អាជ្ញាធរ​វៀតណាម​ ខេត្ត​ព្រះត្រពាំង​រឹបអូស​អាវយឺត​ខ្មែរក្រោម ​អបអរ​ទិវា​សិទ្ធិ​នារី​ ​អន្តរជាតិ​ ​៨​ ​មីនា​

0 587

ដោយ យាង​ ​សុធា​រិន្ទ

​អាជ្ញាធរ​វៀតណាម​ នៅ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​កាលពី​ថ្ងៃ​ទី​ ៤​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​១​ ​បាន​ចុះ​រឹបអូស​យក​អាវយឺត​ពី​ម្ចាស់ផ្ទះ​បោះពុម្ព​លើ​អាវយឺត​ ដែល​ជា​ពលរដ្ឋ​ខ្មែរក្រោម​ ​ស្ថិតនៅ​ភូមិ​ ​២​ ​ឃុំ​ឫស្សីស្រុក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ដោយ​អាជ្ញាធរ​អះអាង​ថា​ ​នៅ​លើ​អាវយឺត​ទាំងនោះ​មាន​សរសេរ​អក្សរ​ ​«​ខ្មែរក្រោម​»​ ​។​

​លោក​ ​ថា​ច់ ​សាង (ឆ្វេង) ម្ចាស់ផ្ទះហាងបោះពុម្ពអាវយឺត និងយវតីខ្មែរក្រោម (ស្តាំ) ដែលពាក់អាវយឺត អបអរទិវាសិទ្ធិនារីអន្តរជាតិ ។ រូបៈ ហ្វេសប៊ុក
​លោក​ ​ថា​ច់ ​សាង (ឆ្វេង) ម្ចាស់ផ្ទះហាងបោះពុម្ពអាវយឺត និងយវតីខ្មែរក្រោម (ស្តាំ) ដែលពាក់អាវយឺត អបអរទិវាសិទ្ធិនារីអន្តរជាតិ ។ រូបៈ ហ្វេសប៊ុក

​ប្រតិបត្តិការ​ចុះ​រឹបអូស​យក​នេះ​ ​បាន​កើតឡើង​ប្រមាណ​ ​១​ ​ម៉ោង​ ​ក្រោយ​ពី​ម្ចាស់ផ្ទះ​បោះពុម្ព​ ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​នូវ​អាវយឺត ​ដែល​ខ្លួន​បាន​បោះពុម្ព​រួច​ ​និង​ ​មាន​សរសេរ​អក្សរ​នៅ​ខាងមុខ​អាវ​ថា​ ​«​ខ្មែរក្រោម​អបអរ​ទិវា​នារី​អន្តរជាតិ​»​ ​។​ ​ការ​បង្ហោះ​នេះ​ ​ម្ចាស់ផ្ទះ​បោះពុម្ព​មាន​ចេតនា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អំពី​ហាង​របស់​ខ្លួន​ផង​ ​និង​បង្ហាញ​ពី​ ​គុណភាព​នៃ​ការ​បោះពុម្ព​របស់​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​ផង​ ​។​ ​តែ​ផ្ទុយទៅវិញ​ ​ត្រូវ​ ​អាជ្ញាធរ​វៀតណាម​ចុះទៅ​រឹបអូស​ ​និង​កោះហៅ​ទៅ​ណែនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ​ថែមទៀត​ ​។​

​ពលរដ្ឋ​ខ្មែរក្រោម​ឈ្មោះ​ ​ថា​ច់ ​សាង​ ​បច្ចុប្បន្ន​រស់នៅ​ក្នុង​ឃុំ​ឫស្សីស្រុក​ ​ស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​នៅ​រសៀល​ថ្ងៃ​ទី​ ៥​ ​ខែ​មីនា​ ​យក​លិខិត​ ​មក​កោះហៅ​ឱ្យ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​ស្ពាន​ ​ដើម្បី​សួរនាំ​ក្រោយ​ពី​ ​លោក​បាន​ ​បោះពុម្ព​លើ​អាវយឺត​តាម​ការ​កុម្ម៉ង់​របស់​អតិថិជន​ពាក់ព័ន្ធ​ទៅ​នឹង​ការចូលរួម​របស់​ ​ខ្មែរក្រោម​អប​អរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មីនា​ ​។​

​ប៉ុន្តែ​ លិខិត​កោះហៅ​នោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​យក​ត្រឡប់ទៅវិញ​ ​ដោយហេតុថា​ ​លោក​ ​ថា​ច់ ​សាង​ ​ស្នើសុំ​ការ​ពន្យល់​ពី​អាជ្ញាធរ​មូលដ្ឋាន​នូវ​មូលហេតុ​នៃ​ការ​កោះហៅ​រូបលោក​ ​ប៉ុន្តែ​ ​មិន​ត្រូវ​បាន​អាជ្ញាធរ​បកស្រាយ​ ​ទើប​លោក​ ​ថា​ច់ ​សាង​ ​ក៏​សម្រេច​ថា​មិន​ទទួលយក​លិខិត​ ​កោះហៅ​នោះ​ដែរ​ ​បើ​វា​មិន​មានហេតុ​ផល​សមរម្យ​នោះ​ ​។​ ​នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ ​ថា​ច់ ​សាង​ ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​ក្រោយ​ពី​អាជ្ញាធរ​ចាក​ ​ចេញពី​ផ្ទះ​របស់​លោក​បាន​បន្តិច​ ​។​

លោក ​ថា​ច់ ​សាង​ ​៖​ ​«​ស្រាប់តែ​ខ្ញុំ​សម្ភាស​ចប់​ភ្លាម​គេ​មកដល់​ផ្ទះ​ភ្លាម​តែម្តង​ ​ដល់​ខ្ញុំ​សួរ​អំពី​មូលហេតុ​ ​ដល់​នគរបាល​ឃុំ​ ​ថា​ហេតុអ្វី​កោះហៅ​ខ្ញុំ​ ​គេ​ថា​គេ​មិន​ដឹង​ ​ខ្ញុំ​ក៏​មិន​យក​ ​។​ ​គេ​ថា​តើ​ខ្ញុំ​ទទួល​ឬទេ​ ​បើ​មិន​ទទួល​គេ​ទៅវិញ​ ? ​ខ្ញុំ​ថា​ ​មិនមែន​ខ្ញុំ​មិន​ទទួល​ទេ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ដឹង​មូលហេតុ​ ​រួច​គេ​ខឹង​នឹង​ខ្ញុំ​ ​គេ​ក៏​ទៅវិញ​ទៅ​»​ ​។​

​ក្នុងពេល ដែល​អាជ្ញាធរ​មូលដ្ឋាន​យក​លិខិត​មក​កោះហៅ​នោះ​ ​លោក​ ​ថា​ច់ ​សាង​ ​ក៏បាន​ផ្សាយ​ ​ផ្ទាល់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ផង​ដែរ​ ​។​

​តាម​សំឡេង​នៅ​ក្នុង​កិច្ច​សន្ទនា​ ​ក្នុងចំណោម​អាជ្ញាធរ​ ​ដែល​មក​នោះ​ក៏មាន​ខ្មែរក្រោម​ ជា​អ្នកបំរើ​ ​ការងារ​ឱ្យ​រដ្ឋការ​វៀតណាម​ដែរ​ ​ប៉ុន្តែ​អ្នករដ្ឋការ​ខ្មែរក្រោម​នោះ​មិនព្រម​និយាយ​ភាសាខ្មែរ​ ​ជាមួយ​លោក​ ​ថា​ច់ ​សាង​ ​ដែល​ជាខ្មែរ​ដូចគ្នា​នោះ​ទេ​ ​បើ​ទោះ​ជា​លោក​ ​ថា​ច់ ​សាង​ ​ស្នើ​រូប​ ​គេ​ឱ្យ​និយាយ​ភាសាខ្មែរ​ក្តី​ ​។​ ​ផ្ទុយទៅវិញ​ ​ពួកគេ​បាន​បង្ខំ​ឱ្យ ​លោក​ ​ថា​ច់ ​សាង​ ​បិទ​ទូរស័ព្ទ​ ​និង​មិនព្រម​ពន្យល់​ពី​មូលហេតុ​នៃ​ការ​កោះហៅ​តាម​ការ​ស្នើសុំ​ ​របស់​លោក​ ​ថា​ច់ ​សាង​ ​នោះ​ឡើយ​ ​។​

​មុននឹង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​យក​លិខិត​មក​កោះហៅ​លោក​ ​ថា​ច់ ​សាង​ ​នគរបាល​ស្រុក​ចំនួន​ ​៤​ ​រូប​បាន​មកដល់​ផ្ទះ​របស់​លោក​ ​ថា​ច់ ​សាង​ ​ម្តង​រួចហើយ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​ដើម្បី​សួរ​ ​នាំ​លោក​អំពី​ការ​បោះពុម្ព​អាវយឺត​ ​។​

​នគរបាល​ចង់​ដឹង​ពី​មូលហេតុ​ដែល​លោក​ ​ថា​ច់ ​សាង​ ​បោះពុម្ព​អាវយឺត​ដែល​មាន​សរសេរ​អក្សរ​ ​«​ខ្មែរក្រោម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​»​ ​ហើយដែល​លោក​ ​ថា​ច់ ​សាង​ ​បាន​បង្ហោះ​នៅ​លើ​ ​ហ្វេសប៊ុក​របស់​ខ្លួន​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​បាន​ឆ្លើយតប​ថា​ ​លោក​គ្រាន់តែ​ជា​អ្នករក​ស៊ី​បោះពុម្ព​លើ​អាវយឺត​ ​ដូច្នេះ​ ​លោក​ត្រូវធ្វើ​តាម​ការ​ចង់បាន​របស់​អតិថិជន​ ​។​ ​រាល់​ការប្រើប្រាស់​ពាក្យពេចន៍​ ​ឬ​ខ្លឹមសារ​ ​នៅ​លើ​អាវយឺត​បែប​ណា​នោះ​ ​វា​ជា​ការរចនា​របស់​អតិថិជន​ ​។​ ​លោក​បញ្ជាក់​ថា​ ​មូល​ ​ហេតុ​ដែល​លោក​បង្ហោះ​អាវយឺត​ដែល​បោះពុម្ព​រួច​នៅ​លើ​ហ្វេសប៊ុក​ ​លោក​គ្រាន់តែ​ចង់​ផ្សាយ​ ​ពាណិជ្ជកម្ម​អំពី​សេវាកម្ម​របស់​ខ្លួន​ប៉ុណ្ណោះ​ ​។​

​អាជ្ញាធរ​បាន​ប្រាប់​លោក​ ​ថា​ច់ ​សាង​ ​ថា​ ​បញ្ហា​គឺ​នៅត្រង់​ការ​ប្រើ​ពាក្យ​ ​«​ខ្មែរក្រោម​»​ ​នៅ​លើ​អាវ​ ​យឺត​ ​ដែល​អាជ្ញាធរ​វៀតណាម​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ពាក្យ​នេះ​ឡើយ​ ​ព្រោះ​វា​បង្ហាញ​ពី​ការ​ប្រកាន់​ ​និង​ការរើសអើង​គ្នា​ ​។​ ​យ៉ាងនេះ​ក្តី​ ​លោក​ ​ថា​ច់ ​សាង​ ​នៅតែ​បញ្ជាក់​ថា​ ​លោក​គ្រាន់តែ​ធ្វើតាម​ ​ការ​ចង់បាន​របស់​អតិថិជន​ប៉ុណ្ណោះ​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​៖​ ​«​ខ្ញុំ​សួរ​មូលហេតុ​មិន​ស្រប​ច្បាប់​ ​មិន​ស្រប​កន្លែងណា​ ​ហើយ​បាន​បង​នគរបាល​ម្នាក់​ ​គាត់​និយាយ​ថា​មិន​ស្រប​ច្បាប់​ត្រង់​ចំណុច​ថា​ ​ខ្មែរក្រោម​អប​អរសាទរ​ទិវា​អន្តរជាតិ​ ​ថ្ងៃ​ ​៨​ ​ខែ​ ​៣​ ​មិន​ស្រប​ច្បាប់​ពាក្យ​ថា​ ​ខ្មែរក្រោម​ ​។​ ​ខ្ញុំ​សួរ​ថា​មិន​ស្រប​ពាក្យ​ថា​ខ្មែរក្រោម​ត្រង់​អត្ថន័យ​ម៉េច​ ? ​នគរបាល​បកស្រាយ​ថា​ ​ដាក់ពាក្យ​ខ្មែរក្រោម​អ៊ីចឹង​ប្រៀប​បាន​ដូ​ចចែក​វណ្ណៈ​ខ្មែរលើ​ ​ខ្មែរក្រោម​ ​ខ្មែរ​កណ្តាល​ ​។​ ​ខ្ញុំ​និយាយ​ថា​ ​រឿង​ចែក​វណ្ណៈ​ ​មិន​ចែក​វណ្ណៈ​ ​ខ្ញុំ​មិន​ដឹង​ទេ​ ​សំខាន់​នៅ​លើ​អ្នក​មក​ ​ដាក់​ ​ខ្ញុំ​ធ្វើតាម​សំណូមពរ​គេ​»​ ​។​

​ពួក​នគរបាល​ក៏បាន​ជ​ជីកសួរ​លោក​ ​ថា​ច់ ​សាង​ ​រក​លេខ​ទូរស័ព្ទ​អ្នក​ដាក់​អាវ​ឱ្យ​លោក​បោះពុម្ព​ ​ប៉ុន្តែ​លោក​ ​ថា​ច់ ​សាង​ ​ឆ្លើយ​ថា​លោក​មិន​ស្គាល់​លេខ​ទូរស័ព្ទ​របស់​អតិថិជន​នោះ​ឡើយ​ ​ព្រោះ​គេ​ទាក់ទង​មក​លោកតា​ម​ហ្វេសប៊ុក​ដែល​ស្គាល់​ត​ៗ​គ្នា​ ​។​

​ក្រោយ​នគរបាល​សាកសួរ​រួច​ ​លោក​ ​ថា​ច់ ​សាង​ ​ក៏បាន​លា​នគរបាល​ទៅ​ធ្វើការងារ​នៅ​ខាង​ ​ក្រៅ​ ​។​ ​ស្រាប់តែ​ពេល​ត្រឡប់មក​ផ្ទះ​វិញ​នៅ​ពេលរសៀល​ថ្ងៃ​ដដែល​នោះ​ ​ឳពុក​ម្តាយ​លោក​ ​បាន​ប្រាប់​ថា​ ​នគរបាល​បាន​ចាប់​យក​អាវ​ដែល​លោក​បាន​បោះពុម្ព​ចំនួន​ ​១​៨​ ​អាវ​ ​ដែល​ធ្វើ​ឱ្យ ​លោក​ ​ថា​ច់ ​សាង​ ​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង​ ​។​

​នគរបាល​ថែមទាំង​ព្រមាន​ឳពុក​ម្តាយ​លោក​ ​ថា​ច់ ​សាង​ ​ទៀត​ថា​ ​ពួកគេ​នឹង​កោះហៅ​លោក​ ​ថា​ច់ ​សាង​ ​ទៅ​ធ្វើ​ការអប់រំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថែមទៀត​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​​៖​ ​«​ស្រាប់តែ​មកដល់​ផ្ទះ​ភ្លាម​ឮសូរ​ញោម​និយាយ​ថា​ ​គេ​យក​ហើយ​ ​ខ្ញុំ​ជា​អ្នកស៊ីឈ្នួល​ ​ហើយ​ដល់ពេល​អស់លោក​ ​អស់អ្នក​ ​ដូចជា​ខាង​បង​ៗ​នគរបាល​យក​ ​ខ្ញុំ​មានអី​អោយ​គេ​ ​។​ ​បើ​ដូច​ ​ជា​បង​ៗ​ចង់​យក​ ​ជួប​ខ្ញុំ​ផ្តា​ល់ ​បើ​ដូចជា​ខ្ញុំ​មិន​ឱ្យ​បង​ៗ​ថា​ខ្ញុំ​លាក់បាំង​ ​ឬ​ដោយសារ​រឿង​អ្វីមួយ​ ​អា​ហ្នឹង​ខ្ញុំ​មិន​នៅ​ស្រាប់តែ​បង​ៗ​ធ្វើ​ក្រដាស​ឱ្យ​ញោម​ខ្ញុំ​ ​ញោម​ខ្ញុំ​មាន​ដឹង​អី​ឯណា​ ​គាត់​ចាស់ៗ​គាត់​ ​មាន​ដឹង​អី​ ​បើ​ចង់​ធ្វើការ​អី​ចាំ​ជួប​ខ្ញុំ​ផ្ទាល់​ទៅ​ ​ខ្ញុំ​ជា​អ្នកធ្វើ​ ​គេ​ដាក់​ឱ្យ​ខ្ញុំ​ធ្វើ​ ​។​ ​សង្ឃឹម​ថា​បង​ៗ​ខាង​ ​នគរបាល​ពិចារណា​តើ​ខ្ញុំ​និយាយត្រូវ​ ​ឬ​ខុស​ ? ​»​

​ក្រោយ​មាន​ហេតុការណ៍​រឹបអូស​យក​អាវយឺត​នេះ​ ​លោក​ ​ថា​ច់ ​សាង​ ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ ​ហ្វេសប៊ុក​របស់​លោក​ដើម្បី​បកស្រាយ​អំពី​ភាព​ត្រឹមត្រូវ​របស់​លោក​ ​និង​ការ​មិនសុខចិត្ត​ដែល​ ​អាជ្ញាធរ​មក​យក​អាវ​ដែល​លោក​បាន​បោះពុម្ព​អោយ​ភ្ញៀវ​ ​ទាំង​ដែល​លោក​មិនបាន​នៅក្នុងផ្ទះ​ ​ផង​នោះ​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​ចាត់​ទុក​ទង្វើ​រឹបអូស​របស់​សមត្ថកិច្ច​វៀតណាម​ថា​ជា​អំពើ​លួច​ទ្រព្យ​ស​ម្បតិ្ត ​របស់​លោក​ ​ព្រោះថា​លោក​បាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​អាវយឺត​មក​ធ្វើ​ឱ្យ​គេ​ ​ហើយ​ប្រាក់​ក៏​ ​មិនទាន់​ទទួល​បាន​ពី​អតិថិជន​នៅឡើយ​ ​ស្រាប់តែ​សមត្ថកិច្ច​មក​រឹបអូស​យក​អាវ​ដូច្នេះ​ ​។​

​មិនយូរប៉ុន្មាន​ក្រោយ​ពី​លោក​បង្ហោះ​វីដេអូ​ ​នគរបាល​ស្រុក​បាន​ទូរស័ព្ទ​មក​គំរាម​លោក​ឱ្យ​លុប​ វីដេអូ​ឃ្លិប​ចេញពី​ហ្វេសប៊ុក​របស់​លោក​ ​តែ​លោក​ ​ថា​ច់ ​សាង​ ​បដិសេធ​មិន​ធ្វើតាម​នគរបាល​ ​ឡើយ​ ​។​ ​ទើប​បន្ទាប់មក​ ​អាជ្ញាធរ​មូលដ្ឋាន​យក​លិខិត​មក​កោះហៅ​លោក​ឱ្យ​ទៅកាន់​អធិការ​ ដ្ឋា​ន​នគរបាល​ស្រុក​តែម្តង​ ​។​

​លោក​ ​ថា​ច់ ​សាង​ ​មាន​អាយុ​ ​៣​៦​ ​ឆ្នាំ​ ​ធ្លាប់​បាន​បួស​រៀន​អស់​រយៈពេល​ជាង​ ​១​០​ ​ឆ្នាំ​ ​នៅ​វត្ត​ ​វេឡុវ័ន​ ​ឬ​វត្ត​ឫស្សីស្រុក​ ​ក្នុងស្រុក​កំពង់​ស្ពាន​ ​ខេត្ត​ព្រះត្រពាំង​ ​។​ ​បច្ចុប្បន្ន​លោក​ប្រកប​ ​អាជីវកម្ម​បោះពុម្ព​លើ​អាវយឺត​ ​ធ្វើ​សំបុត្រ​បុណ្យ​ ​សំបុត្រអាពាហ៍ពិពាហ៍​ ​ថតរូប​ ​និង​វីដេអូ​ ​នៅ​តាម​ពិធីបុណ្យ​ទាន​នានា​ ​។​ ​លោក​បញ្ជាក់​ថា​ ​ក្នុងនាម​លោក​ជា​អ្នករក​ស៊ី​ ​លោក​តែង​ ​ធ្វើតាម​ការ​តម្រូវ​របស់​អតិថិជន​ ​ហើយ​លោក​ក៏​មិនបាន​ធ្វើអ្វី​អោយ​ខុស​ទៅ​នឹង​ច្បាប់​នៅ​ក្នុង​ ​ប្រទេស​វៀតណាម​នោះ​ដែរ​ ​។​

​ទោះជាយ៉ាងណា​ ​លោក​ ​ថា​ច់ ​សាង​ ​ហាក់​មានការ​បារម្ភ​ពី​អាជីវកម្ម​របស់​លោក​ ​។​ ​ម្យ៉ាងទៀត​ ​លោក​ក៏​មានការ​បារម្ភ​ពី​សុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ ​ព្រោះ​នៅ​មិនទាន់​ដឹង​ថា​ ​សមត្ថកិច្ច​វៀតណាម​ ​នឹង​មាន​វិធានការ​អ្វីខ្លះ​មក​លើ​រូបលោក​នៅឡើយ​ ​។​

​លោក​ ​ថា​ច់ ​សាង ៖​ ​«​ខ្ញុំ​មានការ​ព្រួយបារម្ភ​ ​ទី​១​ ​គឺ​ព្រួយ​ពី​អាជីព​ការរស់នៅ​ចិញ្ចឹម​ជីវភាព​សង្គម​គ្រួសារ​ ​គឺ​បារម្ភ​ថា​ ​បើកាលណា​យើង​មាន​រឿងរ៉ាវ​ហើយ​ ​តែងតែ​មាន​អតិថិជន​ ​តែងតែ​មានការ​ខ្លាច​ថា​ ​យើង​មាន​ពាក់ព័ន្ធ​ ​គេ​ខ្លាច​គេ​មិន​មក​ធ្វើ​ ​បាត់​ភ្ញៀវ​ ​បាត់​អីចឹង​ ​ខ្ញុំ​ព្រួយបារម្ភ​ខាង​ហ្នឹង​ ​។​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​ជាង​ថត​កា​មេ​រ៉ា​នៅ​ស្រុក​នេះ​ ​ស្រុក​នោះ​ ​ខ្លាចក្រែង​គេ​យល់​ច្រ​លំ​ ​។​ ​ខ្ញុំ​ក៏​បារម្ភ​ដែរ​ ​កាលដែល​គេ​មក​រឹបយក​អាវ​ហើយ​ ​ខ្ញុំ​មិនបាន​នៅផ្ទះ​ ​ហើយក៏​គេ​ផ្តាំ​ញោម​ខ្ញុំ​ថា​ ​ថ្ងៃណាមួយ​គេ​ ​អញ្ជើញ​ខ្ញុំ​ទៅ​ប៉ុស្តិ៍​ប៉ូលីស​ដើម្បី​ចាត់វិធានការ​ណែនាំ​ខ្ញុំ​ ​។​ ​ខ្ញុំ​មិន​មាន​ខុស​អ្វីមួយ​ ​ក៏ប៉ុន្តែ​ហៅ​ខ្ញុំ​ ​ទៅ​ដើម្បី​ចាត់វិធានការ​បែប​ណា​នោះ​ ​គេ​មាន​ផ្តាំ​ញោមស្រី​ ​ញោមប្រុស​ ​ខ្ញុំ​អ៊ីចឹង​»​ ​។​

​ទាក់ទង​នឹង​ករណី​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​បន្ទាន់​មួយ​ ​កាលពី​ថ្ងៃ​ទី​៤​ ​ខែ​មីនា​ ​ថ្កោលទោស​សកម្មភាព​របស់​ ​សមត្ថកិច្ច​ ​និង​អាជ្ញាធរ​វៀតណាម​ ​ដែល​រឹបអូស​យក​អាវយឺត​ខ្មែរក្រោម​បោះពុម្ព​ដើម្បី​អបអរ​ទិវា​ ​សិទ្ធិ​នារី​អន្តរជាតិ​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ជំរុញ​ទៅកាន់​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ឱ្យ​ខ្មែរក្រោម​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ដោយ​គ្មាន​ ការ​ភ័យខ្លាច ​និង​ការ​បំភិតបំភ័យ​ ។​ ក្នុងពេលជាមួយគ្នា​ ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម​ ​ប្រគល់​អាវយឺត​ដែល​រឹបអូស​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​វិញ​ ​ដើម្បី​ឱ្យ​ពួកគេ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​ ​អន្តរជាតិ​ ​នៅ​ថ្ងៃ​ទី​ ​៨​ ​មីនា​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​ក៏បាន​រម្លឹក​ផង​ដែរ​ថា​ ​នៅ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ​៤​៦​ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​ ​មនុស្ស​អង្គការសហប្រជាជាតិ​ ​កាលពី​ពេលថ្មីៗនេះ​ ​ឧបនាយក​រដ្ឋ​ម​ន្រ្តី ​និង​ជា​រដ្ឋ​ម​ន្រ្តី​ក្រសួង​ ​ការបរទេស​វៀតណាម​ ​លោក​ ​ហ្វា​ម​ បិ​ញ​ ​មិញ​ (​P​ham​ ​Bin​h​ ​M​in​h​) ​បាន​ប្រកាស​ថា​ប្រទេស​ ​វៀតណាម​ក្នុងនាម​ជា​រដ្ឋ​សមាជិក​អា​ស៊ាន​ ​នឹង​ក្លាយ​ខ្លួន​ជា​សមាជិក​ ​នៃ​ក្រុមប្រឹក្សា​សិទ្ធិ​ ​មនុស្ស​អង្គការសហប្រជាជាតិ​ ​សម្រាប់​រយៈពេល​ពី​ឆ្នាំ​ ​២​០​២​៣​ ​ដល់​ ​ឆ្នាំ​ ​២​០​២​៥​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​យល់ឃើញ​ថា​ ​ប្រសិនបើ​ប្រទេស​វៀតណាម​ពិតជា​មានការ​ប្តេជ្ញា​ ​ចិត្ត​ខ្ពស់​ក្នុង​ការ​លើកកំពស់​ការគោរព​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ​ដូច្នេះ​ ​រដ្ឋាភិបាល​ ​វៀតណាម​ត្រូវតែ​ចេញមុខ​ថ្កោលទោស​នូវ​សកម្មភាព​គំរាមកំហែង​ ​បំភិតបំភ័យ​ ​របស់​អាជ្ញាធរ​ ​មូលដ្ឋាន​វៀតណាម​នៅ​ស្រុក​កំពង់​ស្ពាន​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅ​ពេលនេះ​ ​៕​

Leave A Reply

Your email address will not be published.