អាជ្ញាធរ​ចេញ​លិខិត​បង្គាប់​ឲ្យ​យុវជន​ខ្មែរក្រោម​ ​ចូល​បំភ្លឺ​ ​ក្រោយ​យ​សមត្ថកិច្ច​ចុះ​នាំ​ខ្លួនទាំងយប់​មិនបាន​សម្រេច

0 489

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​ម្នាក់​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​៩​ ​ខែកញ្ញា​ ​បាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តុ​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​ឃ្លាំង​ ​ដើម្បី​សាកសួរ​ជុំវិញ​រឿងរ៉ាវ​យុវជន​ខ្មែរក្រោម​រូប​នោះ​ ​បញ្ចេញមតិ​តាម​បណ្តាញ​សង្គម​ ​រិះគន់​អាជ្ញាធរ​មិន​ចេញ​លិខិត​ធ្វើដំណើរ​ (​លិខិតបើកផ្លូវ​) ​ចេញចូល​ ​ដើម្បី​បំ​ពេញការ​ងារ​របស់​ខ្លួន​ ​និង​ករណី​អាជ្ញាធរ​មិន​ផ្តល់​ប្រាក់ឧបត្ថម្ភ​ ​និង​ស្បៀងអាហារ​ ​ជូន​គ្រួសារ​ក្រីក្រ​ ​ដែល​រដ្ឋាភិបាល​វៀតណាម​ ​ដាក់​ចេញ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ​ដែល​រង​ផល​ប៉ះពាល់​ ​នៅ​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​ ការ​ចូល​បំភ្លឺ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ នៅ​យប់​នា​ថ្ងៃ​ទី​ ​១​៨​ ​ខែកញ្ញា​ ​វេលា​ម៉ោង​ប្រមាណ​ ​៨​ ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​វៀតណាម​ ​ជាច្រើន​នាក់​ ​បានចុះមក​នាំ​ខ្លួន​ដល់ក្នុង​ផ្ទះ​របស់​យុវជនខ្មែរក្រោមរូបនោះ​ ​ដើម្បីឲ្យ​ចូលខ្លួន​មក​បំភ្លឺ​ទាក់ទង​នឹង​ករណី​ខាងលើ​ ប៉ុន្តែ​ ​ត្រូវ​បាន​យុវជន​ខ្មែរក្រោម​រូប​នោះ​បដិសេធ​ ​ដោយ​លើកឡើង​ថា​ ​គ្មាន​លិខិត​អញ្ជើញ​ ​និង​ហួស​ម៉ោង​រដ្ឋបាល​ ​។​

យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)
យុវជន យ៉ា​ញ់ មិញ​ក្វាង (Danh Minh Quang​)

​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ ​យុវជន​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​ឲ្យដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​នៃ​ខេត្ត​ឃ្លាំង​ ​បាន​សម្រេច​លើកពេល​សួរ​ចម្លើយ​លោក​ ​និង​មិនទាន់​កំណត់ពេល​ជាក់លាក់​ឲ្យ​លោក​ទៅ​ជួប​ម្តងទៀត​នៅឡើយ​ទេ​ ​។​ ​ការ​ព​ន្យា​ពេលធ្វើការ​សាកសួរ​​នេះ​ ​នៅពេលដែល​លោក​ធ្វើដំណើរ​ទៅ​សាលាឃុំ​ ​ហើយក៏​មាន​អ្នកភូមិ​ជាច្រើន​នាក់​អម​ដំណើរ​ទៅ​ជាមួយ​លោក​ផង​ ​ដោយសារតែ​ពួកគេ​បារម្ភ​ខ្លាច​អាជ្ញា​ធរ​ចាប់​ឃុំ​ខ្លួន​លោក​ ​។​ ​លោក​ថា​ ​ក្នុងពេល​​អ្នកភូមិ​លើកគ្នា​ទៅ​ជាមួយ​លោក​ ​មកដល់​សាលាឃុំ​ ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​លោក​ចូល​ទៅ​ក្នុង​បន្ទប់​សួរ​ចម្លើយ​តែម្នាក់ឯង​ ​ប៉ុន្តែ​ អ្នក​ភូមិ​ទាមទារ​ចូល​ទៅ​ទាំងអស់គ្នា ដើម្បីឃ្លាំមើល​ រហូតដល់​ឈាន​ទំនាស់​ពាក្យ​សម្តី​រវាង​ពលរដ្ឋ​ខ្មែរ​ ​និង​អាជ្ញាធរ​យួន​ ​ហើយ​ពួកគេ​ក៏​សម្រេក​ផ្អាក​ការសាកសួរ​លោក​វិញ​ ​។

គួរ​ជម្រាប​ជូន​ថា​ ​យុវជន​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​​មាន​ស្រុកកំណើត​ ​នៅ​ភូមិ​ស្រឡូង​ ​ឃុំ​ជ្រោយ​ទឹម​ ​ស្រុក​បាយឆៅ​ ​នៃ​ខេត្ត​ឃ្លាំង​ ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​០​ ធា្លប់​រង​ការ​គំរាមកំហែង​ចាប់ខ្លួន​ម្តង​រួចមក​ហើយ​ ​ដោយ​អាជ្ញាធរ​វៀតណាម​ ​ចោទប្រកាន់​លោក​ថា​ ​ជា​ជន​ក្បត់ជាតិ​ ​និង​បង្ខំឲ្យ​ចុះហត្ថលេខា​ ​ក្នុង​លិខិត​កំណត់ហេតុ​មួយ​ ​​យល់ព្រម​បញ្ឈប់​ថត​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​វៀតណាម​ ​ពី​ការរើសអើង​ជាតិសាសន៍​ ​ពាក់ព័ន្ធ​ ​នឹង​ការបែងចែក​ជំនួយ​ ​នៅ​ក្នុង​រដូវ​កាល​នៃ​វិបត្តិ​កូ​វី​ដ​-​១​៩​ ​តាមរយៈ​បណ្ដាញ​សង្គម​ ​និង​ផ្តល់​ព័ត៌មាន​ទៅ​ខ្មែរក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ពី​ភាព​មិន​ប្រក្រតី​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​បាន​ដើរ​ស្រង់​ស្ថិតិ​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ទទួល​ជំនួយ​ពី​រដ្ឋាភិបាល​ ​។​

យុវជន យ៉ា​ញ់ មិញ​ក្វាង បង្ហាញលិខិតកំណតើហេតុ នៅខាងក្រៅការិយាល័យ​នគរបាល ក្រោយចូលបំភ្លឺ នៅចំពោះមុខអាជ្ញាធរវៀតណាម កាលពីថ្ងៃទី ២៣ ខែមិថុនា ។ រូបៈ Screenshot
យុវជន យ៉ា​ញ់ មិញ​ក្វាង បង្ហាញលិខិតកំណតើហេតុ នៅខាងក្រៅការិយាល័យ​នគរបាល ក្រោយចូលបំភ្លឺ នៅចំពោះមុខអាជ្ញាធរវៀតណាម កាលពីថ្ងៃទី ២៣ ខែមិថុនា ។ រូបៈ Screenshot

​ការ​កោះហៅ​ទៅ​សួរ​ចម្លើយ​អស់​ជាច្រើន​ម៉ោង​កាលណោះ​ ​គឺ​បន្ទាប់ពី​លោក​បាន​ធ្វើ​ការផ្សាយ​ផ្ទាល់​ (​Live​) ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​ដើម្បី​សម្ដែង​ពី​ការ​កើតទុក្ខ​មិនសុខចិត្ត​ ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​ ​ដែល​មាន​ភាព​ខ្វះ​ចន្លោះ​ ​ក្នុង​ការ​ចុះ​ចែក​អំណោយ​ ​និង​មាន​ការរើសអើង​រវាង​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​ពលរដ្ឋ​វៀតណាម​ ​ដោយ​លោក​អះអាង​ថា​ ​គ្រួសារ​លោក​ពិតជា​មាន​ជីវភាព​ក្រីក្រ​ ​និង​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដទៃទៀត​ ​រស់នៅ​ក្នុង​ភូមិ​របស់​លោក​ ​កំពុងតែ​ជួបប្រទះ​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​ ​តែ​មិន​ទទួល​បាន​ជំនួយ​ ​ពី​អាជ្ញាធរ​វៀតណាម​ឡើយ​ ​។​ ​ពេល​នោះ​ ​លោក​ចោទ​ពួក​អាជ្ញាធរ​មូលដ្ឋាន​ ​ថា​ ​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ ​ដោយ​ចុះ​ស្រង់​យក​តែ​ឈ្មោះ​ជនជាតិ​វៀតណាម​ប៉ុណ្ណោះ​ ​ចំណែក​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​មាន​ជីវភាព​ក្រីក្រ​ដែរ​ ​បែរជា​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ ​ដើម្បី​ទទួល​បាន​ជំនួយ​នោះ​ទេ​ ​។​ ​ជុំវិញ​បញ្ហា​នេះ​ ​ក្រុម​គ្រួសារ​ខ្មែរក្រោម​ ​ក៏បាន​នាំគ្នា​ទៅ​ធ្វើការ​តវ៉ា​ ​នៅ​ឯ​សាលាស្រុក​ដែរ​ ​។​ ​ប៉ុន្តែ​ ​អាជ្ញាធរ​វៀតណាម​ ​បាន​ឆ្លើយតប​ថា​ ​មូលហេតុ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ទាំងនោះ​ ​មិន​ទទួល​បាន​ជំនួយ​ ​ក៏​ព្រោះតែ​ពួកគេ​ ​បាន​រួចចាក​ផុត​ពី​ភាព​ក្រីក្រ​ ​។​ ​ចំណែក​ឯ​ប័ណ្ណ​ក្រីក្រ​របស់​ពួកគេ​ ​ដែល​អាជ្ញាធរ​ចេញ​ឲ្យ​នោះ​ ​ក៏​ត្រូវ​បាន​លុបចោល​ហើយ​ដែរ​ ​។

​យុវជន​ ​យ៉ា​ញ់ ​មិញ​ក្វា​ង​ ​ឲ្យដឹង​ថា​ ​លោក​កំពុង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ ​និង​សន្តិសុខ​ផ្ទាល់ខ្លួន​ ​ដោយសារតែ​សមត្ថកិច្ច​ ​បាន​ចុះ​មក​ឃ្លាំមើល​ដល់​ផ្ទះ​ ​និង​ការ​បំភិតបំភ័យ​ ​គំរាមកំហែង​ ​ចំពោះ​ការ​ចាប់​ ​និង​ឃុំ​ខ្លួន​មក​លើ​រូបលោក​ ​។​ ​យុវជន​ខ្មែរក្រោម​រូប​នេះ​ ​អំពាវនាវ​ឱ្យ​អង្គការ​ ​សមាគម​ខ្មែរ​កម្ពុជាក្រោម​ ​នៅ​ក្រៅ​ប្រទេស​ ​ជួយ​ឃ្លាំមើល​សន្តិសុខ​ ​ចំពោះ​រូបលោក​ ​និង​អ្នកភូមិ​របស់​លោក​ទាំងមូល​ផង​ ​។

Leave A Reply

Your email address will not be published.