថា បានអាស្រ័យផលលើដីនោះ តាំងពីអំឡុងឆ្នាំ ១៩៧៣ មកម្ល៉េះ ។
ទាក់ទងទៅនឹងប្រវត្តិនៃជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ កសិករដដែល ឲ្យដឹងថា ក្នុងខេត្តក្រមួនស បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរវៀតណាម និងរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុន ករណីទំនាស់ខ្លះអូសបន្លាយរយៈពេលមិនតិចជាង ២០ ឆ្នាំនោះឡើយ ។ កសិកររូបនេះ រៀបរាប់បន្ថែមថា គ្រួសារអ្នកស្រី មានដីច្រើនហិកតារ ដែលបានអាស្រ័យផលតាំងពីដូនតាមក ពោលគឺនៅឆ្នាំ ១៩៨២ ពលរដ្ឋខ្មែរក្រោម បានមកកាប់ឆ្ការដី និងកែប្រែ ព្រមទាំងធ្វើស្រែ នៅតំបន់ ដែលកំពុងមានវិវាទ ។ អ្នកស្រីបន្តថា ការធ្វើស្រែ នៅលើដីនោះ រហូតដល់ឆ្នាំ ២០០០ ពេលនោះ ក៏ជួបគ្រោះទឹកជំនន់ ចំនួន ៣ ឆ្នាំជាប់ៗ គ្នា ធ្វើឲ្យកសិករខ្មែរក្រោម ទាំងនោះ មិនអាចធ្វើស្រែបាន ក៏សម្រេចចិត្តផ្អាកធ្វើស្រែលើដីនោះមួយរយៈ ។ លុះដល់ឆ្នាំ ២០០៣ គណៈកម្មាធិការប្រជាជនឃុំប៉ប្រក់ (Phú Mỹ) បានបំផុសគំនិតកសិករខ្មែរក្រោម ដាំចចូតរយៈពេល ៤ ឆ្នាំ ហើយកសិករទាំងអស់ ក៏យល់ព្រម ហើយនៅពេល ដែលប្រមូលបានផល ត្រូវលក់ជូនក្រុមហ៊ុនយួនមួយ ដែលក្រុមអាជ្ញាធរ បានសហការជាមួយ ។ ពលរដ្ឋតំណាងឲ្យកសិករ ដែលសុំមិនបញ្ចេញឈ្មោះដដែលនេះ រៀបរាប់ឲ្យដឹងទៀតថា ពេលប្រមូលចចូតលក់ទៅឲ្យក្រុមហ៊ុន ពួកគេទិញក្នុងតម្លៃថោកថែមទៀត ។ ចំណែក នៅពេលទូទាត់សងថ្លៃចចូតដល់ប្រជាកសិករខ្មែរក្រោម បែរជាក្រុមហ៊ុនពន្យារពេលមួយខែហើយមួយខែទៀត ដោយត្រឹមតែបង្ហាញបង្កាន់ដៃមកឲ្យពួកគាត់ប៉ុណ្ណោះ ។
ស្រដៀងគ្នានេះ កសិករខ្មែរក្រោម មកពីភូមិខ្សាច់មួយរូបទៀត យល់ថា ប្រជាកសិករខ្មែរក្រោម រងការភូតភរ បោកប្រាស់ និងក្លែងបន្លំឯកសារដីធ្លី ពីសំណាក់អាជ្ញាធរវៀតណាម ដើម្បីរំលោភយកដីរបស់ពួកគាត់ ។ កសិកររូបនេះ បានរំឭកឡើងវិញថា នៅចន្លោះខែឧសភាឆ្នាំ ២០២០ បន្ទាប់ពីអាជ្ញាធរវៀតណាម ខេត្តក្រមួនស រួមមាន ប៉ូលិស និងទាហាន ដែលប្រដាប់ដោយអាវុធប្រមាណជាង ១០០ នាក់ បង្ក្រាបដោយហិង្សាទៅលើប្រជាកសិករខ្មែរក្រោម ដែលចេញតវ៉ារឿងដីធ្លីរួចមក អាជ្ញាធរវៀតណាម បានកោះហៅពលរដ្ឋមានជម្លោះដីធ្លីរ៉ាំរ៉ៃ ឲ្យចូលរួមប្រជុំរកដំណោះស្រាយ នៅសាលាឃុំប៉ប្រក់ (Phú Mỹ) ។ ពេលនោះ អ្នកភូមិជាខ្មែរក្រោម មានសង្ឃឹមថា អាជ្ញាធរ នឹងផ្ដល់ដំណោះស្រាយយ៉ាងសមរម្យ ដោយចេញប្លង់កាន់កាប់ដីធ្លី ឬលិខិតបញ្ជាក់ពីការប្រើប្រាស់ដីធ្លី ឲ្យពួកគាត់ ។ ប៉ុន្តែ ផ្ទុយទៅវិញ បែរជាធ្វើឲ្យប្រជាពលរដ្ឋខ្មែរក្រោមខកចិត្ត ដោយសារតែអាជ្ញាធរវៀតណាម ឆ្លៀតឱកាសដែលពួកគាត់មិនចេះអក្សរ ហើយខ្វះចំណេះដឹងផ្លូវច្បាប់ និងការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន នៅមានកម្រិតផង ទើបពួកគេប្រើឥទ្ធិពលរបស់ខ្លួន ក្លែងបន្លំឯកសារយកដីរបស់ប្រជាពលរដ្ឋខ្មែរក្រោម ទៅជួលឲ្យក្រុមហ៊ុនដាំដើមចចូត និងយកលេសថា ជាតំបន់អភិរក្សសត្វក្រៀលក្បាលក្រហម ។ បន្ថែមពីលើនេះ កសិករដដែល ក៏អះអាងថា ពួកអាជ្ញាធរ បានគំរាមគំហែង ដោយប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចោទប្រកាន់ពួកគេឲ្យមានទោសទៀតផង ។
គួររំលឹកថា ក្នុងឆ្នាំ ២០២១ ជម្លោះដីធ្លី នៅខេត្តក្រមួនស បានកើតឡើងយ៉ាងតិច ៣ ករណី ដែលធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្មែរក្រោមប្រមាណជាង ១០០០ នាក់ ស្មើនឹងជិត ២០០ គ្រួសារ ដែលជាជនរងគ្រោះនៃការបង្ខំបណ្ដេញចេញពីដីធ្លី និងទទួលរងនូវអំពើហិង្សា ពីសំណាក់អាជ្ញាធរវៀតណាម រហូតឈានដល់ការចាប់ខ្លួនកសិករខ្មែរក្រោមមួយរូបដាក់ពន្ធនាគារទៀតផង ។

សូមបញ្ជាក់ផងដែរ ថា នៅឆ្នាំ ២០២១ តុលាការវៀតណាម ក្នុងខេត្តមួយនេះ ក៏បានចាប់ខ្លួនកសិករខ្មែរក្រោម ៣ រូប ដាក់ពន្ធនាគារ ដោយក្នុងនោះ លោក ហ្វិន វ៉ាំងឌែប កាត់ទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ ហើយលោកត្រូវចាប់ឃុំខ្លួន ដើម្បីអនុវត្តទោស នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខណៈលោក តៀន ដាម ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ២ ឆ្នាំ និងលោក តៀន ណាម ជាប់ទោស ៩ ខែ អ្នកទាំងពីររូបនេះ ត្រូវអាជ្ញាធរយួន ចាប់បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ នៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២១ ។ ចំណែក លោកយាយ ធី ភិច អាយុ ៧១ ឆ្នាំ ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ប៉ុន្តែ ដាក់ឱ្យស្ថិតនៅក្រៅពន្ធនាគារជាបណ្តោះអាសន្ន ។ ក្រៅពីកសិករខ្មែរក្រោម ទាំង ៤ នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ខាងលើ នៅមានពលរដ្ឋខ្មែរក្រោម ជាប់ពាក់ព័ន្ធចំនួន ២៣ នាក់ផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរវៀតណាម សម្រេចដាក់ពិន័យរដ្ឋបាល ដោយពិន័យជាប្រាក់ក្នុងម្នាក់ៗ ចាប់ពី ៣ លានដុងទៅ ៤ លាន ដុង ឬស្មើនឹង ១៥០ ទៅ ២០០ ដុល្លារអាមេរិក ៕