អាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង បន្តធ្វើទុក្ខបុកម្នេញម្ចាស់បោះពុម្ពអាវយឺត «ខ្មែរក្រោមសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា»
ដោយ យាង សុធារិន្ទ
ម្ចាស់ផ្ទះបោះពុម្ពលើអាវយឺត «ខ្មែរក្រោមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា» ដែល ត្រូវអាជ្ញាធរវៀតណាម ខេត្តព្រះត្រពាំង ចុះសួរនាំ និងរឹបអូសយកអាវយឺត កាលពីដើមខែមីនា នៅថ្ងៃទី ២៩ ខែមីនា ។ អាជ្ញាធរវៀតណាមខេត្តដដែលនេះ បានចុះមកដល់ផ្ទះរបស់លោក សាជាថ្មីទៀត ដោយរករឿងថា លោករកស៊ីមិនបានសុំច្បាប់ទម្លាប់ត្រឹមត្រូវ និងទាមទារឱ្យ លោកទៅចុះបញ្ជីពាណិជ្ជកម្មនៅសាលាឃុំ ។ ពលរដ្ឋខ្មែរក្រោម ដែលជាម្ចាស់ផ្ទះបោះពុម្ពចាត់ទុកសកម្មភាពរបស់អាជ្ញាធរវៀតណាម ថា ជាការសងសឹក គំរាមកំហែងរូបលោក ដោយសារតែលោកបានបោះពុម្ពអាវយឺតឱ្យអតិថិជន ដែលមានពាក្យថា «ខ្មែរក្រោម» នៅលើអាវ ហើយដែលអាជ្ញាធរវៀតណាម ហាមមិនឱ្យប្រើពាក្យ «ខ្មែរក្រោម» នេះ ។
លោក ថាច់ សាង ដែលជាពលរដ្ឋជនរងគ្រោះលើកឡើងថា លោកបានរកស៊ីបោះពុម្ពអាវយឺត និងថតវីដេអូអស់រយៈពេលជិត ៦ ឆ្នាំ មកហើយមិនដែលឃើញមានអាជ្ញាធរណាមកសួរនាំ អំពីផ្លូវច្បាប់ ឬឱ្យលោកទៅចុះបញ្ជីអាជីវកម្មអ្វីនោះទេ ។ ប៉ុន្តែ ចាប់ពីពេលដែលលោកបានបោះពុម្ពលើអាវយឺត ដែលមានសរសេរពាក្យ «ខ្មែរក្រោម» នៅលើអាវកាលពីដើមខែមីនា អាជ្ញាធរវៀតណាម ចេះតែមករករឿងសង្គមគ្រួសារលោកជាបន្តបន្ទាប់ ។
កាលពីព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២១ អាជ្ញាធរវៀតណាម ឃុំឫស្សីស្រុក ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ក្នុងនោះក៏រួមមានទាំងនគរបាលខ្មែរក្រោម ធ្វើការនៅក្នុងរដ្ឋការវៀតណាម សរុបចំនួន ៧ នាក់ បានចុះទៅដល់ផ្ទះរបស់លោក ថាច់ សាង ដើម្បីសួរនាំអំពីភាពស្របច្បាប់ នៃការធ្វើអាជីវកម្មរបស់លោក និងទាមទារឱ្យលោកចុះបញ្ជីអាជីវកម្ម ។
ក្នុងពេលនោះ លោក ថាច់ សាង ដែលមានសមាជិកគ្រួសារ នៅក្នុងផ្ទះតិចជាងចំនួនអាជ្ញាធរវៀតណាម និងដើម្បីផ្តល់ដំណឹងឱ្យខ្មែរក្រោមផ្សេងទៀតដឹងពីហេតុការណ៍កើតឡើង ចំពោះរូបលោក ដូចសព្វដង លោកបានដកទូរស័ព្ទធ្វើការផ្សាយផ្ទាល់នៅលើហ្វេសប៊ុកអំពី សកម្មភាពកើតឡើង នៅក្នុងពេលនោះ ប៉ុន្តែលោកត្រូវបានអាជ្ញាធរព្យាយាមមិនឱ្យលោកថត វីដេអូផ្សាយផ្ទាល់នោះទេ តែត្រូវបានលោក ថាច់ សាង ប្រកែក ។
ក្នុងពេលនោះដែរ អាជ្ញាធរបានព្យាយាមជំរុញឱ្យលោក ថាច់ សាង ទៅកាន់សាលាឃុំ ដើម្បីធ្វើលិខិតស្នាមដោយលើកហេតុផលថា ពួកគេយកឯកសារមកមិនគ្រប់គ្រាន់ តែត្រូវបានលោក ថាច់ សាង បដិសេធដាច់អហង្កាថា លោកមិនទៅកាន់សាលាឃុំនោះឡើយ ហើយបើអាជ្ញាធរ ចង់ធ្វើលិខិតស្នាមឱ្យលោកបែបណាអាចធ្វើនៅក្នុងផ្ទះរបស់លោកបាន ។ នេះប្រហែលជា លោក ថាច់ សាង ដឹងពីកលល្បិចរបស់ក្រុមអាជ្ញាធរវៀតណាម ថា ឱ្យតែទៅដល់កន្លែងរបស់គេ គេនឹងព្រួតគ្នាសម្លុតបំភ័យ និងគំរាមកំហែងមិនខាន ។
ក្រោយពីមិនអាចបញ្ចុះបញ្ចូលលោក ថាច់ សាង ឱ្យទៅសាលាឃុំបាន ពួកគេបានរៀបចំឯកសារ ដើម្បីឱ្យលោក ថាច់ សាង ចុះហត្ថលេខានៅលើឯកសារទាំងនោះ ។ ពេលនោះលោក ថាច់ សាង បានស្នើសុំថតឯកសារនោះ ទុកក្នុងទូរស័ព្ទ និងអានជាមុនៗ នឹងលោកចុះហត្ថលេខា តែអាជ្ញាធរមិនព្រមឱ្យថត និងបានប្រមូលឯកសារច្រកចូលវិញ ហើយបែរជានិយាយថា លោក ថាច់ សាង មិនព្រមចុះហត្ថលេខាលើឯកសារទាំងនោះ ។ រួចពួកគេក៏ នាំគ្នាឡើងម៉ូតូ ជិះចាកចេញពីផ្ទះរបស់លោក ថាច់ សាង អស់ទៅ ។
លោក ថាច់ សាង បច្ចុប្បន្នអាយុ ៣៦ ឆ្នាំ ធ្លាប់បានបួសរៀនអស់រយៈពេលជាង ១០ ឆ្នាំ នៅវត្តវេឡុវ័ន ឬវត្តឫស្សីស្រុក ក្នុងស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង ។ បច្ចុប្បន្នលោកប្រកបអាជីវកម្មបោះពុម្ពលើអាវយឺត ធ្វើសំបុត្របុណ្យ សំបុត្រអាពាហ៍ពិពាហ៍ ថតរូប និងវីដេអូ នៅតាមពិធីបុណ្យទាននានា ។ លោកតែងបញ្ជាក់ថា ការប្រកបរបបអាជីវកម្មរបស់លោក តាំងពីដើមមកលោកមិនដែលធ្វើអ្វីឱ្យខុសទៅនឹងច្បាប់របស់ប្រទេសនោះទេ ។
គួររម្លឹកថា កាលពីថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ លោក ថាច់ សាង ត្រូវបាននគរបាលឃុំឫស្សីស្រុក យកលិខិតមកកោះហៅឱ្យទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្ពាន ដើម្បីសួរនាំក្រោយពីលោកបានបោះពុម្ពលើអាវយឺតតាមការបញ្ជាទិញពីអតិថិជនពាក់ព័ន្ធទៅ នឹងការចូលរួមរបស់ខ្មែរក្រោមអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ។
ប៉ុន្តែ នៅពេលនោះ លោក ថាច់ សាង មិនព្រមទទួលយកលិខិតកោះហៅនោះទេ ដោយសារតែអាជ្ញាធរឃុំ ដែលយកលិខិតមកនោះ មិនព្រមបកស្រាយឱ្យបានច្បាស់ថា តើកោះហៅលោក ពីរឿងអ្វី ឬលោកបានធ្វើអ្វីខុសបានជាអាជ្ញាធរកោះហៅជាដើម? ។
ការកោះហៅនៅពេលនោះ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរស្រុកកំពង់ស្ពានដឹកនាំ ដោយអធិការរងនគរបាលស្រុកឈ្មោះលៀក (Liet) ចុះមកដល់ផ្ទះលោក ថាច់ សាង សួរនាំ និងរឹបអូសយកអាវយឺតចំនួន ១៨ អាវ ទៅរក្សាទុករហូតដល់ពេលបច្ចុប្បន្ន ដោយអះអាងថា នៅលើអាវយឺតនោះ មានសរសេរពាក្យថា «ខ្មែរក្រោម» ដែលរដ្ឋាភិបាលវៀតណាម មិនឱ្យប្រើ ព្រោះវាបង្ហាញពីភាពរើសអើងរវាងខ្មែរ និងខ្មែរ ។
ប៉ុន្តែ ការបកស្រាយរបស់អាជ្ញាធរវៀតណាមនេះ វាមិនសមហេតុផលនោះទេ ព្រោះថាពាក្យ «ខ្មែរក្រោម» នេះ ត្រូវបានខ្មែរ នៅកម្ពុជាក្រោមប្រើប្រាស់ តាំងពីយូរលង់ណាស់មកហើយ ហើយពលរដ្ឋខ្មែរក្រោមផ្ទាល់ នៅតែចង់ឱ្យប្រើប្រាស់ពាក្យនេះជារៀងរហូត ។
មានតែរដ្ឋាភិបាលវៀតណាមទេ ដែលបានព្យាយាមកាឡៃពាក្យ «ខ្មែរក្រោម» ដោយបានប្តូរពាក្យ «ខ្មែរក្រោម» ទៅជា «ខ្មែរណាមបូ» ដែលគេចង់សំដៅថា ខ្មែរគឺជាជនជាតិភាគតិចរស់នៅប៉ែកខាងត្បូងប្រទេសវៀតណាម មិនមែនជាជនជាតិដើមខ្មែរក្រោម ដូចការទាមទាររបស់ខ្មែរក្រោម នោះឡើយ ។
ចាប់តាំងពីពេលមានការកោះហៅលោក ថាច់ សាង នោះមក រឿងរ៉ាវក៏បានស្ងាត់អស់មួយរយៈ ទើបតែនៅព្រឹកថ្ងៃទី ២៩ ខែមីនា អាជ្ញាធរបានមកដល់ផ្ទះលោកជាថ្មីទៀត ។
លោក ថាច់ សាង ឱ្យដឹងថា អស់ពីមកពេលព្រឹក នៅពេលរសៀលថ្ងៃដដែលនោះ នគរបាល វៀតណាមចំនួន ៣ នាក់មកពីថ្នាក់ខេត្ត បានមកជួបលោកដល់ផ្ទះទៀត ។ ពួកគេបានឱ្យលោក ថាច់ សាង ទៅចុះបញ្ជីអាជីវកម្ម ។ លោក ថាច់ សាង ឆ្លើយតបថា រឿងចុះបញ្ជីអាជីវកម្ម លោកអាចធ្វើបាន ប៉ុន្តែ លោកទាមទារថា អាជ្ញាធរត្រូវតែអនុវត្តឱ្យមានតម្លាភាព និងស្មើភាពគ្នា សម្រាប់មនុស្សទូទៅ មិនមែនតែសម្រាប់លោកនោះទេ ។ លោកក៏បានបញ្ជាក់ប្រាប់អាជ្ញាធរខេត្តជាថ្មីថា រឿងរ៉ាវវាកើតចេញពីរឿងអាវយឺតខ្មែរក្រោម មិនមែនកើតចេញពីរឿងលោករកស៊ី មិនស្របច្បាប់អ្វីនោះទេ ព្រោះលោកបានប្រកបរបរបោះពុម្ពនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
ក្រៅពីនោះ លោក ថាច់ សាង ថានគរបាលខេត្តទាំង ៣ រូបនោះ បានបង្ខំឱ្យលោកលុបចោលនូវព័ត៌មាននៅលើហ្វេសប៊ុក ដែលលោកបានចែករំលែកបន្តពីលោក តោ ហ្វាងចឿង តែលោក ថាច់ សាង ឆ្លើយតបថា លោកគ្រាន់តែចែកចាយព័ត៌មានពីលោក តោ ហ្វាងចឿង ប៉ុណ្ណោះ ហើយថានគរបាលមិនគួរមករករឿងលោកនោះទេ ។
គួរបញ្ជាក់ថា លោក តោ ហ្វាងចឿង គឺជាយុវជនខ្មែរក្រោម និងជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម ដែលមួយរយៈពេលចុងក្រោយនេះ ក៏ត្រូវបានអាជ្ញាធរវៀតណាមខេត្តព្រះត្រពាំង ធ្វើទុក្ខបុកម្នេញមិនតិចទេ ដោយសារតែបានចែករំលែកព័ត៌មានអំពីកម្ពុជាក្រោម បានរិះគន់អាជ្ញាធរវៀតណាម រឿងរំលោភសិទ្ធិមនុស្សខ្មែរក្រោម ហើយចុងក្រោយបំផុតនេះគឺសកម្មភាព ថតចំលងសៀវភៅ «ពន្លឺនៃសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង» ដើម្បីចែកចាយឱ្យយុវជន និងពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ។
គួរបញ្ជាក់បន្ថែមថា គឺលោក តោ ហ្វាងចឿង នេះឯងដែលជាអតិថិជនបានដាក់អាវឱ្យលោក ថាច់ សាង បោះពុម្ពដែលមានសរសេរថា «ខ្មែរក្រោមអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា» ។
ដោយសារតែនគរបាល បានរឹបអូសយកអាវអស់ចំនួន ១៨ និងមិនបានសងវិញរហូតមកដល់ ពេលនេះ លោក តោ ហ្វាងចឿង បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកដោយមានដាក់រូប អធិការរងនគរបាលស្រុកកំពង់ស្ពាន ឈ្មោះ លៀក ហើយបានសរសេរសារជាភាសាវៀតណាម ដែលមានអត្ថន័យថា «គឺអធិការរងនគរបាលស្រុកកំពង់ស្ពាននេះហើយ ដែលបានលួចអាវរបស់ខ្ញុំ ។ ចំពោះខ្ញុំបុគ្គលរូបនេះ មិនមែនជានគរបាលទេ ប៉ុន្តែជាចោរលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរក្រោម» ។
ក្នុងពេលក្រោយមក លោក តោ ហ្វាងចឿង ក៏បានទាមទារឱ្យអធិការរងនគរបាលរូបនេះសងលុយអាវចំនួន ១៨ ដែលបានរឹបអូសយកពីផ្ទះរបស់លោក ថាច់ សាង ដោយក្នុងអាវ មួយមានតំលៃ ១៥០ ពាន់ដុង ឬស្មើប្រមាណ ៧ ដុល្លារ អាមេរិក ។
និយាយពីរឿងលោក ថាច់ សាង វិញ គេនៅមិនទាន់ដឹងទេថា តើអាជ្ញាធរវៀតណាមនឹងចាត់ វិធានការអ្វីបន្តទៀតចំពោះរូបលោកនោះទេ ។ ប៉ុន្តែលោក ថាច់ សាង បានអះអាងម្តងជា ពីរដងថា លោកមិនដែលបានធ្វើសកម្មភាពអ្វីច្បាប់នោះទេ ។